សង្គ្រាម​ប្រឆាំង​កូនស្រី​នៅ​អាស៊ី

ការ​រំលូត​ទារិកា​ក្នុង​ផ្ទៃ​ពោះ​ម្ដាយ នៅ​តែ​មាន​ការ​អនុវត្ត​នៅ​ឡើយ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ជាពិសេស នៅ​ក្នុង​ ប្រទេស​ដែល​ឱ្យ​តម្លៃ​កូន​ប្រុស​ជាង​កូន​ស្រី ដូច​ជា​នៅ​ប្រទេស​ចិន វៀតណាម កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា​ជា​ដើម។

ប្រភព​ព័ត៌មាន​ជា​ច្រើន​រាយការណ៍​ថា មាតា​ក្រោយ​ពេល​ដែល​ធ្វើ​ការ​ពិនិត្យ​គភ៌​ក្នុង​ផ្ទៃ នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​រួច​ហើយ និង​បន្ទាប់​ពី​បាន​ដឹង​ថា ទារក​ក្នុង​ផ្ទៃ​ជា​ភេទ​ស្រី ម្ដាយ​ទាំង​នោះ បាន​សម្រេច​រំលូត​កូន។ ប៉ុន្តែ​បើ ជា​ទារក​ជា​កូន​ប្រុស​វិញ មាតា​ទាំង​នោះ បែរ​ជា​ទុក​កូន​នោះ​វិញ គឺ​មិន​រំលូត​ទេ។

បញ្ហា​ផ្ដល់​អាទិភាព​កូន​ប្រុស​ជាង​កូន​ស្រី​នេះ កំពុង​ជា​បញ្ហា​មួយ ដែល​រីក​រាល​ដាល​យ៉ាង​ខ្លាំង នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី។ បច្ចុប្បន្ន​នេះ ស្ត្រី​មាន​ផ្ទៃ​ពោះ នៅ​ប្រទេស​ចិន វៀតណាម កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា​ជា​ដើម មុន​នឹង​សម្រេច​ទុក​កូន​មិន​រំលូត គឺ​ផ្អែក​លើ​ភេទ​របស់​ទារក។ ប្រសិន​បើ​ការ​ពិនិត្យ​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ ដោយ​បច្ចេកទេស​ទំនើប​ថត​ឆ្លុះ​ផ្ទៃ ឬ​ហៅថា Ultrasound បង្ហាញ​ថា ទារក​ក្នុង​ផ្ទៃ​ជា​ភេទ​ស្រី ម្ដាយ​សម្រេច​រំលូត​ទារក​នោះ​ចោល។

អ្នកស្រី ម៉ារ៉ា ហ្វីស្តិនដាល (Mara Hvistendahl) អ្នក​និពន្ធ និង​ជា​អ្នក​សារព័ត៌មាន​ប្រចាំ​នៅ​ប្រទេស​ចិន​ជិត ១០ ឆ្នាំ​មក​នេះ ដែល​មាន​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ វប្បធម៌ និង​នយោបាយ​សម្រាប់​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី សៃអិនស៍ (Science) បាន​ថ្លែង​ថា ការ​រំលូត​កូន​ដោយ​ជ្រើស​រើស​ភេទ គឺ​ជា​បាតុភូត​ចម្លែក​នៃ​សម័យ​ជឿន​លឿន​ថ្មី​នេះ។ អ្នកស្រី ម៉ារ៉ា ថ្លែង​បញ្ជាក់​ថា ទោះ​បី​ជា​ការ​រំលូត​កូន​ផ្អែក​លើ​ភេទ​ទារក ត្រូវ​បាន​ហាម​ឃាត់ និង​ចាត់​ទុក​ថា​ជា​ទង្វើ​ខុស​ច្បាប់​ក៏​ដោយ ក៏​ប៉ុន្តែ វា​ជា​ការ​ពិបាក​ក្នុង​ការ​រក​ភស្តុតាង​ជាក់​ស្ដែង ពីព្រោះ​ថា​ការ​រំលូត​កូន​ទាំង​នោះ គឺ​ធ្វើ​ឡើង​នៅ​តាម​មន្ទីរ​ពេទ្យ និង​មណ្ឌល​សុខភាព ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រូពេទ្យ​ជំនាញ និង​ឆ្មប។

អ្នក​ស្រី ម៉ារ៉ា ហ្វីស្តិនដាល ដែល​ចេះ​ភាសា​ចិន អេស្បាញ និង​អង់គ្លេស​យ៉ាង​ស្ទាត់​ជំនាញ ទើប​បាន​សរសេរ​សៀវភៅ​មួយ​ជា​លើក​ដំបូង ដោយ​ដាក់​ចំណង​ជើង​ថា ៖ «ជម្រើស​ធម្មជាតិ​ខុស​ធម្មតា ដោយ​ជ្រើសរើស​កូន​ប្រុស ជាង​កូន​ស្រី និង​វិបត្តិ​ពិភព​លោក ដែល​សម្បូណ៌​ទៅ​ដោយ​បុរស»។

សៀវភៅ​នេះ​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ នៅ​វិជ្ជាស្ថាន​សហគ្រាស​អាម៉េរិកាំង​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​នយោបាយ​សាធារណៈ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន សហរដ្ឋ​អាម៉េរិគ នៅ​ថ្ងៃ​អង្គារ​ទី ១៤ ខែ​មិថុនា​ខាង​មុខ​នេះ។

របាយការណ៍​របស់ The Chinese Acadamy of Social Sciences (CASS) ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ពេល​ថ្មីៗ នេះ បាន​ឲ្យ​ដឹង​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​តម្រូវ​ឱ្យ​គ្រួសារ​មួយ​មាន​កូន​តែ​មួយ​នេះ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​នៅ​ក្នុង​សង្គម​ចិន ដោយសារ​តែ​ភាគ​ច្រើន​ជា​ទី​បំផុត ក្នុង​គ្រួសារ​ចិន​នីមួយៗ គេ​ចង់​បាន​កូន​ប្រុស​ជាង​កូន​ស្រី។ បន្ថែម​លើស​នេះ ប្រពៃណី​ចិន​យល់​ឃើញ​ថា ប្រការ​ដែល​ចិញ្ចឹម​បីបាច់​កូន​ស្រី ប្រៀប​ដូច​ជា ស្រោច​ទឹក​ដំណាំ​របស់​អ្នក​ជិត​ខាង។ កូន​ស្រី​ដែល​ធំ​ដឹង​ក្ដី​រៀបការ​ហើយ គឺ​ត្រូវ​ទៅ​នៅ​បម្រើ​ខាង​គ្រួសារ​ប្តី ម្ល៉ោះ​ហើយ​ប្រសិន​បើ​មាន​កូន​ប្រុស​វិញ កូន​នោះ​ទោះ​បី​រៀបការ​ក្ដី គឺ​នៅ​តែ​បម្រើ និង​ថែ​រក្សា​ឪពុក​ម្ដាយ​រហូត​ដល់​ចាស់​ស្លាប់។

ប្រភព​ដដែល​បន្ត​ថា ប្រជា​ពលរដ្ឋ​ជា​ច្រើន នៅ​ក្នុង​ប្រទេស​ចិន វៀតណាម កូរ៉េ​ ខាង​ត្បូង និង​ឥណ្ឌា​ជា​ដើម ច្រើន​មាន​ទស្សនៈ​ថា មាន​កូន​ប្រុស គឺ​ជា​ការ​វិនិយោគ​ទុន​មួយ។ ប៉ុន្តែ មាន​កូន​ស្រី គឺ​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ។ អាស្រ័យ​ហេតុ​នេះ​ហើយ គេ​ធ្វើ​ការ​រំលូត​កូន ក្រោយ​ពេល​បាន​ដឹង​ថា ទារក​ក្នុង​ផ្ទៃ​ជា​កូន​ស្រី។

របាយការណ៍​របស់ CASS បន្ត​ថា ដោយ​សារ​តែ​ការ​ឱ្យ​តម្លៃ​កូន​ប្រុស​ខ្ពស់​ជាង​កូន​ស្រី​នេះ ១០ ឆ្នាំ​ទៅ​មុខ​ទៀត នៅ​ក្នុង​ប្រទេស​ចិន​នឹង​មាន​ប្រជា​ពលរដ្ឋ​ភេទ​ប្រុស​ប្រមាណ​ពី ៣០ ទៅ ៤០ លាន​នាក់ ដែល​មាន​អាយុ​ក្រោម ១៩ ឆ្នាំ លើស​ពី​ចំនួន​ស្ត្រី​ក្នុង​ចំណោម​ពលរដ្ឋ​ចិន​សរុប​ទាំង​អស់​ជាង ១ ពាន់ ៣០០ លាន​នាក់​បច្ចុប្បន្ន​នេះ។ របាយការណ៍​ដដែល​អះអាង​ថា ភាព​មិន​ស្មើគ្នា​នៃ​អត្រា​ទារក​ភេទ​ប្រុស និង​ស្រី ដែល​កើត​មក​មាន​ចំនួន​ខុស​គ្នា​ច្រើន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តាម​ធម្មតា​នៃ​ធម្មជាតិ​របស់​មនុស្ស មិន​អាច​កើត​ឡើង​ទៅ​រួច​ទេ ប្រសិន​បើ​ពុំ​មាន​ការ​ អន្តរាគមន៍​ពី​មនុស្ស​លោក៕