ប្រធានគណៈកម្មាធិការទន្លេមេគង្គកម្ពុជា បានឲ្យដឹងថា លោកបានធ្វើរបាយការណ៍ជូនគណៈប្រតិភូដែលអញ្ជើញទៅប្រទេសជប៉ុនជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចូលរួមប្រជុំក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៤ នៅក្នុងទីក្រុងតូក្យូ (Tokyo) ដើម្បីស្នើឲ្យប្រទេសជប៉ុនមកសិក្សាស្រាវជ្រាវ អំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។
លោក ស៊ីន នីនី ជាប្រធានគណៈកម្មាធិការទន្លេមេគង្គកម្ពុជា។ លោកមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៤ នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមេសា នេះ លោកបានស្នើឲ្យគណៈប្រតិភូកម្ពុជា លើកអំពីបញ្ហាស្នើឲ្យអ្នកស្រាវជ្រាវជប៉ុនមកសិក្សាអំពីផលប៉ះពាល់នៅទន្លេមេគង្គ អំពីការធ្វើទំនប់វារីអគ្គិសនីនេះ ជាមួយមេដឹកនាំប្រទេស លាវ ថៃ និងវៀតណាម ដើម្បីឯកភាពគ្នាជាផ្លូវការ។
លោក ស៊ីន នីនី បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០១១ ដែលគេធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី មេដឹកនាំប្រទេសទាំង៤ ធ្លាប់បានពិភាក្សាគ្នាក្រៅផ្លូវការ ដើម្បីស្នើសុំអ្នកស្រាវជ្រាវប្រទេសជប៉ុន ចុះមកសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី ម្ដងរួចហើយ ប៉ុន្តែនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទន្លេមេគង្គ នៅខែត្រសៀមរាប កាលពីខែធ្នូ ឆ្នាំ២០១១ បែរជាភាគីឡាវថាមិនដឹងពីបញ្ហានេះទៅវិញ។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីគណៈកម្មាធិការទន្លេមេគង្គកម្ពុជា បានទទួលដំណឹងថា ក្រុមហ៊ុន កានឆាងរបស់ថៃ បានចុះកុងត្រាក្នុងការបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី កាលពីពេលថ្មីៗនេះ។
កាសែតឌឺនេសិន (The Nation) របស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២ ថា ក្រុមហ៊ុនកានឆាង (Ch Karnchang) របស់ថៃបានចុះកុងត្រាគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី នូវទឹកប្រាក់ជាង ៥១ពាន់លានបាត ជាមួយក្រុមហ៊ុនសាយ៉ាបូរី ផូវវើ (Xayaburi Power) ប្រទេសឡាវ ដែលគេបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១២ កន្លងទៅ។
ក្រុមទាំងពីរនេះ បានបង្កើតឡើងកាលពីឆ្នាំ២០១០ ដែលមានទុនចំនួន ៨០០លានបាត។ គម្រោងនេះ នឹងផ្ដល់ថាមពលចំនួន ១,២៨៥មេហ្គាវ៉ាត់ ដែលគេប៉ាន់ប្រមាណទឹកប្រាក់សាងសង់អស់ ១១៥ពាន់លានបាត សាងសង់ក្នុងរយៈពេល ៨ឆ្នាំ។ ថាមពលអគ្គិសនី គេនឹងលក់ទៅឲ្យប្រទេសថៃប្រមាណ ៩៥%។
ភ្ជាប់ទៅនឹងបញ្ហានេះ លោក ស៊ីន នីនី បានលើកឡើងថា បញ្ហាទាំងនេះវាទាក់ទងនឹងផលប្រយោជន៍ ពីព្រោះថាក្រុមហ៊ុនទៅសិក្សានោះ ជាក្រុមហ៊ុនរបស់ថៃ ហើយថាមពលអគ្គិសនីនេះ គេលក់ឲ្យប្រទេសថៃទៀត ដូច្នេះថៃ និងឡាវមានផលប្រយោជន៍រួមអំពីករណីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ិន នីនី បានអះអាងថាឡាវ មិនអាចរំលោភកិច្ចព្រមព្រៀងគ្នារវាងប្រទេសទាំង៤ កាលពីឆ្នាំ១៩៩៥ ដែលនិយាយអំពីការសាងសង់ទំនប់វារីអគ្គិសនីត្រូវតែឯកភាពជាមុនសិន និងបញ្ហាផ្សេងៗទៀត។
ទំនប់វារីអគ្គិសនីសាយ៉ាបូរី មានប្រវែង ៨១០ម៉ែត្រ កម្ពស់ ៣២ម៉ែត្រ ស្ថិតលើទីតាំងដែលមានទំហំជិត ៥០គីឡូម៉ែត្រការ៉េ។ ទំនប់នេះមានចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រពីខេត្តលួងប្រាបាង (Luang Prabang) ភាគខាងជើងនៃប្រទេសឡាវ។
ប្រទេសដែលប៉ះពាល់ខ្លាំងជាងគេនៃការសាងសង់ទំនប់នេះ គឺប្រទេសស្ថិតនៅផ្នែកខាងក្រោមនៃខ្សែទឹកទន្លេមេគង្គ មានប្រទេសវៀតណាម និងកម្ពុជា។
ប្រទេសវៀតណាមធ្លាប់បានបង្ហាញការមិនសប្បាយចិត្តក្នុងការអនុម័តទៅលើគម្រោងនេះ ដោយបញ្ជាក់មូលហេតុថា វានឹងធ្វើឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសឡាវ និងវៀតណាម ដែលនៅតាមតំបន់ខ្លះជាប់ព្រំដែនជាមួយគ្នា។ ចំណែកប្រទេសថៃវិញ ដែលនៅពីក្រោយគម្រោងនេះហាក់មិនបានបង្ហាញការចាប់អារម្មណ៍ចំពោះគម្រោងដែលនឹងហុចផលចំណេញទៅឱ្យខ្លួននោះទេ។
ក្រុមអ្នកជំនាញទន្លេបានសម្ដែងការព្រួយបារម្ភថា ប្រសិនបើគម្រោងនេះមិនផ្អាកការសាងសង់ទេ ទំនប់នេះនឹងបំផ្លាញតំបន់ជម្រកត្រីពងទាំងឡាយ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការភ្ញាស់ពង របស់ពពួកត្រីទឹកសាបតំបន់ត្រូពិក ឬតំបន់ក្ដៅ និងប្រភេទមច្ឆាជាតិដទៃទៀត នៅក្នុងទន្លេមេគង្គ។
អ្នកសម្របសម្រួលអង្គការទន្លេ៣ និងជាសមាជិកនៃអង្គការអភិរក្សទន្លេមេគង្គ លោក មៀច មាន បានពន្យល់ថា ប្រទេសឡាវកំពុងរំលោភទៅលើកិច្ចព្រមព្រៀងគណៈកម្មាធិការទន្លេមេគង្គ (MRC) និងរំលោភទៅលើសេចក្ដីសម្រេចក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ដែលថាឡាវបានផ្អាកគម្រោងសាងសង់ទំនប់នេះសិននោះ។
លោក មៀច មាន បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅប្រទេសឡាវ វៀតណាម កម្ពុជា និងថៃ រាប់លាននាក់រស់នៅអាស្រ័យលើធនធានទន្លេ ហើយគម្រោងនេះ វាធ្វើឲ្យប៉ះពាល់ច្រើនដល់មច្ឆាជាតិ។
កាលពីខែធ្នូ ឆ្នាំ២០១១ កន្លងទៅបន្ទាប់ពីកិច្ចប្រជុំនៅខែត្រសៀមរាប រដ្ឋាភិបាលឡាវ បានសម្រេចពន្យារពេល ក្នុងការបន្តដំណើរការ លើគម្រោងសាងសង់ទំនប់សាយ៉ាបូរីនេះ។ ការពន្យារពេលនេះធ្វើឡើងនៅបន្ទាប់ពីក្រុមអ្នកជំនាញផ្នែកបរិស្ថាននិងជលផល រួមទាំងតំណាងប្រទេសជាច្រើនស្ថិតនៅខ្សែទឹកខាងក្រោមនៃអាងទន្លេមេគង្គ បានបង្ហាញពីក្ដីបារម្ភថា មានប្រជាពលរដ្ឋរាប់លាននាក់នឹងរងផលប៉ះពាល់ពីសំណង់ទំនប់នេះ។
ទាក់ទងទៅនឹងបញ្ហានេះ លោក ឈិត សំអាត ជានាយកប្រតិបត្តិនៃវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅថា NGOs Forum បានជំរុញឲ្យរដ្ឋាភិបាលឡាវ អនុវត្តទៅលើសេចក្ដីសម្រេចរបស់ខ្លួន ដែលធ្វើឡើងនៅខែត្រសៀមរាបនោះ ពីព្រោះថាបញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
អាងទន្លេមេគង្គជាជម្រកនៃមនុស្សចំនួន ៦៥លាននាក់ ភាគច្រើនជាប្រជាពលរដ្ឋក្រីក្រ ដែលទទួល បាននូវជាតិប្រូតេអ៊ីនពី ៤០ទៅ ៨០%ពីនេសាទទឹកសាប។ ការសិក្សាជាច្រើនបានបង្ហាញថា គម្រោងទំនប់វារីអគ្គិសនីចំនួន ១១លើទន្លេមេគង្គ នៃទន្លេមេគង្គក្រោមរាប់ទាំងទំនប់សាយ៉ាបូរីផងដែរ នឹងធ្វើឲ្យប៉ះពាល់ដល់ចលនាបម្លាស់ទីរបស់ត្រី និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៃទន្លេនេះ។
គម្រោងទំនប់វារីអគ្គិសនីទាំងនេះ នឹងធ្វើឲ្យលិចលង់ដីកសិកម្មនៅតាមទន្លេមេគង្គ និងដៃរបស់វា។ ប្រការនេះមានន័យថា ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើធនធានទន្លេនេះ នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ទាក់ទងទៅនឹងបញ្ហានេះ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ កាលពីដើមខែមេសា កន្លងទៅ ដែលគេធ្វើឡើងនៅទីក្រុងភ្នំពេញ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលបានចូលរួម ក្នុងវេទិកាប្រជាពលរដ្ឋអាស៊ានឆ្នាំ២០១២ ពួកគេបានចុះហត្ថលេខារួមគ្នាមួយស្នើឲ្យអាស៊ាន ឲ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីជាបន្ទាន់ និងសុំឲ្យពន្យារពេលការសាងសង់ទំនប់ វារីអគ្គិសនីសេសានក្រោម២ ដើម្បីឲ្យមានការសិក្សាផលប៉ះពាល់លំអិតបន្ថែមទៀត។
ប្រធានគណៈកម្មាធិការទន្លេមេគង្គកម្ពុជា បានឲ្យដឹងថា លោកនឹងរង់ចាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាត្រលប់មកពីកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនវិញ ថាតើកម្ពុជានឹងត្រូវធ្វើយ៉ាងណាបន្តទៀតចំពោះករណីនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
