គណបក្សសម្ព័ន្ធប្រជាជនប្រជាធិបតេយ្យថៃ (People's Alliance for Democracy) បានទាមទារឲ្យរដ្ឋាភិបាលថៃរុះរើសំណង់ និងបណ្ដេញប្រជាជនខ្មែរដែលរស់នៅតំបន់ក្បែរប្រាសាទព្រះវិហារចេញ ដែលថៃអះអាងថា ជាតំបន់ទំនាស់ដែលមានទំហំ ៤,៦ គ.ម. ក្រឡា និងសុំឲ្យរដ្ឋាភិបាលថៃលប់ចោលអនុស្សរណៈយោគយល់គ្នាស្ដីអំពីបញ្ហាព្រំដែនគោកនៃប្រទេសទាំងពីរ ដែលរដ្ឋាភិបាលកម្ពុជា-ថៃ បានព្រមព្រៀងចុះហត្ថលេខាកាលពីឆ្នាំ២០០០។
ការទាមទារនេះ ធ្វើឡើងក្រោយពីការប្រយុទ្ធគ្នា រវាងកងទ័ព ថៃ-កម្ពុជា បានមួយថ្ងៃ ដែលបានចុះផ្សាយក្នុងកាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) នៅថ្ងៃទី៦ កុម្ភៈនេះ ហើយគណបក្សសម្ព័ន្ធប្រជាជនប្រជាធិបតេយ្យថៃ ដែលជាក្រុមអាវលឿងថៃនេះ បានដាក់គំនាបលើលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វ៉េតចាជីវ៉ាក់ (Abhisit Vejjajiva) ឲ្យចុះចេញពីដំណែង បើសិនលោក អាភីស៊ិត ធ្វើការងារនេះមិនបានទេ។ ក៏ប៉ុន្តែ កាសែតនេះមិនបានបញ្ជាក់អំពីប្រតិកម្មរបស់លោក អាភីស៊ិត ឆ្លើយតបទៅនឹងការទាមទារនោះទេ។
ទាក់ទងទៅនឹងការងារព្រំដែនកម្ពុជា-ថៃ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា មានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលចំពោះការទាមទារនេះទេ ហើយលោកបានចោទថា ជានិច្ចជាកាលភាគីថៃ តែងរកលេសគេចចេញពីការចរចាវាស់វែងខ្សែបន្ទាត់ព្រំដែនគោកនៃប្រទេសទាំងពីរយូរមកហើយ។
យ៉ាងណាក្ដី លោកបញ្ជាក់ថា លោកបានជួបសមភាគីថៃនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ សហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃលើកទី៧ នៅខេត្តសៀមរាបកាលថ្ងៃទី៣-៤ កុម្ភៈ ហើយបានពិភាក្សាគ្នាអំពីបញ្ហាព្រំដែននេះនៅពេលអនាគត តែដោយសារតែទាហាននៃប្រទេសទាំងពីរប្រយុទ្ធគ្នាក្បែរប្រាសាទព្រះវិហារថ្មីៗនេះ ៖ «យើងបានផ្លាស់ប្ដូរយោបល់គ្នាលើចំណុចមួយចំនួនអំពីកិច្ចការដែលគណៈកម្មការដែលត្រូវធ្វើតទៅទៀត។ យើងមិនមែននៅទ្រឹងទេ យើងតទៅទៀត ម្សិលម្ង៉ៃនេះខ្ញុំជួបប្រធាន (ថៃ) នៅសៀមរាប នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ថៃដែលមានរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរជាសហប្រធាន។ យើងបានជជែកគ្នាលើកិច្ចការដែលយើងនឹងធ្វើនៅថ្ងៃក្រោយទៀត»។
កាលពីឆ្នាំ២០០៨ និង២០០៩ ប្រទេសកម្ពុជា-ថៃ បានចុះហត្ថលេខាលើកំណត់ហេតុចំនួន បី រួមគ្នា ស្ដីពីការរុករកទីតាំងបង្គោលព្រំដែនចាស់ ដែលបោះជំនាន់បារាំង-សៀម ក្នុងឆ្នាំ១៩០៨-១៩០៩ និងបោះលើកទី២ នៅឆ្នាំ ១៩១៩-១៩២០ ដើម្បីជួសជុល និងសង់បង្គោលព្រំដែនថ្មីបន្ថែម ត្រង់ចំណុចណាដែលមិនទាន់ច្បាស់។ ក៏ប៉ុន្តែ ផែនការនេះត្រូវខកខាន ដោយសារភាគីថៃ រង់ចាំឲ្យសភាថៃផ្ដល់សច្ចាប័នលើកំណត់ហេតុទាំងបីនោះជាមុនសិន។ លោក វ៉ា គឹមហុង បន្ថែមថា ការងាររបស់គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ថៃ ត្រូវជាប់គាំងដោយសារ រដ្ឋសភាថៃ យឺតយ៉ាវក្នុងការផ្ដល់សច្ចាប័នលើកំណត់ហេតុទាំងបីនោះ ៖ «ឥឡូវវាមិនទាន់ឲ្យសច្ចាប័ន ហើយថា នឹងបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យមើលកំណត់ហេតុទាំងបី នឹងវាសុំមួយខែទៀត ឥឡូវមួយខែហើយនៅមិនទាន់ឃើញចេញមក។ វាជាប់នៅស្ថាប័នភាគីថៃ វាឲ្យសច្ចាប័នលើកំណត់ហេតុទាំងបីរបស់គណៈកម្មការចម្រុះ។ បើសិនវាចេញមកយើងអាចធ្វើកិច្ចការនឹងបានហើយ»។
ព្រំដែនគោករវាងប្រទេសកម្ពុជា-ថៃ មានប្រវែង៨០៥ គ.ម។ លោក វ៉ា គឹមហុង រំពឹងថា ការងារវាស់វែងព្រំដែនកម្ពុជា-ថៃនេះនឹងស៊ីពេលយូរតទៅទៀត ដោយសារតែ ជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ កាលពីថ្ងៃទី៤ និងទី៥ កុម្ភៈនេះផង បន្ថែមលើការយឺតយ៉ាវរបស់សភាថៃ ក្នុងការផ្ដល់សច្ចាប័នលើកំណត់ហេតុទាំងបីនោះផង៕
