ទាហាន​ថៃ​ទប់​ស្កាត់​ក្រុម​បាតុករ​អាវ​លឿង​នៅ​ផ្សារ​រ៉ុងក្លឿ

ប្រទេស​ថៃ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ពាន់​នាក់ ដើម្បី​ទប់​ស្កាត់​ក្រុម​បាតុករ​អាវ​លឿង​ថៃ ជា​ច្រើន​រយ​នាក់ ដែល​មាន​បំណង​លើក​គ្នា​មក​ធ្វើ​ការ​អុក​ឡុក​នៅ​ផ្សារ​រ៉ុងក្លឿ​ថៃ។
ដោយ សួន សុផល មុន្នី
2011.01.04
ទាហានថៃ ទាហាន​ថៃ​ឈរ​យាមកាម​នៅ​ច្រក​ទ្វារ​ភ្នំ​ព្រះវិហារ​ក្នុង​ទឹក​ដី​ថៃ កាលពី​ថ្ងៃ​១៩ តុលា ២០០៨។
RFA Photo

ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១១ ថា កង​ទាហាន​ឈុត​ខ្មៅ និង​កង​តម្រួត​ថៃ​ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដាក់​ពង្រាយ​ការ​ពារ​ជុំវិញ​បរិវេណ​ផ្សារ​រ៉ុងក្លឿ​ថៃ កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មករា ដើម្បី​ទប់​ស្កាត់​ក្រុម​បាតុករ​អាវ​លឿង​ថៃ ដែល​បាន​ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​សម្រុក​ចូល​ធ្វើ​ការ​អុកឡុក រំខាន​ដល់​ក្រុម​អាជីវករ​ខ្មែរ ដែល​ជា​អ្នក​លក់​ដូរ​នៅ​ទី​នោះ។

កញ្ញា សែ ឡាក់​គី ជា​អាជីវករ​ខ្មែរ​លក់​ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ​ថៃ បាន​ថ្លែង​ថា ក្រុម​អាជីវករ​ខ្មែរ​ដែល​ជា​អ្នក​ជួល​តូប​លក់​ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ​ថៃ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ បន្ទាប់​ពី​ក្រុម​បាតុករ​អាវ​លឿង​ថៃ​មាន​បំណង​ចូល​អុកឡុក​នៅ​ទី​នោះ ៖ «វា​ចង់​មក​អុកឡុក ព្រោះ​អី​វា​ដឹង​ថា នៅ​ផ្សារ​ហ្នឹង​មាន​ខ្មែរ​នៅ ខ្មែរ​លក់​រស់​នៅ​អ៊ីចឹង វា​ចង់​មក​ធ្វើ មក​បំផ្លិច​បំផ្លាញ​ទ្រព្យ​របស់​ខ្មែរ​យើង ប៉ុន្តែ​ពួក​តម្រួត​វា​មិន​ឲ្យ​ចូល​មក​បាន​ទេ គេ​ស្ទាក់​ទាំង​អស់​គ្រប់​កន្លែង»

ក្រុម​អាជីវករ​ខ្មែរ​បាន​ថ្លែង​ថា នៅ​ផ្សារ​រ៉ុងក្លឿ​ថៃ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​នោះ គឺ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ប្រមាណ ៩០% ជា​អ្នក​ជួល​តូប​លក់​ដូរ និង​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​ទឹក​ដី​ថៃ។ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ មករា មាន​អាជីវករ​ខ្មែរ​ខ្លះ មាន​ការ​ភ័យ​ខ្លាច បាន​ឆ្លង​ដែន​មក​ស្នាក់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ បន្ទាប់​ពួក​គេ​ទទួល​ដំណឹង​ថា ក្រុម​បាតុករ​អាវ​លឿង​ថៃ ព្យាយាម​ធ្វើ​ការ​អុកឡុក​រួច​មក ៖ «អ្នក​ខ្លះ​ធ្លាប់​ដេក​នៅ​ទី​នោះ គេ​ចេញ​មក​វិញ គេ​ខ្លាច​ខ្លះ​ដែរ ពួក​វា​មក​អា​ស្រុក​គោក​សួង ចេញ​ពី​ត្រង់​នេះ​ផង ទៅ​ត្រង់​នោះ​ផង វា​ចល័ត​កម្លាំង​វា​រហូត»

ទោះ​យ៉ាង​ណា ការ​ព្យាយាម​របស់​ក្រុម​បាតុករ​អាវ​លឿង​ថៃ មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។ រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១១ នេះ កង​អាជ្ញាធរ​ថៃ​នៅ​តែ​ដាក់​កម្លាំង​ការ​ពារ​នៅ​ជុំវិញ​បរិវេណ​ផ្សារ​រ៉ុងក្លឿ ហើយ​ក្រុម​អាជីវករ​ខ្មែរ​ជា​អ្នក​ប្រកប​របរ​លក់​ដូរ​នៅ​ក្នុង​ផ្សារ​នោះ នៅ​តែ​បន្ត​ការ​លក់​ដូរ​ជា​ធម្មតា។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​មាន​ប្រសាសន៍​ថា កាល​ល្ងាច​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ក្រម​បាតុករ​អាវ​លឿង​ថៃ​មួយ​ក្រុម បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​បោះ​ទីតាំង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​នៅ​ទី​នោះ តែ​ត្រូវ​ដក​ថយ​វិញ ក្រោយ​ពី​កម្លាំង​អាជ្ញាធរ​ថៃ​បាន​ធ្វើ​ការ​ទប់​ស្កាត់។

លោក អ៊ុក កែវ​រតនៈ បាន​ដក​ស្រង​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មក​បញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​មករា ឆ្នាំ​២០១១ នេះ ក្រុម​បាតុករ​អាវ​លឿង​ថៃ មាន​គម្រោង​លើក​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​សាលា​ខេត្ត​ស្រះ​កែវ និង​នៅ​តំបន់​ព្រំដែន​ក្នុង​ភូមិ​ណង​ចាន់ ខេត្ត​ស្រះ​កែវ​ថៃ ទល់​មុខ​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ខ្មែរ ៖ «ហើយ​លទ្ធផល​ហ្នឹង​ក៏​មិន​បាន​សម្រេច​ទៀត ដោយ​សារ​ប្រភព​ព័ត៌មាន​ច្បាស់​ការ​មួយ​ទៀត ប្រជា​ពល​រដ្ឋ​ដែល​នៅ​ជាប់​តាម​ព្រំដែន​ហ្នឹង ក៏​គាត់​ត្រៀម​លក្ខណៈ​ជា​មួយ​ខាង​តម្រួត​ថៃ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ពួក​ហ្នឹង​ចូល​មក​ច្រក​អូរ​បី​ជាន់ ព្រោះ​បាត់​បង់​ផល​ប្រយោជន៍​របស់​គាត់»

ក្រុម​បាតុករ​អាវ​លឿង​ថៃ​បាន​ព្យាយាម​ធ្វើ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ក្នុង​ភូមិ​ណង​ចាន់ ស្រុក​គោក​សួង ខេត្ត​ស្រះ​កែវ​ថៃ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ ធ្វើ​ការ​ដោះ​លែង​ជន​ជាតិ​ថៃ ៧​នាក់ ដែល​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗនេះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ក្នុង​ដី​ខ្មែរ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ មន្ត្រី​យោធា​ខ្មែរ​បាន​ចាប់​ជន​ជាតិ​ថៃ ៧​នាក់ ក្នុង​នោះ​មាន​អ្នក​តំណាង​រាស្ត្រ​ថៃ​មួយ​រូប​ផង ត្រូវ​ចាប់​ខ្លួន​ក្នុង​ពេល​ដែល​ពួក​គេ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ខុស​ច្បាប់ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។ ជន​ជាតិ​ថៃ​ទាំង ៧​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខ្មែរ នៅ​ទីក្រុង​​ភ្នំពេញ​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដើម្បី​ស្រាវជ្រាវ និង​ដំណើរ​ការ​តាម​នីតិ​វិធី​តុលាការ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។