យុវជន​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ដោយសារ​ផ្ញើ​សារ​គំរាម​សម្លាប់​មន្ត្រី​ទីប្រឹក្សា​រដ្ឋាភិបាល

អាជ្ញាធរ​នគរបាល​ក្រសួង​មហាផៃ្ទ​បាន​ចាប់​ឃាត់​ខ្លួន​យុវជន​ម្នាក់​ដែល​បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​គំរាម​សម្លាប់​មន្រ្តី​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ។

0:00 / 0:00

លោក ញឹក វណ្ណារ៉ា ជា​មន្រ្តី​ទីប្រឹក្សា​របស់​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​ច័ន្ទ ទី​៤ ខែ​មករា ឆ្នាំ​២០១០​នេះ ថា ការ​ចាប់​ឃាត់​ខ្លួន​យុវជន​រូប​នោះ​បាន​ធ្វើ​ទ្បើង​ក្នុង​ការ​ណាត់​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ក្នុង​ផ្សារ ស៊ីតនី (Sydney) នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​ច័ន្ទ​នេះ។

លោក ញឹម វណ្ណារ៉ា បាន​បញ្ជាក់​ថា ៖ «សួរ​ម្ដង​ទៀត​ថា ប្រាកដ​ទេ​ថា​ចង់​សម្លាប់​ខ្ញុំ? គាត់​ក៏​ឆ្លើយ​ថា មិន​ចាំ​បាច់​សួរ​ច្រើន​ទេ។ ខ្ញុំ​ក៏​ជម្រាប​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ឲ្យ​គេ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ។ ខ្ញុំ​អត់​ស្គាល់​ឈ្មោះ​ប្អូន​ហ្នឹង​ដែរ។ ព្រឹក​មិញ​ហ្នឹង​បាន​ណាត់​ខ្ញុំ​ជួប​នៅ​ផ្សារ​ស៊ីតនី នៅ​ម៉ោង​១១ ហើយ​ខ្ញុំ​រវល់​ជាប់​ការងារ ខ្ញុំ​ពន្យារ​រហូត​ទៅ​ដល់​ម៉ោង​ជិត ១២។ ខ្ញុំ​អត់​ស្គាល់​មុខ​ប្អូន​ហ្នឹង តែ​ប្អូន​ហ្នឹង​ស្គាល់​ខ្ញុំ​ច្បាស់។ ខ្ញុំ​ជា​អតីត​អនុ​ប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្ស​សិទ្ធិ​មនុស្ស។ ពេល​ដែល​ជួប​ភ្លាម ព្រឹក​មិញ​ខ្ញុំ​បាន​សួរ​សំណួរ​ទៅ​គាត់​ថា ទី​១ ប្អូន​ជា​អ្នក​ដែល Message (ផ្ញើ​សារ) មក​ខ្ញុំ លេខ​ទូរស័ព្ទ​ប្អូន​លេខ​ប៉ុន្មាន? អី​អ៊ីចឹង​ទៅ គាត់​ក៏​ឆ្លើយ​ថា បាទ។ ខ្ញុំ​ក៏​ចុច Message (សារ)​ហ្នឹង​ហើយ ខ្ញុំ​ប្រាប់​ថា អត្ថន័យ​ក្នុង Message ដាក់​ថា សម្លាប់​ខ្ញុំ ហើយ​ប្អូន​ជា​អ្នក​សរសេរ Message មក គាត់​ថា​បាទ។ ខ្ញុំ​សួរ​ថា ចុះ​ហេតុ​អី? គាត់​ឆ្លើយ​ថា ឆ្នាំ​ហ្នឹង​មិន​ល្អ​ទេ! គាត់​ឆ្លើយ​មួយ​ម៉ាត់​អ៊ីចឹង! ជម្រាប​ទៅ​ខាង​សមត្ថកិច្ច​ឲ្យ​គេ​ឃាត់​ខ្លួន​គាត់​ទៅ ចាប់​ម៉ោង​ប្រហែល​ជា ១១:៥០​នាទី»

លោក​បាន​ទទួល​សារ​គំរាម​តាម​ទូរស័ព្ទ​ដៃ​នោះ​កាល​ពី​ថៃ្ង​អាទិត្យ​នៅ​វេលា​ម៉ោង ៦​ល្ងាច ពី​ទូរស័ព្ទ​ដៃ​លេខ ០៩២ ៨៥៣៣៦៨ ដែល​មាន​ន័យ​ថា ចង់​សម្លាប់​លោក។

លោក​ឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​មហាផៃ្ទ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​បាន​ទេ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី​បាន​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណី​គំរាម​នេះ។

ប្រភព​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផៃ្ទ​កំពុង​តែ​ធ្វើ​ការ​សាកសួរ​ចម្លើយ​យុវជន​នោះ​ក្រោយ​ពី​ការ​ចាប់​ឃាត់​ខ្លួន។

លោក អំ សំអាត ជា​ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា លីកាដូ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «យើង​ជា​សង្គម​ស៊ីវិល យើង​ចង់​ឲ្យ​គេ​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដន្ទា​ទោស​អ្នក​ដែល​បាន​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​អ្វី​មួយ​ដែល​យើង​ព្រួយ​បារម្ភ បើ​សិន​ជា​អ្នក​នោះ​មាន​ចេតនា ហើយ​ជា​មនុស្ស​ដែល​មាន​ស្មារតី​រឹងប៉ឹង ស្មារតី​ត្រឹមត្រូវ ហើយ​ប្រព្រឹត្ត​នូវ​ទង្វើ​ទាំង​អស់​នេះ គឺ​យើង​សូម​ឲ្យ​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់»

គេ​បាន​សង្កេត​ឃើញ​ថា នេះ​ជា​ករណី​លើក​ទី​២​ហើយ ក្រោយ​ពី​លោក រស់ សុឃិត អាយុ ៤០​ឆ្នាំ ជា​អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ​ចាប់​ឃាត់​ខ្លួន កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​ទៅ ដោយសារ​តែ​លោក​បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ មក​លោក សយ សុភាព ជា​អ្នក​យក​ព័ត៌មាន​នៃ​ទូរទស្សន៍ CTN ដើម្បី​សាកសួរ​អំពី​អំពើ​ពុក​រលួយ​និង​ការ​ជំរិត​ទារ​ប្រាក់។ ក្រោយ​មក​តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​លោក រស់ សុឃិត ឲ្យ​ជាប់​គុក​រយៈពេល ២​ឆ្នាំ កាល​ពី​ថៃ្ង​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩​កន្លង​ទៅ ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត៕