យុវជន​ត្អូញត្អែរ​អំពី​ការលំបាក​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ

អ្នក​ដែល​ធ្វើ​ការងារ​តិច​ជាង​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហើយ​មាន​ពេល​និង​កំពុង​ស្វែងរក​ការងារ​ធ្វើ គឺ​ត្រូវ​បាន​រាប់​បញ្ចូល​ថា ជា​អ្នក​អត់​ការងារ​ធ្វើ ដែល​មាន​អត្រា​ជាង ២,៣​ភាគរយ នៅក្នុង​បញ្ជី​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នា​ឆ្នាំ​២០០៤។

0:00 / 0:00

ទោះបី​មិន​ទាន់​មាន​ទិន្នន័យ​ថ្មី​ក្នុង​ឆ្នាំ​២០០៨ តែ​បើ​តាម​ការ​បង្ហាញ​ក្នុង​គោល​នយោបាយ​សង្ខេប​របស់​អង្គការ​ពលកម្ម​ពិភពលោក​ស្តីពី​ការងារ​របស់​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០០៧ មាន​យុវជន​ជាច្រើន​នៅ​បន្ត​ប្រឈម​មុខ​នឹង​ភាព​អត់​ការងារ​ធ្វើ។

និសិ្សត​បញ្ចប់​ឆ្នាំ​ទី​២ នៃ​សកលវិទ្យាល័យ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច កញ្ញា ផេង សុផាន់ណា មក​ពី​ខេត្ត​កណ្តាល បាន​ត្អួញត្អែរ​ថា យុវជន​នៅ​ក្នុង​ភូមិ​របស់​នាង មិន​បាន​បារម្ភ​នឹង​ការស្វែងរក​ការងារ​ធ្វើ​ទេ តែ​សម្រាប់​និស្សិត​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​នាង តែង​មាន​ការពិភាក្សា​គ្នា​ពី​ការស្វែងរក​ការងារ​ធ្វើ។

កញ្ញា ផេង សុផាន់ណា បាន​បន្ថែម​ថា នាង​បាន​ស្វែងរក​ការងារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​អាច​រក​បាន​ការងារ​ដែល​មាន​ស្ថិរភាព​ទេ ៖ «ជួនកាល​ទៅ ការងារ​នៅ​ឆ្ងាយ ខ្ញុំ​អត់​មាន​មធ្យោបាយ​ធ្វើ​ដំណើរ មួយ​ទៀត ជួនកាល​ទៅ​វា​មាន​ម៉ោង ខ្ញុំ​ពុំ​អាច​ធ្វើ​បាន​ពិបាក។ អ្នក​នៅ​ជិត​ផ្ទះ​ហ្នឹង និស្សិត​មួយ​គំនរ អត់​មាន​ការងារ​ធ្វើ។ ក្រុមហ៊ុន​គេ​រើស​អ៊ីចឹង​ទៅ ដល់​ពេល​ហើយ គេ​ថា គេ​ដាក់​ពាក្យ​ទៅ​អ៊ីចឹង​ទៅ ជួនកាល​គេ​អត់​ហៅ​ទៅ ណា​មួយ​ពិបាក​ណាស់ ស្មុគស្មាញ អ៊ីចឹង​ទៅ ខ្សែ​រយៈ​អ៊ីចឹង​ទៅ»

កញ្ញា ខាត់ ស្រីផល អាយុ ២៣​ឆ្នាំ មកពី​ខេត្ត​កំពង់ស្ពឺ បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ឱកាស​របស់​ខ្លួន​ដែល​អាច​រក​ការងារ​បាន​ធ្វើ​តាំង​ពី​ពេល​រៀន​នៅ​ឆ្នាំ​ទី​មួយ រហូត​ទទួល​បាន​បរិញ្ញាបត្រ​ភាសា​អង់គ្លេស ក្នុង​ឆ្នាំ​២០០៧។

កញ្ញា​បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង​អាច​រក​បាន​ការងារ​ធ្វើ​ឆាប់​រហ័ស ដោយសារ​មាន​ខ្សែ​ជា​អ្នក​ស្គាល់​ជួយ​សម្រួល តែ​ទោះ​បី​ជា​យ៉ាងណា កញ្ញា​បញ្ជាក់​ថា សមត្ថភាព​ផ្ទាល់​ខ្លួន​នៅ​តែ​ជា​បញ្ហា​សំខាន់។

កញ្ញា ខាត់ ស្រីផល រៀបរាប់​ប្រាប់​ដូច្នេះ​ថា ៖ «ឧបសគ្គ​មាន​ច្រើន​ណាស់ ប៉ុន្តែ​ភាគ​ច្រើន យើង​ដាក់ CV (ប្រវត្តិ​រូប) ឲ្យ​បាន​ច្រើន​កន្លែង​ទៅ យ៉ាងហោច​ណាស់ ក៏​គេ​អាច​ហៅ​ទៅ​សម្ភាស​... ប៉ុន្តែ​សរុប​មក គឺ​ដោយសារ​ខ្ញុំ​ស្គាល់​គេ​បាន​ច្រើន»

ប្រធាន​មជ្ឈមណ្ឌល​សេវា​ព័ត៌មាន​ស្ថិតិ​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ លោក ថី ឃាម បាន​ឲ្យ​ដឹង​ថា បើ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក្រោម ៥​ភាគរយ នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​កម្រិត​ស្តង់ដារ​អន្តរជាតិ​ចាត់​ទុក​ថា ធម្មតា។ លោក​បាន​បន្ថែម​ថា វិទ្យាស្ថាន​រដ្ឋ​មួយ​នេះ កំពុងតែ​ដំណើរការ​បញ្ចូល​ទិន្នន័យ​ឆ្នាំ​២០០៨ ក្រោយ​ការប្រកាស​ពី​តួលេខ ២,៣​ភាគរយ ក្នុង​ឆ្នាំ​២០០៤។

លោក ថី ឃាម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ជា​និយមន័យ​ផ្លូវការ ជា​កម្រិត​អន្តរជាតិ​ផ្លូវការ កាលណា​អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រទេស​មួយ ដែល​វា​ក្រោម ៥% ហ្នឹង វា​ត្រឹម ២% , ៣% ចាត់​ទុក​ប្រទេស​ហ្នឹង មាន​ការងារ​ធ្វើ​ទាំង​អស់​គ្នា​ហើយ​... ពីព្រោះ​ថា ប្រទេស​ណា​ក៏​ដោយ ក្នុង​សកលោក វា​មិន​អាច​ថា ០% តែ​ម្ដង​ទេ អត់​ការងារ​ធ្វើ វា​តែង​តែ​មាន ដូច​មាន​កម្រិត​ត្រឹម ២​-៣% គេ​ចាត់​ទុក​ថា វា​មាន​ការងារ​ធ្វើ​ទាំង​អស់​ទៅ​ហើយ»

លោក សេង ឫទ្ធី ប្រធាន​ផ្នែក​អប់រំ​និង​តស៊ូ​មតិ​នៃ​សមាគម​យុវជន​ខ្មែរ បាន​រិះគន់​ទៅ​លើ​ការ​កំណត់​និយមន័យ​នៃ​ភាព​អត់​ការងារ​ធ្វើ ដែល​ន័យ​គ្រប​ដណ្តប់​ទូលាយ​ពេក ទោះ​បី​ជា​អ្នក​ដែល​មាន​ការងារ​ធ្វើ​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​អាច​រួច​ផុត​ពី​បញ្ជី​អ្នក​អត់​ការងារ​ធ្វើ។

លោក​បាន​បន្ថែម​ថា អំពើ​ពុករលួយ ភាពក្រីក្រ ទីផ្សារ​ការងារ​តិចតួច កង្វះ​ចំណេះដឹង និង​សមត្ថភាព សុទ្ធ​តែ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​អត្រា​អត់​ការងារ​ធ្វើ​ក្នុង​បរិបទ​យុវជន នឹង​កើន​ឡើង។ លោក សេង ឫទ្ធី បាន​លើក​ឡើង​នូវ​សំណូមពរ​របស់​យុវជន​មួយ​ចំនួន។

លោក សេង ឫទ្ធី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ធ្វើ​ម៉េច បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ច្រើន​នៅ​ទី​ជនបទ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​យុវវ័យ​យើង​ហ្នឹង បាន​ចូលរួម​នៅ​ក្នុង​ការហ្វឹកហ្វឺន​សមត្ថភាព​របស់​គាត់។ ហើយ​មួយ​ទៀត គួរតែ​មាន​គោលការណ៍​ជាក់លាក់​ក្នុង​ការផ្ដល់​ឱកាស​ហាត់ការ នៅ​តាម​ស្ថាប័ន​រដ្ឋ​នានា និង​ឯកជន ដោយ​មាន​ការលើក​ទឹក​ចិត្ត និង​គាំទ្រ​ពី​អ្នកគ្រប់គ្រង​ស្ថាប័ន​ផង។ យើង​ឃើញ​ថា ឱកាស​ការងារ រដ្ឋាភិបាល​គួរតែ​បង្កើត​ទីផ្សារ​តាមរយៈ​ការទាក់ទាញ​វិនិយោគទុន ឲ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ឲ្យ​បាន​ច្រើន និង​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ទូលាយ​ដល់​និស្សិត​ផង​ដែរ»

ផ្អែកតាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ស៊ី.អាយ.អេ. (CIA) នៅ​កម្ពុជា មាន​កម្លាំង​ពលកម្ម​រហូត​ដល់​ទៅ ៧​លាន​នាក់ ហើយ​ក្នុង​នោះ ៧៥​ភាគរយ ត្រូវ​បាន​អូសទាញ​ដោយ​ការងារ​កសិកម្ម។ ក្នុង​របាយការណ៍​ដដែល ក៏​បាន​បង្ហាញ​ផង​ដែរ​ថា សន្ទស្សន៍​នៃ​អ្នក​អត់ការ​ងារ​ធ្វើ​នៅ​កម្ពុជា នឹង​កើន​ដល់ ២,៥​ភាគរយ ក្នុង​ឆ្នាំ​២០០៨ តែ​លោក ចន្ទ័ សុផល ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា បាន​ថ្លឹង​ថ្លែង​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​នេះ​មិនទាន់​អាច​យក​ជា​សំអាង​បាន​ទេ ហើយ​មាន​ចំនួន​ទាប​នៅ​ឡើយ បើ​ពិនិត្យ​ជា​ទូទៅ តែ​លោក​បង្វែរ​ឲ្យ​ប្រជា​ពលរដ្ឋ​ចាប់​អារម្មណ៍​ទៅ​លើ​អត្រា​ចំណូល​និង​ភាព​ក្រីក្រ​វិញ វា​មាន​ភាព​ជាក់លាក់​និង​ងាយ​យល់​ជាង។

លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា ៖ «និយាយ​ជា​ទូទៅ ចំនួន​នៅ​ទាប មិន​ច្រើន​ទេ ២,៥% ទាប​ណាស់ ដូច​នេះ យើង​ពិបាក​យក​ប្រើ​ណាស់ ខ្ញុំ​អត់​ដែល​ប្រើ​ទេ និយាយ​ឲ្យ​ត្រង់​ទៅ រឿង​តួលេខ អ្នក​អត់​ការងារ​ធ្វើ។ មើល​ទៅ​តួលេខ​នៅ​លើ​កម្រិត​ភាពក្រីក្រ ចំណូល​ប្រចាំ​ថ្ងៃ តើ​ទប់ទល់​នឹង​តម្រូវការ​ចាំបាច់​បាន​អត់ វា​ប្រសើរ​ជាង​តួលេខ​អត់​ការងារ​ធ្វើ​ហ្នឹង។ ព្រោះ​ស្រុក​ខ្មែរ​យើង វា​ពិបាក​និយាយ​ណាស់ អ្នក​ខ្លះ សូម្បី​តែ​អ្នក​មាន​ការងារ​ធ្វើ​ហើយ​ហ្នឹង ក៏​គ្មានន័យ​អី​ដែរ ប្រាក់​ខែ ៥០​ដុល្លារ ក៏​យើង​មិន​មែន​មាន​ន័យ​ថា មាន​ការងារ​ធ្វើ​ហើយ មាន​ភាព​ធូរស្រាល​ទេ វា​ពិបាក​អ៊ីចឹង»

អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ បាន​បន្ថែម​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ ហើយ​លោក​ជឿជាក់​ថា ចរន្ត​នេះ​នឹង​ស្រូប​ទាញ​កម្លាំង​ការងារ​បាន​យ៉ាង​ច្រើន តែ​ទាមទារ​ឲ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋាភិបាល​និង​ចំណាប់​អារម្មណ៍​របស់​វិនិយោគទុន​ផង​ដែរ។

សូម​បញ្ជាក់​ថា ជាទូទៅ គេ​ជឿជាក់​ថា ការសិក្សា​អប់រំ​និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ នឹង​អាច​ជួយ​ពង្រឹង​គុណ​ភាព ក៏​ដូចជា​កាត់​បន្ថយ​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន តែ​សម្រាប់​យុវជន​ភាគ​ច្រើន​ដែល​កំពុង​ស្វែងរក​ការងារ បែរ​ប្រកាស​ថា តម្រូវ​ចាំបាច់​នៅ​ចំពោះ​មុខ​របស់​ពួកគេ​គឺ​ឱកាស​ការងារ។

ឱកាស​ការងារ​ទាំង​នោះ ត្រូវ​បាន​យុវជន​ភាគច្រើន​កំពុង​រង់ចាំ​មើល​និង​សង្ឃឹម​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី នឹង​អាច​ផ្តល់​ឲ្យ​ពួកគេ ដូច​គោលនយោបាយ​ដែល​បាន​ផ្សព្វផ្សាយ នៅ​មុន​ពេល​បោះឆ្នោត៕