សីលធម៌​របស់​យុវវ័យ​បច្ចុប្បន្ន

សីលធម៌​រស់​នៅ​របស់​យុវវ័យ​ខ្មែរ​សព្វ​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មួយ​ចំនួន​កំពុង​ប្រព្រឹត្ដ​ខុស​ចាក​គន្លង​សីលធម៌ វប្បធម៌ ប្រពៃណី​ជាតិ ដូចជា​ការ​ប្រើ​អំពើ​ហិង្សា មិន​គោរព​តាម​ការ​ប្រៀន​ប្រដៅ​របស់​ឪពុក​ម្ដាយ គ្រូ​បង្រៀន​ជាដើម។

0:00 / 0:00

អ្នក​ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​ទាំង​នៅ​ទីក្រុង​ភ្នំពេញ​និង​តាម​ខេត្ត​នានា បាន​សម្ដែង​ការ​រិះគន់​ថា សីលធម៌​រស់​នៅ​របស់​យុវជន​យុវតី​ខ្មែរ​មួយ​ចំនួន​សព្វ​ថ្ងៃ​នេះ គឺ​បាន​ប្រាសចាក​ឆ្ងាយ​ពី​គន្លង​ដើម​បើ​គេ​ប្រៀប​ធៀង​ទៅ​នឹង​សីលធម៌​រស់​នៅ​របស់​យុវវ័យ​ខ្មែរ​កាល​ពី​ជំនាន់​មុនៗ។

ការ​រិះគន់​នេះ​បន្ទាប់​ពី​គេ​បាន​ឃើញ​នូវ​សកម្មភាព​ទាំង​ឡាយ​របស់​យុវវ័យ​ខ្លះ​បាន​ធ្វើ​អំពើ​មិន​ល្អ​ជា​បន្ដ​បន្ទាប់ ដូចជា​ប្រើ​ហិង្សា​ឈ្លោះ​ប្រកែក​វាយ​តប់ បាញ់ ចាក់​កាប់​សម្លាប់​គ្នា​នៅ​ក្នុង​ពិធី​រាំរែក​នៃ​ពិធី​មង្គលការ ឬ​ពិធី​បុណ្យ​ទាន ហើយ​ប្រមាថ​មាក់ងាយ​មិន​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ម្ដាយ ឬ​គ្រូ​បង្រៀន​នៅ​ក្នុង​សាលា នាំ​គ្នា​សេព​គ្រឿង​ញៀន គ្រឿង​ស្រវឹង ឬ​ក៏​ដើរ​លេង​គេច​វេះ​មិន​ចូល​រៀន​។ល។

ក្នុង​ចំណោម​អ្នក​ចាស់​ទុំ​ទាំង​នោះ ស្ដ្រី​ចាស់​ទុំ​ខ្មែរ​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ ឈ្មោះ គឹម ស៊ីមឿន បាន​បញ្ជាក់​ប្រាប់​ពី​សីលធម៌​យុវវ័យ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០​ថា កាល​នោះ​គឺ​ក្មេងៗ​ភាគ​ច្រើន​ណាស់​មាន​ការ​ប្រព្រឹត្ត​ខ្លួន​ល្អ ចេះ​គោរព​កោតក្រែង​និង​ស្ដាប់​ការ​ទូន្មាន​របស់​ឪពុក​ម្តាយ ជីដូន​ជីតា មាន​ភាព​គួរ​សម​ឱន​លំទោន​ដល់​ចាស់​ព្រឹទ្ធាចារ្យ​និង​គោរព​គ្រូបា​អាចារ្យ ព្រម​ទាំង​ញាតិ​មិត្ដ​ជិត​ខាង​របស់​ខ្លួន​ជាដើម។

អ្នកស្រី គឹម ស៊ីមឿន មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «ឥឡូវ​នេះ​ខុស​គ្នា​ឆ្ងាយ​ណាស់ គ្រូ​បង្រៀន​ស្រួល​មិន​ស្រួល​វា​អាច​មើល​ងាយ មើល​ស្រាល​លោក​គ្រូ​ទៀត»

ការ​ធ្លាក់​ចុះ​សីលធម៌​របស់​យុវវ័យ​ក្នុង​សម័យ​បច្ចុប្បន្ន ក្រៅ​ពី​ចាស់​ទុំ​នៅ​ទីក្រុង​ភ្នំពេញ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​នោះ ក៏​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​តាម​ខេត្ត​នានា​បាន​សម្ដែង​ក្តី​បារម្ភ​ដូច​គ្នា​នេះ​ដែរ។

បុរស​មួយ​រូប​ឈ្មោះ ញ៉ែម សុខ នៅ​ភូមិ​សមរ ឃុំ​ដើមឫស ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល បាន​ប្រាប់​ឲ្យ​ដឹង​ថា កូន​ចៅ​ក្មេងៗ​ក្នុង​ជំនាន់​នេះ​ក្នុង​តំបន់​របស់​គាត់​គឺ​ភាគ​តិច​ណាស់​ដែល​ចេះ​គោរព​កោតក្រែង​ឪពុក​ម្ដាយ ក្រៅ​ពី​នេះ​គេ​ច្រើន​តែ​បង្ក​ការ​លំបាក​ក្នុង​គ្រួសារ មិន​សូវ​ចង់​រៀន​សូត្រ ឬ​ក៏​ធ្វើ​ការងារ​អ្វី​ឡើយ ៖ «តាម​តែ​សង្គម គ្នា​វា​បបួល​អ៊ីចឹង​តែម្ដង។ យប់ៗ​ថ្ងៃ​អី​វា​ដើរ​លេង​អត់​សូវ​ស្ដាប់​ម៉ែ​ឪ»

គ្រូ​បង្រៀន​មួយ​រូប​សុំ​មិន​ប្រាប់​ឈ្មោះ​នៅ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា កូន​សិស្ស​ក្នុង​សម័យ​នេះ​គឺ​មិន​សូវ​មាន​ការ​គោរព ឬ​ស្ដាប់​ការ​បង្រៀន​របស់​គ្រូ​ទេ ជា​ពិសេស​គឺ​កូន​ចៅ​អ្នក​មាន​ធនធាន ៖ «ឧទាហរណ៍​ជាក់​ស្ដែង ដូច​យើង​បង្រៀន​អ៊ីចឹង គេ​ចង់​មក​រៀន​ក៏​មក​ទៅ មិន​មក​ក៏​ហី​ទៅ។ កត្តា​ដែល​ធ្វើ​ឲ្យ​វា​អត់​ខ្លាច​គ្រូ​គឺ ទី​១​ប្រាក់​បៀវត្សរ៍​មាន​កម្រិត​ទាប​ពេក អ៊ីចឹង​គ្រូ​ចង់​មិន​ចង់​ត្រូវ​តែ​សម្រេច​ចិត្ត​ទៅ​ធ្វើ​អ្វី​មួយ​ដើម្បី​បំពេញ​ជីវភាព។ គ្រូ​អាច​លក់​នំ គ្រូ​អាច​បង្រៀន​គួរ​វា អ៊ីចឹង​សេចក្ដី​ថ្លៃថ្នូរ​របស់​គ្រូ​បាត់​អស់​រលីង​ដោយសារ​កត្តា​ទាំង​ប៉ុន្មាន​ហ្នឹង»

ក្រៅ​ពី​មនុស្ស​វ័យ​ចាស់ ឬ​គ្រូ​បង្រៀន​បាន​កត់​សម្គាល់​ឃើញ​ថា យុវវ័យ​ក្នុង​សម័យ​នេះ​មាន​ការ​យល់​ដឹង​ផ្នែក​សីលធម៌​មាន​កម្រិត​ទាប​នោះ គឺ​មាន​យុវវ័យ​មួយ​ចំនួន​ដែល​បាន​តាម​ដាន​ពី​ការ​ស្រុត​ចុះ​នូវ​សីលធម៌​យុវជន​នោះ ក៏​បាន​សម្ដែង​ភាព​មិន​ពេញ​ចិត្ត​អំពី​បញ្ហា​នេះ​ដែរ។

យុវជន​មួយ​រូប​ឈ្មោះ សុខ ដារា រៀន​នៅ​វិទ្យាល័យ​កំពង់កន្ទួត ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​បញ្ជាក់​ប្រាប់​ពី​ការ​សង្កេត​ឃើញ​​របស់​គេ​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​មើល​ស្ថានភាព​រាល់​ថ្ងៃ​នៅ​ក្នុង​ភូមិ​ហ្នឹង គឺ​សំបូរ​ក្មេង​ទំនើង ពេល​មាន​បុណ្យ​ទាន​មាន​រាំរែក​អី​អ៊ីចឹង គ្រាន់​តែ​ឃើញ​មុខ​គ្នា ប៉ះ​គ្នា​បន្តិច​វ៉ៃ​គ្នា​ប្រាវ អ៊ីចឹង​វា​ប៉ះពាល់ មាន​របួស​អី​ក្នុង​ស្រុក​ក្នុង​ភូមិ»

ព្រះតេជ​ព្រះគុណ ភួង សុភឿន ព្រះចៅ​អធិការ​វត្ត​បន្ទាយរការ ឃុំ​ក្រាំងដីវ៉ាយ ស្រុក​ភ្នំស្រួច ខេត្ក​កំពង់ស្ពឺ និង​ជា​មន្ត្រី​សង្ឃ​ប្រចាំ​ស្រុក​ភ្នំស្រួច បាន​មាន​ព្រះ​ថេរដីកា​ថា សព្វ​ថ្ងៃ​សីលធម៌​រស់​នៅ​ក្នុង​សង្គម​ខ្មែរ​គឺ​សង្កេត​ឃើញ​ហាក់​មាន​ភាព​ច្របូក​ច្របល់​ខ្លះ គឺ​ហាក់​ស្រប​ទៅ​នឹង​សុភាសិត​បូរាណ​ខ្មែរ​មួយ​បាន​ចែង​ថា ៖ «សត្វ​បង្គួយ​ទៅ​ជា​សត្វ​ជាស មាស​ទៅ​ជា​សំណ ភ្នំ​អត់​ថ្ម ស្រី​ល្អ​អត់​ប្តី។ បង្គួយ​ទៅ​ជា​ជាស​ហ្នឹង​យ៉ាង​ម៉េច? សម័យ​បច្ចុប្បន្ន​ហ្នឹង​ប្រុស​ទៅ​ជា​ស្រី ស្រី​ទៅ​ជា​ប្រុស ប្រុស​ទៅ​ជា​សក់​វែង ចោះ​ក្រវិល​ពាក់​មួយ​ចំហៀង​ពីរ​បី​អ៊ីចឹង​ទៅ ហើយ​ស្រី​ក៏​អ៊ីចឹង​ដែរ ពី​មុន​ស្លៀក​សំពត់ ឥឡូវ​ទៅ​ជា​ខោ​ខ្លី។ មាស​ក្លាយ​ទៅ​ជា​សំណ កូន​ប្រុស​ស្រី​អត់​ស្ដាប់​ដំបូន្មាន​ឪពុក​ម្ដាយ អត់​ខ្លាច​ឪពុក​ម្ដាយ។ ភ្នំ​អត់​ថ្ម គឺ​ព្រះសង្ឃ​ហ្នឹង​អត់​មាន​សីលធម៌ អត់​សិក្សា​រៀន។ ស្រី​ល្អ​អត់​ប្ដី សំដៅ​ដល់​មនុស្ស​ទូទៅ​អត់​មាន​សីល​៥ កាល​ណា​អត់​សីល​៥​ហើយ​មាន​ស្អី​ទៀត​នៅ​ក្នុង​ខ្លួន។ ត្រង់​កន្លែង​ហ្នឹង​ហើយ​ដែល​ថា សីលធម៌​ធ្លាក់​ចុះ»

ការ​បង្ហាញ​ប្រាប់​ពី​សីលធម៌​របស់​យុវវ័យ​សព្វថ្ងៃ​ធ្លាក់​ចុះ​នោះ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ដោយសារ​កត្ដា​បី​យ៉ាង​គឺ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សង្គម​គ្រួសារ ពី​សង្គម​សាលា​រៀន​និង​សង្គម​ដែល​នៅ​ជុំវិញ។

ស្ដ្រី​ចាស់​ទុំ​ខ្មែរ​មួយ​រូប​នៅ​ទីក្រុង​ភ្នំពេញ ឈ្មោះ គឹម ស៊ីមឿន បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​បញ្ហា​នេះ​បន្ថែម​យ៉ាង​ដូច្នេះ ៖ «មាតា​បិតា​ខ្លះ​គ្នា​ក្រ ដល់​ចេញ​ទៅ​រក​ស៊ី​អ៊ីចឹង​ទៅ កូន​ហ្នឹង​ទៅ​រៀន​មិន​ទៅ​រៀន​អី ទៅ​សេព​គប់​នរណា​ក្ដី​ក៏​អត់​ដឹង​ទាំង​អស់។ មួយ​ទៀត​ម្ដាយ​ឪពុក​ទម្រើស​កូន ហើយ​ឥឡូវ​សម្ភារៈ​និយម​ច្រើន វា​ចង់​ទារ​លុយ​ប៉ុន្មាន​ក៏​ឲ្យ កូន​ចេះ​តែ​ទារ​បាន មិន​ដែល​ជួប​ការ​លំបាក វា​ចេះ​តែ​ចាយ​ផ្ដេសផ្ដាស មាន​មិត្ត​ភក្ដិ​ធ្វើ​អាក្រក់។ អ៊ីចឹង​បាន​ថា កូន​អ្នក​មាន​ក៏​ពិបាក កូន​អ្នក​ក្រ​ក៏​ពិបាក ដោយសារ​អី? ដោយសារ​ខ្វះ​ការ​អប់រំ»

ព្រះតេជ​ព្រះគុណ ភួង សុភឿន ដែល​ជា​ប្រធាន​ថេរសភា​ស្រុក​ភ្នំស្រួច​ដែរ​នោះ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ដើម្បី​ជួយ​លើក​ដម្កើង​នូវ​សីលធម៌​ក្នុង​សង្គម​ខ្មែរ​ឲ្យ​បាន​ថ្កុំថ្កើង​ឡើង​វិញ​នោះ ចាំបាច់​គឺ​មនុស្ស​ខ្មែរ​គ្រប់​រូប មិន​សំដៅ​តែ​យុវវ័យ​ទេ ត្រូវ​នាំ​គ្នា​រក្សា​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​សីល​ទាំង​ប្រាំ ពីព្រោះ​សីល​ប្រាំ គឺ​ជា​សីលធម៌​រស់​នៅ​របស់​មនុស្ស​ទូទៅ។

ព្រះតេជ​ព្រះគុណ ភួង សុភឿន មាន​ព្រះ​ថេរដីកា​ដូច្នេះ ៖ «សំដៅ​ដល់​មនុស្ស​ដែល​មាន​គុណធម៌​នៅ​ក្នុង​ខ្លួន ទី​១​មិន​សម្លាប់ មិន​ប៉ះពាល់​ជីវិត​អ្នក​ដទៃ ទី​២​មិន​ទៅ​លួច​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ទី​៣​មិន​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​ព្រហ្មចរិយធម៌ សំដៅ​ដល់​ប្រពន្ធ​កូន​អ្នក​ដទៃ ឬ​ប្រព្រឹត្ត​ខុស​ចំពោះ​កូន​របស់​ខ្លួន​ឯង​អី​ជា​ដើម​ហ្នឹង ជា​រឿង​មួយ​សំខាន់​ណាស់​ក្នុង​សីលធម៌​ទី​៣។ សីលធម៌​ទី​៤ មិន​និយាយ​កុហក​ភូតភរ បោកប្រាស់ ហើយ​ទី​៥​សំដៅ​ដល់​គ្រឿង​សុរា គ្រឿង​ញៀន ឬ​ក៏​ថ្នាំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​បាត់​នូវ​ឧត្ដម​គតិ​ល្អ។ បើ​មនុស្ស​យើង​មាន​ធម៌​ទាំង​៥​នៅ​ក្នុង​ខ្លួន​ហ្នឹង គឺ​ឧត្ដម​តម្លៃ​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន​ទេ»

អ្នក​ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​ទាំង​នៅ​ទីក្រុង​ភ្នំពេញ​និង​តាម​ខេត្ត​នានា បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ការ​ឲ្យ​រក្សា​សីល​ប្រាំ​គឺ​ជា​ការ​អប់រំ​សីលធម៌​មួយ​យ៉ាង​ល្អ​ប្រពៃ ហើយ​ក្នុង​នោះ​បើ​មាន​ការ​ជួយ​ជ្រោមជ្រែង​អប់រំ​បន្ថែម​ទៀត​ពី​សំណាក់​ឪពុក​ម្តាយ​អាណាព្យាបាល គ្រូ​បង្រៀន ព្រះសង្ឃ​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដោយ​មិន​មើល​បំណាំ​គ្នា នោះ​គេ​រំពឹង​ថា យុវវ័យ​ខ្មែរ​នឹង​ទទួល​បាន​នូវ​ការ​អប់រំ​សីលធម៌​ល្អ។ អ្នក​ចាស់​ទុំ​ទាំង​នោះ​បាន​បន្ថែម​ទៀត​ថា បើ​យុវជន​យុវតី​បាន​ធ្វើ​តែ​អំពើ​ល្អ​ហើយ​នោះ គឺ​អាច​ជួយ​ជំរុញ​ឲ្យ​ខ្លួន​គេ​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ ហើយ​និង​ជួយ​កសាង​សង្គម​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​ផង​ដែរ៕