ក្រុមនិស្សិតនៃវិទ្យាស្ថានភាសាបរទេស (IFL) ចំនួនបីនាក់ នឹងទៅប្រកួតពិភាក្សាតស៊ូមតិនៅកោះតៃវ៉ាន់ (Taiwan) នៅចុងខែសីហា ឆ្នាំ២០១១ ខាងមុខ បន្ទាប់ពីពួកគាត់បានទទួលជ័យលាភីលើការប្រកួតពិភាក្សាថ្នាក់ជាតិចំពោះប្រធានបទស្ដីអំពីនៅក្នុងប្រទេសមួយគេត្រូវអភិវឌ្ឍសេដ្ឋកិច្ចជាមុន មុននឹងការពារបរិស្ថាន ដែលរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាលើកដំបូងនៅថ្ងៃអាទិត្យ ទី៧ សីហា។
និស្សិតមួយរូបដែលតំណាងឲ្យក្រុមដែលឈ្នះការប្រកួតនៃវិទ្យាស្ថានភាសាបរទេស លោក វុទ្ធី បញ្ចរង្ស បានមានប្រសាសន៍ថា ក្រុមរបស់លោកបានជំទាស់ទៅក្រុមមួយទៀតដែលជាដៃគូរប្រកួតប្រជែង គឺក្រុមនិស្សិតមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រនោះ ពីព្រោះថា បញ្ហាបរិស្ថានគឺជាកត្តាសំខាន់ ដែលពិភពលោកត្រូវការពារ មិនដូចការលើកឡើងរបស់ក្រុមមួយទៀត ដែលការអភិវឌ្ឍសេដ្ឋកិច្ចជាមុន ជាកត្តាសំខាន់នោះទេ ៖ "នៅសតវត្សទី២១ នេះ មានការបាត់បង់ធនធានធម្មជាតិច្រើនមែនទែន បើគេប្រៀបធៀបទៅ នៅក្នុងពិភពលោកមានការបាត់បង់ព្រៃឈើមានទំហំប៉ុនប្រទេសអៀរឡង់ ក្នុងមួយឆ្នាំ"។
ក្រុមនិស្សិតនីមួយៗ មានគ្នាចំនួនបីនាក់ ដែលទាំងអស់មានចំនួន ៦ក្រុម ដែលមកពីស្ថាប័នខុសៗ គ្នា ពួកគេបានប្រើភាសាអង់គ្លេសក្នុងការបកស្រាយប្រធានបទដែលផ្ដោតលើបញ្ហាបរិស្ថាន បញ្ហាសង្គម និងបញ្ហាអប់រំ នៅចំពោះមុខអ្នកចូលរួមជាង ៥០០នាក់ ដែលមានក្រុមមួយយល់ស្រប និងមានក្រុមមួយទៀតជំទាស់ទៅនឹងប្រធានបទនេះ ដែលពួកគេបានធ្វើការតស៊ូមតិ និងមានអំណះអំណាងរៀងៗ ខ្លួន។
អ្នករៀបចំកម្មវិធីពិភាក្សាប្រកួតតស៊ូមតិនេះ កញ្ញា ដែក ដារី មានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើងមានសារសំខាន់ណាស់សម្រាប់ឲ្យសិស្ស-និស្សិត ទទួលបានចំណេះដឹងផ្សេងៗ ដូចជា ការទទួលខុសត្រូវក្នុងសង្គម ការដោះស្រាយបញ្ហាការគោរព និងការទទួលស្គាល់នូវភាពខុសគ្នា រួមទាំងការជម្នះទៅលើឧបសគ្គនានា។
កញ្ញា ដែក ដារី បញ្ជាក់អំពីគោលបំណងសំខាន់របស់សភាយុវពាណិជ្ជករអន្តរជាតិ ដែលបានរៀបចំកម្មវិធីនេះឡើង គឺដើម្បីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយវប្បធម៌នៃការតស៊ូមតិដល់យុវជននៅប្រទេសកម្ពុជា ពីព្រោះកន្លងមក ការតស៊ូមតិនេះមិនសូវមានភាពទូលំទូលាយនៅក្នុងបរិបថសង្គមកម្ពុជានៅឡើយទេ។
មន្ត្រីទំនាក់ទំនងនៃអង្គការអុកស្វាម (OXam) អាមេរិក លោក ស៊ាង សុលក្ខណ៍ និងជាគណៈកម្មការផ្ដល់ពិន្ទុលើការប្រកួតប្រជែងរបស់ក្រុមយុវជននេះ បានមានប្រសាសន៍ថា ការប្រកួតប្រជែងនេះជាកត្តាធ្វើឲ្យយុវជនកាន់តែខំប្រឹងស្រាវជ្រាវរកចំណេះដឹងបន្ថែមទៀត ពិសេសគឺសេចក្ដីក្លាហានក្នុងការតស៊ូមតិ ៖ "បញ្ហាសំខាន់ៗ នៅពេលប្រទេសជាតិយើងកំពុងប្រឈមសព្វថ្ងៃហ្នឹង ពួកគាត់គួរតែយល់ដឹងឲ្យបានច្រើន ហើយនៅពេលដែលយើងមានការរៀបចំមានការប្រកួតប្រជែងពិភាក្សាហ្នឹង ពួកគាត់គួរតែស្រាវជ្រាវបន្ថែមលើប្រធានបទហ្នឹង"។
អ្នកគ្រប់គ្រងធនធានមនុស្សនៃធនាគារអេអិនហ្ស៊េត រ៉យ៉ល់ (ANZ Royal) ដែលបានចូលរួមឧបត្ថម្ភកម្មវិធីប្រកួតប្រជែងពិភាក្សាតស៊ូមតិនេះ អ្នកស្រី ខាក់ ចិន្តា បានមានប្រសាសន៍ថា ការរៀបចំនេះមានសារសំខាន់ណាស់ ដើម្បីឲ្យយុវជនមានឱកាសក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួន។
សភាយុវពាណិជ្ជករអន្តរជាតិ ហៅថា ជេស៊ីអាយ ខេមបុឌៀ (JCI Cambodia) គឺជាសហគមន៍ទូទាំងពិភពលោកមួយ សម្រាប់យុវជន ដែលមានអាយុពី ១៨ឆ្នាំ ដល់៤០ឆ្នាំ ដែលមានការជឿជាក់ក្នុងការបង្កើត និងជំរុញភាពផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសង្គម ហើយអ្នកទាំងអស់នោះ បានរួមកម្លាំងដើម្បីអភិវឌ្ឍខ្លួនឯង ព្រមទាំងពិភពលោកទាំងមូល។
សភាយុវពាណិជ្ជករអន្តរជាតិ ជាសហគមន៍ដែលទ្រទ្រង់ដោយសមាជិក និងអង្គការមិនរកប្រាក់ចំណេញ ដែលមានសមាជិកជាង ២សែននាក់ នៅ១០០ប្រទេសទូទាំងពិភពលោក៕