ក្រុមយុវជនប្រមាណជាង ៨០នាក់ តំណាងឲ្យក្រុមកុមារថ្នាក់ឃុំចំនួន ១២ឃុំ ក្នុងស្រុកចំនួន២ នៅខេត្តកំពង់ចាម ស្នើសុំទុកជាមុនថា ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិថ្មី ត្រូវតែឲ្យក្រុមយុវជនចូលរួមចំណែកក្នុងការធ្វើផែនការវិនិយោគ ភូមិឃុំមានសុវត្ថិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគេក្នុងសហគមន៍។
បញ្ហាប្រឈមដែលក្រុមយុវជនលើកឡើងនោះ រួមមានបញ្ហាក្រុមក្មេងទំនើងក្នុងសហគមន៍ បញ្ហាអំពើហិង្សាក្នុងគ្រួសារ បញ្ហាគ្រឿងញៀន និងបញ្ហាកេងប្រវ័ញ្ចពលកម្មកុមារ។
ការស្នើសុំនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនមាន យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ នេះ។
អនុប្រធានក្រុមកុមារមិត្តអប់រំមិត្ត មកពីភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ យុវតី ផាត ស្រីម៉ៅ បានឲ្យដឹងថា បញ្ហាដែលក្រុមយុវជន និងមូលដ្ឋានប្រឈមខ្លាំងក្នុងតំបន់នោះ គឺបញ្ហាក្មេងទំនើង អំពើហិង្សា និងបញ្ហាថ្នាំញៀន។
យុវតីដដែលបញ្ជាក់ថា ដោយក្រុមកុមារមិត្តអប់រំមិត្តមិនទាន់មានបទពិសោធន៍ខ្ពស់ក្នុងការ តស៊ូមតិ ដូច្នេះអ្វីដែលជាបញ្ហា និងដំណោះស្រាយរបស់ក្រុមយុវជនដែលលើកឡើងទៅក្រុមប្រឹក្សាឃុំ ត្រូវបានច្រានចោល និងមិនត្រូវបានយកទៅពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែរបស់ ក្រុមប្រឹក្សាឃុំសង្កាត់ឡើយ។
យុវតី ផាត ស្រីម៉ៅ៖ «យើងគ្រាន់តែនិយាយថា ពួកខ្ញុំបានផ្សព្វផ្សាយពីសិទ្ធិកុមារ ពីអំពើហិង្សាក្នុងគ្រួសារដល់ប្រជាពលរដ្ឋក្នុងភូមិ។ តែខ្ញុំមិនបានកត់ថ្ងៃប៉ុន្មាន ខែប៉ុន្មាន ឆ្នាំប៉ុន្មានថ្ងៃប្រជុំ ហើយអ្នកចូលរួមប៉ុន្មាននាក់ចូលរួមប្រជុំ ដូច្នេះយើងអត់ច្បាស់ខ្លួនឯងពេលចូលរួមជាមួយគាត់ គាត់អត់សូវមានជំនឿចិត្ត»។
យុវជនម្នាក់ទៀតឈ្មោះ ម៉ន ម៉យ ក្រុមកុមារមិត្តអប់រំមិត្ត មកពីភូមិត្រពាំងឫស្សី ក៏បានឲ្យដឹងស្រដៀងគ្នានេះដែរ ដោយបញ្ជាក់ថា ក្រុមប្រឹក្សាឃុំសង្កាត់ ហាក់មិនមានជំនឿលើក្រុមយុវជននៅសហគមន៍។ ជាហេតុធ្វើឲ្យបញ្ហាប្រឈមរបស់យុវវ័យ ដូចជាការប្រើអំពើហិង្សា និងការរំលោភសិទ្ធិកុមារនៅតែមិនអាចលុបចោលបានទាំងស្រុក នៅក្នុងសហគមន៍បានឡើយ។
យុវជន ម៉ន ម៉យ បន្តទៀតថា យុវជនដើរតួសំខាន់ក្នុងការលប់បំបាត់បញ្ហាផ្សេងៗដែលយុវជនប្រឈម ហើយក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី គួរផ្ដល់ឱកាសឲ្យយុវជនចូលរួមចំណែកធ្វើវិនិយោគភូមិឃុំដោយផ្ទាល់៖ «ចំពោះក្រុមប្រឹក្សាថ្មីខ្ញុំសូមឲ្យគាត់ នៅពេលដែលខ្ញុំយកបញ្ហាឲ្យគាត់ដោះស្រាយ សូមគាត់យកទៅពិភាក្សាគ្នា និងចុះមកដោះស្រាយ»។
នៅថ្ងៃទី១៥ ខែឧសភា នេះ អង្គការ ភ្លែន (Plan Cambodia) រៀបចំសិក្ខាសាលាមួយបណ្ដុះបណ្ដាលក្រុមយុវជន ស្ដីពីវិធីសាស្ត្រក្នុងការធ្វើការគាំទ្រមិត្តប្រកបដោយប្រសិទ្ធភាព នៅទីរួមខេត្តកំពង់ចាម។ គោលបំណង គឺដើម្បីពង្រឹងសមត្ថភាពពួកគេឲ្យចេះរកបញ្ហាកើតឡើងក្នុងសហគមន៍ វិធីសាស្ត្រដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាព ដើម្បីជំរុញឲ្យក្រុមប្រឹក្សាឃុំសង្កាត់ចាស់ ក៏ដូចជាក្រុមប្រឹក្សាឃុំសង្កាត់ថ្មី បញ្ចូលមតិយោបល់របស់យុវជនទៅក្នុងកម្មវិធីវិនិយោគឃុំសង្កាត់។
លោក នាង សុវ៉ាត មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) ប្រចាំខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការឲ្យយុវជនមានសិទ្ធិក្នុងការចូលរួមអភិវឌ្ឍន៍ឃុំសង្កាត់របស់ ខ្លួន វាជាឱកាសឲ្យយុវជនចូលរួមដោះស្រាយបញ្ហាដែលកើតឡើងក្នុងសង្គម៖ «កន្លងមកយើងគិតថា យុវជន និងកុមាររស់នៅក្នុងគ្រួសារដែលមិនបានគិតពីសង្គម ពីបញ្ហាខ្លួនគាត់ទេ តែឥឡូវនេះគាត់ចាប់ផ្ដើមគិតពីបញ្ហាគាត់ដោយខ្លួនគាត់ អ៊ីចឹងមានតែយុវជនដឹងរឿងយុវជនច្រើនជាងយើងមនុស្សចាស់។ យើងធ្លាប់ជាយុវជនមានតែឆ្លងកាត់ច្រើនមក យើងទម្លាប់របស់យើងពីមនុស្សមក យើងអត់ដែលគិតពីរឿងហ្នឹងទេ យើងទុកឲ្យឪពុកម្ដាយ និងរដ្ឋជាអ្នកគិត»។
លោក នាង សុវ៉ាត បន្ថែមថា រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន មិនគួរឲ្យយុវជនឲ្យនៅឆ្ងាយពីការអភិវឌ្ឍសហវត្សរ៍ និងការអភិវឌ្ឍថ្នាក់ជាតិតាមបែបប្រជាធិបតេយ្យនោះឡើយ ព្រោះមានតែយុវជនទេ ដែលអាចដោះស្រាយបញ្ហាយុវជនដែលកំពុងកើតឡើងនានាបានពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
