យុវជន​ចាប់​អារម្មណ៍​ពី​វិស័យ​ធនធាន​ធម្មជាតិ

ធនធាន​ធម្មជាតិ​ដូចជា រ៉ែ ប្រេង ឧស្ម័ន រ៉ែ​មាស និង​ពេជ្រ ជា​ដើម គឺ​ជា​សម្បត្តិ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​នូវ​ដំណើរការ​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ចំណែក​ធំ។

0:00 / 0:00

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​និស្សិត​កម្ពុជា បាន​អះអាង​ថា នៅ​ពេល​បច្ចុប្បន្ន ការ​ជជែក​ពី​ធនធាន​ធម្មជាតិ ដូចជា រ៉ែ ប្រេង ឧស្ម័ន ជា​ដើម ហាក់​មាន​ភាព​ទូលំទូលាយ​ជាង​មុន ដែល​គេ​ឃើញ​ថា យុវជន​កាន់​ច្រើន​កំពុង​មាន​ការ​ចាប់​អារម្មណ៍។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា វាយ​អ​ឌី​ភី (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា ចំណេះដឹង​ពី​វិស័យ​ធនធាន​ធម្មជាតិ​របស់​សិស្សានុសិស្ស ជា​ពិសេស​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ព្រោះ​ពួកគេ​គ្មាន​ឱកាស​ចូលរួម​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​បញ្ហា​នេះ​ទេ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​មិន​ទាន់​បាន​ទូលំទូលាយ។

ប៉ុន្តែ​លោក​កត់សម្គាល់​ថា នៅ​ពេល​មាន​វេទិកា​យុវជន​ស្ដីពី​បញ្ហា​ធនធាន​ធម្មជាតិ​ដូចជា រ៉ែ ប្រេង ឧស្ម័ន នេះ​ម្ដងៗ មាន​យុវជន​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ថែម​ទាំង​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ចំណូល​ដែល​បាន​មក​ពី​ធនធាន​នេះ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ជៀសវាង​ឲ្យ​បាន​អំពើ​ពុករលួយ ជៀសវាង​បណ្ដាសា​ប្រេង។

លោក ជាង សុខា៖ «យើង​តាំង​ពី​ឆ្នាំ​២០០៧ គឺ​ជា​អង្គការ​ទី​១ ហើយ​ក្នុង​ខ្មែរ ដែល​ចាប់​ផ្ដើម​ជជែក​ហ្នឹង។ ពី​ឆ្នាំ​២០០៧ ឬ​ក៏​មុន​ឆ្នាំ​២០០៧ មក យើង​ស្ទើរ​តែ​មិន​មាន​ព័ត៌មាន​អី​បន្តិច​សោះ​ពី​រឿង​អស់​ហ្នឹង​ណា។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា មាន​ការ​ជជែក​រៀង​ទូលំទូលាយ​ជាង​មុខ​ហើយ​ទាក់ទង​ព័ត៌មាន​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលាយ​ជាង​មុន​ហើយ រដ្ឋាភិបាល​ក៏​បើក​ឱកាស​ច្រើន​ក្នុង​ការ​ជជែក​ពី​រឿង​នេះ។ ថ្វី​ត្បិត​តែ​ពី​ដើម​ឡើយ គឺ​មាន​លក្ខណៈ​រសើប​បន្តិច រឿង​នេះ​យើង​ពិបាក​នឹង​ជជែក​ជា​សាធារណៈ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​លក្ខណៈ​ទូលំទូលាយ​បន្តិច យើង​បាន​ធ្វើ​កម្មវិធី​ដូច​ជា​វេទិកា​ដែល​មាន​មនុស្ស​បួន​រយ ប្រាំ​រយ​នាក់»

ការ​ថ្លែង​ដូច្នេះ នៅ​ក្នុង​វេទិកា​យុវជន ស្ដីពី​ការ​យល់​ដឹង​របស់​យុវជន​ទៅ​កាលានុវត្តនភាព​របស់​កម្ពុជា ក្នុង​ការ​ធានា​ពី​តម្លាភាព​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម ដែល​គេ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ក្រុម​យុវជន​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​បើក​ចំហ​ព័ត៌មាន​ពី​ការ​រុករក​ប្រេង និង​ចំណូល​ប្រេង​ឲ្យ​បាន​ពេញលេញ។

យុវជន ស៊ីនួន និស្សិត​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បាន​ថ្លែង​ថា រូប​គេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ការ​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ចំណូល​បាន​មក​ពី​ប្រេង៖ «ការ​មក​ចូល​រួម​ថ្ងៃ​នេះ​គឺ​ពិត​ជា​ផ្ដល់​ឲ្យ​ប្អូន​យល់​ដឹង​កាន់​តែ​ច្រើន​ដែល​ពី​មុន​មក​ប្អូន​អត់​ធ្លាប់​ដឹង​ថា មាន​រ៉ែ ប្រេង​នៅ​ទី​នោះ​ទេ។ អ៊ីចឹង​ថ្ងៃ​នេះ​ក្រោយ​ពី​បាន​ស្ដាប់​នៅ​មតិ​នាយក​ប្រតិបត្តិ​របស់​អង្គការ​យុវជន គឺ​ប្អូន​យល់​ថា វា​ជា​រឿង​មួយ​ដែល​ល្អ​បំផុត​សម្រាប់​យុវជន​ស្រទាប់​ក្រោយៗ ក៏​ដូច​ជា​យុវជន នៅ​ជំនាន់​ប្អូន​សព្វ​ថ្ងៃ​នេះ»

ចំណែក​និស្សិត​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា កញ្ញា ជន ស៊ីមអៀង មាន​ទស្សនៈ​ថា ការ​យល់​ដឹង​ពី​វិស័យ​ធនធាន​ធម្មជាតិ​គឺ​ចាំបាច់​ដែល​យុវជន​ដែល​ត្រូវ​តែ​ដឹង។ នាង​សង្ឃឹម​ថា នៅ​ពេល​កម្ពុជា ទាញ​យក​ប្រេង​បាន​ដោយ​ខ្លួន​ឯង ប្រេង​ឥន្ធនៈ​នឹង​មាន​តម្លៃ​ទាប​ជាង​ពេល​បច្ចុប្បន្ន។

កញ្ញា ជន ស៊ីមអៀង៖ «ខ្ញុំ​មក​ថ្ងៃ​ហ្នឹង​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ហើយ​ណា​មួយ​បាន​យល់​ដឹង​ពី​បញ្ហា​ប្រេង​នៅ​កម្ពុជា។ ខ្ញុំ​គិត​ថា វា​ជា​កត្តា​សំខាន់ សំខាន់​បំផុត​យុវជន​ដែល​ត្រូវ​តែ​ដឹង​ពី​បញ្ហា​ហ្នឹង។ ខ្ញុំ​អត់​សូវ​បាន​ដឹង​ច្បាស់​ផង​កន្លង​មក ព្រោះ​ថា ដូច​អត់​សូវ​បាន​តាម​ដាន​ព័ត៌មាន​អ៊ីចឹង​ហើយ​ណា​មួយ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​អី​ដូច​អត់​សូវ​មាន​ផ្សាយ​ពី​បញ្ហា​ហ្នឹង​ដែរ។ ប្រេង​វា​ឡើង​ថ្លៃ​ខ្លាំង​ពេក​អ៊ីចឹង​ប្រជាជន​យើង ជាពិសេស​គឺ​សិស្ស​និស្សិត​ដែល​មក​ពី​តំបន់​ខេត្ត​មួយ​ចំនួន​នោះ គេ​អត់​សូវ​មាន​ទឹក​ប្រាក់​គ្រប់គ្រាន់ បើ​សិន​ជា​យើង​រៀន​នៅ​សាលា​ឆ្ងាយ​យើង​ត្រូវ​ការ​យានជំនិះ​ដល់ អ៊ីចឹង​យើង​ត្រូវ​ការ​ចាក់​សាំង។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ប្រទេស​យើង​រក​ប្រេង​បាន​នឹង​មាន​ការ​ចុះ​តម្លៃ»

យ៉ាង​ណា​ក៏​ដោយ​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា នៅ​តែ​អះអាង​ថា ការ​ពង្រឹង​សមត្ថភាព និង​ពង្រីក​ចំណេះ​ដឹង​ដល់​យុវជន​ក្នុង​វិស័យ​នេះ គឺ​ជា​គោលដៅ​សំខាន់​ដែល​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ មាន​ដូច​ជា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​បរិស្ថាន និង​ក្រសួង​អប់រំ គួរ​យក​ចិត្ត​ទុក។

យ៉ាង​នេះ​ក្ដី នៅ​ក្នុង​វេទិកា​យុវជន​នោះ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម លោក ជាម យៀប បាន​ពន្យល់​ទាំង​ពាក្យពេចន៍ និង​បច្ចេកទេស​ទាញ​យក​រ៉ែ ប្រេង​ដល់​ក្រុម​និស្សិត ពី​វិស័យ​ឧស្សាហកម្ម និង​និស្សារណកម្ម ដល់​ក្រុម​យុវជន៖ «ពន្យល់​ពី​ពាក្យ​និស្សារណកម្ម​ជា​ពាក្យ​បាលី ពាក្យ​ថា និស្សារណកម្ម​នេះ សូម​ជម្រាប​ថា ក្មួយ​អាច​យល់​ភាសា​អង់គ្លេស ឧស្សាហកម្ម និស្សារណកម្ម (Extractive industries)។ ឧស្សាហកម្ម​ដែល​យក​បំផុស​ចេញ​អំពី​រ៉ែ​ធម្មជាតិ​ទាំង​អំបាលម៉ាន តាំង​ពី​សំណ​ប៉ាហាំង ស្ពាន ទាំង​ពី​ដែក​តាំង​ពី​ស៊ីម៉ង់ ទាំង​ពី​មាស ទាំង​ពី​ប្រាក់ ទាំង​ពី​នីកែល​ស្អី​ទាំង​អស់ ជា​ពាក្យ​អង់គ្លេស​គឺ​ថា Extractive industriesអ្វី​ដែល​កើត​ចេញ​ពី​សម្បត្តិ​ធម្មជាតិ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ឧស្សាហកម្ម ឬ​បណ្ដា​សមត្ថកិច្ច​ទាំងឡាយ​ដូច​យើង​អាជ្ញាធរ​ប្រេង»

កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឆេវរុន (Chevron) ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ទី​តាំង​ក្នុង​ការ​ទាញ​យក​រ៉ែ​ប្រេង​ពី​ឈូង​សមុទ្ទ​កម្ពុជា​នៅ​ប្លុក​អេ (A) នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ត្រូវ​បូម​យក​ដំណក់​ប្រេង​ដំបូង​នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នៅ​ពេល​វេលា​ម៉ោង​១២។ ប៉ុន្តែ​គម្រោង​ទាញ​យក​រ៉ែ​ប្រេង​នេះ ត្រូវ​បាន​បរាជ័យ ដោយ​ក្រុមហ៊ុន​ទទួល​វិនិយោគ​នោះ បាន​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​២០១៦ ដោយសារ​តែ​កម្ពុជា កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ចំណូល​ប្រេង និង​ឧស្ម័ន​នៅ​ឡើយ។

ការ​ប៉ាន់ស្មាន​របស់​អ្នក​ឯកទេស​ខាង​ប្រេង​ឥន្ធនៈ​អន្តរជាតិ​ថា បើ​សិន​ជា​កម្ពុជា អាច​យក​ដំណក់​ប្រេង​បាន​នៅ​ឆ្នាំ​២០១២​នោះ នៅ​ឆ្នាំ​២០២០ ក្នុង​មួយ​ឆ្នាំ​កម្ពុជា នឹង​ទទួល​បាន​ចំណូល​យ៉ាង​តិច​១​ពាន់​៨​រយ​លាន​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។