ក្រៅពីនោះ ពួកគេខ្លះបានប្រឈមមុខនឹងការលំបាក ឬធ្លាក់ចូលទៅក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ដូចជាការបោះបង់ការសិក្សា ការធ្លាក់ខ្លួនទៅនឹងគ្រឿងញៀន គ្រឿងស្រវឹង និងអបាយមុខផ្សេងៗទៀត។ ដោយសារតែកត្តាទាំងអស់នេះ រដ្ឋាភិបាលបានរៀបចំគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជន ដើម្បីផ្ដល់ឱកាសដល់យុវជនគ្រប់រូប អភិវឌ្ឍសមត្ថភាពរបស់ខ្លួនប្រកបដោយឆន្ទៈ សេចក្ដីព្យាយាម និងមនសិការវិជ្ជាជីវៈ។
តើយុវជនបានទទួលការយល់ដឹងកម្រិតណាចំពោះគោលនយោបាយអភិវឌ្ឍយុវជន?
រដ្ឋាភិបាលបានបង្កើតគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា ហើយតាមរយៈគោលនយោបាយនេះ បានបង្ហាញឲ្យឃើញថា កម្ពុជា បានជំរុញឲ្យមានការយកចិត្តទុកដាក់លើយុវជនដែលជាសសរទ្រូងប្រទេសជាតិ។
គេឃើញជាបឋម គឺផ្ដោតលើការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាពដែលអាចហក់ចូលក្នុងទីផ្សារការងារដោយងាយស្រួល។
រដ្ឋាភិបាលបានអនុម័តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១ មានគោលបំណងអភិវឌ្ឍយុវជនឲ្យមានបុគ្គលិកលក្ខណៈពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិនជីវិត ដើម្បីឲ្យយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ថ្វីត្បិតតែគោលនយោបាយនេះមានតម្លៃចំពោះយុវជនយ៉ាងនេះក្ដី ពួកគេហាក់នៅមានភាពស្រពិចស្រពិលនៅឡើយ និងខ្លះមិនស្គាល់គោលនយោបាយនេះនៅឡើយ។
យុវតីវ័យជិត ២០ឆ្នាំ ពីររូប ដែលកំពុងអង្គុយជជែកគ្នានៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ស៊ី.ជេ.ស៊ី.ស៊ី (CJCC) បានភ្ញាក់ផ្អើលនៅពេលពួកនាងបានឮថាយុវជនមានគោលនយោបាយពីការអភិវឌ្ឍយុវជន៖ «ខ្ញុំអត់សូវច្បាស់ទេបង។ អត់ផង ខ្ញុំគ្រាន់តែដឹងតិចតួចទេ បើសិនរដ្ឋាភិបាលគិតគូរអំពីយុវវ័យ បញ្ហាយុវជន ធ្វើឲ្យយើងមានជំហររឹងពឹងដែរ។ អត់ដែលផងបង។ បើមានគោលនយោបាយយកចិត្តទុកដាក់ដល់យុវជនអ៊ីចឹង វាល្អណាស់ ដល់ពេលអ៊ីចឹងទៅ យើងអាចស្រួលរកការងារធ្វើ។ ព្រោះអីអ្នករៀនចប់ភាគច្រើន ចេញមកអត់មានការងារធ្វើ បើអ្នកនៅជិតផ្ទះខ្ញុំវិញ ខំមករៀនភ្នំពេញទាល់តែចប់ ដល់រៀបចប់ទៅ ចូលធ្វើការ គេត្រូវការឲ្យយើងឲ្យលុយគេខ្លះអ៊ីចឹងណា ដល់ពេលអត់មានលុយ ទៅជួយធ្វើចម្ការម៉ាក់ប៉ានៅខេត្តវិញ»។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីអំពីការចូលរួមរបស់យុវជនក្នុងការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា នៅថ្ងៃទី៥ វិច្ឆិកា ប្រធានសមាគមយុវជនខ្មែរ ខេ.វាយ.អេ (KYA) លោក ម៉ាក ចំរើន មានប្រសាសន៍ថា យុវជនជាគន្លឹះ និងមានតម្លៃបំផុតសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត។ ប៉ុន្តែក្នុងស្ថានភាពប្រទេសកម្ពុជា បច្ចុប្បន្ន យុវជនបានជួបបញ្ហាកង្វះការងារធ្វើ ការចូលរួមក្នុងការងារសង្គម បញ្ហាសុខភាព និងបញ្ហាគ្រឿងញៀនជាដើម។ ទន្ទឹមនឹងគ្នានេះ ពួកគេនៅមានការខ្វះខាតការចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិ ដោយសារពុំមានការផ្សព្វផ្សាយឲ្យទូលំទូលាយពីគោលនយោបាយនេះ។
គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា មានចំនួន ១២ចំណុចសំខាន់ៗ គឺទី១ ការអភិវឌ្ឍក្របខណ្ឌច្បាប់ និងយន្តការ។ ទី២ ការលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាព។ ទី៣ បង្កើនការអប់រំ ការថែទាំ និងការផ្ដល់សេវាសុខភាព។ ទី៤ បណ្ដុះស្មារតីសហគ្រិនភាព និងទីផ្សារការងារ។ ទី៥ លើកកម្ពស់កិច្ចការពារសុវត្ថិភាព សន្តិសុខ និងយុត្តិធម៌។ ទី៦ បង្កើនការចូលរួមរបស់យុវជន។ ទី៧ លើកកម្ពស់ការសម្រាក កម្សាន្ត និងកីឡា។ ទី៨ លើកកម្ពស់សិល្បៈ វប្បធម៌។ ទី៩ លើកកម្ពស់ការយល់ដឹងពីបរិស្ថាន កសិកម្ម ទេសចរណ៍ និងធុរកិច្ច។ ទី១០ បង្កើនការងារស្ម័គ្រចិត្ត។ ទី១១ លើកកម្ពស់សមភាពយេនឌ័រ និងចំណុចចុងក្រោយទី១២ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងស្ដារយុវនីតិសម្បទា។
ប៉ុន្តែយ៉ាងណាក៏ដោយ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនក្រសួងអប់រំ យុវជន និងកីឡា លោក ចឹក លីម បានថ្លែងថា ក្រសួងអប់រំបានផ្សព្វផ្សាយយ៉ាងច្រើនដល់យុវជនអំពីគោលនយោបាយនេះ តាមរយៈកិច្ចប្រជុំ សិក្ខាសាលា និងយុវជនផ្ទាល់ ឲ្យចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិនេះ។ លោកថា យុវជននឹងទទួលបានផលប្រយោជន៍ជាវិជ្ជមានពីគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា។
ប្រទេសកម្ពុជា មានយុវជនចំនួន ៣៣% គឺស្មើនឹងជាង ៤លាននាក់នៃប្រជាជនសរុប ១៤លាននាក់។ នៅក្នុងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា យុវជនគឺគេគិតពីមនុស្សទាំងពីរភេទ មានវ័យពី ១៥ឆ្នាំទៅ ៣០ឆ្នាំ។
យ៉ាងណាក៏ដោយ ប្រធានសមាគមយុវជនខ្មែរ លោក ម៉ាក ចំរើន មានអនុសាសន៍ថា នៅរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជា នឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដែលបញ្ហានេះ គឺចាំបាច់ណាស់ឲ្យយុវជនចាប់ផ្ដើមចូលរួមក្នុងដំណើរការអភិវឌ្ឍខ្លួន និងយល់ដឹងពីគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជន។ លោកបញ្ជាក់ថា ដែលពេលនោះហើយយុវជនកម្ពុជា នឹងមានការប្រកួតប្រជែងគ្នាជាមួយយុវជនក្នុងតំបន់អាស៊ាន។
និស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន មឿន ចន្ទ្រា ដែលបានចូលរួមក្នុងសិក្ខាសាលាយុវជនមានមតិថា ពួកគេមានការខ្វះខាតពុំសូវបានចូលរួមកម្មវិធីដូច្នេះឡើយ។ ប៉ុន្តែក៏ត្រូវទាមទារឲ្យយុវជនខ្លួនឯង ចង់ដឹងចង់ឮពីបញ្ហាទាំងអស់នេះដែរ។
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់វិស័យយុវជននៅកម្ពុជា មួយចំនួន កន្លងមកបានចុះអប់រំផ្សព្វផ្សាយ និងធ្វើការតស៊ូមតិ ទៅរដ្ឋាភិបាលដោយចង់ឲ្យមានគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា នេះ តាំងពីឆ្នាំ១៩៩៦ មក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៤ មិថុនា បានឯកភាពចំពោះសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា នេះ នៅក្នុងសម័យប្រជុំពេញអង្គនាទីស្ដីការគណៈរដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
