សង្គម​ស៊ីវិល​ថា យុវជន​បច្ចុប្បន្ន​ពុំ​ទាន់​យល់​ដឹង​ទូលំទូលាយ​ពី​វិស័យ​រ៉ែ​ប្រេង

ធនធាន​ធម្មជាតិ ដូច​ជា​រ៉ែ ប្រេង ឧស្ម័ន រ៉ែ​មាស និង​ពេជ្រ ជា​ដើម គឺ​ជា​សម្បត្តិ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​នូវ​ដំណើរ​ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស ប៉ុន្តែ បណ្ដា​និស្សិត​កម្ពុជា​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ពួក​គេ​ភាគច្រើន​ពុំ​បាន​ដឹង​ច្បាស់លាស់ និង​ចាប់​អារម្មណ៍​ពី​ព័ត៌មាន​ក្នុង​វិស័យ​នេះ​ឡើយ។

0:00 / 0:00

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​និស្សិត​កម្ពុជា បាន​អះអាង​ថា យុវជន​បច្ចុប្បន្ន​ពុំ​ទទួល​បាន​ចំណេះ​ដឹង​ក្នុង​វិស័យ​ឧស្សាហកម្ម​ធនធាន​រ៉ែ​ធម្មជាតិ ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ ដែល​បញ្ហា​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ក្នុង​វិស័យ​នេះ ព្រោះ​យុវជន​គឺ​ជា​កម្លាំង​ជំរុញ​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំង​មូល។

ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន វាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា មាន​ប្រសាសន៍​ថា ចំណេះ​ដឹង​ពី​វិស័យ​ធនធាន​ធម្មជាតិ​របស់​សិស្សានុសិស្ស ជា​ពិសេស​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ព្រោះ​ពួក​គេ​គ្មាន​ឱកាស​ចូលរួម​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​បញ្ហា​នេះ​ទេ។

លោក​ថា សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​មិន​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ។ មាន​មូលហេតុ​មួយ​ទៀត​នោះ​គឺ ការ​ទាញ​យក​ចំណូល​ពី​វិស័យ​នេះ វា​មាន​លក្ខណៈ​បច្ចេកទេស ហើយ​វិស័យ​នេះ​ទៀត​សោត វា​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​តម្រូវការ​ដោយ​ផ្ទាល់​របស់​យុវជន ដូច្នេះ​ហើយ នាំ​ឲ្យ​យុវជន​ខ្លួន​ឯង​ពុំ​ចាប់​អារម្មណ៍។

លោក ជាង សុខា៖ «និយាយ​ជា​រួម​ទៅ ធនធាន​នេះ​ជា​ធនធាន​រួម​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា មិន​ថា​តែ​យុវជន​ទេ។ អ៊ីចឹង​ហើយ ដាច់​ខាត​ក្នុង​នាម​ជា​ពលរដ្ឋ យើង​ត្រូវ​តែ​ដឹង​អំពី​ការ​វិវឌ្ឍ​នៃ​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​ហ្នឹង ថា​តើ​វិស័យ​នេះ​វា​កំពុង​តែ​វិវឌ្ឍ​ទៅ​ដល់​ណា ហើយ​ធនធាន​ដែល​ប្រមូល​បាន ឬ​ក៏​ទាញ​បាន​ពី​វិស័យ​នេះ នឹង​ប្រើប្រាស់​របៀប​ម៉េច សម្រាប់​ប្រយោជន៍​ជា​រួម ក្នុង​ប្រទេស​កម្ពុជា​យើង។ អ៊ីចឹង ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ រួម​ទាំង​យុវជន​ហ្នឹង ពិត​ជា​មាន​សារសំខាន់​ក្នុង​ការ​ចូលរួម​ធានា​បាន​នូវ​តម្លាភាព និង​គណនេយ្យ​ភាព និង​ការ​បែង​ចែក​ផល​ប្រយោជន៍​រួម​ស្មើៗ​គ្នា​នៅ​ក្នុង​សង្គម​ជា​រឿង​ចាំបាច់»

ថ្វី​ត្បិត​តែ​ធនធាន​ធម្មជាតិ​មាន​សារសំខាន់​យ៉ាង​នេះ​ក្ដី សូម្បី​តែ​ពាក្យពេចន៍​ប្រើប្រាស់​ក្នុង​វិស័យ​នេះ ក៏​ជា​កត្តា​ឧបសគ្គ​ដល់​និស្សិត​ដែរ។ ដូច​ជា​ពាក្យ​ថា ឧស្សាហកម្ម​និស្សារណកម្ម និយាយ​ទៅ​កាន់​និស្សិត​ភាគច្រើន ពួក​គាត់​ហាក់​ដូច​ជា​ពុំ​សូវ​ជា​យល់​អំពី​អត្ថន័យ​នេះ​ទេ ប៉ុន្តែ​បើ​ប្រើ​ពាក្យ​ថា រ៉ែ ប្រេង ឧស្ម័ន រ៉ែ​មាស និង​ពេជ្រ ជា​ដើម​នោះ ពួក​គេ​អាច​យល់​ច្បាស់​ជាង។

និស្សិត ជៀវ សំណាង អាយុ​២១​ឆ្នាំ រៀន​ផ្នែក​គ្រប់គ្រង​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ថ្លែង​ថា រូប​គេ​ពិត​ជា​មិន​បាន​យល់​សូម្បី​តែ​ពាក្យ​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​នេះ។ យុវជន​ដដែល​អះអាង​ថា កន្លង​មក​រូប​គេ​គ្រាន់​តែ​បាន​ដឹង​ថា កម្ពុជា​មាន​គម្រោង​ទាញ​រ៉ែ​ប្រេងកាត​ប៉ុណ្ណោះ។ ប៉ុន្តែ​បច្ចុប្បន្ន​រូប​គេ​បាន​យល់​ដឹង​ច្រើន​ពី​វិស័យ​នេះ តាម​រយៈ​ការ​ស្វែង​យល់​បន្ថែម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ធ្វើ​ការ​ជាមួយ​យុវជន។

និស្សិត ជៀវ សំណាង៖ «ដឹង​ថា​ការ​ទាញ​យក​រ៉ែ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ នេះ។ គ្រាន់​តែ​ដឹង ហើយ​ក៏​អត់​មាន​តាមដាន​អី​ទេ ព្រោះ​អី​យើង​អត់​ដឹង​ថា អា​ហ្នឹង​វា​ជា​ស្អីៗ​ឲ្យ​ស៊ី​ជម្រៅ អត់​ទាន់​ដឹង​វា​ច្បាស់​អ៊ីចឹង​ណា។ ដល់​ពេល​ចូល​អ៊ីចឹង​ហើយ គាត់​បាន​ពន្យល់ គាត់​បាន​ជំរុញ​លើក​ទឹក​ចិត្ត​យើង ឲ្យ​ស្វែង​យល់​ពី​បញ្ហា​ហ្នឹង​ទៅ គឺ​យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ព្រោះ​អី​មាន​ផល​ប៉ះពាល់។ យើង​ដឹង​ពី​ផល​ប៉ះពាល់ ពី​គុណ​សម្បត្តិ អ៊ីចឹង​ហើយ យើង​គិត​វិភាគ​ទៅ​លើ​ការ​ប៉ះពាល់​ហ្នឹង ការ​ទាមទារ​ឲ្យ​មាន​តម្លាភាព ឲ្យ​ការ​គ្រប់គ្រង​ប្រាក់​ចំណូល»

ចំណែក​និស្សិត​ផ្នែក​សង្គម​វិទ្យា ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ កញ្ញា ប៉ូន កញ្ញា អាយុ ២៣​ឆ្នាំ ដែល​កំពុង​ធ្វើ​ការ​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​ឧស្សាហកម្ម​និស្សារណកម្ម រ៉ែ​ប្រេង​កាត ឧស្ម័ន និង​បម្រែបម្រួល​ធម្មជាតិ​ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​ថ្លែង​ថា នាង​មាន​ការ​យល់​ដឹង​ច្រើន​ពី​វិស័យ​នេះ។

កញ្ញា​បន្ត​ថា តា​រយៈ​គម្រោង​នេះ នាង​បាន​ដឹង​ពី​ដំណើរការ​នៃ​ការ​ទាញ​យក​ប្រេង រ៉ែ នៅ​កម្ពុជា នាង​បាន​ដឹង​ពី​គុណ​សម្បត្តិ និង​គុណវិបត្តិ និង​បាន​ឃើញ​ពី​សកម្មភាព​នៃ​ការ​ទាញ​យក​រ៉ែ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន និង​វិជ្ជមាន ហើយ​បាន​សិក្សា​ពី​បទពិសោធន៍​នៅ​ប្រទេស​ដទៃ​ទៀត​ផង។ ជាង​នេះ​ទៅ​ទៀត នាង​ថា​យុវជន​អាច​ចូល​រួម​ឃ្លាំ​មើល​ទាក់ទង​ទៅ​នឹង​ចំណូល ដែល​រដ្ឋាភិបាល​ទទួល​បាន​មក​ពី​ធនធាន​រ៉ែ ដែល​ជា​ធនធាន​កម្រ និង​មិន​អាច​កើត​ឡើង​វិញ។

កញ្ញា ប៉ូន កញ្ញា៖ «យុវជន គាត់​គឺ​ជា​ធនធាន​មួយ​ដ៏​ចាំបាច់ ហើយ​គាត់​មាន​ចំណេះ​ដឹង​ក្នុង​ការ​សង្កេត និង​តាមដាន​នៅ​រាល់​សកម្មភាព​របស់​រដ្ឋាភិបាល ថា​តើ​គាត់​ធ្វើ​ហ្នឹង​វា​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ហើយ​តាម​គោលការណ៍​ដែល​គាត់​បាន​ចេញ​មក ឬ​អត់។ ហើយ​ជា​ពិសេស​ទៅ​ទៀត ដែល​យុវជន​គាត់​ចាំ​ឃ្លាំ​មើល​នូវ​ការ​គ្រប់គ្រង​ប្រព្រឹត្ត​ទៅ​របស់​រដ្ឋាភិបាល វា​អាច​មាន​ជា​តម្លាភាព គណនេយ្យ​ភាព នៅ​ក្នុង​សង្គម​កម្ពុជា​ផង​ដែរ»

យ៉ាង​ណា​ក៏​ដោយ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា នៅ​តែ​អះអាង​ថា ការ​ពង្រឹង​សមត្ថភាព និង​ពង្រីក​ចំណេះ​ដឹង​ដល់​យុវជន​ក្នុង​វិស័យ​នេះ គឺ​ជា​គោលដៅ​សំខាន់​ដែល​ទាមទារ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ មាន​ដូច​ជា ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្រសួង​បរិស្ថាន និង​ក្រសួង​អប់រំ គួរ​យក​ចិត្ត​ទុក។

លោក ជាង សុខា៖ «យើង​មិន​ឃើញ​មាន​ការ​ជជែក​ឲ្យ​បាន​ទូលំទូលាយ គ្រាន់​តែ​មាន​ព័ត៌មាន​ជា​គម្រោង ដែល​ស្ថាប័ន​ពាក់ព័ន្ធ​មាន​គម្រោង​ធ្វើការ​ផ្សព្វផ្សាយ ឬ​ក៏​បណ្ដុះ​បណ្ដាល​កម្មករ​ជំនាញ ឬ​ក៏​យុវជន​ឲ្យ​មាន​ចំណេះ​ដឹង នៅ​ក្នុង​វិស័យ​ហ្នឹង​ណា។ ប៉ុន្តែ​ហាក់​បី​ដូច​ជា​មិន​ទាន់​ឃើញ​មាន​លេច​ឡើង​នូវ​រូបភាព​ណា ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ ហើយ ការ​វិវឌ្ឍ​របស់​វិស័យ​នេះ វា​ចេះ​តែ​ទៅ​មុខ​ទៅ។ អ៊ីចឹង​ហើយ យើង​មិន​សង្ឃឹម​ថា ធនធាន​នៅ​ក្នុង​ស្រុក​របស់​យើង​មិន​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ទាញ​យក​ចំណូល​ពី​វិស័យ​នេះ​ទេ ប្រហែល​ជា​ប្រើប្រាស់​ធនធាន​ដែល​មក​ពី​ក្រៅ​ច្រើន​មែន​ទែន ព្រោះ​នៅ​ក្នុង​ស្រុក​យើង​នេះ កម្រ​មែន​ទែន មាន​តិច។ រដ្ឋាភិបាល​លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា យើង​ខ្សត់​ធនធាន​នៅ​ក្នុង​វិស័យ​ហ្នឹង​ផង​ដែរ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដើម្បី​បំភ្លឺ​ចំពោះ​ការ​ផ្ដល់​វគ្គ​ផ្សព្វផ្សាយ​ព័ត៌មាន វគ្គ​បណ្ដុះ​បណ្ដាល​ពង្រឹង​សមត្ថភាព ឬ​សិក្ខាសាលា​ឲ្យ​យុវជន​បាន​យល់​ពី​វិស័យ​ឧស្សាហកម្ម ធនធាន​ធម្មជាតិ​នេះ​បាន​ទេ។

នៅ​ក្នុង​ព្រឹត្តិបត្រ​សម្ព័ន្ធភាព​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន ធ្លាប់​បាន​ផ្សាយ​ថា សម្រាប់​ប្រទេស​ដែល​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​សម្បូរ​ធនធាន​ប្រេងកាត ដូចជា អាហ្សែរបៃហ្សាន (Azerbaijan) និង​ប្រទេស​ទីម័រ (Timor-Leste) បាន​ចូល​រួម​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម ដើម្បី​លាតត្រដាង​នូវ​ព័ត៌មាន​ទាក់ទិន​ទៅ​នឹង​វិស័យ​នេះ ទៅ​កាន់​ប្រជាពលរដ្ឋ​ទូទៅ។ មួយ​វិញ​ទៀត ពួក​គេ​បាន​បង្កើត​មូលនិធិ​ប្រេង ដើម្បី​សន្សំ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​រុករក​ធនធាន​រ៉ែ សម្រាប់​ប្រទេស​នា​ពេល​អនាគត។

ដោយ​ឡែក​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​សកម្មភាព​ទាំង​នេះ​នៅ​ឡើយ។ ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​អំពី​តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ដាក់​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន។ កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឆេវវ័ររិន (Chevron) ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ទី​តាំង ក្នុង​ការ​ទាញ​យក​រ៉ែ​ប្រេង​ពី​ឈូង​សមុទ្រ​កម្ពុជា នៅ​ប្លុក អេ (A) ដែល​នឹង​ត្រូវ​ចាប់​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។