ប្រធានការិយាល័យបោះឆ្នោត ០០៤០ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី យុវជន ជនជាតិព្នង លោក ង៉ាច់ ឆ្វៀន អាយុ ២១ឆ្នាំ។ លោក ងាច់ ឆ្វៀន មានប្រសាសន៍ថា ការងារបោះឆ្នោតជាការងារសង្គមលើកទីមួយក្នុងឆាកជីវិតរបស់លោក។ លោកបន្តថា មូលហេតុដែលនាំឲ្យលោកចូលធ្វើការងារបោះឆ្នោត មកពីចង់បានបទពិសោធន៍ការងាររដ្ឋបាល ចង់ចេះច្បាប់ និងជាពិសេសចង់ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៖ «ខ្ញុំធ្វើជូនសង្គមប្រជាធិបតេយ្យ ខ្ញុំធ្វើ គឺឯករាជ្យតែម្តង»។
ទន្ទឹមនឹងនេះដែរ យុវជន សេន ណារី អាយុ ២២ឆ្នាំ ប្រាប់ថា ខ្លួនធ្វើការងារបោះឆ្នោតនៅការិយាល័យ ០០៤០ ក្រុងសែនមនោរម្យ ក្នុងមុខដំណែងជាភ្នាក់ងារសណ្ដាប់ធ្នាប់។ លោកបន្តថា ការមកធ្វើការងារបោះឆ្នោតនេះ មិនមែនដោយសារប្រាក់ឧបត្ថម្ភនោះទេ ប៉ុន្តែជាការរៀនសូត្រយកបទពិសោធន៍ ការងាររដ្ឋបាល និងចង់ចូលរួមចំណែកជួយសង្គម៖ «គ្រប់ស្ថាប័នចូលរួមអភិវឌ្ឍភូមិ ឃុំ និងប្រជាធិបតេយ្យឲ្យកាន់តែរីកដុះដាលឡើង»។
យ៉ាងណាក៏ដោយ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តមណ្ឌលគិរី ចាត់ទុកថា ការចូលរួមក្នុងការងារបោះឆ្នោតរបស់យុវជននៅឆ្នាំនេះ នៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការដែលចង់បាននៅឡើយ។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តមណ្ឌលគិរី លោក ទី ឈឿន មានប្រសាសន៍ថា ឆ្នាំនេះការជ្រើសរើសបុគ្គលិកធ្វើការងារនៅថ្នាក់ការិយាល័យបោះឆ្នោតនៅតែខ្វះមនុស្សមកធ្វើ។ លោកបន្តថា នៅទូទាំង ៨១ការិយាល័យ ទូទាំងខេត្ត ខ្វះអ្នកដាក់ពាក្យសុំធ្វើការចំនួន ៥៦នាក់។ លោក ទី ឈឿន បញ្ជាក់ថា មូលហេតុដែលនាំឲ្យខ្វះចំនួនអ្នកដាក់ពាក្យនោះ ដោយសារកម្រៃឧបត្ថម្ភមានចំនួនតិច ហើយមិនសូវសម្បូរធនធានមនុស្ស៖ «យើងអាចយកអ្នកស្ម័គ្រចិត្ត ទៅការិយាល័យដែលខ្វះ ភាគច្រើនសុទ្ធតែខ្វះ មាននៅសែនមនោរម្យ និងពេជ្រាដាទេ»។
យ៉ាងណាក៏ដោយ សង្គមស៊ីវិលដែលធ្វើការងារផ្នែកយុវជន ហៅការចូលរួមរបស់យុវជនក្នុងខេត្តមណ្ឌលគិរី ថា ជាការរួមចំណែកយ៉ាងធំធេងសម្រាប់សង្គម។
ប្រធានសមាគមយុវជនខ្មែរ លោក ម៉ាក ចំរើន មានប្រសាសន៍ថា ការចូលរួមក្នុងការងារបោះឆ្នោតរបស់យុវជននៅខេត្តមណ្ឌលគិរី បង្ហាញឲ្យឃើញថា យុវជនមានសមត្ថភាពនិងឆន្ទៈខ្ពស់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ម៉ាក ចំរើន បញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលមិនទាន់បានគិតគូរពីបញ្ហាយុវជនឲ្យបានខ្លាំងក្លានៅឡើយទេ ដូចនេះយុវជនត្រូវចាប់យកឱកាសការងារដោយខ្លួនឯង៖ «វាមានសារសំខាន់ ការចូលរួមរបស់យុវជន ជំរុញលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ការគោរពសិទ្ធិមនុស្ស និងការផ្តល់ឱកាសស្មើគ្នាក្នុងនាមជាពលរដ្ឋ»។
ទោះជាយ៉ាងនេះក្តី យុវជន ង៉ាច់ ឆ្វៀន ប្រាប់ថា នៅតាមជនបទខេត្តមណ្ឌលគិរី មិនសូវមានយុវជនជនជាតិដើមភាគតិច ធ្វើការបោះឆ្នោតឡើយ ដោយសារពួកគេភាគច្រើនមិនចេះអក្សរ។ លោក ង៉ាច់ ឆ្វៀន សង្ឃឹមថា នៅឆ្នាំក្រោយដល់ការបោះឆ្នោតសភានឹងមានយុវជននៅខេត្តមណ្ឌលគិរី ជាច្រើនទៀតសម្រេចចិត្តចូលធ្វើការងារបោះឆ្នោត។
ការិយាល័យបោះឆ្នោតនៅស្រុកមួយចំនួនក្នុងខេត្តមណ្ឌលគិរី មិនមានផ្លូវលំទៅដល់ឡើយ បុគ្គលិកការិយាល័យបោះឆ្នោតទាំងនោះ ត្រូវជិះដំរី ឬបរទេសគោ ដោយប្រើរយៈពេលបីថ្ងៃពីស្នាក់ការគណៈកម្មការឃុំរៀបចំការបោះឆ្នោត ទើបទៅដល់គោលដៅ។
បុគ្គលិកការិយាល័យបោះឆ្នោតនៅទូទាំងខេត្តមណ្ឌលគិរី មានចំនួន ៤៨៦នាក់។ ដំណើរការប្រកាសជ្រើសរើសបុគ្គលិកការិយាល័យបោះឆ្នោត មានរយៈពេល ៥ថ្ងៃ ពីថ្ងៃទី២០ ដល់២៤ ខែឧសភា។ បុគ្គលិកការិយាល័យបោះឆ្នោតមានតួនាទី ធានាឲ្យការបោះឆ្នោតប្រព្រឹត្តិដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
