ការជ្រើសរើសនោះ បានធ្វើសម្រិតសម្រាំងពីអ្នកត្រួតពិនិត្យចំនួន ៧៥ប្រទេស។ ខាងក្រោមនេះ ជាសេចក្ដីសម្ភាសន៍រវាងលោក ម៉ាយ៉ារិទ្ធិ ជាមួយលោកស្រី នួន ភិមាន ដែលបានជាប់ជម្រើសនោះ។
ម៉ាយ៉ារិទ្ធិ ៖ លោកស្រី នួន ភិមាន ដែលជាប្រធានអង្គការលើកស្ទួយប្រជាពលរដ្ឋ ត្រូវទូរទស្សន៍ស៊ីអិនអិន (CNN) អាមេរិក បានជ្រើសក្នុងចំណោមមនុស្ស ១០នាក់ចុងក្រោយ ជាក្រុមវីរជនដែលមានស្នាដៃឆ្នើមសម្រាប់ឆ្នាំ២០០៨ ហើយនៅវេលាថ្ងៃនេះ វិទ្យុអាស៊ីសេរី មានកិត្តិយសដោយបានការអនុញ្ញាតឲ្យធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនឹងលោកស្រី។ ហើយជាបឋមនេះ ខ្ញុំបាទសូមជម្រាបសួរលោកស្រី នួន ភិមាន ហើយក៏សូមស្វាគមន៍ចំពោះជោគជ័យរបស់លោកស្រី ដែលជាស្រ្ដីខ្មែរលើកដំបូងទទួលកិត្តិយសក្នុងជម្រើសជាវីរជនស៊ីអិនអិន ក្នុងឆ្នាំ២០០៨នេះ។
នួន ភិមាន ៖ ជម្រាបសួរ! ខ្ញុំមានកិត្តិយសខ្លាំងណាស់ ដែលបានខាងវិទ្យុអាស៊ីសេរី បានជួបផ្ទាល់ ហើយសម្ភាសន៍ជាមួយខ្ញុំ។
ម៉ាយ៉ារិទ្ធិ ៖ តើលោកស្រីគិតថា លោកស្រីបានធ្វើអ្វីខ្លះ បានជាមានការលើកស្ទួយចំពោះលោកស្រីយ៉ាងនេះ?
នួន ភិមាន ៖ ពីដំបូងនាងខ្ញុំគឺជាអ្នកធ្វើការធម្មតាដូចអ្នកផ្សេងៗ គឺខ្ញុំបានធ្វើការជាមួយអង្គការធំៗជាច្រើន ជំនាន់អ៊ុនតាក់មក UNDP ហើយនិង ILO ហើយអង្គការមួយចំនួនទៀត ដូចជា ខ្ញុំធ្វើ Consultant ឲ្យខាង ADB ហើយ EU បន្ទាប់មកអ្វីៗដែលខ្ញុំបានដើរសព្វគ្រប់កន្លែងទៅ ខ្ញុំឃើញក្មេងនៅតាមចិញ្ចើមថ្នល់និងក្មេងរើសសំរាមហ្នឹង គឺខ្ញុំមានការខ្លោចចិត្ត អាណិតអាសូរ មិនចង់ឃើញក្មេងដែលគ្នាជាមនុស្សដែរ ដូចថា ឲ្យឃើញដូចកូនដទៃទៀត ព្រោះអី ជាពិសេស ខ្ញុំធ្លាប់ជាក្មេងកំព្រាដែរ ម៉ាក់ខ្ញុំស្លាប់ទៅ ខ្ញុំទើបតែអាយុ ១៥ឆ្នាំ ហើយអ៊ីចឹងខ្ញុំមានការខ្លោចចិត្តអាណិតអាសូរក្មេងអស់នេះ ហើយខ្ញុំចង់ធ្វើអ្វីមួយដល់ក្មេងៗហ្នឹង ដើម្បីឲ្យទៅថ្ងៃអនាគតមានការផ្លាស់ប្ដូរជាងនេះ។
ម៉ាយ៉ារិទ្ធិ ៖ តើលោកស្រីអាចលើកឧទាហរណ៍មួយបញ្ជាក់បានឬទេ ចំពោះករណីជួយស្រ្តី ឬក៏កុមារណាម្នាក់ ហើយក្រោយមកគេបានទទួលវាសនាយ៉ាងម៉េចទៀត?
នួន ភិមាន ៖ មានក្មេងដែលនៅកន្លែងខ្ញុំសព្វថ្ងៃ កូនហ្នឹងបងប្អូនទាំងអស់ ៩នាក់ ហើយម៉ែស្លាប់ចោលដោយជំងឺ ហើយឪពុកឥឡូវដូចគ្មានស្មារតីទេ ហើយក្មេងទាំងអស់ហ្នឹង យើងបានចិញ្ចឹម ជួយឲ្យរៀនសូត្រគឺមិនអស់លុយ សម្ភារៈទាំងអស់ ខោអាវ ម្ហូប ថ្នាំពេទ្យអី គឺក្មេងមិនបាច់ខ្វល់ខ្វាយ ហើយមានសុខភាពល្អ ហើយជាពិសេសក្មេងៗទាំងអស់ហ្នឹង ក្នុងក្រុមគ្រួសារទាំងអស់ ៩នាក់ហ្នឹង ប្រុសតែ ២នាក់ទេ ក្រៅពីហ្នឹងសុទ្ធតែស្រី។ ខ្ញុំគិតថា មួយដែលបងគេ សុមាលី ហ្នឹង បើសិនជាខ្ញុំមិនជួយ រាល់ថ្ងៃគ្នាអាយុចូលជិត ១៦ឆ្នាំហើយ បើខ្ញុំមិនជួយទេ គ្នាថា ជីវិតខ្ញុំនឹងក្លាយទៅជាអ្នកបម្រើ ឬក៏ធ្វើការតាមហាង ធ្វើជាអ្នកបម្រើស្រាបៀរ ឬក៏ក្លាយទៅជា Taxi girl (ស្រីលក់ខ្លួន) ឬក៏ slave (ទាសករ) ព្រោះគ្នាមិនដែលបានរៀនសូត្រសោះ។
ម៉ាយ៉ារិទ្ធិ ៖ លោកស្រីមានបង្កើតមជ្ឈមណ្ឌល ៣ សម្រាប់ជួយផ្ដល់សំណាក់ និងហ្វឹកហ្វឺន តើក្មេងទាំង៩នាក់ហ្នឹង កំពុងតែស្ថិតនៅក្នុងមជ្ឈមណ្ឌលទាំង៣នោះ ឬក៏យ៉ាងម៉េចដែរ?
នួន ភិមាន ៖ ក្មេងដែលខ្ញុំកំពុងនិយាយហ្នឹង គឺនៅកន្លែងមណ្ឌល នៅកន្លែងគំនរសំរាមតែម្ដង នៅស្ទឹងមានជ័យ។
ម៉ាយ៉ារិទ្ធិ ៖ លោកស្រីអាចមានប្រសាសន៍បន្ថែមទៀតដែរឬទេ ចំពោះគម្រោងទាក់ទងទៅនឹងរឿងការជួយទៅដល់កុមារៗនោះ ឃើញថា នៅប្រទេសកម្ពុជា កុមាររើសសំរាមគួរឲ្យអាណិតអាសូរណាស់ តើលោកស្រីមានកម្មវិធីណាមួយសំខាន់ដែរឬទេ ក្នុងការជួយកុមារទាំងនោះឲ្យមានអនាគតនោះ?
នួន ភិមាន ៖ អ្វីដែលខ្ញុំមើលឃើញគឺថា សព្វថ្ងៃនេះ ក្មេងជាច្រើន ក្មេងទាំងអស់នេះ ម្ដាយឪពុកគ្នាអត់មានតម្រេះវិជ្ជាក្នុងខ្លួន ហើយមិនបានរៀនសូត្រទៀត រឿងក្រម្យ៉ាង ហើយគ្មានលុយឲ្យកូនទៅរៀនក៏ម្យ៉ាង ហើយណាមួយ គឺអ្នកទាំងអស់ហ្នឹងមិនបានគិតឃើញអនាគតថា ការសិក្សារៀនសូត្រ ចំណេះវិជ្ជាហ្នឹង គឺជាគន្លឹះសម្រាប់ជោគជ័យទៅថ្ងៃអនាគតទេ ហើយគេក៏មិនបានគិតអ្វីដែលថា ការរៀនសូត្រហ្នឹងវាមានសារសំខាន់របស់គេដែរ។ ព្រោះអីទី១ ខ្ញុំក៏មិនអាចបន្ទោសថា ជាហេតុអ្វី១ ដល់តែខ្ញុំឃើញផ្ទាល់ គ្នាមិនទាំងមានបាយហូបផង ខ្លះបានព្រឹក ខ្វះល្ងាច អ៊ីចឹងយើងមើលទៅឃើញថា មិនអាចតស៊ូបានក្នុងការទៅរៀនសូត្រ ព្រោះត្រូវទិញសៀវភៅ ទិញសម្ភារៈទាំងអស់ មិនថា ឡើយបង់សាលា ឬក៏រៀនគួរទេ ព្រោះអ្វីដែលខ្ញុំបានមើលឃើញ គឺដូចរាល់ថ្ងៃដែលខ្ញុំជួយហ្នឹង គឺរៀនអីដោយមិនយកប្រាក់ទាំងអស់ ផ្ដល់ឲ្យសព្វបែបយ៉ាង មិនថាឡើយបាយហូប សម្ភារៈ ខោអាវអី គឺខ្ញុំផ្ដល់ឲ្យ ឲ្យតែថា មានខ្លួនមករៀន។
ម៉ាយ៉ារិទ្ធិ ៖ នៅមុនការបន្តសំណួរទៅកាន់លោកស្រី នួន ភិមាន ខ្ញុំសូមជម្រាបថា នៅថ្ងៃទី២៧ វិច្ឆិកា វីរជនទាំង១០ នឹងត្រូវគេអញ្ជើញទៅចូលរួមជាកិត្តិយសនៅក្នុងពិធីមួយដែលស៊ីអិនអិន គេរៀបចំ គឺនៅក្នុងសាលមហោស្រពមួយនៅឯហូលីវូដ។
ក្នុងចំណោមវីរជនទាំង ១០ គេនឹងរើសមនុស្សម្នាក់ជាជ័យលាភី ហើយការរើសនោះ គឺត្រូវពឹងផ្អែកទៅលើការបោះឆ្នោត ចាប់ពីពេលនេះទៅ។
បើលោកអ្នកនាងចង់បោះឆ្នោតឲ្យលោកស្រី នួន ភិមាន ជាវីរជនដ៏ឆ្នើមក្នុងចំណោមវីរជនទាំង១០ សូមអញ្ជើញលោកអ្នកនាងចូលទៅក្នុងវ៉ឹបសៃថ៍របស់ស៊ីអិនអិន គឺ cnn.com/hero ហើយលោកអ្នកនាងនឹងចុចនៅចំគេសរសេរថា Vote 2008 ហើយក្រោយមក លោកអ្នកនាងនឹងបានឃើញរូបថតវីរជនទាំង១០ ហើយរូបថតទាំង១០ហ្នឹង គឺមានឈ្មោះលោកស្រី នួន ភិមាន នៅជាមួយនឹងឈ្មោះទាំងនោះហើយ ហើយលោកអ្នកនាងគ្រាន់តែ Click រូបលោកស្រី នួន ភិមាន ទៅ លោកអ្នកនាងនឹងបានឃើញអក្សរថា Vote Now លោកអ្នកនាង click ត្រង់ចំណុច Vote Now ហើយលោកអ្នកនាងគ្រាន់តែ click តាមការណែនាំនៅក្នុងវ៉ឹបសៃថ៍នោះម្ដងទៀត គឺមានន័យថា លោកអ្នកនាងនឹងបានបោះឆ្នោតឲ្យលោកស្រី ភិមាន នោះហើយ។
ខ្ញុំបាទសូមជម្រាបថា អ្នកដែលឈ្នះដាច់គេ នឹងបានទទួលប្រាក់រង្វាន់បន្ថែមចំនួន ១០ម៉ឺនដុល្លារអាមេរិកថែមទៀត ពីលើប្រាក់ដែលគេឧបត្ថម្ភឲ្យ២៥.០០០ដុល្លារអាមេរិកសម្រាប់វីរជននីមួយៗ ដែលគេបានរើសរួចទៅហើយនោះ។
លោកស្រី នួន ភិមាន បើសិនជាលោកស្រីឈ្នះ តើលោកស្រីនឹងយកប្រាក់ឧបត្ថម្ភនោះ ទៅធ្វើអ្វីទៅ?
នួន ភិមាន ៖ គម្រោងរបស់ខ្ញុំគឺមានច្រើន ហើយជាពិសេស គម្រោងដែលធំសម្រាប់ឆ្នាំក្រោយហ្នឹង គឺខ្ញុំសង់មណ្ឌលក្មេងកំព្រា ក្នុងគម្រោងរបស់ខ្ញុំមានតម្លៃដល់ទៅ ៣០ម៉ឺនដុល្លារ។ រាល់ថ្ងៃនេះ ខ្ញុំទាក់ទងគ្រប់កន្លែងក្នុងការរៃលុយ តែដោយសារអង្គការខ្ញុំតូច ហើយអត់មានCharity នៅក្រៅប្រទេស ខ្ញុំបានទៅទាក់ទងត្រឹមសមាគមខ្មែរ ដូចខ្ញុំច្រើនទៅ អូស្រ្តាលី ហើយនិង កាណាដា និងខាងអាមេរិកហ្នឹង ខ្ញុំក៏បានទាក់ទងទៅសមាគមខ្មែរ នៅឈីកាហ្គោ នៅ អិលអេ នៅឡងប៊ិចដែរ។ បើមានឱកាសក្នុងការឈ្នះរង្វាន់ចុងក្រោយចំនួន១០ម៉ឺននេះ គឺខ្ញុំនឹងមានសង្ឃឹមច្រើន ក្នុងការចាប់ផ្ដើមសាងសង់មណ្ឌលក្មេងកំព្រានេះ នៅឆ្នាំក្រោយ៕