លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរស-២១ បានបដិសេធថា បទវិន័យសម្រាប់ណែនាំអ្នកទោសនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបច្ចុប្បន្ន មិនមែនជាបទវិន័យរបស់មន្ទីរស-២១ទេ គឺជាបទវិន័យដែលប្រឌិតឡើងដោយវៀតណាម។
ភ្ញៀវចូលទស្សនាឈរមើលឧបករណ៍ធ្វើទារុណកម្មរបស់ខ្មែរក្រហមដែលដាក់តាំងនៅឯសារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង ក្នុងទីក្រុងភ្នំពេញ។ រូបថតកាលពីឆ្នាំ២០០៧។
ការបដិសេធនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួររបស់ចៅក្រមជំនុំជម្រះនៅក្នុងសវនាការថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៩ នៅពេលចៅក្រមអង្គជំនុំជម្រះសាលាដំបូងសួរថា តើមន្ទីរស-២១ មានបទវិន័យសម្រាប់ណែនាំអ្នកទោសឬទេ មុនយកទៅសួរចម្លើយនោះ?
ជនជាប់ចោទ ឌុច ឆ្លើយដូច្នេះ ៖ «វិន័យសន្តិបាលនេះ មិនមែនជារបស់ស-២១ទេ ខ្ញុំឃើញហើយកាលថ្ងៃទៅតទល់គ្នា។ គឺជាការប្រឌិតរបស់យួនកាលគេចូលមកនោះ មាន ១០«ខ»។ ដែលខ្ញុំបានបដិសេធហើយ សម័យដែលតទល់គ្នា»។
កាលពីក្នុងសវនាការសប្តាហ៍មុន ជនជាប់ចោទ ឌុច ជម្រាបអង្គជំនុំជម្រះថា អគារ"ក"នោះ ត្រូវគាត់ប្រើជាកន្លែងសួរចម្លើយ។
សេចក្ដីដកស្រង់បទវិន័យសន្តិបាលទាំងនោះខ្លះ មានដូចជា វាយ ឬឆក់ខ្សែភ្លើងមិនឱ្យស្រែកដាច់ខាត, មិនឲ្យធ្វើអ្វីទាំងអស់ គឺអង្គុយស្ងៀមរង់ចាំបញ្ជាអញ អត់បញ្ជាកុំធ្វើ, សួរអីឆ្លើយហ្នឹង មិនបង្វែងសំណួររបស់អញ, កុំយកលេសកម្ពុជាក្រោមបាំងមុខមាត់ក្បត់បដិវត្តន៍របស់អាឯងឲ្យសោះ និងប្រឆាំងវិន័យមួយចំណុចត្រូវរង១០ រំពាត់ ឬខ្សែភ្លើងឆក់ ៥ឆាច់ ជាដើម។
បញ្ជាក់នឹងបទវិន័យខាងលើ ត្រូវបានអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរក្រហមមួយចំនួន អះអាងថា ពិតជាមានបទវិន័យនេះនៅមន្ទីរស-២១។
លោក ជ័យ សុភារ៉ា ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មានប្រសាសន៍បញ្ជាក់ដូច្នេះ ៖ «ចូលមក ខ្ញុំឃើញអ៊ីចឹង។ ឃើញគេសរសេរលើក្តារខៀនជាដីស។ យើងក៏ថតទុកទៅ ហើយចម្លងឡើងវិញ។ មិនមែនវៀតណាមឯណាប្រឌិតទេ»។
ចំពោះប្រព័ន្ធការងារសំខាន់នៅក្នុងមន្ទីរស-២១ ឌុច បានជម្រាបជូនអង្គជំនុំជម្រះថា មានពីរផ្នែក គឺការងារសន្តិបាល ដែលគាត់ទទួលខុសត្រូវ និងការងារយោធា មិត្ត ហ៊ អនុប្រធានរបស់គាត់ជាអ្នកទទួលខុសត្រូវ។
ឌុច និយាយថា ចាប់តាំងពីគាត់ឡើងធ្វើប្រធានមន្ទីរស-២១ គាត់ធ្វើការជាប់តែនឹងការអានឯកសារសួរចម្លើយ ហើយការអានឯកសារសួរចម្លើយនោះហើយ ជាឧក្រិដ្ឋកម្មដែលគាត់បានធ្វើ ពីព្រោះគាត់បង្កើតឯកសារឈានទៅប៉ះមនុស្សដទៃទៀតដែលនៅមានសេរីភាពនៅឡើយ៕
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.