បទ​វិភាគ៖ ហេតុ​អ្វី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ពី​សង្គ្រាម​ដដែលៗ?

ដោយ ទីន ហ្សាការីយ៉ា
2017-06-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ខួប​ទី​១០ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

ប្រទេស​កម្ពុជា បាន​ឆ្លង​កាត់​សង្គ្រាម​ជាច្រើន​សម័យកាល រួម​ទាំង​សង្គ្រាម​ស៊ីវិល​ផង។ ពាក្យ​ថា "សង្គ្រាម" ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ​ខ្លាចរអា និង​មិន​ចង់​ឲ្យ​សង្គ្រាម​វិល​ត្រឡប់​មក​វិញ​ឡើយ។ ក៏ប៉ុន្តែ​ពាក្យ​ថា "សង្គ្រាម" នេះ បែរ​ជា​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច​តែងតែ​ថ្លែង​នៅ​ក្នុង​វេទិកា​សាធារណៈ​រំឭក​អំពី​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​វិញ។

តើ​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង តែងតែ​ថ្លែង​អំពី​សង្គ្រាម​នៅ​មុន​ពេល​បោះឆ្នោត​ដូច្នេះ​ទៅ​វិញ?

ពាក្យ​ថា "សង្គ្រាម" ជា​សារ​នយោបាយ​មួយ​កំពុង​តែ​ពេញ​និយម​សម្រាប់​គណបក្ស​កាន់​អំណាច​យក​មក​ប្រើប្រាស់ ពិសេស​គឺ​ថ្លែង​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ប្រទេស​កម្ពុជា នឹង​មាន​សង្គ្រាម ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​អំពី​សង្គ្រាម​នឹង​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត បើ​សិន​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត។ ក្រៅ​ពី​ពាក្យ "សង្គ្រាម" ក៏​នៅ​មាន​ពាក្យ "បដិវត្តន៍​ពណ៌" ជា​រឿង​ដ៏​រសើប​មួយ​នា​ពេល​បច្ចុប្បន្ន​ដែរ ដែល​មន្ត្រី​រដ្ឋាភិបាល​តែងតែ​លើក​ពី​ការ​ទប់ស្កាត់ បង្ក្រាប និង​ធ្លាប់​ចាប់​អ្នក​ដែល​អំពាវនាវ​ធ្វើ​បដិវត្តន៍​ដាក់​គុក​ថែម​ទៀត។

ជា​ការពិត​ទៅ ប្រហែល​ជា​ប្រជាពលរដ្ឋ​នៅ​មាន​ការ​តក់ស្លុត ឬ​ភ័យ​ខ្លាច​អំពី​សង្គ្រាម​នេះ ក៏ប៉ុន្តែ​នៅ​សម័យ​សតវត្ស​ទី​២១ នេះ អ្វីៗ​ខុស​ពី ៤០​ឆ្នាំ​មុន ពីព្រោះ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​អួតអាង​អំពី​សមិទ្ធផល​ដែល​លោក​ខំ​កសាង​ឡើង ពិសេស​ទៅ​ទៀត ក្រុម​ឧកញ៉ា កូន​ចៅ​សែស្រឡាយ​របស់​លោក បាន​កសាង​អគារ​ពាណិជ្ជកម្ម​ធំៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្លឹប​កម្សាន្ត និង​ក្រុមហ៊ុន​អាជីវកម្ម​នានា​រាប់​មិន​អស់ និង​ផ្សេងៗ​ទៀត។ បញ្ហា​ទាំងអស់​នេះ តើ​រដ្ឋាភិបាល​ពិត​ជា​ចង់​ឲ្យ​មាន​សង្គ្រាម ឬ​មិន​ភ័យ​ខ្លាច​អំពី​សង្គ្រាម?

ម្យ៉ាង​វិញ​ទៀត បញ្ហា​សង្គម​កើត​មាន​ជា​ហូរហែ រដ្ឋបាល​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ពិសេស​ទៅ​ទៀត​នោះ ប្រជាពលរដ្ឋ​ជាច្រើន​ខក​ចិត្ត​នឹង​រដ្ឋាភិបាល​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដាំ​ដើម​កៅស៊ូ ការ​រាវ​រុករក​រ៉ែ ការ​កាប់​បំផ្លាញ​ព្រៃឈើ ប្រព័ន្ធ​តុលាការ​មិន​មែន​ជា​កន្លែង​កាត់​សេចក្ដី​ឈរ​លើ​គោលការណ៍​ឯករាជ្យ ឥត​លម្អៀង និង​ផ្សេងៗ​ទៀត។

ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រង​ទុក្ខ​ទឹកភ្នែក​ដោយសារ​តែ​ការ​អភិវឌ្ឍ​នេះ។ ប្រព័ន្ធ​ដោះស្រាយ​ទំនាស់​មិន​សូវ​មាន​ប្រសិទ្ធភាព ពិសេស​តុលាការ​ដែល​គេ​រក​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ និង​មិន​មែន​ជា​ទី​ផ្ដល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ ចលនា​ងើប​តវ៉ា​ប្រឆាំង​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​រដ្ឋាភិបាល​ងើប​ឡើង​ផុសផុល ពិសេស​នៅ​ឆ្នាំ​២០១៣ ដែល​ជា​ឆ្នាំ​បោះឆ្នោត​អាណត្តិ​ទី​៥។ ការ​តវ៉ា​ធ្វើ​បាតុកម្ម បាន​រីក​រាលដាល​ដល់​កម្មករ​រោងចក្រ រហូត​ដល់​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្មករ​ប្រើ​ដុំ​ថ្ម តតាំង​នឹង​សមត្ថកិច្ច​ប្រើ​អាវុធ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​រង​របួស​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ឆ្នាំ​២០១៤។

បញ្ហា​អយុត្តិធម៌​សង្គម​ជាច្រើន​បាន​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គួបផ្សំ​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ពិសេស​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក (facebook) បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ និង​ទីក្រុង​មួយ​ចំនួន បាន​ទទួល​ព័ត៌មាន និង​យល់​ដឹង​ពី​បញ្ហា​សង្គម​បាន​ច្រើន។ ឆ្នាំ​២០១៣ ជា​ឆ្នាំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាស់វែង​នូវ​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​គណបក្ស​នេះ​បាន​បាត់​សំឡេង​គាំទ្រ​ជាង ២០​អាសនៈ ដែល​នឹក​ស្មាន​មិន​ដល់។ ក្រៅ​ពី​នេះ​ទៀត ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ និង​ក្រុម​ប្រឆាំង​លទ្ធផល​បោះឆ្នោត បាន​កើត​ឡើង​ស្រប​ពេល​គ្នា។

ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ៨៥៥ ២០១៦
សហគមន៍​រងគ្រោះ​ក្នុង​រឿង​ដីធ្លី​តំបន់​បឹងកក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth RFA/Cheu Sideth

កម្លាំង​បក្ស​ប្រឆាំង បាន​បញ្ចេញ​សាច់ដុំ​នៅ​ពេល​ជាប់​គាំង​នយោបាយ​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ជា​កត្តា​វាស់វែង​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ទប់ស្កាត់​គ្រប់​ច្រកល្ហក មិន​ថា​ក្រុម​រងគ្រោះ​ដីធ្លី ឬ​ក្រុម​បក្ស​ប្រឆាំង​នោះ​ឡើយ រដ្ឋាភិបាល​ត្រូវ​តែ​ទប់ស្កាត់​ជា​មុន ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

ក្រៅ​ពី​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថែម​ទាំង​ចោទ​ប្រកាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​អ្នក​ធ្វើ​បដិវត្តន៍​ពណ៌​ថែម​ទៀត​ផង។

ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់ និង​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​មួយ​ចំនួន​ក្ដី ដូចជា​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ក្រសួង​អប់រំ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម ប៉ុន្តែ​កំណែ​ទម្រង់​នេះ​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយ​ហេតុ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​រំលោភ​ដីធ្លី​នៅ​តែ​កើត​មាន។ ជាង​នេះ​ទៅ​ទៀត អំពើ​យុត្តិធម៌​សង្គម​នៅ​តែ​ជា​បញ្ហា​ចម្បង​ដែល​ពលរដ្ឋ​ស្ទើរ​តែ​រាល់​ថ្ងៃ ខែ ឡើង​មក​សុំ​អន្តរាគមន៍​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ទាមទារ​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី។ល។

អ្នក​ខ្លះ​ទៀត​នាំ​គ្នា​លើក​បដា​ស្រែក​ទាមទារ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​មាន ដោយសារ​តែ​រដ្ឋាភិបាល​មាន​វិធានការ​ខ្លាំងក្លា​ចាប់​មនុស្ស​ដាក់​គុក​មិន​រើស​មុខ មាន​សកម្មជន​ដីធ្លី សកម្មជន​បក្ស​ប្រឆាំង សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ជាដើម ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។ របាយការណ៍​កម្រាស់ ៤០​ទំព័រ​មាន​ចំណង​ជើង​ថា "តុលាការ​នៃ​ភាព​អយុត្តិធម៌" ការ​បង្ក្រាប ភាព​សកម្ម​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​ប្រទេស​កម្ពុជា អង្គការ​លើកលែង​ទោស​អន្តរជាតិ រៀបរាប់​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស សមាគម​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ព្រម​ទាំង​ការ​ប្រើប្រាស់​តុលាការ​កាត់​ទោស​តំណាង​សហជីព ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ក្បែរ​បញ្ជាការដ្ឋាន​ទ័ព​អាកាស​ឆត្រ​យោង​៩១១ ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាល​ពី​ដើម​ឆ្នាំ​២០១៤។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​រក​ឃើញ​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក មាន​មន្ត្រី សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ២៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ខណៈ​អ្នក​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អង្គការ​លើកលែង​ទោស​អន្តរជាតិ លើក​ឡើង​ថា អ្នក​ទាំងអស់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដោយសារ​តែ​និន្នាការ​នយោបាយ និង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។ អង្គការ​នេះ​ក៏​រក​ឃើញ​ដែរ​ថា សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងអស់​នេះ ជាពិសេស​សេរីភាព​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ជាដើម ក៏​ត្រូវ​បាន​គេ​រំលោភ​បំពាន។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ប្រហែល​ជា​ភ័យ​ខ្លាច​ស្រមោល​ខ្លួន​ឯង​ទៅ​វិញ​ទេ ពីព្រោះ​ថា​រដ្ឋាភិបាល​មើល​ឃើញ​គំរូ​ពី​ប្រវត្តិសាស្ត្រ ដែល​រដ្ឋាភិបាល​មើល​ឃើញ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ អំណាច​ឃោរឃៅ និង​ការ​កាប់​សម្លាប់​ឥត​ត្រាប្រណី​របស់​អង្គការ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ភ័យ​ខ្លាច និង​តក់ស្លុត​គ្រប់ៗ​គ្នា។ ក៏ប៉ុន្តែ​របប​ផ្ដាច់ការ​នេះ​គ្មាន​នរណា​នឹក​ស្មាន​ដល់​អំពី​ការ​ដួល​រលំ​មក​ដល់ ដូច​សុភាសិត​ខ្មែរ​បាន​ពោល​ថា "ទីណា​មាន​ការ​ជិះជាន់ ទីនោះ​មាន​ការ​តស៊ូ​រើ​បម្រះ"។ សុភាសិត​នេះ​បាន​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ឲ្យ​រើ​បម្រះ​ពី​ការ​សម្លាប់​រង្គាល និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ជា​សរុប​សេចក្ដី​ទៅ ដោយសារ​តែ​កត្តា​ទាំងអស់​នេះ​ហើយ​ដែល​ប្រហែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្លាច​ស្រមោល​ខ្លួន​ឯង និង​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សង្គ្រាម។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ឡើង​វិញ​អំពី​ទំនាស់​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ទាំង​ពីរ​បង្កើត​សង្វៀន​ប្រយុទ្ធ​គ្នា​កណ្ដាល​ទីក្រុង​កាល​ពី​ឆ្នាំ​១៩៩៧។ លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារ​តែ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ចង់​បង្ក​សង្គ្រាម ទើប​ធ្វើ​ឲ្យ​គណបក្ស​របស់​ព្រះអង្គ​រលាយ​ដល់​សព្វថ្ងៃ​នេះ៖ «នៅ​កំដរ​បាន​អត់​អី​ទេ ហើយ​កូន ហ៊ុន សែន ទាំងអស់​សុទ្ធតែ​ជា​ទាហាន ហើយ​ក៏​ជា​ទាហាន​ដែល​ចេញ​ពី វេស្តផញ់ (West Point) ទៅ​ទៀត។ សុំ​កុំ​ជ្រួលជ្រើម​នឹង​សង្គ្រាម! កំដរ​បាន។ សម្ដេច​ក្រុម​ព្រះ​រាងចាល​ហើយ។ ខ្ញុំ​បាន​ប្រាប់ ខេនណិត ខ្វីន (Kenneth Quin) ថា បើ​ចង់​សាកល្បង​កម្លាំង​យោធា សូម​កុំ។ ព្រះករុណា​បិតា ព្រះអង្គ​ក៏​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ថា សម្ដេច​ក្រុម​ព្រះ​បាន​ទៅ​ទូល​ព្រះអង្គ​ថា ប៉ា​ប៉ា! កម្លាំង​ទូល​បង្គំ​ខ្លាំង​ជាង​កម្លាំង​របស់ ហ៊ុន សែន មាន​អា​កណ្ដុរ​ចេញ​ពី​រូង មាន​ចង្រិត​ចេញ​ពី​រន្ធ។ ក៏ប៉ុន្តែ​សង្គ្រាម​ត្រឹម​តែ​ប៉ុន្មាន​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ ហ៊្វុនស៊ិនប៉ិច ខ្ទេច​ដល់​ថ្ងៃ​នេះ។ សូម​កុំ​សាកល្បង​កម្លាំង​ឲ្យ​សោះ»

បញ្ជា​ការដ្ឋាន​កង​អង្គរក្ស ២០១៦ ៨៥៥
ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Leng Maly RFA/Leng Maly

សម្រាប់​បរិបទ​សព្វថ្ងៃ​នេះ​វិញ បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត ពិត​ជា​មាន​សង្គ្រាម​ដូច​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ដែរ​ឬ​ទេ? ជា​ការពិត​ណាស់ ពាក្យ​សង្គ្រាម​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ឆ្អែតឆ្អន់​មិន​ចង់​ឲ្យ​សង្គ្រាម​វិល​ត្រឡប់​មក​វិញ​ទេ ពិសេស​ទៅ​ទៀត​នោះ ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា មាន​កង​កម្លាំង​រាប់​មិន​អស់​ក្ដី ប៉ុន្តែ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ​ប្រយុទ្ធ ឬ​ធ្វើ​សង្គ្រាម​ជាមួយ​អ្នក​ណា? ធ្វើ​សង្គ្រាម​ជាមួយ​បក្ស​ប្រឆាំង​ដែល​គ្មាន​អាវុធ ឬ​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​សាច់ញាតិ​បង​ប្អូន​ខ្លួន​ឯង?

បញ្ហា​ទាំងនេះ​មិន​អាច​ទៅ​រួច​នោះ​ទេ។ អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ពី​សង្គ្រាម​នេះ ទំនង​ជា​រដ្ឋបាល​របស់​លោក​ខ្លាច​បាត់បង់​អំណាច​ជ្រុល​ពេក​ក៏​ថា​បាន ព្រោះ​ថា​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ជិត ៤០​ឆ្នាំ​មក​នេះ មាន​បញ្ហា​ជាច្រើន​កើត​មាន​ឡើង ដែល​ករណី​ខ្លះ រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន ហើយ​ក៏​កើត​ជំងឺ​មិន​ទុក​ចិត្ត​អ្នក​ដទៃ ហើយ​ការ​ប្រកាស​ពី​សង្គ្រាម​នេះ អាច​ថា​គណបក្ស​កាន់​អំណាច​បន្លាច​ប្រជាពលរដ្ឋ​មិន​ឲ្យ​បោះឆ្នោត​ជូន​បក្ស​ផ្សេង​ក៏​ថា​បាន។

ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​ពលរដ្ឋ កម្មករ និង​សហគមន៍​ផ្សេងៗ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​តាម​បណ្ដា​ខែត្រ​ផ្សេងៗ​នោះ មិន​មែន​ជា​រូបភាព​ចង់​បង្ក​សង្គ្រាម ឬ​បដិវត្តន៍​ពណ៌​អ្វី​ទេ គ្រាន់​តែ​ទាមទារ​យុត្តិធម៌​សង្គម ដើម្បី​ក្រពះ​តែ​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ទៀត​ប្រមូល​ផ្ដុំ​គ្នា​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ពី​ការ​រំលោភ​បំពាន​ពី​ថៅកែ និង​ការ​រំលោភ​បំពាន​ពី​ការ​រំលោភ​ដីធ្លី ជាដើម ដែល​ជន​រងគ្រោះ​ទាំងឡាយ​គ្មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​អាជ្ញាធរ​មូលដ្ឋាន។

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ខ្លាច​សង្គ្រាម​នោះ​ប្រហែល​អាច​ជា​ក្រុម​គ្រួសារ​មន្ត្រី​ធំៗ ពិសេស​ក្រុម​គ្រួសារ​លោក​នាយ​រដ្ឋមន្ត្រី​ទៅ​វិញ​ទេ ដែល​ជា​ក្រុម​អភិជន​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ច្រើន​លើសលប់​ជាង​ពលរដ្ឋ​ទូទៅ​នៅ​ពេញ​នគរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

HUN SEN IS YUN MANTRAP , IF HUN SEN DISAGREES
WHAT YUN SAYS , YUN HANOI WIIL PUT IN JAIL LIKE MR. PEN SOVAN .

WE DON'T THINK HE HAPPY TO STEP DOWN , ATLEAT CAMBODIAN PEOPLE MUST TAKE HIM DOWN ....BECAUSE
HE DO VERY BAD TO THE COUNTRY AND THE PEOPLE !

Jul 06, 2017 08:00 PM

អ្នក​អាន​អនាមិក

why Hun Sen threat to go war because he is good at it. if you want the country good at war vote for Hun Sen. if you want the country good at peace and growing then vote for CNRP.

Jun 13, 2017 02:29 AM

អ្នក​អាន​អនាមិក

I know that Hun Sen will not step down. However, I need to vote for change. Everybody will know he does not step down even he lose the election.

Jun 02, 2017 05:11 AM

អ្នក​អាន​អនាមិក

អត្ថបទសំណួរថា ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និយាយពីសង្គ្រាមដដែលៗ ? ជាចម្លើយរបស់ខ្ញំុផ្ទាល់ ខ្ញំូតែងគិតជាយូមកហើយថា៖ មានតែលោកនួន ជា និង លោកខៀវ សំផនទេដែលបានដឹងការពីតអំពីការចង់ធ្វើសង្គ្រាមរបស់លោកហ៊ុន សែន...ប៉ុន្តែរឿងនេះលោកហ៊ុន សែនមិនហ៊ានប្រកាសជាចំហរ...ដើម្បីទុកឲ្យលោកអ្នកដែលមានបញ៉ារកចំណោទរបស់គាត់ ឲ្យសមនិង ពាក្យថា ស្លឹកចេកផ្ងា ស្លឹកចាេផ្កាប់ បើអ្នកចេះច្បាប់ ទើបរកចំណោទលោកឃើញ ។ ដូចលោកអ្នកអានធ្លាប់ដឹងស្រាប់ហើយថា៖ លោកហ៊ុន សែនមានជាប់បណ្តឹងពីពលរដ្ឋដល់តុលាការព្រហ្មទណ្ឌអន្តរ:ជាតិ ICC និងការដាក់បន្ទុករបស់មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពូជាប្រជាធិបតិយ្យ កុម្មុយនិស្ត ខ្មែរក្រហម ផថដែរ ។ ដូច្នេះគឺ៖ ជាជំរើសរបស់លោកហ៊ុន សែន...សូមលោកអ្នកអានពិចារណាតាមការគួរផងចុះ!!!

Jun 01, 2017 06:11 PM

អ្នក​អាន​អនាមិក

what ever it is ,be prepared because savage hun sen is not afraid to kill innocent people.The communist doesn't care about human life or human right. What it does is to protect party or leader at any cost.So,I urge anyone to ask for protection from who ever can such as international community, EU,UN,US,Japan, Australia,Canada,....and also ASIAN community members.Further more,be vigilant !

Jun 01, 2017 09:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល