
អ្នកយកព័ត៌មានទូរទស្សន៍អិន.ធី.វី (NTV) ម្នាក់ ប្រចាំខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្ដឹងទៅសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យជួយអន្តរាគមន៍ផ្លូវច្បាប់ពាក់ព័ន្ធនឹងរឿងដែលនាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានហៅអ្នកកាសែតទៅគំរាមកំហែង និងសួរចម្លើយរយៈពេលប្រមាណ ៤ម៉ោង បន្ទាប់ពីរូបគេបានបង្ហោះព័ត៌មានមួយដែលកើតឡើងនៅក្រុងប៉ោយប៉ែត តាមបណ្ដាញទំនាក់ទំនងសង្គមហ្វសអាប (Whatsapp) មក។
អ្នកកាសែតទូរទស្សន៍អិន.ធី.វី ប្រចាំខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យស្នងការនគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ និងដកលោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ចេញពីតំណែង ដើម្បីកុំឲ្យយកអំណាចរបស់ខ្លួនទៅគំរាមកំហែងដល់ប្រជាពលរដ្ឋបន្តទៀត។
អ្នកយកព័ត៌មានទូរទស្សន៍អិន.ធី.វី ម្នាក់ ប្រចាំខេត្តបន្ទាយមានជ័យ គឺលោក ញ៉ែម សុផល ថ្លែងនៅថ្ងៃទី១៥ កញ្ញា ថា មូលហេតុដែលលោកដាក់ពាក្យប្ដឹងមន្ត្រីប៉ូលិសសង្កាត់ប៉ោយប៉ែត ដោយសារលោកនាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៤ កញ្ញា បានហៅលោកទៅសាកសួរ និងគំរាមកំហែងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរយៈពេលប្រមាណ ៤ម៉ោង។ លោកបន្តថា មន្ត្រីប៉ូលិសបានប្រើពាក្យសម្ដីគំរោះគំរើយ ដូចជាពាក្យអាឯង អញ ជាដើម ដើម្បីបង្ខំឲ្យលោកផ្ដិតស្នាមមេដៃទទួលកំហុស ដែលខ្លួនបានបង្ហោះព័ត៌មានមួយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វសអាប នោះ៖ «នៅពេលខ្ញុំទៅដល់គាត់ថាឲ្យខ្ញុំចុះផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប៉ូលិសក្រុងប៉ោយប៉ែត ហើយគំរាមឲ្យខ្ញុំផ្ដិតមេដៃចុះកិច្ចសន្យា ថារយៈពេល ៣ថ្ងៃ ត្រូវនាំប្រភពដែលបាននិយាយអាងខ្នងប៉ូលិសនោះ មកប៉ុស្តិ៍ប៉ូលិសរដ្ឋបាលសង្កាត់ប៉ោយប៉ែត ឲ្យបាន»។
លោកអះអាងទៀតថា កាលពីថ្ងៃទី៥ កញ្ញា កន្លងទៅ លោកបានបង្ហោះព័ត៌មានមួយពាក់ព័ន្ធនឹងរឿងដែលមានមនុស្សមួយក្រុមមានគ្នាប្រមាណ ៥នាក់ បានទៅឡូឡាក្នុងហាងផឹកស៊ីមួយឈ្មោះ ហាងស្រះបេះដូង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺបន្ទាប់ពីពួកគេបានបាត់ទូរស័ព្ទដៃមួយគ្រឿងនៅក្នុងហាងនោះ។ លោកបន្តថា នៅគ្រានោះក្រុមអ្នកផឹកស៊ីបានយកឈ្មោះមន្ត្រីប៉ូលិស ដែលមានអំណាចនៅក្រុងប៉ោយប៉ែត ទៅគំរាមកំហែងដល់ម្ចាស់ហាង ជុំវិញពីការបាត់ទូរស័ព្ទនោះ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត លោក មាស ម៉េងហួរ ហៅ ពៅ ទទួលស្គាល់ថា លោកពិតជាបានហៅអ្នកកាសែតរូបនោះទៅសួរនាំខ្លះមែននៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែលោកអះអាងថា ការសួរនាំ លោកពុំបានទៅគំរាមកំហែងអ្នកយកព័ត៌មានដូចការចោទប្រកាន់នោះឡើយ៖ «ព្រោះគាត់ចុះផ្សាយព័ត៌មានមានប្រភពតែម្ខាង ដោយមិនបានសួរមកខាងប៉ូលិសនោះទេ។ ពួកខ្ញុំជាប៉ូលិស ខ្ញុំចង់ដឹងអង្គហេតុ ព្រោះប៉ះពាល់កិត្តិយសរបស់លោកអធិការក្រុងប៉ោយប៉ែត»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា មន្ត្រីប៉ូលិសពុំមានសិទ្ធិអំណាចហៅអ្នកកាសែតទៅគំរាមកំហែង ឲ្យផ្ដិតស្នាមមេដៃទទួលកំហុស ដែលអ្នកសារព័ត៌មានបានបង្ហោះព័ត៌មាននៅក្នុងបណ្ដាញទំនាក់ទំនងសង្គមនោះទេ។ លោកហៅការគំរាមកំហែងពីសំណាក់មន្ត្រីប៉ូលិសសង្កាត់ប៉ោយប៉ែត នេះថា គឺជាការបិទសិទ្ធិក្នុងការបញ្ចេញមតិរបស់អ្នកកាសែត៖ «ព្រោះបញ្ហានេះប៉ូលិសគួរតែឆ្លើយប្រាប់តាមបណ្ដាញសង្គមហ្វសអាប មកវិញ ដើម្បីឲ្យអ្នកសារព័ត៌មានផ្សាយកែតម្រូវវិញបាន ប្រសិនបើពិតជាបានផ្សាយខុសនោះ»។
នៅក្នុងហ្វសអាប ដែលអ្នកកាសែតបានបង្ហោះព័ត៌មាននោះ ជាបណ្ដាញទំនាក់ទំនងសង្គមមួយដែលមន្ត្រីរាជការ រួមមានគ្រូបង្រៀន ប៉ូលិស ទាហាន ព្រមទាំងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ជាដើម ក្នុងខេត្តបន្ទាយមានជ័យ និយមប្រើប្រាស់ដើម្បីចែករំលែក និងមើលព្រឹត្តិការណ៍ព័ត៌មានដែលបានកើតឡើងប្រចាំថ្ងៃនៅខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។