លោក ហ៊ុន សែន ស្នើ​អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ពិនិត្យ​ការ​រើសអើង​ពូជ​សាសន៍

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អះអាង​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នឹង​យក​សំណើ​របស់ លោក ហ៊ុន សែន ដែល​ស្នើ​ឲ្យ​ពិនិត្យ​មើល​ការ​រើសអើង​ពូជ​សាសន៍​នៅ​ប្រទេស​កម្ពុជា យក​ទៅ​ពិនិត្យ​ពិចារណា។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​រើសអើង​ពូជ​សាសន៍​នៅ​កម្ពុជា មិន​មែន​ជា​បញ្ហា​គួរ​លើក​ឡើង​នៅ​ពេល​នេះ​ទេ ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

សំណើ​នេះ ត្រូវ​បាន លោក ហ៊ុន សែន ដាក់​ស្នើ​ទៅ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្នុង​ជំនួប​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា នា​វិមាន​សន្តិភាព។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ ឲ្យ​ដឹង​ក្រោយ​ជំនួប​ពិភាក្សា​ជាមួយ អ្នកស្រី រ៉ូណា ស្មីត ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ អ្នកស្រី រ៉ូណា ស្មីត ជួយ​ពិនិត្យ​មើល​ទៅ​លើ​ការ​រើសអើង​ពូជ​សាសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​យល់​ថា ការ​រើសអើង​នេះ​អាច​ធ្វើ​ឲ្យ​ប្រទេស​មាន​សង្គ្រាម។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ទេ​ថា ហេតុ​អ្វី​បាន​ជា លោក ហ៊ុន សែន លើក​ឡើង​នូវ​ប្រធានបទ​នេះ​មក​និយាយ​ជាមួយ​មន្ត្រី​អង្គការ​សហប្រជាជាតិ រូប​នេះ​ទេ។ លោក ម៉ក់ សម្បត្តិ អះអាង​ថា អ្នក​រាយការណ៍​ពិសេស​រូប​នេះ នឹង​ទទួល​យក​សំណើ​នេះ​ទៅ​ពិនិត្យ​មើល៖ «សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ហើយ​លើក​ឡើង​ទៀត ព្រោះ​ការ​រើសអើង​ជាតិ​សាសន៍​នេះ គឺ​ជា​គ្រោះថ្នាក់​បំផុត​ចំពោះ​ប្រទេស​នីមួយៗ»

ក្នុង​ថ្ងៃ​ទី​២១ ខែ​កញ្ញា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ក្រៅ​ពី​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី​ក៏​មាន​ជំនួប​ដាច់​ដោយឡែក​មួយ​ទៀត​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ។ មុន​មក​ជួប​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ រូប​នេះ បាន​ទៅ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​កោះកុង ដោយ​អ្នកស្រី​ជួប​អភិបាល​ខេត្ត ប្រធាន​តុលាការ ស្នងការ​នគរបាល​ខេត្ត មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​កំពុង​កើត​មាន​ក្នុង​ខេត្ត​នេះ ពិសេស​សុំ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា​ចាប់​សកម្មជន​ការពារ​ដីធ្លី អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ។

ទោះ​យ៉ាង​នេះ​ក្តី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ បញ្ជាក់​ថា អ្នកស្រី រ៉ូណា ស្មីត មិន​បាន​លើក​ឡើង​ពី​ការ​ចាប់​ខ្លួន​យុវជន​ដែល​ប្រឆាំង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ឬ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​នោះ​ទេ។

ចំណែក អ្នកស្រី រ៉ូណា ស្មីត បាន​ផ្តល់​បទសម្ភាសន៍​យ៉ាង​ខ្លី​ក្រោយ​ជួប លោក ម៉ក់ សម្បត្តិ ថា ជំនួប​នេះ​ល្អ ដែល​អ្នកស្រី​បាន​ជជែក​រឿង​ផ្សេងៗ​គ្នា​ជាច្រើន។ អ្នកស្រី​បន្ត​ថា ខ្លឹមសារ​នៃ​ការ​ពិភាក្សា​គ្នា និយាយ​ទាក់ទង​មុខងារ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស។ សំណួរ​ទាក់ទង​អ្វី​ផ្សេង​ទៀត អ្នកស្រី​ពុំ​ធ្វើ​អត្ថាធិប្បាយ​ឡើយ៖ «ពួក​យើង​មាន​កិច្ច​ប្រជុំ​មួយ​ដ៏​ល្អ ដែល​ជជែក​ពី​រឿង​ផ្សេងៗ​គ្នា​ជាច្រើន ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដែល​ពួក​គាត់​ចំណាយ​ពេល​ជួប​ខ្ញុំ។ ពួក​យើង​ជជែក​គ្នា​អំពី​រឿង​ជាច្រើន​ជុំវិញ​មុខងារ​របស់​គណៈកម្មការ និង​ការងារ​ថ្មីៗ​នេះ។ ពួក​យើង​នឹង​រៀបចំ​កិច្ច​ប្រជុំ​លើក​ក្រោយ​ទៀត។ សូម​អរគុណ!»

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ របស់​អ្នកស្រី​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា យល់​ថា សំណើ​របស់ លោក ហ៊ុន សែន ដែល​លើក​ឡើង​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​អង្គការ​សហប្រជាជាតិ ចាប់​អារម្មណ៍​រឿង​ចាប់​ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក នី ចរិយា ថា ប្រសិន​បើ​ប្រទេស​កម្ពុជា មាន​ការ​រើសអើង​ជាតិ ឬ​រើសអើង​ជនជាតិ​វៀតណាម មិន​មែន​ជនជាតិ​វៀតណាម រស់នៅ​ប្រទេស​កម្ពុជា ច្រើន​ដូច​នេះ​ទេ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ហេតុផល​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ទៅ​អង្គការ​សហប្រជាជាតិ កុំ​ឲ្យ​គាំទ្រ​អ្វី​ដែល​ជា​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គាត់​បង្វែរ​ទៅ​ជា​ការ​ចាប់​នេះ ជា​ការ​រើសអើង​ជាតិ​សាសន៍»

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា បន្ត​ថា ពេល​នេះ លោក ហ៊ុន សែន គួរ​និយាយ​ពី​វិធានការ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ឬ​ផែនការ​ក្នុង​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស ប្រសើរ​ជាង​ការ​ស្នើ​ឲ្យ​ពិនិត្យ​មើល​ការ​រើសអើង​ពូជ​សាសន៍​នៅ​ប្រទេស​កម្ពុជា។

ដោយឡែក​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ផ្ញើ​លិខិត ១​ច្បាប់​ជូន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត សុំ​ឲ្យ​ត្រួត​ពិនិត្យ និង​រក​ដំណោះស្រាយ​ជួយ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខហួរ រួច​ខ្លួន​ផុត​ពី​ការ​ចោទ​ប្រកាន់ និង​ការ​ឃុំ​ខ្លួន​ទាក់ទង​ការ​ផ្សព្វផ្សាយ​ឯកសារ​ក្លែងក្លាយ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។