
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញឲ្យតុលាការកម្ពុជា មានភាពឯករាជ្យ ដើម្បីជាការធានាដល់ការការពារសិទ្ធិមនុស្សនៅកម្ពុជា។ ការលើកឡើងរបស់ អ្នកស្រី រ៉ូណា ស្មីត នេះ ធ្វើឡើងក្នុងសន្និសីទកាសែតបូកសរុបលទ្ធផលការងាររបស់អ្នកស្រីនៅកម្ពុជា ដែលបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា។
បញ្ហាឯករាជភាពនៃប្រព័ន្ធតុលាការ គឺជាបញ្ហាធំមួយក្នុងចំណោមបញ្ហាមួយចំនួនផ្សេងទៀតដែល អ្នកស្រី រ៉ូណា ស្មីត សម្ដែងការបារម្ភ និងចង់ឲ្យមានកំណែទម្រង់។
អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា ដូចគ្នាទៅនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមុនៗ អ្នកស្រីមើលឃើញថា បញ្ហាតុលាការ គឺនៅតែជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់ប្រទេសកម្ពុជា។ អ្នកស្រីឲ្យដឹងដែរថា នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា អ្នកស្រីក៏បានលើកឡើងពីបញ្ហានេះផងដែរ។ អ្នកស្រីថា កម្ពុជា ចាំបាច់ត្រូវតែមានប្រព័ន្ធតុលាការមួយខ្លាំងប្រកបដោយភាពឯករាជ្យ ដើម្បីធានាការគោរព និងការពារសិទ្ធិមនុស្សជាទូទៅនៅកម្ពុជា៖ «ខ្ញុំយល់ស្របជាមួយនឹងទស្សនៈដែលបានលើកឡើងអំពីការពង្រឹងបន្ថែមទៀត នូវនីតិរដ្ឋ ការអភិវឌ្ឍ និងការធានាឯករាជភាពរបស់ស្ថាប័នទាំងឡាយដែលមានតួនាទីជាក់លាក់ ក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសស្ថាប័នតុលាការ គឺមានសារសំខាន់ជាខ្លាំងសម្រាប់កសាងប្រទេសតាមបែបប្រជាធិបតេយ្យ ប្រកបដោយស្ថិរភាពដែលពលរដ្ឋកម្ពុជា ប្រាថ្នាចង់បាន»។
ការជំរុញឲ្យកម្ពុជា មានប្រព័ន្ធតុលាការឯករាជ្យ គឺស្របពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិ ១៥នាក់ ក្នុងនោះក៏មានសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ផងដែរ ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលចាប់ឃុំខ្លួន។ ការចាប់ខ្លួននេះ ត្រូវបានគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចាត់ទុកថាជារឿងនយោបាយ និងជាការរំលោភសិទ្ធិមនុស្ស។
នៅក្នុងជំនួបជាមួយ អ្នកស្រី រ៉ូណា ស្មីត កាលពីថ្ងៃទី២៣ កញ្ញា នាវិមានរដ្ឋសភា អនុប្រធានទី១ រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានស្នើអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ជំរុញឲ្យតុលាការកម្ពុជា មានឯករាជភាព។ លោក កឹម សុខា លើកឡើងថា បើតុលាការកម្ពុជា មានឯករាជ្យពិតប្រាកដ នោះសកម្មជនបក្សប្រឆាំងនឹងមិនប្រឈមមុខចំពោះការកាត់ទោសជាប់ពន្ធនាគារនោះឡើយ។
អ្នកស្រី រ៉ូណា ស្មីត ថ្លែងថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីពេលនេះ គឺមានបំណងណែនាំខ្លួន ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងដៃគូពិភាក្សាដទៃទៀត ព្រមទាំងដើម្បីស្វែងរកការពិតពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ទាក់ទងនឹងការចាប់ខ្លួនសកម្មជនបក្សប្រឆាំង អ្នកស្រីថា បើទោះជាអ្នកស្រីមិនបានលើករឿងនេះជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬលោក ស ខេង ក្តី ប៉ុន្តែអ្នកស្រីថា អ្នកស្រីនឹងបន្តឃ្លាំមើល និងតាមដានចំពោះការចាប់ខ្លួននេះ។
អ្នកស្រី រ៉ូណា ស្មីត ក៏បានលើកឡើងពីបញ្ហាផ្សេងទៀតផងដែរ មានដូចជា បញ្ហារើសអើងពូជសាសន៍ បញ្ហាតាក់តែងសេចក្តីព្រាងច្បាប់ បញ្ហាដីធ្លី និងការអប់រំពីសិទ្ធិមនុស្ស។ អ្នកស្រីថា កម្ពុជា ត្រូវគិតគូរដោះស្រាយឲ្យបានសមស្របនូវស្ថានភាពនានា ដែលបានបង្កើតឲ្យមានការមិនពេញចិត្តជាទូទៅនៅក្នុងសង្គម ក្នុងនោះមានដូចជា បញ្ហាវិវាទដីធ្លី ឬវិវាទការងារជាដើម។
អ្នកស្រី រ៉ូណា ស្មីត គឺជាមនុស្សទី៦ ហើយក៏ជាស្ត្រីដំបូងដែលត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចាប់តាំងពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងកាលពីឆ្នាំ១៩៩១ មក។
ក្នុងដំណើរទស្សនកិច្ចស្វែងរកការពិតនៅកម្ពុជា ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា អ្នកស្រីបានជួបជាមួយមនុស្សពាក់ព័ន្ធជាច្រើន រួមមានមន្ត្រីការពារសិទ្ធិមនុស្ស ដីធ្លី បរិស្ថាន សហជីព អាជ្ញាធរខេត្តកោះកុង មន្ត្រីបក្សប្រឆាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង និងមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត។
អ្នកស្រី រ៉ូណា ស្មីត ដែលអះអាងថា មានបំណងរួមចំណែកក្នុងការជំរុញ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា ថ្លែងថា អ្នកស្រីនឹងដាក់របាយការណ៍ដំបូងរបស់អ្នកស្រីទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចុងខែកញ្ញា នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។