"គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​ភ្នំពេញ​គំរាម​ដល់​សិទ្ធិមនុស្ស​និង​បំពាន​ច្បាប់"

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ផ្សាយ​នូវ​កម្រង​ករណី​សិក្សា​មួយ​ផ្តោត​លើ​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ថា​បាន​គំរាម​ដល់​សិទ្ធិមនុស្ស និង​បំពាន​ទៅ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​កម្រង​ករណី​សិក្សា​នេះ ក្រោម​ហេតុផល​ថា មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា។

កម្រង​ករណី​សិក្សា​មាន​កម្រាស់ ១២​ទំព័រ ស្ដីពី​សិទ្ធិមនុស្ស​ទំនង​ជា​បញ្ហា​បន្ទាប់បន្សំ​ពី​ការ​អភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា បាន​រំលេច​ចេញ​នូវ​សាវតា​នៃ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​របស់​រដ្ឋាភិបាល​ក្នុង​រាជធានី​ភ្នំពេញ ដែល​ពុំ​បាន​គិតគូរ​ដល់​សិទ្ធិមនុស្ស។

កម្រង​ករណី​សិក្សា​បន្ត​បរិយាយ​ថា លំនៅឋាន និង​រប​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ ត្រូវ​បាន​ខូចខាត បាត់បង់​ដោយ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ជាមួយ​នឹង​ប្រាក់​សំណង​តិចតូច អ្នក​ខ្លះ​ទៀត​ជាប់​គុក បែកបាក់​គ្រួសារ​យ៉ាង​វេទនា ក្រោម​ឈ្មោះ​អភិវឌ្ឍ​សេដ្ឋកិច្ច។ ជា​ឧទាហរណ៍​បញ្ហា​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ចងចាំ​មិន​ភ្លេច​នោះ គឺ​ករណី​បុរីកីឡា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១២ ដែល​មាន​លក្ខណៈ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ធ្ងន់ធ្ងរ​បំផុត​ពី​សំណាក់​កង​សន្តិសុខ​ក្រុមហ៊ុន​ផានអ៊ីមិច និង​នគរបាល​ប្រដាប់​ដោយ​គ្រឿងចក្រ ដំបង​ឆក់ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ លើស​ពី​នេះ ប្រជាពលរដ្ឋ​រងគ្រោះ​ត្រូវ​បាន​គេ​ដឹក​ទៅ​ចាក់ចោល​នៅ​តំបន់​ដាច់ស្រយាល ខ្វះ​ភ្លើង​អគ្គិសនី បង្គន់​អនាម័យ ទឹកស្អាត សាលារៀន និង​ឱកាស​ការងារ។

​ករណី​បណ្ដេញ​ចេញ ការធ្វើ​ទុក្ខបុកម្នេញ និង​ករណី​មិន​ផ្តល់​សំណង​សមរម្យ កំពុង​កើត​មាន​នៅ​នៅ​កន្លែង​ជា​ច្រើន​ទៀត ដូចជា​នៅ​តំបន់​បឹងកក់ តំបន់​បឹងទំពន់ តំបន់​ជើងឯក និង​ករណី​នៅ​បឹងត្របែក ព្រម​ទាំង​ករណី​តំបន់​ជ្រោយចង្វារ ជាដើម។

​មជ្ឍមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ទៅ​បាន​ដោយសារ​តែ​នីតិរដ្ឋ​ទន់​ខ្សោយ និង​អំពើ​ពុករលួយ​រ៉ាំរ៉ៃ ព្រមទាំង​រដ្ឋាភិបាល​មិន​បាន​គោរព​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់ និង​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ឡើយ ទើប​បណ្ដាល​តួអង្គ​សាជីវកម្ម​ជា​ច្រើន​ដែល​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ក្នុង​រាជធានី​ភ្នំពេញ រំលោភ​ទៅ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ជាតិ​ផង។

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហាក់​មើល​មិន​ឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឡើយ​បែរ​ជា​នៅ​តែ​បន្ត​ប្រឌិត​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តែ​​អាក្រក់​ទៅ​វិញ៖ «អ្វី​ដែល​គេ​លើក គឺ​មិន​ឆ្លើយ​តប​នូវ​អ្វី​ដែល​ជាក់ស្ដែង ហើយ​យើង​ឃើញ​ហើយ​ថា យើង​ធ្វើ​បណ្តើរ យើង​ជួប​បញ្ហា​បណ្តើរ យើង​ដោះស្រាយ​បណ្តើរ ដែល​នេះ​ជា​សកម្មភាព​ជាក់ស្តែង​នៅ​កម្ពុជា មិន​មែន​ដូចជា​ភ្នាក់ងារ​សិទ្ធិមនុស្ស​ដែល​ទទួល​បាន​ប្រាក់ខែ អង្គុយ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ចាំ​ធ្វើ​របាយការណ៍»

លោក ផៃ ស៊ីផាន ក៏​អះអាង​ថា នៅ​សហរដ្ឋអាមេរិក ក៏​ជួប​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដែរ។

អ្នក​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ថ្លែង​ថា លោក​មិន​ចម្លែក​ចំពោះ​ជំហរ​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​តែងតែ​បដិសេធ​មិន​ទទួលយក​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទេ។ លោក​បន្ត​ថា របាយការណ៍​ដែល​ឃើញ​នេះ គឺ​អាច​ជា​អនុសាសន៍ ឬ​ជា​ប្រទីប​បំភ្លឺ​មួយ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើ​ឡើង។

​លោក វណ្ណ សូផាត៖ «យើង​ក៏​ដឹង​ថា នឹង​មាន​ប្រតិកម្ម តែ​យើង​ចង់​បង្ហាញ​អោយ​រដ្ឋាភិបាល​ឃើញ​ថា បញ្ហា​ហ្នឹង​ពិត​ជា​បញ្ហា​របស់​ប្រជាពលរដ្ឋ ដែល​គួរ​តែ​រដ្ឋាភិបាល​ដោះស្រាយ ពីព្រោះ​ថា ថ្មីៗ​នេះ ក៏​ឃើញ​ថា រដ្ឋាភិបាល​ចាប់​អារម្មណ៍​ពី​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដូចជា​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម បាន​បង្កើត​គណៈកម្មការ​រហូត​ដល់ ២៧​អី​អ៊ីចឹង ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី។ ដូច្នេះ​យើង​ចង់​រំលេច​បង្ហាញ​ទៅ​រដ្ឋាភិបាល​ថា បញ្ហា​អស់​ហ្នឹង​នៅ​តែ​មាន ដូចជា​នៅ​រាជធានី​ភ្នំពេញ ជាដើម គឺ​សូម​អោយ​រដ្ឋាភិបាល មេត្តា​ចាប់​អារម្មណ៍ ដូចជា​នៅ​បឹងត្របែក បឹងទំពន់ និង​បឹង​ជើងឯក ជាដើម»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មេត្តា​ផ្អាក​គម្រោង​អភិវឌ្ឍន៍​ដែល​បង្ក​ផល​ប៉ះពាល់​ផ្សេងៗ​រហូត​ដល់​មាន​ការ​វាយ​តម្លៃ​ពី​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម​ត្រឹមត្រូវ ធ្វើការ​ប្រឹក្សា​យោបល់​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ហើយ​ត្រូវ​ធានា​ថា សំណង​ត្រូវ​ផ្អែក​ទៅ​លើ​តម្លៃ​ទីផ្សារ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​ត្រូវ​ធានា​ថា ការ​បណ្ដេញ​ចេញ​ដើម្បី​ការ​អភិវឌ្ឍ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ក្នុង​ជម្រើស​ចុងក្រោយ និង​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។