ការរុះរើបានធ្វើឲ្យមានការប៉ះទង្គិចគ្នាចំនួនពីរលើករវាងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ គឺលើកទី១ នៅម៉ោងប្រហែល ៧ និង ៣០នាទីព្រឹក ហើយលើកទី២ ចាប់ពីម៉ោងប្រហែល ១០ព្រឹក។
កងកម្លាំងអាជ្ញាធររួមទាំងកម្មករក្រុមហ៊ុន ផានអ៊ីម៉ិច ផង សរុបប្រមាណ ៥០០នាក់ ឡានទឹកចំនួន ៤គ្រឿង និងគ្រឿងចក្រ ២គ្រឿងត្រូវបានប្រើប្រាស់ក្នុងការរុះរើនោះ។
កងកម្លាំងប្រដាប់អាវុធ បានប្រើដំបងឆក់ ប្រើកាំភ្លើងបាញ់ឡើងលើ និងបានបាញ់ឧស្ម័នពុលដាក់ប្រជាពលរដ្ឋ ហើយកងកម្លាំងដដែល និងកម្មករក្រុមហ៊ុន បានប្រើដុំថ្មគប់ទៅលើប្រជាពលរដ្ឋបន្ថែមទៀត ។
ចំណែកក្រុមប្រជាពលរដ្ឋក៏បានប្រើដុំថ្ម ដំបង ដប និងសាំង តតាំងនឹងកងកម្លាំងអាជ្ញាធរដែរ ដែលបណ្ដាលឲ្យមានអ្នករងរបួសទាំងសងខាង។

ប្រជាពលរដ្ឋ ៨នាក់ក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួន បានរងរបួសដោយការការប៉ះទង្គិចគ្នាផង និងដោយកងកម្លាំងអាជ្ញាធរវាយដំបន្ថែមផង។
កុមារា សុត ចន្ទ្រា អាយុ ១៣ឆ្នាំ ដែលមានរបួសនៅលើថ្ងាសអះអាងថា កងកម្លាំងអាជ្ញាធរបានវាយរូបគេ ហើយចាប់រូបគេទៀត។
យ៉ាងហោចណាស់មន្ត្រីអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ និងកម្មករក្រុមហ៊ុនចំនួន ៥នាក់ ក៏បានរងរបួសក្នុងហេតុការណ៍នេះដែរ។
កាលពីដើមឡើយ ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡា មានចំនួនសរុប ១.៧៧៦គ្រួសារ។ ប្រជាពលរដ្ឋចំនួនប្រមាណ ២០០គ្រួសារ ជាអ្នកដែលត្រូវចាកចេញ ដោយក្រុមហ៊ុនបានចាត់ទុកថា ពួកគេរស់នៅខុសច្បាប់លើដីក្រុមហ៊ុន។ ប្រជាពលរដ្ឋមួយចំនួនក្នុងចំណោមប្រជាពលរដ្ឋដែលតវ៉ាមិនព្រមចាកចេញ បានឲ្យដឹងថា ពួកគាត់មិនសុខចិត្ត ព្រោះគ្មានដំណោះស្រាយ និងគ្មានសំណងសមរម្យសម្រាប់ពួកគាត់។
ស្ត្រីជរាអាយុ ៧២ឆ្នាំ ឈ្មោះ វ៉ែន តាម បានអង្គុយនៅខាងមុខផ្ទះរបស់គាត់ដែលគេបម្រុងនឹងរុះរើ ហើយកាន់សៀវភៅគ្រួសារពណ៌លឿង និងឯកសារមួយចំនួនទៀត លាតត្រដាងបង្ហាញប្រាប់គេឯងថា គាត់មានសិទ្ធិគ្រប់គ្រាន់ជាម្ចាស់ផ្ទះនោះ ប៉ុន្តែក្រុមហ៊ុន និងអាជ្ញាធរមិនបានគិតដល់សិទ្ធិរបស់គាត់នោះទេ។
និស្សិតនាយទាហានសកម្ម លោក វ៉ា ពន្លក អាយុ ២៦ឆ្នាំ រៀបរាប់ថា គ្រួសាររបស់លោកដែលមានឪពុកជាយោធា បានរស់នៅក្នុងតំបន់បុរីកីឡាតាំងពី១៩៩៨ តែពេលនេះគ្រួសាររបស់លោកអស់ទីជម្រកតទៅទៀតហើយ ហើយរូបលោកក៏ត្រូវចូលរោងការជាមួយនារីម្នាក់ដែលជាយោធាដូចគ្នា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១២ ខាងមុខនេះទៀត។
ទាក់ទិននឹងបញ្ហានេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ថ្លែងថា អ្នកស្រីបានជួយសម្របសម្រួលរហូតដល់មានការព្រមព្រៀងចរចាគ្នារវាងក្រុមហ៊ុន ផានអ៊ីម៉ិច និងប្រជាពលរដ្ឋតំបន់បុរីកីឡា ដើម្បីឲ្យមានដំណោះស្រាយ និងសំណងសមរម្យសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែការចរចាមិនទាន់បានឈានដល់ចំណុចត្រូវរ៉ូវគ្នាផង ក៏ស្រាប់តែមានការរុះរើ និងកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១២។
វិទ្យុអាស៊ីសេរីបានទាក់ទងសុំការបំភ្លឺពីអភិបាលរងខណ្ឌ៧មករា ចំនួន ៣រូប តែអភិបាលរងទាំងបីរូបបានបដិសេធមិនធ្វើសេចក្ដីអធិប្បាយ។ ចំណែកអភិបាលខណ្ឌ៧មករា លោក សោម សុវណ្ណ មានប្រសាសន៍ថា លោកជាប់រវល់ប្រជុំ។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក ការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត ហៅសកម្មភាពរុះរើនេះថា ជាការបណ្ដេញប្រជាពលរដ្ឋតំបន់បុរីកីឡាចេញពីលំនៅឋានរបស់ពួកគាត់ ហើយលោកថា ចំណាត់ការបែបនេះមិនគួរត្រូវបានគេយកមកអនុវត្តនៅក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទេ។
ក្រុមហ៊ុនផានអ៊ីម៉ិច បានទទួលសិទ្ធិពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍នៅនឹងកន្លែងក្នុងតំបន់បុរីកីឡា ដោយមានលក្ខខណ្ឌត្រូវសង់អគារចំនួន ១០ជាថ្នូរសម្រាប់ឲ្យប្រជាពលរដ្ឋតំបន់បុរីកីឡារស់នៅ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនផានអ៊ីម៉ិច សង់អគារបានចំនួន ៨ ប៉ុណ្ណោះ ហើយអគារនីមួយៗអាចទទួលប្រជាពលរដ្ឋបានចំនួន ១៧៤គ្រួសារ។
ក្រុមអ្នកតាមដានបានឲ្យដឹងថា មានភាពមិនប្រក្រតីជាច្រើនក្នុងការប្រគល់ចំណែកផ្ទះឲ្យប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋមួយចំនួនត្រូវបានក្រុមហ៊ុនចរចាឲ្យទៅរស់នៅឯទួលសំបូរក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ចម្ងាយជាង ១០ គ.ម ពីរាជធានីភ្នំពេញ ហើយមួយចំនួនទៀតទៅរស់នៅភ្នំបាត ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយជាង ៣០គ.ម ពីរាជធានីភ្នំពេញ។
ដោយឡែកប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ មិនបានទទួលសំណងត្រឹមត្រូវពីក្រុមហ៊ុនឡើយ៕