ពលរដ្ឋ​ស្រុក​ឈូក​ខេត្ត​កំពត​ស្នើ​រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​មួយ​ទៀត

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​ឈូក ខេត្ត​កំពត អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​មក​សិក្សា និង​ឈាន​ដល់​ការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ ប៉ុន្តែ​ទុក​ដី​ទំនេរ​ចោល​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ។ មន្ត្រី​ក្រសួង​កសិកម្ម បញ្ជាក់​ថា គណៈកម្មការ​អន្តរ​ក្រសួង​កំពុង​ចុះ​សិក្សា និង​វាយ​តម្លៃ​សកម្មភាព​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​នៅ​ទូទាំង​ប្រទេស ហើយ​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ណា​មិន​អនុវត្ត​តាម​កិច្ចសន្យា ឬ​តាម​ច្បាប់​ដែល​មាន​ចែង​ទេ​នោះ ពួក​គេ​នឹង​ប្រឈម​នឹង​ការ​ដក​ហូត​យក​ដី​សម្បទាន​មក​វិញ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចំនួន​បី​នៃ​ស្រុក​ឈូក ខេត្ត​កំពត ស្នើសុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd) ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ចាន់ សុធា សមាជិក​សភា​ពាណិជ្ជកម្ម​កម្ពុជា។

ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ និង​កិច្ចសន្យា ដូចជា​កាប់​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​លក់​អស់​គ្មាន​សល់ ទន្ទ្រាន​ដី​បន្ថែម រំលោភ​បំពាន​ដី​ប្រជាពលរដ្ឋ និង​ដី​សហគមន៍ ដុត​ផ្ទះ និង​ឈូស​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជិត ១០០​ខ្នង។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​ឈូស​បំផ្លាញ​ផល​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​អស់​រាប់​ពាន់​ហិកតារ ហើយ​ថែម​ទាំង​ដាក់​កុងត្រូល​យក​លុយ​ពី​ពលរដ្ឋ ដែល​ដឹក​ឧស ឬ​ដឹក​អនុផល​កាត់​តាម​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ទៀត​ផង ជាពិសេស​គឺ​ក្រុមហ៊ុន​បាន​ទុក​ដី​ទំនេរ​ចោល​មិន​ធ្វើ​ការ​អភិវឌ្ឍ ឬ​ដាំ​ដុះ​ដំណាំ​អ្វី​នោះ​ឡើយ « ចង់​ឲ្យ​រដ្ឋាភិបាល​ដក​ដី​ហ្នឹង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​មក។ ខ្វះ​អី​អ្នក​អត់​មាន​ដី​នៅ​ពេញ​ដី​ស្រុក​ខ្មែរ។ ពេញ​ទាំងអស់ ឃើញ​តែ​អ្នក​អត់​ដី ឃើញ​នោះ​ឃើញ​ពេក​ហើយ។ សព្វថ្ងៃ​ដាក់​កុងត្រូល​យក​លុយ​បង​ប្អូន​ខ្ញុំ កាប់​ឫស្សី បោច​វល្លិ រក​ស៊ី​អត់​បាន​ទេ គេ​ទារ​លុយ​ច្រើនៗ​ណាស់។ អ៊ីចឹង​បង​ប្អូន​ខ្ញុំ​ក្រីក្រ​ណាស់ ចំណាក​ស្រុក​អស់​ហើយ។ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ដក​ដី​ពី​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​ឲ្យ​ពួក​ខ្ញុំ​វិញ។ ម្នាក់ៗ អ្នក​ណា​ក៏​អ៊ីចឹង​ដែរ មិន​ចង់​បាន​បុណ្យ​ស័ក្តិ​បុណ្យ​អី​ទេ ចង់​បាន​តែ​ប៉ុណ្ណឹង ចង់​ឲ្យ​តែ​បាន​ប្លង់​ដី​គ្រប់​គ្នា​ទាំងអស់​មក។ សំណូមពរ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ សូម​ជួយ​ជំរុញ​ខាង​ផ្នែក​សុរិយោដី​ហ្នឹង​ចុះ​វាស់វែង​ឲ្យ​ចេញ​ប្លង់​រឹង​ឲ្យ​ពួក​យើង​ខ្ញុំ ដើម្បី​ឲ្យ​មាន​ភាព​កក់ក្តៅ​ដល់​ពួក​ខ្ញុំ​ផង »

ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ឬ​ដែល​ពួក​គាត់​និយម​ហៅ​ថា ក្រុមហ៊ុន ចាន់ សុធា ចាប់​ផ្តើម​មាន​វត្តមាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​នៅ​ឆ្នាំ​២០០៥ ហើយ​ផ្ដើម​ឈូស​ឆាយ​ប៉ះពាល់​ដីធ្លី និង​ផ្ទះ​សម្បែង​ពលរដ្ឋ​តាំង​ពី​ពេល​នោះ​មក។

ក្រុម​ពលរដ្ឋ​អះអាង​ថា សកម្មភាព​របស់​ក្រុមហ៊ុន​បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​មួយ​ចំនួន នៃ​ឃុំ​ត្រពាំងភ្លាំង ឃុំ​តាកែន និង​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ជាច្រើន​លើក ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ឡើយ។

ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ខែ​មេសា ឆ្នាំ​២០០៥ ដោយ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១​ម៉ឺន​ហិកតារ នៅ​ស្រុក​ឈូក ខេត្ត​កំពត សម្រាប់​ការ​ដាំ​ដុះ​ដំណាំ​កសិឧស្សាហកម្ម និង​ចិញ្ចឹម​សត្វ។ កិច្ចសន្យា​នេះ​មាន​រយៈពេល ៧០​ឆ្នាំ ហើយ​ផែនការ​ប្រើប្រាស់​ដី​របស់​ក្រុមហ៊ុន​មាន​រយៈពេល ១០​ឆ្នាំ។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​អះអាង​ថា រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ក្រុមហ៊ុន​មិន​បាន​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​លើ​ដី​នោះ​ទេ ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​ជួល​ដី​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ទៅ​វិញ ដើម្បី​ដាំ​ដំណាំ​ស្វាយចន្ទី « យ៉ាង​ម៉េច​ក្រុមហ៊ុន​អត់​មាន​ដាំ​អី​ផង ! ឈូស​ចោលៗ​ឃើញ​ដាំ​តែ​ពោត​ក្រហម​ពោត​ស មាន​ដាំ​អី មាន​តែ​ប្រេង​ខ្យល់​នៅ​ក្បែរ​ស្នាក់ការ​ក្រុមហ៊ុន​តែ​បន្តិច​ហ្នឹង។ ខ្ញុំ​ឆ្ងល់​ដែរ មិន​ដឹង​ថា​ក្រុមហ៊ុន​មក​ធ្វើ​ហ្នឹង ធ្វើ​ដើម្បី​ស្អី ? ខ្ញុំ​អត់​ដឹង​ដែរ។ និយាយ​រួម ក្រុមហ៊ុន​ហ្នឹង​ទើប​ចិន មក​ជួល​ដាំ​ស្វាយចន្ទី បាន​រាង​ជាប់លាប់។ ពី​មុន​មក មិន​ដឹង​ថា​ដាំ​ស្អី​ទៅ​ស្អី​ទេ បើ​និយាយ​ទៅ​រក​ផល​មិន​ឃើញ​ថា ឈូស​ព្រៃ​រួច​ទុក​ចោល​រាប់​ឆ្នាំ​អ៊ីចឹង​ទៅ »

ដើម​ស្វាយចន្ទី​ដែល​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន ទើប​នឹង​ដាំ ក្រោយ​ពី​ជួល​ដី​ពី​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្រ្គីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) នៅ​ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ដើម​ស្វាយចន្ទី​ដែល​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន ទើប​នឹង​ដាំ ក្រោយ​ពី​ជួល​ដី​ពី​ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្រ្គីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) នៅ​ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (RFA/Yang Chandara)

សមាជិក​ក្រុម​ជំនួយការ​នៃ​លេខាធិការដ្ឋាន​ដី​សម្បទាន​សេដ្ឋកិច្ច លោក សៀ រ៉ា បញ្ជាក់​ប្រាប់​អាស៊ីសេរី ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋ មិន​អាច​ផ្ទេរ ឬ​ជួល​ដី​ទាំងនោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ឡើយ ប៉ុន្តែ​អាច​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ទ្រទ្រង់​សកម្មភាព​វិនិយោគ​កុំ​ឲ្យ​ក្ស័យ​ធន។ លោក​បន្ត​ថា លេខាធិការដ្ឋាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​សមាសភាព​ចម្រុះ​ពី​អន្តរ​ក្រសួង កំពុង​សិក្សា និង​វាយ​តម្លៃ​សកម្មភាព​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ណា​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់​នោះ លេខាធិការដ្ឋាន​ដី​សម្បទាន​សេដ្ឋកិច្ច​នឹង​ផ្ញើ​របាយការណ៍​ទៅ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​ទាំងនោះ​វិញ « ផ្អែក​លើ​របាយ​ការណ៍​របស់​គណៈកម្មការ​អន្តរ​ក្រសួង​ដែល​ដឹកនាំ​ដោយ​លោក ប៊ិន ឈិន ដែល​គាត់​ទុក​រយៈពេល​ឲ្យ​ក្រុមហ៊ុន​នីមួយៗ បើ​សិន​ជា​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ទេ នោះ​យើង​មាន​របាយការណ៍​មួយ​ផ្សេង​ទៀត​អំពី​ការ​ដក​ហូត​ហ្នឹង​ហើយ »

ក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ជា​ក្រុមហ៊ុន​ទី​ពីរ​ហើយ​បន្ទាប់​ពី​ក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ិនធើថេនមិន (World Tristar Entertainment Co., Ltd)ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឈូក ខេត្ត​កំពត ចោទ​ថា​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន​រាប់​ពាន់​ហិកតារ តែ​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​លើ​ដី​ទាំងនោះ​ឡើយ ហើយ​ដែល​ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋ​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​ទាំង​ពីរ​យក​មក​ចែក​ជូន​ពលរដ្ឋ​វិញ។

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក ប៉ែន បុណ្ណារ៍ ដែល​តាមដាន​ករណី​នេះ បញ្ជាក់​ថា ដី​ភាគច្រើន​ដែល​ក្រុមហ៊ុន​ទទួល​បាន ត្រូវ​ទុក​ទំនេរ​ចោល ដោយ​គ្មាន​ការ​អភិវឌ្ឍ។ លោក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ គួរ​តែ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។ លោក​ថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​តំបន់​នោះ​ខ្វះ​ដី​បង្កបង្កើនផល ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ដក​ហូត​ដី​ទាំងនោះ​មក​វិញ ដើម្បី​ផ្តល់​ជា​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​វិញ « អ្វី​ដែល​ជា​ការ​សំខាន់​នោះ គឺ​បើ​សិន​ជា​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ជាមួយ​រដ្ឋ​ទេ ក្រុមហ៊ុន​ត្រូវ​តែ​លុប​ចោល ទុក​ឲ្យ​អ្នក​ដែល​មាន​លទ្ធភាព ឬ​មួយ​ទុក​ជា​សម្បទាន​សង្គមកិច្ច​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​យើង​ក៏​ត្រូវ​តែ​បំបាត់​ចោល​នូវ​របាយការណ៍​ភូតភរ​មិន​បង្ហាញ​ការពិត។ វា​គ្រោះថ្នាក់​ណាស់​សម្រាប់​ប្រទេស​ជាតិ »

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ត្រង់​មាត្រា​៦២ ចែង​ថា រាល់​សម្បទាន​ដី​សម្រាប់​ដំណាំ​ឧស្សាហកម្ម​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល ១២​ខែ បន្ទាប់​ពី​ការ​ផ្តល់​សម្បទាន បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ទុក​ជា​មោឃ។ ចំណែក​ប្រកាស​អន្តរ​ក្រសួង​របស់​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន វិញ បញ្ជាក់​ថា ក្រសួង​កសិកម្ម ឬ​ក្រសួង​បរិស្ថាន នឹង​ធ្វើ​ការ​ណែនាំ​ដល់​ក្រុមហ៊ុន​វិនិយោគ​ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចសន្យា ឬ​គោលការណ៍​បច្ចេកទេស និង​ច្បាប់​នានា។ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​នៅ​តែ​មិន​អនុវត្ត​តាម​ទៀត​នោះ ក្រសួង​កសិកម្ម ឬ​ក្រសួង​បរិស្ថាន នឹង​លើក​សំណើ​ទៅ​រាជ​រដ្ឋាភិបាល ដើម្បី​លុប​ចោល​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។