ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អំពាវនាវឱ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ចុះមកសិក្សា និងឈានដល់ការដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានពីរដ្ឋ ប៉ុន្តែទុកដីទំនេរចោលមិនឃើញមានការអភិវឌ្ឍ។ ចំណែកភាគីក្រុមហ៊ុនបញ្ជាក់ថា ខ្លួនកំពុងពិភាក្សាជាមួយក្រសួងកសិកម្មអំពីផែនការមេដើម្បីវិនិយោគដំណាំកសិ-ឧស្សាហកម្មលើដីសម្បទានទាំងនោះ។
ប្រជាពលរដ្ឋនៃភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មចុះត្រួតពិនិត្យ និងវាយតម្លៃដីសម្បទានសេដ្ឋកិច្ចដែលផ្ដល់ឱ្យក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ីនធឺថេនមិន (World Tristar Entertainment Co., Ltd) ដែលពួកគាត់អះអាងថា មិនគោរពតាមនីតិវិធីរបស់រដ្ឋាភិបាលស្ដីពីសម្បទានដីសេដ្ឋកិច្ច។
ពលរដ្ឋបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ ដូចជាកាប់ឈើក្នុងតំបន់ដីសម្បទានលក់អស់គ្មានសល់ ទុកដីទំនេរចោលមិនធ្វើការអភិវឌ្ឍន៍ ទន្ទ្រានដីបន្ថែម រំលោភបំពានដីប្រជាពលរដ្ឋ និងសហគមន៍ ដុតផ្ទះ និងឈូសបំផ្លាញផលដំណាំកសិកម្មរបស់ពលរដ្ឋអស់រាប់ពាន់ហិកតារ ព្រមទាំងដាក់កុងត្រូលយកលុយពីពលរដ្ឋដែលដឹកអុស ឬដឹកអនុផលកាត់តាមតំបន់ដីសម្បទានរបស់ក្រុមហ៊ុន។
សំឡេងពលរដ្ឋ៖ «អភិបាលខេត្តគាត់បានទទួលក្រដាសពីខ្ញុំហើយ ប៉ុន្តែគាត់ពុំបានជួយអន្តរាគមន៍ដល់ជនរងគ្រោះ ដូចជាពួកខ្ញុំនេះ។ អត់ឃើញមានសកម្មភាពអ្វីដែលគាត់អើពើរឿងសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ចង់ឱ្យសម្ដេច (ហ៊ុន សែន) លោកជួយចុះមកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋរស់នៅកន្លែងជម្រកឱ្យមានប័ណ្ណកម្មសិទ្ធិរៀងៗខ្លួន កុំឱ្យប្រជាពលរដ្ឋរស់នៅកន្លែងហ្នឹងលំបាកទឹកភ្នែកហូរជារៀងរាល់ថ្ងៃ។ សូមសម្ដេចចុះមកមើលផ្ទាល់ភ្នែកក៏បាន ឱ្យកូនចៅសម្ដេចចុះមកក៏បានដែរ។ គ្រាន់តែឈូសយកដីចោលទទេ អស់ព្រៃហើយដីនៅទំនេរ អត់មានឃើញធ្វើអីសោះ។ វាអត់មានធ្វើតាមលក្ខន្តិកៈជាមួយរាជរដ្ឋាភិបាលទេ។ ដាំដើមអាកាស្យាតិចតួចតែប៉ុណ្ណឹង ហើយដើរវាស់ដីហ្នឹងកាត់កាយជាព្រំតែប៉ុណ្ណឹង។ អត់មានបានធ្វើអីទេ ដូច្នេះវាអត់ល្អទេ យើងខ្ញុំក៏ចង់បានថា ឱ្យរដ្ឋាភិបាលហ្នឹងរំសាយ និងរំលាយកិច្ចសន្យារបស់ក្រុមហ៊ុនចេញទៅ ដើម្បីយកដីនេះចែកប្រជាពលរដ្ឋដែលខ្វះខាត»។
ក្រុមពលរដ្ឋបញ្ជាក់ថា ក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ីនធឺថេនមិន ឬពួកគាត់និយមហៅថា ក្រុមហ៊ុន សូ ងួន ចាប់ផ្ដើមមានវត្តមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់នៅឆ្នាំ២០០៥ ហើយផ្ដើមឈូសឆាយប៉ះពាល់ដីធ្លី និងផ្ទះសម្បែងពលរដ្ឋនៅឆ្នាំ២០០៦ រហូតមក។

ក្រុមពលរដ្ឋអះអាងថា សកម្មភាពរបស់ក្រុមហ៊ុនបានប៉ះពាល់ដល់ពលរដ្ឋជាង ៦០០គ្រួសារ នៅក្នុងភូមិទួលដូនតី ភូមិព្រៃពាយ ភូមិដុំផ្តៅ នៃឃុំត្រពាំងភ្លាំង និងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
ពលរដ្ឋបន្តថា ថ្វីត្បិតតែក្រុមហ៊ុនបានឈូសឆាយដីពិតមែន តែក្រុមហ៊ុនបានដាំដើមអាកាស្យាបានប្រមាណ ៥០០ ទៅ ៦០០ហិកតារប៉ុណ្ណោះ ចំណែកឯដីនៅសល់មិនត្រូវបានដាំដុះ ឬអភិវឌ្ឍតំបន់នោះទេ ដោយក្រុមហ៊ុនបានទុកដីទាំងនោះឱ្យទំនេរចោល។
ឆ្លើយតបនឹងការចោទប្រកាន់នេះ តំណាងក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ីនធឺថេនមិន លោក ឡាយ សាំងលី បញ្ជាក់ថា ក្រុមហ៊ុនកំពុងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីផែនការមេក្នុងការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មលើដីសម្បទានទាំងនោះ។ លោកថា ក្រុមហ៊ុនបានដាំដុះកូនអាកាស្យាជាបន្តបន្ទាប់ ហើយជំហានបន្ទាប់ ក្រុមហ៊ុនគ្រោងនឹងដាំដូងប្រេងនៅលើដីនោះ ដោយប្រើប្រាស់កម្លាំងពលកម្មរបស់ពលរដ្ឋនៅមូលដ្ឋាន៖ «ប្រជាជនដែលគាត់និយាយអ៊ីចឹង មានន័យថា គាត់ចេះតែចង់បានដីបន្ថែមទៀត។ កន្លងមកច្រើនតែអ៊ីចឹង អ្នកគេវាស់វែងហើយ គេអត់ខ្វល់អ្វីទេ។ គេបានដីធ្លីហើយ គេដាំដំណាំអ៊ីចឹងទៅ។ អ្នកខ្លះបានហើយចេះតែយកទៅលក់វិញ ហើយចេះតែរុករានក្រុមហ៊ុនទៀត ចេះតែខឹងក្រុមហ៊ុនថា ដីហ្នឹងអត់អភិវឌ្ឍ។ ធម្មតាក្រុមហ៊ុនអភិវឌ្ឍន៍មិនដែលអភិវឌ្ឍភ្លាម អស់ភ្លាមទេ ដីហ្នឹងនោះ។ វាទៅតាមដំណាក់កាល»។
ក្រុមហ៊ុន វើលដ៍ ទ្រីស្តារ អ៊ីនធឺថេនមិន ទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួនជិត ១ម៉ឺនហិកតារ (៩.៨០០) នៅស្រុកឈូក ខេត្តកំពត ពីរដ្ឋាភិបាលកាលពីឆ្នាំ២០០៥ ក្រោមកិច្ចសន្យាសម្បទានរយៈពេល ៧០ឆ្នាំ។ ប៉ុន្តែកាលពីខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលបានធ្វើអនុបយោគដីនេះ មកនៅត្រឹមជាង ៦ពាន់ហិកតារ (៦.១០៧) វិញ សម្រាប់ឱ្យវិនិយោគដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមសត្វ។
ជុំវិញរឿងនេះ សមាជិកក្រុមជំនួយការនៃលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច លោក សៀ រ៉ា បញ្ជាក់ថា ការមិនបានដាំដុះរបស់ក្រុមហ៊ុនអាចមានលក្ខខណ្ឌពីរ ទីមួយ ដោយសារការរារាំងរបស់ពលរដ្ឋ និងម្យ៉ាងអាចដោយសារការអនុវត្តបទបញ្ជាលេខ ០១ របស់រដ្ឋាភិបាល ដែលតម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពរហូតដល់ដោះស្រាយទំនាស់ជាមួយពលរដ្ឋរួចជាមុនសិន។
មន្ត្រីជំនាញរូបនេះបញ្ជាក់ថា លេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ចដែលមានសមាសភាពចម្រុះពីអន្តរក្រសួង កំពុងសិក្សា និងវាយតម្លៃសកម្មភាពរបស់ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ហើយបើរកឃើញថា ក្រុមហ៊ុនណាប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់ នោះរដ្ឋាភិបាលរដ្ឋាភិបាលនឹងដកហូតដីពីក្រុមហ៊ុនទាំងនោះវិញ៖ «ក្រោយពីបទបញ្ជា ០១ រដ្ឋាភិបាលបានសម្រេចឱ្យផ្អាកទាំងអស់សិន លុះត្រាតែបទបញ្ជា ០១ បានអនុវត្តចប់។ អ៊ីចឹងក្រុមហ៊ុនមួយចំនួនតាមគណៈកម្មការអន្តរក្រសួងដែលមានឯកឧត្ដម ប៊ិន ឈិន គាត់ចុះវាយតម្លៃទុករយៈពេលឱ្យក្រុមហ៊ុនហ្នឹងអនុវត្ត។ ក្រុមហ៊ុនអនុវត្តមិនបានគេត្រូវតែដកហើយ អ៊ីចឹងបានគេមាន ស.ជ.ណ ទុករយៈពេលឱសានវាទឱ្យក្រុមហ៊ុននីមួយៗ ថាអ្នកណាត្រូវធ្វើអ្វី»។
មន្ត្រីក្រសួងកសិកម្មរូបនេះ ឱ្យដឹងថា លទ្ធផលនៃការចុះសិក្សា និងវាយតម្លៃសកម្មភាពរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងជាង ២៧០ ក្រុមហ៊ុននឹងអាចដឹងនៅត្រឹមខែមីនា ខាងមុខនេះ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពត លោក ហេង ភារៈ ដែលតាមដានករណីនេះ បញ្ជាក់ថា ដីភាគច្រើនដែលក្រុមហ៊ុនទទួលបានត្រូវទុកទំនេរចោល ដោយគ្មានការអភិវឌ្ឍ។ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ គួរតែចុះស៊ើបអង្កេតករណីនេះ ដោយយកចិត្តទុកដាក់ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ ចៀសវាងការទុកបណ្ដោយ ដែលធ្វើឱ្យពលរដ្ឋ និងក្រុមហ៊ុនបន្តប្រឈមមុខដាក់គ្នា។ បើរកឃើញថា ក្រុមហ៊ុនមិនអនុវត្តកិច្ចសន្យាមែននោះ រដ្ឋាភិបាលត្រូវនិរាករណ៍កិច្ចសន្យារបស់ក្រុមហ៊ុន៖ «សូមឱ្យក្រសួងពាក់ព័ន្ធចុះមកធ្វើការអង្កេតជាក់ស្ដែងថា តើក្រុមហ៊ុនហ្នឹងមានការដាំដុះបានប៉ុន្មានភាគរយនៅលើផ្ទៃដីសរុប ហើយដីទំនេរប៉ុន្មានភាគរយ ដើម្បីចៀសវាងការចោទប្រកាន់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដែលប្រជាពលរដ្ឋលើកឡើងថា មិនមានការដាំដុះហ្នឹង។ សូមអញ្ជើញខាងក្រសួងពាក់ព័ន្ធមកចុះស៊ើបអង្កេតឱ្យបានត្រឹមត្រូវ ដើម្បីវាយតម្លៃជាក់លាក់ដើម្បីមានជំនឿដល់ប្រជាពលរដ្ឋ»។
ច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា ៦២ ចែងថា រាល់សម្បទានដីសម្រាប់ដំណាំឧស្សាហកម្មត្រូវចាប់ផ្ដើមធ្វើអាជីវកម្មក្នុងរយៈពេល ១២ខែ បន្ទាប់ពីការផ្ដល់សម្បទាន បើមិនដូច្នោះទេ នឹងត្រូវទុកជាមោឃៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។