អាជ្ញាធរ​ខេត្ត​រតនគិរី​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​សហគមន៍​និង​ក្រុមហ៊ុន​ចាង​លី

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ក្រុម​មន្ត្រី​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ស្រុក​អណ្ដូងមាស បាន​សម្រេច​ចុះ​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ដាល ឃុំ​ញ៉ាង ដែល​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ចាង លី ថា​បាន​ឈូស​ឆាយ​ព្រៃ​ស្រោង ព្រៃ​គោរព​បូជា ព្រៃ​ការពារ និង​ព្រៃ​កប់​សព​សហគមន៍។ ចំណែក​អ្នក​ភូមិ បដិសេធ​មិន​ទទួល​យក​ការ​វាស់វែង​ដី​ជា​លក្ខណៈ​គ្រួសារ​ឡើយ។

អាជ្ញាធរ​ស្រុក​អណ្ដូងមាស បាន​សម្រេច​ឲ្យ​សហគមន៍​បោះ​បង្គោល​បង្ហាញ​តំបន់​ព្រៃ​អភិរក្ស​របស់​ខ្លួន ដើម្បី​អាជ្ញាធរ​ជំនាញ​ចុះ​វាស់វែង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត សម្រេច​កាត់​ដី​នោះ​ជូន​ប្រជាពលរដ្ឋ​តាម​ការ​ទាមទារ ឬ​យ៉ាង​ណា។

ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បដិសេធ​មិន​ទទួល​យក​ការ​វាស់វែង​ដី​ជា​លក្ខណៈ​គ្រួសារ តាម​រយៈ​ក្រុម​សមត្ថកិច្ច​ចម្រុះ មាន​មន្ត្រី​ព្រៃ​ឈើ មន្ត្រី​ភូមិបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​កាល​ពី​ចុង​ខែ​កញ្ញា។

អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ កត់​សម្គាល់​ថា កន្លង​ទៅ ការ​ទាមទារ​របស់​សហគមន៍​មិន​បាន​កំណត់​ជាក់លាក់​ពី​តំបន់​ដី​ដែល​អ្នក​ភូមិ​តវ៉ា ហេតុ​នេះ​ក្រុម​ជំនាញ​ពិបាក​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ ទាក់ទិន​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​បាន​រំលោភ។ លោក​បន្ត​ថា សមត្ថកិច្ច​ជំនាញ​រង់ចាំ​ការ​សម្រេច​ជាក់លាក់​របស់​សហគមន៍ ដែល​ប្រជុំ​ឯកភាព​គ្នា​កំណត់​ទីតាំង​ព្រំ​ដី​ដែល​សហគមន៍​ទាមទារ ដើម្បី​សមត្ថកិច្ច​ជំនាញ​វាស់វែង​ធ្វើ​ពង្រាង​ផែនទី​ដី ហើយ​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​សម្រេច៖ «ឥឡូវ​យើង​កំពុង​ធ្វើ​រួម​ឲ្យ​គាត់​ហើយ ឲ្យ​គាត់​ចង្អុល​មក​ធ្វើ​យ៉ាង​ម៉េច បន្ថែម​មក​កន្លែង​ណា​ដែល​ថា​អារក្ស យើង​កាត់​ឲ្យ​គាត់ ឬ​ស្នើសុំ​យ៉ាង​ម៉េច? ជំហាន​ទី​១ យើង​ធ្វើ​តាម​សំណូមពរ​គាត់​ឲ្យ​គាត់​កំណត់​មក ព្រោះ​យើង​មិន​ងាយ​ដើរ​ទេ​ព្រៃ​ហ្នឹង»

ក្រុមហ៊ុន ចាង លី ទទួល​បាន​ដី​សម្បទាន ១.៩០០​ហិកតារ​នៅ​ស្រុក​អណ្ដូងមាស កាល​ពី​ឆ្នាំ​២០១០ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​កាប់​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ស្រោង និង​ព្រៃ​ត្រណម​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។ ដោយឡែក​ទៀត ក្រុមហ៊ុន​បាន​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​ព្រៃ​រក​អនុផល​ព្រៃ​ឈើ​ជា​លក្ខណៈ​ប្រពៃណី តាម​ទម្លាប់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទៀត​ផង។

សមាជិក​សហគមន៍​ភូមិ​ដាល លោក សល់ ផាត់ រៀបរាប់​ថា អ្នក​ភូមិ​ត្រូវ​ការ​រក្សា​ទុក​ព្រៃ​ឈើ​ទាំង​នោះ ដើម្បី​អ្នក​ភូមិ​ស្នើសុំ​ជា​ព្រៃ​ការពារ​សហគមន៍ គ្រា​អ្នក​ភូមិ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ​នេះ ជា​កម្មសិទ្ធិ​សមូហភាព។ ហេតុ​នេះ អ្នក​ភូមិ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​នោះ។ លើស​ពី​នេះ​ទៀត លោក​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ ព្រៃ​នៅ​តំបន់​នោះ​ប្រមាណ ១៥០​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដី​ដាំ​កៅស៊ូ៖ «គេ​ថា​យល់ព្រម​ថ្ងៃ​មុន​ទៅ​វាស់​ហើយ គេ​វាស់​ត្រឹម​ចម្ការ​ស្រែ​ប៉ុន្មាន​ម៉ែត្រ​ហ្នឹង ក្រៅ​ពី​ហ្នឹង​គេ​ថា​អត់​វាស់​ទេ អ្នក​ភូមិ​មក​ក្រោយ​គេ​ទៅ​ផ្ទះ​អស់»

ចំណែក​ប្រធាន​គណៈកម្មការ​សហគមន៍ លោក កាឡាន ប៉ិច ទទួល​ស្គាល់​ថា មន្ត្រី​មូលដ្ឋាន​ថ្នាក់​ឃុំ-ស្រុក យក​សំអាង​ថា តំបន់​ព្រៃ​ឈើ​នោះ​រដ្ឋ​បាន​ផ្តល់​ជា​ដី​សម្បទាន។ ហេតុ​នេះ មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​នោះ​ឡើយ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ចូល​មក​ឈូស​ឆាយ​ដី​ដោយ​មិន​បាន​ពិគ្រោះ​យោបល់ ឬ​សិក្សា​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​ដែល​អភិរក្ស​តំបន់​នោះ​តាម​ប្រពៃណី​ជនជាតិ​ដើម៖ «យើង​អត់​ព្រម ដោយសារ​អ្វី? ដី​បី​បួន​ម៉ែត្រ​អ៊ីចឹង យើង​វាស់​ម៉េច​បាន។ យើង​ចង់​បាន​ទាមទារ​ដី​បម្រុង​ទុក ដី​អភិរក្ស ដី​សែន​អារក្ស ដី​ចម្ការ​វិល​ជុំ ដី​ទួល​សុវត្ថិភាព និង​ដី​កប់​ខ្មោច»

មន្ត្រី​អាជ្ញាធរ​ស្រុក​អណ្ដូងមាស ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ក្រុមហ៊ុន ចាង លី នៅ​សល់​ផ្ទៃ​ដី​សម្បទាន​ប្រមាណ ៦០០ ទៅ ៧០០​ហិកតារ​តែ​ប៉ុណ្ណោះ ដោយសារ​រាជ​រដ្ឋាភិបាល​បាន​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​តាម​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី កាល​ពី​ឆ្នាំ​២០១២។ អាជ្ញាធរ​ស្រុក​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន ចាង លី រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ដាំ​កៅស៊ូ​បាន​ប្រមាណ ២០០ ទៅ ៣០០​ហិកតារ​ក្នុង​បរិមាណ​ដី​ដែល​នៅ​សេសសល់។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ថ្លែង​បញ្ជាក់​ថា ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ សមាគម​បាន​អន្តរាគមន៍​ជូន​អាជ្ញាធរ​ខេត្ត និង​ថ្នាក់​ជាតិ​រួច​ហើយ ដើម្បី​ពិនិត្យ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ លោក​ថា ក្រុម​អាជ្ញាធរ​ត្រូវ​កាត់​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​បាន​ណែនាំ៖ «យើង​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន​បង្ហាញ​ភាព​ច្បាស់លាស់​កាត់​ដី​ទុក​ឲ្យ​សហគមន៍​ត្រឹម​ណា បាន​ទំនាស់​ហ្នឹង​ដោះស្រាយ​បាន​ល្អ​ប្រសើរ»

ទាក់ទិន​ករណី​នេះ​ដែរ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក វង សុកសិរី មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​បាន​ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​វាស់វែង​ដី​ដើម្បី​បែង​ចែក​សម្រាប់​សហគមន៍ និង​ផ្តល់​ជូន​ក្រុមហ៊ុន​ធ្វើ​ការ​វិនិយោគ​បន្ត៖ «គណៈកម្មការ​ខេត្ត-ស្រុក កំពុង​ចុះ ខាង​ព្រៃ​ឈើ​ក៏​ចូលរួម​ដែរ ហើយ​យើង​ដាក់​ឯកសារ​មក​ខេត្ត ដើម្បី​កំណត់​មួយ​ណា​ជូន​ប្រជាជន មួយ​ណា​ជូន​ក្រុមហ៊ុន​ធ្វើ​បន្ត»

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កាហល់ ឃុំ​ម៉ាលិច ស្រុក​អណ្ដូងមាស ក៏​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ចាង លី ថា​បាន​កាប់​បំផ្លាញ​ព្រៃ​ស្រោង និង​ព្រៃ​គោរព​បូជា​ជនជាតិ​ដើម​ភាគ​តិច ដែល​រក្សា​ទុក​ជា​ព្រៃ​ការពារ​សហគមន៍។ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា តំណាង​អ្នក​ភូមិ​ទាំង​ពីរ បាន​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ផ្លូវ​ច្បាប់ បញ្ជូន​ពាក្យ​បណ្ដឹង​អ្នក​ភូមិ​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ​ទាំង​ពីរ បន្ទាប់​ពី​ពួក​គាត់​អះអាង​ថា ក្រុមហ៊ុន​កំពុង​រំលោភ​កិច្ចសន្យា​សម្បទាន និង​រំលោភ​សិទ្ធិ​រស់នៅ​ជនជាតិ​ដើម​ភាគ​តិច។

ទោះ​ជា​យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ​ភូមិ​ដាល អះអាង​ថា ពួក​គាត់​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា ប្រសិន​អាជ្ញាធរ​មិន​បាន​កាត់​ដី​តំបន់​ព្រៃ​អភិរក្ស ប្រគល់​ជូន​សហគមន៍​គ្រប់គ្រង​តាម​ការ​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។