ពលរដ្ឋ​បន្ត​ស្នើ​រដ្ឋាភិបាល​ជួយ​បើក​របង​ឆ្នេរ​សមុទ្រ​ដែល​ក្រុមហ៊ុន​និង​អ្នក​មាន​អំណាច​ហ៊ុមព័ទ្ធ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ក្រុម​អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើទាល ឬ​អតីត​ក្រុមហ៊ុន​អារីស្តុន បាន​បន្ត​រិះគន់​ក្រុមហ៊ុន​សុខា ដែល​បាន​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រប​មាត់​សមុទ្រ​ក្បែរ​របង​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជាច្រើន​ឆ្នាំ​មក​ហើយ និង​គ្មាន​ការ​អភិវឌ្ឍ។

បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ បាន​សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ជួយ​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​មួយ​ចំនួន ពិសេស​ឆ្នេរ​មាន​ទីតាំង​នៅ​មិន​ឆ្ងាយ​ពី​ភូមិគ្រឹះ​លំហែ​កាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី នា​ឆ្នេរ​អូរឈើទាល ដាក់​ជូន​ពលរដ្ឋ​បាន​ប្រើប្រាស់​ផ្លូវ​ក្រាល​កៅស៊ូ ឆ្ពោះ​ទៅ​ដំណាក់​ស្ដេច​ដូច​ដើម​វិញ។

ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត កាល​បើ​ឃើញ​ឆ្នេរ​សមុទ្រ​ភាគ​ច្រើន ត្រូវ​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល​ដោយ​គ្មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់។ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ដែល​បាន​នាំ​ក្រុម​គ្រួសារ​មក​លំហែ​អារម្មណ៍ ឬ​យក​ខ្យល់​អាកាស​តាម​ឆ្នេរ​សមុទ្រ ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ បាន​រអ៊ូ​ថា គ្មាន​ឆ្នេរ​សម្រាប់​អង្គុយ​លេង នៅ​ពេល​ឆ្នេរ​ភាគ​ច្រើន​មិន​អាច​ដើរ​ឆ្លង​កាត់​បាន ដោយសារ​មាន​របង​ថ្ម​ហ៊ុមព័ទ្ធ និង​គ្មាន​អនាម័យ។

ផ្ដើម​ពី​បញ្ហា​នេះ ភ្ញៀវ​ទេសចរ​ទាំង​នោះ បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​បើក​ឆ្នេរ ឬ​អភិវឌ្ឍ​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទូលំទូលាយ និង​មាន​អនាម័យ​ដូច​ឆ្នេរ​អូរឈើទាល មាន​ទីតាំង​ទល់​មុខ​ផ្ទះ​លំហែ​កាយ​របស់​ប្រមុខ​ដឹក​នាំ​ដែរ។

កាល​ពី​ដើម​សប្ដាហ៍​នេះ ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ឆ្នេរ​អូរឈើទាល ឬ​ក្រុម​អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា មាន​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ព្រម​ទាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ និង​សម្ដេច​យាយ​ផង បាន​សំណូមពរ​ឲ្យ​ជួយ​បើក​ផ្លូវ​ក្រាល​កៅស៊ូ​ប្រប​មាត់​សមុទ្រ ជាប់​មុខ​វិមាន​លំហែ​កាយ​ប្រមុខ​ដឹក​នាំ ឆ្ពោះ​ទៅ​ដំណាក់​ស្ដេច ជូន​ពលរដ្ឋ​ឆ្លង​កាត់​វិញ។

លោកស្រី ភឿក សុខេន តំណាង​ពលរដ្ឋ​សហគមន៍​ឆ្នេរ​អូរឈើទាល បាន​ឲ្យ​ដឹង​ថា ឆ្នេរ​ដែល​បិទ ឬ​ហ៊ុមព័ទ្ធ​របង​ថ្ម​នេះ ត្រូវ​ក្រុមហ៊ុន​សុខា បិទ​របង​ថ្ម​ទុក​ចោល និង​គ្មាន​ការ​អភិវឌ្ឍ​អ្វី​ទាំងអស់។ លោកស្រី​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បើក​ផ្លូវ​ជូន​ភ្ញៀវ​ទេសចរ ឬ​ទុក​ជូន​ពលរដ្ឋ​ប្រកប​មុខ​របរ​លក់​ដូរ​ចំណី​អាហារ ដោយ​គ្មាន​ការ​គំរាម​កំហែង​ដូច​ពេល​មុន​វិញ៖ «សូម​សំណូមពរ​ដល់​ថ្នាក់​ជាតិ ឬ​សម្ដេច​នាយក​រដ្ឋមន្ត្រី ជួយ​ពិនិត្យ​មើល​ផ្លូវ​ចុង​ឆ្នេរ​អូរឈើទាល អតីត​ក្រុមហ៊ុន​អារីស្តុន ដែល​ក្រុមហ៊ុន​សុខា បាន​ហ៊ុមព័ទ្ធ​របង​ថ្ម​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​កៅស៊ូ​ប្រប​ឆ្នេរ​សមុទ្រ​នេះ​ទេ។ សំណូមពរ​ឲ្យ​សម្ដេច បើក​ផ្លូវ​កៅស៊ូ​នេះ​ជូន​ពលរដ្ឋ​ឆ្លង​កាត់ ឬ​លក់​ដូរ​ចិញ្ចឹម​ជីវិត​ដូច​ដើម​វិញ ព្រោះ​ករណី​នេះ អាជ្ញាធរ​ខេត្ត​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​របស់​ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា ឬ​ក្រសួង​មហាផ្ទៃ បាន​ដាក់​មក​នោះ​ទេ ហើយ​ទំនង​ជា​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ក្រុមហ៊ុន។ ដូច្នេះ​សូម​សម្ដេច ហ៊ុន សែន បញ្ជូន​មន្ត្រី​ចុះ​អង្កេត ពិនិត្យ​ជាក់ស្តែង​ដល់​មូលដ្ឋាន​នេះ ដើម្បី​ឈាន​ដល់​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ បាន​លក់​ដូរ​នៅ​ឆ្នេរ​អូរឈើទាល ដោយ​មាន​សុវត្ថិភាព​វិញ»

បន្ថែម​លើ​នេះ ក៏​មាន​អាជីវករ និង​ភ្ញៀវ​ទេសចរ​ជាតិ​ជាច្រើន​ទៀត បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹក​នាំ​ជួយ​បើក​ឆ្នេរ​ដែល​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​អភិវឌ្ឍ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ជំនួស​វិញ៖ «សូម​សម្ដេច​ម៉ែ​សម្ដេច​តា សម្ដេច ហ៊ុន សែន ជួយ​បើក​ផ្លូវ​កៅស៊ូ​ដែល​ក្រុមហ៊ុន​សុខា បិទ​របង​ថ្ម​មិន​ឲ្យ​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ឆ្លង​កាត់​នៅ​ចុង​ឆ្នេរ​អូរឈើទាល ឬ​អារីស្តុន ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​រក​ស៊ី​លក់​ដូរ​ដូច​ដើម​វិញ។ ផ្លូវ​ប្រប​មាត់​សមុទ្រ​ឆ្នេរ​អូរឈើទាល នេះ គឺ​មាន​តាំង​ពី​ជំនាន់​សម្ដេច​តា នរោត្តម សីហនុ មក​ម្ល៉េះ ហើយ​ទើប​ក្រុមហ៊ុន​បិទ​នៅ​ឆ្នាំ​២០០៦ កន្លង​មក​នេះ​ទេ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​សុខា ក៏​នៅ​បន្ត​បិទ​ផ្លូវ​កៅស៊ូ​ប្រប​មាត់​សមុទ្រ​ខេត្ត​ព្រះសីហនុ ចុង​ឆ្នេរ​អូរឈើទាល មិន​ទាន់​បើក ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ក៏​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទេ នៅ​លើ​ដី​នេះ។ ដូច្នេះ សំណូមពរ​ឲ្យ​សម្ដេច​បើក​ផ្លូវ​ក្រាល​កៅស៊ូ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ និង​លក់​ដូរ​ឲ្យ​បាន​ទូលំទូលាយ​ឡើង​វិញ»

មិន​មែន​មាន​តែ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ទេ ដែល​សំណូមពរ​ចង់​ឲ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ពិចារណា​ដក​ហូត​ឆ្នេរ​សមុទ្រ​ពី​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច ដែល​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល ដាក់​ជា​សម្បត្តិ​រដ្ឋ សូម្បី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​នេះ ក៏​ចង់​ឃើញ​រដ្ឋាភិបាល​លូក​ដៃ​ក្នុង​រឿង​នេះ​ដែរ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ទទូច​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បើក​ឆ្នេរ​សមុទ្រ​ដែល​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល ដាក់​ជា​សម្បត្តិ​រដ្ឋ ហើយ​អភិវឌ្ឍ​បម្រើ​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទូលំទូលាយ​វិញ៖ «តាម​ការ​សង្កេត​ជាក់ស្តែង​របស់​ខ្ញុំ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ស្ទើរ​តែ ៩០​ភាគរយ​ទៅ​ហើយ​ដែល​ត្រូវ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ រំលោភ​យក​ដី​ចំណី​ឆ្នេរ​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល​គ្មាន​អភិវឌ្ឍ និង​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ។ ជាង​នេះ ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ តែង​បាន​រអ៊ូរទាំ​ជាប់​ជានិច្ច​ថា ហេតុ​អ្វី​បាន​ជា​ឆ្នេរ​នា​ទីក្រុង​ទេសចរណ៍​មួយ​នេះ បាន​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល មិន​ឲ្យ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចេញ​ចូល​ទស្សនា​បែប​នេះ​ទៅ​វិញ»

ឆ្នេរ​ព្រៃត្រែង ដែល​ត្រូវ​ព័ទ្ធ​របង​ហ៊ុមព័ទ្ធ​ជា​កម្មសិទ្ធិ នា​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤
ឆ្នេរ​ព្រៃត្រែង ដែល​ត្រូវ​ព័ទ្ធ​របង​ហ៊ុមព័ទ្ធ​ជា​កម្មសិទ្ធិ នា​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤ (RFA/Den Ayuthyea)

ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ជាប់​សមុទ្រ មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ និង​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត ហើយ​ត្រូវ​រាជ​រដ្ឋាភិបាល​ប្រសិទ្ធិនាម​ថា ជា​តារា​រះ​នា​ទិស​និរតី នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ពេល​បច្ចុប្បន្ន ហាក់​មិន​ស៊ី​គ្នា​នឹង​ប្រសិទ្ធិនាម​នេះ​ទេ ដោយសារ​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល គ្មាន​ភ្លើង​បំភ្លឺ និង​គ្មាន​អនាម័យ ជាដើម៖ «ទន្ទឹម​គ្នា​នោះ ឆ្នេរ​មួយ​ចំនួន​បែរ​ជា​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ទឹក​លាមក​តាម​លូ​ចូល​ទៅ​សមុទ្រ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ខំ​ធ្វើ​ដំណើរ​មក​ពី​ក្រៅ​ប្រទេស សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង»

និយាយ​ដល់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​ថា រាល់​ថ្ងៃ​នេះ ខេត្ត​ជាប់​មាត់​សមុទ្រ​ដែល​ជាប់​ជា​ឆ្នេរ​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក ប៉ុន្តែ​មិន​គួរ​គ្មាន​ឆ្នេរ​ទូលំទូលាយ​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ ចូល​កម្សាន្ត ឬ​ឆ្នេរ​គ្មាន​អនាម័យ​ដូច​នេះ​ទេ៖ «ជា​សំណូមពរ បើ​សិន​ជា​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ចង់​មាន​សេវា​ទេសចរណ៍​ល្អ​ឡើង​វិញ សូម​ឲ្យ​អាជ្ញាធរ​ខេត្ត ឬ​រដ្ឋាភិបាល ត្រូវ​រៀបចំ​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ​ជា​ថ្មី​ឡើង​វិញ និង​បើក​ឆ្នេរ​ឲ្យ​បាន​ទូលំទូលាយ​ឲ្យ​ដូច​ប្រទេស​ជិត​ខាង​កម្ពុជា ដែល​មាន​ទេសចរ​អន្តរជាតិ​ចូល​ទៅ​ទស្សនា​ច្រើន​ជាង​កម្ពុជា រាប់​រយ​ដង»

ស្រដៀង​គ្នា​នេះ​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ក៏​ថ្លែង​រិះគន់​សកម្មភាព​ហ៊ុមព័ទ្ធ​របង​ថ្ម​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​គ្មាន​ការ​អភិវឌ្ឍ ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​គ្មាន​វិធានការ​ទៅ​វិញ។ លោក​បន្ត​ថា ខេត្ត​ព្រះសីហនុ ដែល​ទទួល​បាន​ប្រសិទ្ធិនាម​ថា ជា​តារា​រះ​នា​ទិស​និរតី ប៉ុន្តែ​ជាក់ស្តែង ឆ្នេរ​ភាគ​ច្រើន​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន ឬ​ឯកជន​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​ភ្ញៀវ​ទេសចរ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​បាន​ទេ៖ «ឆ្នេរ​ស្រស់​ស្អាត​បំផុត​របស់​ប្រទេស​កម្ពុជា នា​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន ត្រូវ​អ្នក​មាន​លុយ​មាន​អំណាច បាន​ហ៊ុមព័ទ្ធ​យក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ។ ដែល​ដី​នេះ គឺ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ ដូច្នេះ ទង្វើ​នេះ​វា​ផ្ទុយ​ពី​ច្បាប់​ទាំង​ស្រុង។ ខ្ញុំ​សង្ឃឹម​ថា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី​នេះ នឹង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ភូមិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង យក​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​ត្រូវ​រំលោភ​បំពាន មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ កុំ​ឲ្យ​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ដូច​សព្វថ្ងៃ​ទៀត»

ទាក់ទិន​បញ្ហា​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នា​ពេល​កន្លង​មក ធ្លាប់​បាន​ដឹក​នាំ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនាការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ ចូលរួម​រក្សា​អនាម័យ​ឆ្នេរ​ឲ្យ​បាន​គ្រប់​គ្នា ប្រយោជន៍​ដើម្បី​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទស្សនា​ខេត្ត​នេះ​កើន​ច្រើន​នា​ថ្ងៃ​អនាគត។ ជាង​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ជាប់​មាត់​សមុទ្រ ត្រូវ​បន្ត​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ ចូលរួម​សម្អាត​អនាម័យ​ជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន​នីមួយៗ។ បន្តបន្ទាប់​មក​ទៀត ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ក្រោម​ឱវាទ​ខេត្ត​នេះ បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​រើស​សំរាម ឬ​សម្អាត​អនាម័យ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ឬ​តាម​ឆ្នេរ​សមុទ្រ ជាដើម ហើយ​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១០ ខែ​តុលា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ដឹក​នាំ​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ចុះ​ធ្វើ​អនាម័យ ឬ​រើស​សំរាម​តាម​ទី​សាធារណៈ ដោយ​មាន​មន្ត្រី​រាជការ​ចូលរួម​ច្រើន​កុះករ។ ប៉ុន្តែ​ចំពោះ​សំណួរ​ថា តើ​នៅ​ពេល​ណា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ នឹង​រក​ដំណោះស្រាយ​ទៅ​លើ​សកម្មភាព​ហ៊ុមព័ទ្ធ​របង​ថ្ម​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ ពី​សំណាក់​ក្រុមហ៊ុន និង​ឯកជន ហើយ​បិទ​របង​ថ្ម​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ គឺ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ណា​មួយ​ហ៊ាន​ចេញ​មុខ​បកស្រាយ​ទេ ដោយ​ដាក់​បញ្ហា​នេះ​ទុក​ជូន​ប្រមុខ​ដឹក​នាំ​ជា​អ្នក​រក​ដំណោះស្រាយ។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូ​ម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។