ប៉ូលិស​ស្រុក​ពោធិ៍រៀង​រង​ការ​ចោទ​ថា​ប្រើ​ដំបង​ឆក់​និង​កាំភ្លើង​គំរាម​ពលរដ្ឋ​រឿង​សង់​ប៉ុស្តិ៍

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ប្រជាពលរដ្ឋ​ភូមិ​ត្នោត ចោទ​ប្រកាន់​ប៉ូលិស​នៅ​ឃុំ​កំពង់ឫស្សី ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ថា​បាន​ប្រើប្រាស់​កាំភ្លើង និង​ដំបង​ឆក់ គំរាម​កំហែង​ពួក​គាត់ និង​រារាំង​មិន​ឲ្យ​ជួប​ជុំ​តវ៉ា​ទាមទារ​យក​ដី​សាលា​ឆទាន ដែល​ប៉ូលិស​កំពុង​យក​ទៅ​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល។ ទោះ​ជា​យ៉ាង​ណា ប៉ូលិស​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្នោត ស្ថិត​ក្នុង​ឃុំ​កំពង់ឫស្សី អះអាង​ថា ប៉ុន្មាន​ថ្ងៃ​នេះ ពួក​គាត់​មិន​ហ៊ាន​ជួប​ជុំ​តវ៉ា​ទាមទារ​យក​ដី​សាលា​ឆទាន ដែល​ប៉ូលិស​ដណ្ដើម​យក​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ទេ ដោយ​ហេតុ​ថា មាន​ប៉ូលិស​ជាច្រើន​នាក់​ប្រដាប់​ដោយ​កាំភ្លើង និង​ដំបង​ឆក់ បាន​គំរាម​កំហែង​ពួក​គាត់៖ «ស្ងប់ស្ងាត់​ហ្នឹង គឺ​ដោយសារ​ប៉ូលិស​យក​ខ្នោះ និង​ដំបង​ឆក់ ព្រម​ទាំង​កាំភ្លើង គំរាម​ប្រជាជន តែ​និយាយ​រួម​ទៅ​មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ ព្រោះ​ថ្ងៃ​មុន​នេះ គឺ​ឆក់ និង​បាន​វាយ​តប់​ជាមួយ​ប្រជាជន​តែ​ម្តង»

តំណាង​អ្នក​ភូមិ​ដដែល​បញ្ជាក់​ថា ក្នុង​ជម្លោះ​ដណ្ដើម​ដី​សាលា​ឆទាន​ទំហំ​ប្រហែល ៥​អា រវាង​ប៉ូលិស និង​អ្នក​ភូមិ​នោះ ក៏​បាន​ពើប​ប្រទះ​ភាព​តានតឹង​ដាក់​គ្នា​ម្តង​ដែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយ​កាល​ណោះ មាន​អ្នក​ភូមិ ៣​នាក់ ពួក​គាត់​រង​របួស​តិចតួច ដោយសារ​ប៉ូលិស​វាយ និង​ឆក់។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ អធិការ​ស្រុក​ពោធិ៍រៀង លោក អ៊ុង ផាន លើក​ឡើង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​និយាយ​មិន​ទៀង​ត្រង់​នោះ​ទេ ហើយ​តាម​ពិត​ទៅ ប៉ូលិស​ដែល​បញ្ជូន​ទៅ​នោះ គឺ​គ្មាន​ការ​គំរាម​កំហែង​នោះ​ទេ ពោល​គឺ​ដើម្បី​ជួយ​កាប់​ដី និង​ជីក​រណ្ដៅ​ប៉ុណ្ណោះ៖ «គាត់​ថា​ធ្វើ​ម៉េច​ឲ្យ​មាន​ច្បាប់ គាត់​ឈប់​រក​រឿង​ហើយ ព្រោះ​ខ្លាច​យើង​លក់​ដី​នោះ ឲ្យ​គេ​បើក​ហ្គារ៉ាស់​សាំង តែ​ដល់​ពេល​យើង​ឲ្យ​ច្បាប់​មើល គាត់​ថា​អត់​ចេះ​អក្សរ ហើយ​ដូចជា​គ្មាន​ប្រើប្រាស់​កាំភ្លើង និង​វាយ​តប់​អី​ទេ»

អ្នក​ភូមិ​រៀបរាប់​ថា ពួក​គាត់​បាន​កាន់​កាប់ និង​សាងសង់​សាលា​ឆទាន​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៨៣ ហើយ​នៅ​ឆ្នាំ​១៩៩៧ ប៉ូលិស​បាន​ចូល​ទៅ​សាងសង់​ខ្ទម​តូច​មួយ ដើម្បី​ធ្វើ​ជា​ប៉ុស្តិ៍​រដ្ឋបាល​នៅ​លើ​ដី​នោះ​ដែរ។ ទោះ​បី​ជា​បែប​នេះ​ក្តី អ្នក​ភូមិ និង​ប៉ូលិស​មុនៗ បាន​ជួប​ជុំ​ធ្វើ​បុណ្យ​សប្បាយ​ជាមួយ​គ្នា​រហូត​មក តែ​នៅ​ពេល​ប៉ូលិស​ថ្មី​ចូល​កាន់​កាប់​ទីនោះ ទើប​បញ្ហា​កើត​ឡើង​ជា​បន្តបន្ទាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ បាន​ធ្វើ​បុណ្យ​នៅ​លើ​ដី​សាលា​ឆទាន​នោះ​ដូច​មុន​ទៀត​ឡើយ។

ទាក់ទិន​បញ្ហា​នេះ​ដែរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុន្នី មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ដើម្បី​ឲ្យ​ចេញ​បទបញ្ជា​ដក​គម្រោង​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ចេញ​វិញ ដោយ​លើក​គម្រោង​នោះ​ទៅ​សាងសង់​នៅ​លើ​ដី​អាករ​របស់​ឃុំ ដែល​មេ​ឃុំ​ចាស់​បាន​អនុញ្ញាត​កាល​ពី​មុន។ ម្យ៉ាង​វិញ​ទៀត លោក​បញ្ជាក់​ថា ទីតាំង​ដែល​មេ​ឃុំ​ចាស់​បាន​ផ្តល់​ឲ្យ​ប៉ូលិស​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​នោះ គឺ​ស័ក្ដិសម​ជាង​កន្លែង​ដែល​មាន​ការ​ប្រទាញប្រទង់​គ្នា​នា​ពេល​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។