
សាលាដំបូងខេត្តស្វាយរៀង ជំនុំជម្រះក្តីសំណុំរឿងប្រធានសហគមន៍ដីធ្លីមួយរូបនៅឃុំអណ្ដូងត្របែក និងសកម្មជនដីធ្លីពីររូបទៀត នៅថ្ងៃទី១៦ ខែកញ្ញា ពីបទកាប់រានព្រៃឈើរបស់រដ្ឋតាមមាត្រា៩៧ នៃច្បាប់ព្រៃឈើ។
ក្នុងដំណើរការកាត់ក្តីនោះ មានប្រជាពលរដ្ឋជាច្រើននាក់ជួបជុំគ្នានៅខាងមុខតុលាការ ដើម្បីគាំទ្រតំណាងពួកគាត់ទាំង ៣នាក់ និងសុំឲ្យតុលាការលើកលែងការចោទប្រកាន់ បើទោះបីជាមានការរារាំងពីកម្លាំងសមត្ថកិច្ចក៏ដោយ។
ប្រធានសហគមន៍ដីធ្លីនៅឃុំអណ្ដូងត្របែក លោក សួន សីហា និងសកម្មជនដីធ្លីពីរនាក់ទៀត បានឆ្លើយបដិសេធនៅចំពោះមុខតុលាការខេត្តស្វាយរៀង ថា ពួកគាត់មិនបានចូលទៅកាប់រានព្រៃឈើរបស់រដ្ឋ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ដូចការចោទប្រកាន់នោះទេ។
លោក សួន សីហា បញ្ជាក់ថា តាមពិតកាលពីឆ្នាំ២០០៨ គឺអាជ្ញាធរបានចូលទៅដាំកូនអាកាស្យានៅលើដីទំហំជាង ៧១ហិកតារ ដែលប្រជាពលរដ្ឋចំនួន ៨៦គ្រួសារធ្លាប់កាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៧៩ មក ដោយសំអាងថា ជាដីរបស់រដ្ឋ។ ភាពចម្រូងចម្រាសក៏បានផ្ទុះឡើង ដោយសារប្រជាពលរដ្ឋនៅតែអាស្រ័យផលដំណាំផ្សេងៗនៅលើដីដាំអាកាស្យានោះ ទោះបីជាមានការគំរាមកំហែងបាញ់សម្លាប់ចាប់ចងពីអាជ្ញាធរក្តី។
ប្រធានសហគមន៍ដីធ្លីរូបនេះ រៀបរាប់ថា ការដែលរដ្ឋបាលព្រៃឈើស្រុករមាសហែក ប្ដឹងចោទថា ពួកគាត់ទាំងបីនាក់ កាប់បំផ្លាញដើមឈើដោយគ្មានលិខិតអនុញ្ញាត កាលពីខែមេសា ឆ្នាំ២០១២ នោះ ព្រោះរដ្ឋបាលព្រៃឈើបារម្ភខ្លាចពួកគាត់ដឹកនាំប្រជាពលរដ្ឋ ទាមទារយកដីវិញ។ ជាងនេះទៅទៀត គឺដោយសារពួកគាត់បានដឹងថា អាជ្ញាធរបានឃុបឃិតគ្នាលក់ដីនោះទៅឲ្យអ្នកមានលុយ និងអ្នកមានអំណាច៖ «គេបម្លែងដីហ្នឹងឲ្យផុតពីដៃប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់ គឺដើម្បីវាស់វែងចែកគ្នាលក់ទៅឲ្យក្រុមឈ្មួញ ដោយខ្ញុំដឹងថា មានឧកញ៉ា និងជំទាវធំៗមានមុខងារនៅលើដីនោះ ទើបបានជាខំប្រឹងការពារយ៉ាងនេះ ព្រោះខ្លាចប្រជាពលរដ្ឋយកដីវិញ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីនាយសង្កាត់រដ្ឋបាលព្រៃឈើក្រសាំង លោក នេត គក់ ដែលជាដើមបណ្ដឹងបានទេនៅថ្ងៃទី១៦ ខែកញ្ញា។
នៅព្រឹកថ្ងៃបើកសវនាការនេះ មានកម្លាំងសមត្ថកិច្ចប្រដាប់ដោយកាំភ្លើង និងដំបងឆក់ស្ទើរគ្រប់ដៃ បានដាក់ពង្រាយនៅខាងមុខតុលាការ និងនៅតាមដងផ្លូវ ដើម្បីរារាំងប្រជាពលរដ្ឋប្រមាណ ៥០នាក់មកពីឃុំអណ្ដូងត្របែក មិនឲ្យជួបជុំគ្នានៅខាងមុខតុលាការ ដើម្បីគាំទ្រតំណាងរបស់ខ្លួនទាំងបីនាក់ ឲ្យរួចផុតពីការចោទប្រកាន់នោះ។ ទោះយ៉ាងណាក្តី ពុំមានអំពើហិង្សាកើតឡើងឡើយ។
ទាក់ទិនបញ្ហានេះ មន្ត្រីចងក្រង និងតស៊ូមតិសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព បានហៅទង្វើអាជ្ញាធរខេត្តស្វាយរៀង ថាជាការរំលោភសិទ្ធិមនុស្ស៖ «ចំពោះទង្វើរបស់អាជ្ញាធរខេត្តស្វាយរៀង ដែលដាក់ពង្រាយកម្លាំងប្រដាប់អាវុធយ៉ាងច្រើនបែបនេះ គឺរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងការជួបជុំ នៅក្នុងការសម្ដែងមតិគាំទ្រដល់សមាជិក ឬតំណាងរបស់ខ្លួនអីអ៊ីចឹងទៅ ធ្វើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសខ្មែរយើងដើរថយក្រោយ»។
ជាមួយគ្នានេះដែរ មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ការដែលតុលាការចោទប្រកាន់អ្នកទាំង ៣រូបពីបទកាប់រានព្រៃឈើរបស់រដ្ឋ តាមមាត្រា៩៧ នៃច្បាប់ព្រៃឈើនោះ គឺមិនសមហេតុផលឡើយ ព្រោះដីទីនោះគ្មានព្រៃធម្មជាតិ មានតែដើមអាកាស្យាដែលអាជ្ញាធរយកទៅដាំលើដីប្រជាពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា ចំណាត់ការរបស់អាជ្ញាធរនៅពេលនេះ គឺមិនខុសពីការលើកឡើងរបស់ប្រជាពលរដ្ឋទាំងនោះឡើយ។
ទោះបីជាយ៉ាងណាក្តី សាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាតភាគីពាក់ព័ន្ធក្នុងសំណុំរឿងត្រឡប់ទៅលំនៅឋានវិញ និងរង់ចាំស្តាប់ការប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ ដោយអាចនឹងមានវត្តមានប្រជាពលរដ្ឋជាច្រើននាក់មកជួបជុំនៅខាងមុខតុលាការជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។