សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​សំណុំ​រឿង​អ្នកស្រី ថាក់ ឡានី នៅ​ថ្ងៃ​ទី​២៩ សីហា

0:00 / 0:00

សាលា​ឧទ្ធរណ៍​បាន​បើក​ការ​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​ទាក់ទិន​សំណុំរឿង​របស់​អ្នកស្រី ថាក់ ឡានី ដែល​ចោទ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ សវនាការ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​មេធាវី​តំណាង​របស់​សមាជិក​ព្រឹទ្ធ​សភា​ពី​ខាង​បក្ស​ប្រឆាំង សម្រេច​​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សវនាការ​លើ​អង្គ​សេចក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​អ្នកស្រី ថាក់ ឡានី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា គឺ​ចំ​ថ្ងៃ​ខួប ១៣​ខែ ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែរ។

សវនាការ​ដែល​ពុំ​មាន​វត្តមាន​មេធាវី គឺ​លោក សំ សុគង់ និង​ជន​ជាប់​ចោទ​គឺ​អ្នកស្រី ថាក់ ឡានី ចូល​រួម​នោះ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​លោក ប្លង់ សំណាង សម្រេច​ប្រកាស​សាលដីកា​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ខាង​មុខ។

ការ​ជជែក​ដេញដោល​នៅ​ក្នុង​បន្ទប់​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា គឺ​មាន​តែ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន។

ក្រោយ​ចេញ​ពី​បន្ទប់​ជំនុំជម្រះ​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ប្រាប់​ក្រុម​អ្នក​កាសែត​ថា ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី ថាក់ ឡានី មក​លើ​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​ចោទ​ប្រកាន់​ទាំង​កម្រោល។ លោក​បន្ត​ថា ប្រហែល​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ មើល​ឃើញ​ឱកាស​ចំណេញ​ខាង​នយោបាយ​ពី​សព​លោក​បណ្ឌិត កែម ឡី តាម​រយៈ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​នេះ​ហើយ បាន​ជា​ប្រើ​ល្បិច​នយោបាយ​ទាំង​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​ប្រឆាំង​លោក ហ៊ុន សែន៖ «គាត់​មហាជន​ច្រើន ហើយ​ម្នាក់ៗ​សុទ្ធ​តែ​ខឹង ពុះកញ្ជ្រោល អ៊ីចឹង​ហើយ​បាន​ផ្ទេរ​កំហឹង​ជះ​ទៅ​សម្ដេច​តេជោ​តែម្ដង។ កន្លែង​នេះ​ហើយ​ដែល​សម្ដេច​តេជោ​គាត់​មិន​សុខចិត្ត​ទេ គឺ​ឲ្យ​ប្ដឹង​មក​ដល់​ថ្ងៃ​នេះ»

លោក​មេធាវី គី តិច ផ្ដល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក​មេធាវី គី តិច ផ្ដល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Morm Moniroth (RFA/Morm Moniroth)

ឆ្លើយ​តប​រឿង​នេះ លោក សំ សុគង់ មេធាវី​តំណាង​របស់​អ្នកស្រី ថាក់ ឡានី ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា នេះ​ពុំ​មែន​ជា​ការ​បោះបង់​សិទ្ធិ​ចូលរួម​សវនាការ​ទេ ប៉ុន្តែ​ដោយ​សារ​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​សវនាការ​នេះ​រួច​ហើយ​ដែរ។ ម្យ៉ាង​ទៀត​ខាង​តុលាការ​ពុំ​បាន​ជូន​ដំណឹង​​អំពី​ថ្ងៃ​ជំនុំជម្រះ​នេះ​ថែម​ទៀត។

លោក​បន្ត​ថា៖ «មិន​អាច​ទទួល​យក​បាន​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី។ ប៉ុន្តែ​អ្វី​ដែល​យើង​និយាយ​នៅ​ពេល​នេះ គឺ​យើង​និយាយ​ទាក់ទង​បញ្ហា​ផ្លូវ​ច្បាប់ គឺ​ច្បាប់​ហើយ​និង​នីតិវិធី ហើយ​អ្វី​ដែល​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ជំទាវ​បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​នេះ​គឺ​មេធាវី​ការពារ​មាន​ភស្តុតាង​បន្ថែម​គ្របគ្រង​ដើម្បី​តតាំង»។

អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ អំណាច​សាលក្រម​នេះ​បាន​បង្គាប់​ឲ្យ​អ្នកស្រី​បង់​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល ក្រោម​បទ​ចោទ​ថា ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ១០០​រៀល​ថែម​ទៀត។

អ្នកស្រី ថាក់ ឡានី បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស នៅ​ពេល​លោក ហ៊ុន សែន រក​ឃើញ​ថា អ្នកស្រី​បាន​ប្រព្រឹត្ត​កំហុស កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ខេត្ត​រតនគិរី។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដល់​ភារៈ​ឲ្យ​មេធាវី​របស់​លោក គឺ​លោក គី តិច ធ្វើ​ជា​ដើម​បណ្ដឹង ដោយ​ចោទ​ប្រកាន់​ថា សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​រូប​នេះ ចោទ​ប្រកាន់​លោក​ថា ជា​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក។

យ៉ាង​ណា​ក៏ដោយ អ្នកស្រី ថាក់ ឡានី ធ្លាប់​ប្រាប់​អាស៊ីសេរី ថា អ្នកស្រី​មិន​បាន​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នោះ​ទេ ហើយ​ថា ឃ្លិប​វីដេអូ​ជិត ២​នាទី​ដែល​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នោះ ជា​ការ​កាត់​ត​សំឡេង​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកស្រី​តែ​ប៉ុណ្ណោះ។

សវនាការ​លើ​អង្គ​សេចក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​អ្នកស្រី ថាក់ ឡានី នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា គឺ​ចំ​ថ្ងៃខួប​​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែរ។ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល ១៣​ខែ​មក​ហើយ ក្រោយ​ពី​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។ ក្រុម​គ្រួសារ​នៅ​តែ​ចាត់​ទុក​ថា យុត្តិធម៌​សម្រាប់​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​រូប​នេះ គឺ​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ។

លោក កែម រិទ្ធិសិត ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី អះអាង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ថា លោក​នឹង​រៀបចំ​សំណើ​សុំ​សាលក្រម​ពី​តុលាការ​ក្រុង​ភ្នំពេញ រឿង ជួប សម្លាប់ ទុក​ធ្វើ​ជា​ទុន​ក្នុង​ការ​រៀបចំ​បណ្ដឹង​នៅ​ពេល​ខាង​មុខ ដើម្បី​​ស្វែង​រក​យុត្តិធម៌​ឲ្យ​បង​ប្រុស​របស់​លោក។ មក​ដល់​ពេល​នេះ តុលាការ​ក្រុង​ភ្នំពេញ នៅ​ពុំ​ទាន់​មាន​តម្រុយ​ណា​មួយ​ថ្មី​នៅ​ឡើយ​ទេ ជុំវិញ​ការ​បំបែក​សំណុំរឿង​ជា​ពីរ អំពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ។

ករណី​​រឿង​ក្ដី​អ្នកស្រី ថាក់ ឡានី នេះ ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា សវនាការ​ដែល​កាត់​ទោស​ដោយ​កំបាំង​មុខ​បែប​នេះ មាន​ន័យ​ថា ភាគី​ពាក់ព័ន្ធ​នឹង​ពុំ​បាន​ទទួល​យុត្តិធម៌​តាម​រយៈ​ការ​ជំនុំជម្រះ​នេះ​ទេ៖ «ពេល​និយាយ​អំពី​រឿង​យុត្តិធម៌​វា​ទាល់​តែ​ភាគី​ដែល​ពាក់ព័ន្ធ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សវនាការ ដើម្បី​ជជែក​ដេញ​ដោល ជា​ពិសេស​គឺ​មេធាវី​ដែល​ការពារ​ឲ្យ​ជន​ជាប់​ចោទ​ដែល​ត្រូវ​ការពារ»

មក​ដល់​ពេល​នេះ មាន​មនុស្ស​ចំនួន ៤​នាក់​ហើយ ត្រូវ​ជាប់​បណ្ដឹង​នៅ​តុលាការ ក្រោយ​ពេល​រិះគន់​ថា លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក ស្ថិត​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។