មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍​របស់​គណៈ​មេធាវី​អន្តរជាតិ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

របាយការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស បង្ហាញ​ថា វិសាលភាព​នៃ​អំពើ​ពុក​រលួយ​លើ​ប្រព័ន្ធ​តុលាការ គឺ​ជា​ឫសគល់ និង​ជា​បញ្ហា​ប្រឈម​ចំពោះ​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ គណៈ​មេធាវី​អន្តរជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​បន្ទាន់​លើ​ការ​អនុវត្ត​ច្បាប់​ដោយ​ឯករាជ្យ ដើម្បី​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម។

របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ បាន​គូស​បញ្ជាក់​វិសាលភាព​នៃ​អំពើ​ពុក​រលួយ​លើ​ប្រព័ន្ធ​តុលាការ ចំណែក​ឯ​ផ្នែក​នយោបាយ​ក៏​មាន​ការ​ដាក់​សម្ពាធ​ពី​សំណាក់​អ្នក​មាន​អំណាច បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

របាយការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុត្តិធម៌ ទល់​នឹង​អំពើ​ពុក​រលួយ ការ​តស៊ូ​ឆ្ពោះ​ទៅ​រក​ឯករាជ​ភាព​នៃ​អំណាច​តុលាការ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

នាយក​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ លោក ហ្វីលីព តាមីនជីស (Phillip Tahmindjis) បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​នោះ​ថា របាយការណ៍​ដែល​បាន​ស្រាវជ្រាវ​កាល​ពី​ខែ​មេសា កន្លង​ទៅ​របស់​គណៈ​ប្រតិភូ​នៃ​គណៈ​មេធាវី​អន្តរជាតិ រក​ឃើញ​ច្បាប់​បី​ដែល​ទើប​អនុម័ត​ដែល​រួម​មាន ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ព្រម​ទាំង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ។

លោក​បន្ត​ថា មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ទាំង​បី​នេះ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​តុលាការ និង​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​យ៉ាង​ច្រើន​ពី​តុលាការ​ទៅ​លើ​នីតិប្រតិបត្តិ ហើយ​លោក​ថា នេះ គឺ​ជា​ក្តី​បារម្ភ​របស់​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​គណៈ​មេធាវី​អន្តរជាតិ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ជា​បន្ទាន់។

ជាង​នេះ​ទៀត របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​ទទួល​តួនាទី​ដ៏​មាន​អំណាច​បំផុត​ទាំង​ផ្លូវ​ច្បាប់ និង​ការ​អនុវត្ត​ជាក់ស្តែង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​ឥទ្ធិពល​លើ​ផ្នែក​ស្ទើរ​តែ​ទាំងអស់​របស់​ចៅក្រម ហើយ​អំណាច​នោះ​រួម​មាន ឥទ្ធិពល​ផ្លូវ​ការ​យ៉ាង​ច្រើន​លើ​ថវិកា​ធនធាន ការ​បណ្តុះបណ្តាល ការ​តែង​តាំង ការ​ដំឡើង​តំណែង​រយៈពេល​កាន់​តំណែង និង​ការ​ដក​ចេញ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​ចែង​ក្នុង​ច្បាប់​ថ្មី​ទាំង​បី​នោះ។

បញ្ហា​ប្រឈម​ទាំង​នេះ កំពុង​តែ​ជំរុញ​ឲ្យ​ប្រព័ន្ធ​តុលាការ​កម្ពុជា មាន​ការ​ស៊ី​សំណូក និង​អំពើ​ពុក​រលួយ​កាន់​តែ​ច្រើន​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ផ្នែក​នយោបាយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា ទទួល​បាន​សិទ្ធិ​ស្មើ​គ្នា។

ឆ្លើយ​តប​នឹង​របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ច្រាន​ចោល​របាយការណ៍​នេះ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​របស់​តុលាការ​កម្ពុជា។ លោក​ដាក់​ការ​សង្ស័យ​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ចំពោះ​ក្រុម​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «វា​មិន​មាន​អ្វី​ថ្មី និង​ជា​រឿង​ចម្លែក​ទេ បើ​ពួក​គាត់​នាំ​គ្នា​សរសេរ​តែ​អ្វី​ដែល​សម្រេច​ជោគជ័យ​របស់​រដ្ឋាភិបាល ភាព​រីក​ចម្រើន អា​នោះ​បាន​ជា​រឿង​ចម្លែក ចឹង​របាយការណ៍​ដែល​បង្ហាញ​តែ​ពី​ភាព​ខ្មៅ​ងងឹត​របស់​រដ្ឋាភិបាល វា​ជា​រឿង​ធម្មតា​ទៅ​ហើយ»

ចំណែក​ឯ​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សោកស្ដាយ​ដែល​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍ ព្រោះ​របាយការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​របស់​សង្គម​កម្ពុជា បច្ចុប្បន្ន។ អ្នកស្រី​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា និង​យក​អនុសាសន៍​ដែល​មាន​ក្នុង​របាយការណ៍​នេះ​ទៅ​ស្ថាបនា​ឡើង​វិញ៖ «យើង​គួរ​តែ​ទទួល​ស្គាល់​នូវ​ចំណុច​ខ្សោយ​របស់​យើង បើ​យើង​ពិត​ជា​ចឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​មាន​កំណែ​ទម្រង់​ពិត​មែន រដ្ឋាភិបាល​ត្រូវ​តែ​យក​មក​គិត មក​សិក្សា​បន្ថែម»

ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស នៃ​គណៈ​មេធាវី​អន្តរជាតិ ក៏​បាន​ដាក់​អនុសាសន៍​ជូន​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ប្ដេជ្ញា​ធានា​ការពារ​ការ​បែង​ចែក​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា គោរព​ឯករាជ​ភាព​របស់​ប្រព័ន្ធ​តុលាការ និង​គណៈ​មេធាវី ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។