មនុស្សជាង ៥នាក់ស្លាប់ និងជាង ១៦នាក់របួសជារៀងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានហៅតួលេខនេះថា មានកម្រិតខ្ពស់ ដូច្នេះរដ្ឋាភិបាលត្រូវតែមានវិធានការសំខាន់ៗ ដើម្បីកាត់បន្ថយចំនួនគ្រោះថ្នាក់នេះ។
លោក អ៊ា ចរិយា ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការជនពិការអន្តរជាតិ មានប្រសាសន៍នៅថ្ងៃទី២៩ មករា ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជា គឺអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ៖ «មូលហេតុសំខាន់ទី១ គឺបើកបរលើសល្បឿនកំណត់ ដែលបង្កឲ្យមានអ្នកស្លាប់សរុបប្រហែល ៥០%។ បន្ទាប់មកទៀត គឺការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង បន្ទាប់មកទៀត គឺការជែងដោយមិនប្រុងប្រយ័ត្ន និងការបើកបរដោយមិនគោរពសិទ្ធិអាទិភាព»។
នៅក្នុងរបាយការណ៍ឆ្នាំ២០១២ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ដែលអង្គការជនពិការអន្តរជាតិបានទទួលពីប៉ូលិសចរាចរ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៤.៣០៥ករណី។ គ្រោះថ្នាក់នោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១.៨៩៤នាក់ របួសទាំងធ្ងន់ និងស្រាល មានចំនួន ៧.៤៦៧នាក់។ ចំពោះយានយន្តគ្រប់ប្រភេទវិញ មានការខូចខាតម៉ូតូ ៤.៤០៦គ្រឿង ឡានតូច ១.៦៦៧គ្រឿង និងឡានធំ ៥៣៩គ្រឿង។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កុំឲ្យមានចំនួនច្រើនពេកនោះ លោក អ៊ា ចរិយា មានយោបល់ថា អាជ្ញាធរ និងប៉ូលិសចរាចរ ត្រូវប្រឹងប្រែងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងច្បាប់ចរាចរណ៍ និងអំពីផលវិបាកនៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងបច្ចុប្បន្ននេះ ឲ្យដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ទាំងនៅទីប្រជុំជន និងនៅជនបទ ពីព្រោះបច្ចុប្បន្ន ផ្លូវថ្នល់កាន់តែស្អាតងាយធ្វើដំណើរជាងមុន ដូច្នេះយានយន្តគ្រប់ប្រភេទអាចបើកទៅដល់ទីជនបទដាច់ស្រយាលបាន។
លោក អ៊ា ចរិយា៖ «វិធានការទី១ ត្រូវមានការអប់រំឲ្យបានទូលំទូលាយ ជាពិសេសទៅដល់តាមបណ្ដាខេត្ត ពីព្រោះយើងភាគច្រើនបានផ្សព្វផ្សាយបានច្រើនតែនៅទីប្រជុំជន។ ហើយប្រជាពលរដ្ឋនៅជនបទ ជួនកាលមិនដឹង ធ្វើឲ្យមានគ្រោះថ្នាក់។ ទី២ ត្រូវរឹតបន្តឹងការផាកពិន័យ។ ទី៣ ដោយសារប្រទេសយើងកំពុងអភិវឌ្ឍ កសាងផ្លូវថ្មី ដូចនេះ ផ្លូវទាំងនោះនៅខ្វះផ្លាកសញ្ញាគំនូសសញ្ញា»។
ខេត្ត ក្រុង ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេក្នុងចំណោមខេត្ត ក្រុង ទាំងអស់នៅប្រទេសកម្ពុជា គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។
ចំពោះការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ជើងគោកវិញ លោក អ៊ា ចរិយា យល់ថា ច្បាប់ដែលអនុវត្តសព្វថ្ងៃមានចំណុចខ្លះនៅខ្សោយ មិនធ្វើឲ្យអ្នកបើកបរមានការខ្លាច និងគោរពនៅឡើយទេ ដូចជាកម្រិតផាកពិន័យអ្នកបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍នៅត្រឹម ៣ពាន់រៀល គឺនៅទាប ត្រូវបង្កើនឲ្យដល់ ១ម៉ឺន ៥ពាន់រៀល។ អ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយ ត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា ពីព្រោះពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺមានរបួសទាំងអ្នកបើកបរ និងអ្នកជិះពីក្រោយ។
លោក អ៊ា ចរិយា៖ «ច្បាប់យើងនៅមានចំណុចខ្វះខាតមួយចំនួនដែរ ហើយទាមទារឲ្យមានការកែសម្រួលទាំងអង្គការខ្ញុំ និងអង្គការនានាផ្សេងទៀត។ អំពាវនាវឲ្យរដ្ឋាភិបាលផ្តល់អាទិភាពក្នុងការអនុម័តច្បាប់នេះក្នុងពេលឆាប់ៗ ជាពិសេសចង់ឲ្យអនុម័តនៅក្នុងឆ្នាំនេះតែម្តង»។
គ្រោះថ្នាក់ចរាចរណ៍មានផលវិបាកច្រើនយ៉ាង ក្រៅពីបណ្ដាលឲ្យមានមនុស្សស្លាប់ របួស ខូចខាតយានយន្ត បាត់បង់ទ្រព្យសម្បត្តិ វាធ្វើឲ្យមានផលប៉ះពាល់ដល់គ្រួសាររបស់អ្នកទទួលគ្រោះថ្នាក់ទៀតផង។
លោក ចេវ ហាក់ អនុប្រធានការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ មានប្រសាសន៍កាលពីដើមខែមករា ក្នុងពេលចូលរួមវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ថា ប្រជាពលរដ្ឋគ្រប់គ្នាត្រូវចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ទើបអាចធ្វើឲ្យចំនួនគ្រោះថ្នាក់មានការថយចុះបាន។
លោក ចេវ ហាក់៖ «គ្រោះថ្នាក់ចរាចរណ៍នេះ វាជាកង្វល់របស់ថ្នាក់ដឹកនាំទាំងអស់ ព្រោះថា គ្រោះថ្នាក់ចរាចរណ៍នេះមិនគ្រាន់តែជាបន្ទុកមួយទៅលើសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ តែវាជាបន្ទុករបស់ក្រុមគ្រួសារជនរងគ្រោះទៀតផង។ មានគ្រួសារជាច្រើនក្លាយទៅជាក្រីក្រ ដោយសារបាត់បង់ជនបង្គោលនៅក្នុងគ្រួសារ និងមានកុមារកំព្រា និងនារីមេម៉ាយជាច្រើនកើតមានដោយសារគ្រោះថ្នាក់ចរាចរណ៍»។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយចុងឆ្នាំ២០១២ បានលើកឡើងថា ប្រទេសកម្ពុជា មានអត្រាមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងប្រទេសវៀតណាម និងឡាវ ដែលនៅជិតខាង។ ប្រៀបធៀបក្នុងរយៈពេល ៧ឆ្នាំ ពីឆ្នាំ២០០៥ ដល់២០១១ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើនឡើងទ្វេដង។
អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានអត្រាខ្ពស់ជាងគេ គឺមានអាយុពី ១៥ ទៅ ២៩ឆ្នាំ មាន ៤៩% ក្នុងចំណោមអ្នកស្លាប់ទាំងអស់។ ការស្លាប់ដោយសារជិះម៉ូតូ មាន ៦៦% នៃអ្នកស្លាប់សរុប បន្ទាប់មកគឺអ្នកថ្មើរជើងមាន ១៣% និងអ្នកជិះរថយន្តគ្រួសារមាន ៨%។
របាយការណ៍បានគណនាព្យាករណ៍រកឃើញថា បើគ្មានវិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា អាចកើនដល់ ៣.២០០នាក់ ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
