អាជ្ញាធរស្រុកពាមរក៏ បញ្ជូនជនសង្ស័យជនជាតិវៀតណាម៦នាក់ ដែលវាយសម្លាប់ខ្មែរ នៅខេត្តព្រៃវែង ទៅកាន់តុលាការនៅថ្ងៃទី១០ សីហា នេះ ខណៈគ្រួសារជនរងគ្រោះ បន្តអំពាវនាវដល់អាជ្ញាធររកយុត្តិធម៌ដល់ពួកគេឲ្យបានលឿន។
ភរិយាជនរងគ្រោះ លោកស្រី ចាន់ ស៊ីណា ប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ សីហា ថា លោកស្រី អំពាវនាវដល់អាជ្ញាធរមេត្តារកយុត្តិធម៌ដល់គ្រួសារលោកស្រីឲ្យបានលឿន។
ជនសង្ស័យជនជាតិវៀតណាម៦នាក់ នោះត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន បន្ទាប់ពីពួកគេបានកៀរគរជនជាតិវៀតណាម ដូចគ្នាជាច្រើននាក់ ទៅដេញវាយប្រហារលើពលរដ្ឋកម្ពុជា មួយគ្រួសារ ដែលរស់នៅភូមិក្បែរគ្នា បណ្ដាលឲ្យបុរសម្នាក់ជាប្ដីស្លាប់ និងស្ត្រីជាប្រពន្ធដែលមានផ្ទៃពោះ ៩ខែរងរបួសធ្ងន់។
ជនរងគ្រោះ ឈ្មោះ សេង រត្នធី អាយុ ៣៣ឆ្នាំ រស់នៅឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានជនជាតិវៀតណាម មានគ្នាលើសពី ២០នាក់ ដែលរស់នៅឃុំជាមួយគ្នា ប្រដាប់ដោយដំបង ឈើមូល ឈើជ្រុង ដែកគាស់ និងកាំបិត វាយសម្លាប់ កាលពីយប់ថ្ងៃទី៧ សីហា។ បើយោងតាមការអះអាងរបស់ភរិយាជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។