តុលាការ​ខេត្ត​ស្វាយរៀង​ឃុំ​ជនជាតិ​ចិន​២២​នាក់​ចោទ​ពី​បទ​លួច​ប្រើ​ប្រព័ន្ធ​ទូរគមនាគមន៍

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

តុលាការ​ខេត្ត​ស្វាយរៀង សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន ចំនួន ២២​នាក់ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា នេះ ក្រោយ​ចោទ​ប្រកាន់​ចំនួន ៥​បទល្មើស បន្ទាប់​ពី​ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ទាក់ទង​ការ​លួច​ប្រើ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទូរគមនាគមន៍​របស់​ក្រសួង​ប្រៃសណីយ៍ ក្នុង​បំណង​ដើម្បី​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត។

នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ស្វាយរៀង លោក កែវ សុថា មាន​ប្រសាសន៍​ថា ជនជាតិ​ចិន ទាំង ២២​នាក់ ដែល​មាន​ស្រី​ចំនួន ៣​នាក់​នោះ បាន​ជាប់​ចោទ​ពី​បទ​ប៉ះពាល់​ដល់​ការ​សម្ងាត់​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ បទ​ចូល​ទៅ​ដល់ ឬ​ឋិត​នៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ស្វ័យ​ប្រវត្តិ នៃ​ទិន្នន័យ បទ​បង្កើត​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​នៃ​ប្រព្រឹត្តិកម្ម​ស្វ័យ​ប្រវត្តិ​នៃ​ទិន្នន័យ បទ​បញ្ចូល និង​លុប​បំបាត់ ឬ​កែប្រែ​ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ និង​បទ​ចូលរួម​ក្នុង​ក្រុម​ប្រមូល​ផ្តុំ ដើម្បី​រៀបចំ​ប្រព្រឹត្ត​បទល្មើស។

លោក​វរសេនីយ៍ទោ កែវ សុថា បញ្ជាក់​ថា សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង ២២​នាក់​នោះ​នៅ​ពន្ធនាគារ​ខេត្ត​បណ្ដោះអាសន្ន នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែ​សីហា នេះ ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ក្តី​នៅ​ពេល​ក្រោយ៖ «បញ្ជូន​ទៅ​ឃុំ​ទាំងអស់​តែ​ម្តង​បាទ​នៅ​ល្ងាច​នេះ។ គេ​សារភាព​ថា ទី​១ គ្នា​របស់​គេ​នោះ​បើក​លេង​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ (Online) ហើយ​ទី​២ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»

ជនជាតិ​ចិន ទាំង ២២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់​បាន​នៅ​ក្នុង​ផ្ទះ​វីឡា​ដ៏​ស្កឹមស្កៃ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិ​តាជោ សង្កាត់​ស្វាយតឿ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា តាម​បណ្ដឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច ថា​ម្ចាស់​ផ្ទះ​បាន​ជួល​ឲ្យ​ជនជាតិ​ចិន ស្នាក់នៅ​តាំង​ពី​ដើម​ឆ្នាំ​២០១៥ ក្នុង​តម្លៃ ១.៣០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ជនជាតិ​ចិន មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចេញ​ចូល​ផ្ទះ​នោះ​ឡើយ សូម្បី​តែ​ម្ចាស់​ផ្ទះ​ក្តី។

នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ជួល​នោះ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​វិញ​នៅ​ថ្ងៃ​ដដែល​នេះ ព្រោះ​រក​ពុំ​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជន​ជាប់​ចោទ​ទាំង​នោះ​ឡើយ ដោយ​សំអាង​លើ​ឯកសារ និង​កិច្ចសន្យា​ផ្ទះ​ជួល​ត្រឹមត្រូវ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជន​ជាតិ​ចិន មក​ពី​កោះ​តៃវ៉ាន់ និង​ដី​គោក បាន​យក​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​កម្ពុជា ផង ធ្វើ​ជា​ទីតាំង​សម្រាប់​ជំរិត​ទារ​ប្រាក់​ពី​ជន​ជាតិ​ចិន ដូច​គ្នា តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​កម្ពុជា បើក​ការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ហើយ​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។