គណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតទៅរដ្ឋសភា និងក្រសួងយុត្តិធម៌ ដើម្បីពិនិត្យនីតិវិធីរបស់តុលាការដែលកំពុងចាត់ការលើតំណាងរាស្ត្រ និងសមាជិកសភាដែលកំពុងមានអភ័យឯកសិទ្ធិ។ ប៉ុន្តែសំណើនេះត្រូវបានច្រានចោលដោយមន្ត្រីនៃស្ថាប័នទាំងពីរ ដោយលើកឡើងថា គណបក្សសង្គ្រោះជាតិ តែងធ្វើមិនយល់ពីច្បាប់ និងនីតិវិធីរបស់តុលាការ។
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថាខ្លួននឹងប្រែងប្រែងគ្រប់មធ្យោបាយ ទាំងការចរចា និងតាមផ្លូវច្បាប់ ដើម្បីអោយសមាជិកគណបក្សដែលកំពុងជាប់ឃុំទទួលបានយុត្តិធម៌។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ថា ការអនុវត្តច្បាប់លើលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ជាការអនុវត្តទាំងបំពាន។ លោកថា គោលបំណងនៃការដាក់លិខិតរបស់គណបក្សសង្គ្រោះជាតិ គឺចង់បានការឆ្លើយតបជាលិខិតមកវិញ៖ «រំលោភលើអភ័យឯកសិទ្ធិសភាជាក់ស្ដែងពេក ធ្ងន់ធ្ងរពេក! សុំឲ្យមានការដោះស្រាយ។ យើងបានធ្វើលិខិតទៅរដ្ឋសភា និងក្រសួងយុត្តិធម៌ដើម្បីឲ្យបំភ្លឺ ហើយសុំឲ្យបញ្ឈប់ដើម្បីយើងអាចរកវិធីយ៉ាងម៉េចរដ្ឋសភា និងក្រសួងយុត្តិធម៌ ឲ្យត្រឡប់ទៅដោះស្រាយ»។
ការប្រកាសរបស់គណបក្សសង្គ្រោះជាតិ បែបនេះ បន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ ទៅពន្ធនាការព្រៃស សួរសុខទុក្ខមន្ត្រីគណបក្សនេះ នៅថ្ងៃទី៨ ខែកក្កដា។ លោក សុន ឆ័យ ឲ្យដឹងដែរថា ពេលនេះលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ កំពុងកើតកន្ទួលរមាស់ពេញខ្លួន ព្រោះបញ្ហាអនាម័យនៅក្នុងពន្ធនាគារ។ ជាងនេះទៅទៀត លោកថា ឆ្មាំគុកមិនអនុញ្ញាតឲ្យអ្នកទាំងពីរនិយាយគ្នាទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យដឹងថា ក្រសួងមិនទាន់ទទួលបានលិខិតពីគណបក្សសង្គ្រោះជាតិ នៅឡើយទេ។ អ្នកនាំពាក្យដដែលឆ្លើយតបទៅគណបក្សសង្គ្រោះជាតិវិញថា គណបក្សប្រឆាំងតែងតែធ្វើមិនយល់ពីការពន្យល់របស់ក្រសួង៖ «បាទ! លិខិតនេះគឺជារឿងធម្មតាទេ ព្រោះកន្លងមកគាត់តែងតែធ្វើលិខិត ឬសេចក្តីថ្លែងការណ៍ ប៉ុន្តែការអនុវត្តច្បាប់ យើងនៅតែអនុវត្ត ហើយដំណើរការនីតិវិធីនៅតែដំណើរទៅមុខ អនុវត្តដោយតុលាការដែលជាស្ថាប័នឯករាជ្យ»។
គិតមកទល់ពេលនេះ មន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ១៩នាក់ កំពុងជាប់ឃុំនៅពន្ធនាគារ។ ចំណែកឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបទៀត គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវក្រសួងយុត្តិធម៌ ស្នើទៅរដ្ឋសភាដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រទាំងពីររូប។ ប៉ុន្តែសំណើនេះ ទាំងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អះអាងដូចៗគ្នាថា លុះត្រាសភាពេញអង្គប្រជុំ មានសំឡេង ២ ភាគ ៣ ទើបអាចព្យួរអភ័យឯកសិទ្ធិបាន។
ស្រដៀងគ្នានេះដែរ លោកអ្នកនាំពាក្យរដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ប្រាប់ទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យមើលមាត្រា ៨០ នៃធម្មនុញ្ញម្ដងទៀត។ លោកថា បើគណបក្សប្រឆាំងចង់ឲ្យតុលាការបញ្ឈប់នីតិវិធីលុះត្រាគណបក្សនេះ រកសំឡេងឲ្យបាន ៣ ភាគ ៤ នៃសំឡេងសរុបដែលមានតំណាងរាស្ត្រចាប់ពី ៩០នាក់ឡើងទៅ៖ «ឲ្យគាត់រៀនសូត្រច្បាប់ មើលឲ្យបានច្បាស់លាស់ មាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ខ្លីទេ អត់មានអីពិបាកយល់ទេ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានជាប់ពន្ធនាគារជាង ៣ខែមកហើយ បន្ទាប់ពីត្រូវតុលាការចោទប្រកាន់បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើងដែលប្រឈមមុខពី ៦ខែ ទៅ ៣ឆ្នាំ ក្នុងពន្ធនាគារ។ ចំណែកសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ជាប់ឃុំជិតមួយឆ្នាំហើយ បន្ទាប់ពីត្រូវតុលាការចោទបទបន្លំឯកសារសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រឈមមុខជាប់ពន្ធនាគារពី ៦ខែ ទៅ ១០ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។