សង្ខេប​ព្រឹត្តិការណ៍​និង​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​និង​ក្រោយ​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣

0:00 / 0:00

ខណៈ​ការ​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ចាប់​ផ្ដើម​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ អ្នក​សង្កេត​ការណ៍​បោះឆ្នោត​រំឭក​ដល់​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។

តើ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​ប្រកាស​ថា​មិន​សេរី និង​មិន​យុត្តិធម៌​នោះ មាន​ហេតុការណ៍​អ្វី​ខ្លះ​កើត​ឡើង​សម្រាប់​ជា​មេរៀន​នៅ​ពេល​បោះឆ្នោត​ខាង​មុខ?

អ្នក​ជំនាញ​សង្កេត​ការណ៍​បោះឆ្នោត​លើក​ឡើង​ពី​បញ្ហា​ចន្លោះ​ប្រហោង និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​សកល​ឆ្នាំ​២០១៣ ដែល​ភាគី​ពាក់ព័ន្ធ​គប្បី​កត់​ចំណាំ​ជា​មេរៀន ដើម្បី​បញ្ចៀស​ការ​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​អំឡុង​ពេល​បោះឆ្នោត​នា​ពេល​ខាង​មុខ។

បញ្ហា និង​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣

ការ​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជាតិ និង​អន្តរជាតិ រួម​មាន គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) អង្គការ​ប្រព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់​ថា អិន.ឌី.អាយ (NDI) បាន​រក​ឃើញ​ថា ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣ ស្ថិត​ក្រោម​ស្តង់ដារ​អន្តរជាតិ ពោល​គឺ​មិន​សេរី និង​មិន​យុត្តិធម៌។

របាយការណ៍​កម្រាស់​ជាង ១៣០​ទំព័រ​របស់​អង្គការ​ខុមហ្វ្រែល កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ សរសេរ​ថា ទោះ​បី​ជា​មាន​ការ​ថយ​ចុះ​នូវ​អំពើ​ហិង្សា និង​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​យុវជន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក៏ដោយ ក៏​នៅ​តែ​មាន​បញ្ហា​សំខាន់ៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌ និង​សុចរិត​ភាព​នៃ​ដំណើរ​ការ​បោះឆ្នោត​ដែរ ក្នុង​នោះ​រួម​មាន៖

  • ការ​បំភិត​បំភ័យ និង​ការ​រំលោភ​សិទ្ធិ​អ្នក​នយោបាយ និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ក្នុង​រយៈពេល ៥​ខែ​នៅ​មុន​ពេល​បោះឆ្នោត​អាណត្តិ​ទី​៥ នោះ
  • ការ​ផ្សព្វផ្សាយ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ស្មើ​ភាព​គ្នា។ ទូរទស្សន៍ និង​វិទ្យុ​ជាច្រើន​លើសលប់ បាន​ផ្សាយ​គាំទ្រ​ទៅ​រក​បក្ស​កាន់​អំណាច ហើយ​ផ្សាយ​ប្រឆាំង​នឹង​បក្ស​ផ្សេង​ទៀត
  • បរិយាកាស​អំឡុង​ពេល​បោះឆ្នោត​ខ្វះ​អព្យាក្រឹត្យ។ អាជ្ញាធរ​មូលដ្ឋាន កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ បាន​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់​អំណាច ព្រម​ទាំង​រារាំង​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល ថា​ទង្វើ​ទាំង​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត​នៅ​ពេល​នោះ៖ «បញ្ហា​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​នគរបាល នៅ​តែ​ជា​មន្ត្រី​របស់​គណបក្ស ជា​ពិសេស​របស់​គណបក្ស​កាន់​អំណាច ដែល​ធ្វើ​អោយ​មាន​បរិយាកាស​មួយ​អត់​អព្យាក្រឹត»

ហិង្សា​កើត​ឡើង​ពេល​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត

ភាព​មិន​ប្រក្រតី​ជាច្រើន​ទៀត​រួម​មាន បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មាន​ឈ្មោះ​ស្ទួន​ប្រមាណ​ជាង ៣០​ម៉ឺន​ឈ្មោះ ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​មាន​រហូត​ជាង ១​លាន​លិខិត ការ​លុប​លាង​បាន​ភ្លាមៗ​នូវ​ទឹក​ខ្មៅ​លើ​ម្រាម​ដៃ ដែល​នាំ​ឲ្យ​មិន​អាច​ធានា​ថា មនុស្ស​ម្នាក់​បោះឆ្នោត​បាន​តែ​ម្តង​គត់ ជាដើម។

បញ្ហា​អ្នក​បោះឆ្នោត​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ជាច្រើន​បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្ទើរ​គ្រប់​កន្លែង​ខឹងសម្បា​យ៉ាង​ខ្លាំង រហូត​ដល់​មាន​អំពើ​ហិង្សា​ដុត​រថយន្ត​កង​រាជ​អាវុធហត្ថ​នៅ​សង្កាត់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ​ទៀត​ផង។

បញ្ហា​ផ្សេង​ទៀត គឺ​ភាព​លម្អៀង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប និង​កង្វះ​តម្លាភាព និង​យុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​វិវាទ​បោះឆ្នោត​ដោយ គ.ជ.ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ។ ស្ថាប័ន​ជាតិ​កំពូល​ទាំង​ពីរ​នេះ​ព្រងើយ​កន្តើយ​ចំពោះ​អនុសាសន៍​កែលំអ​ការ​បោះឆ្នោត ឬ​បដិសេធ​ចោល​ស្ទើរ​តែ​ទាំងស្រុង​ចំពោះ​បណ្ដឹង​តវ៉ា​ប្រមាណ ៧០០​បណ្ដឹង​របស់​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​កាន់​អំណាច។

ប្រើប្រាស់​ធនធាន​រដ្ឋ​ដើម្បី​ប្រយោជន៍​បក្ស

ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក គល់ បញ្ញា ថា​មិន​យុត្តិធម៌ និង​មិន​ស្មើ​ភាព​គ្នា​សម្រាប់​គណបក្ស​ផ្សេង៖«មាន​គម្លាត​គ្នា​រវាង​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ហ្នឹង​ឃើញ​ជា​ទូទៅ​កន្លង​មក​ហ្នឹង។ ការ​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ឃោសនា​បោះ​ឆ្នោត​ហ្នឹង ការ​ប្រើប្រាស់​ធនធាន​រដ្ឋ ក៏​អត់​មាន​ការ​ស្មើ​ភាព​គ្នា​ដែរ ទីធ្លា​សាធារណៈ ប្រព័ន្ធ​ផ្សព្វផ្សាយ សុទ្ធតែ​នៅ​ឆ្ងាយ​ពី​គ្នា​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ក្រៅ​ រដ្ឋាភិបាល»

ឡាន​ទាហាន​ដឹក​មនុស្ស​ជាច្រើន ដែល​សុទ្ធតែ​បុរស ចេញ​ពី​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ ខេត្ត​សៀមរាប បន្ទាប់​ពី​មនុស្ស​ទាំង​នោះ​បាន​បោះឆ្នោត​រួច នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ឡាន​ទាហាន​ដឹក​មនុស្ស​ជាច្រើន ដែល​សុទ្ធតែ​បុរស ចេញ​ពី​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ ខេត្ត​សៀមរាប បន្ទាប់​ពី​មនុស្ស​ទាំង​នោះ​បាន​បោះឆ្នោត​រួច នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

មាន​ការ​កើន​ឡើង​នូវ​ការ​ទិញ​សន្លឹក​ឆ្នោត​ដោយ​គណបក្ស​កាន់​អំណាច។ មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ ផ្សព្វផ្សាយ​គាំទ្រ​គណបក្ស​កាន់​អំណាច ព្រមាន​អំពី​លទ្ធភាព​សង្គ្រាម ឬ​យោធា​យក​អំណាច​វិញ បើ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល រហូត​ដល់​មាន​ការ​ដាក់​សម្ញែង​កងទ័ព​ក្នុង​អំឡុង​ពេល​ដោះស្រាយ​វិវាទ​បោះឆ្នោត​ទៀត​ផង។ អ្នក​សង្កេត​ការណ៍​ថា បរិយាកាស​លួងលោម​ទិញ​ទឹក​ចិត្ត និង​សកម្មភាព​បំភិតបំភ័យ​ទាំង​នេះ​ហើយ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុចរិត​ភាព​នៃ​លទ្ធផល​បោះឆ្នោត។

បញ្ហា​ចម្រូងចម្រាស​គ្នា​មួយ​ទៀត​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ គឺ​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង ឲ្យ​មាន​ការ​បើក​ហិប​ឆ្នោត​សុវត្ថិភាព។ លោក គល់ បញ្ហា ថា​ដើម្បី​ចៀសវាង​បញ្ហា​នេះ គ.ជ.ប គួរ​យក​ចំនួន​លទ្ធផល​សន្លឹក​ឆ្នោត​ដែល​រាប់​ហើយ និង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​តំណាង​គណបក្ស​នយោបាយ​ទាំងអស់ ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់ គ.ជ.ប៖«លើក​នេះ​គួរ​បង្កើន​តម្លាភាព​នៃ​ការ​រាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធផល​អោយ​បាន​ទូលំទូលាយ ធ្វើ​ម៉េច​អោយ​បាន​កំណត់​ហេតុ​នៃ​លទ្ធផល​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​រាប់​ សន្លឹក​ឆ្នោត​ទាំង​អស់​ហ្នឹង អោយ​បាន​មក​ដាក់​ក្នុង Website (គេហទំព័រ) ឬ​កន្លែង​ណា​ដែល​គេ​អាច​មើល​បាន មិន​មែន​ដូច​លើក​មុន​នៅ​ក្នុង​ប្រអប់​សុវត្ថិភាព​អ៊ីចឹង​ទៅ ដល់​ពេល​ផ្ទៀងផ្ទាត់​ឡើង​វិញ មិន​ដឹង​យក​ស្អី​មក​ផ្ទៀងផ្ទាត់ ចេះ​តែ​បើ​កញ្ចប់​សុវត្ថិភាព​ហ្នឹង ដោយសារ​តែ​គណបក្ស​ដែល​ប្រមូល​កំណត់​ហេតុ​លទ្ធផល​ហ្នឹង អត់​មាន​ផ្ដល់​ព័ត៌មាន​បាន​ពេញ...»

ទោះ​បី​ជា​យ៉ាង​ណា នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ គ.ជ.ប បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ​រដ្ឋសភា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។

តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ធ្វើ​ច្បាប់​នៅ​ពេល​អវត្តមាន​បក្ស​ប្រឆាំង

ភ្លាមៗ​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល និង​ធ្វើ​ការ​តវ៉ា​មិន​ចូល​ប្រជុំ​សភា ព្រម​ទាំង​ដឹកនាំ​មហា​បាតុកម្ម​ដែល​ក្រោយ​មក​ជួប​ការ​បង្ក្រាប។ ការ​តវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​ការ​ជាប់​គាំង​នយោបាយ​រយៈពេល​មួយ​ឆ្នាំ។ មិន​ខ្វល់​អំពី​ការ​មិន​ចូល​ប្រជុំ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​កោះ​ប្រជុំ​រដ្ឋសភា និង​អនុម័ត​ច្បាប់​ជា​បន្តបន្ទាប់ ដែល​ក្នុង​នោះ​បាន​ឆក់​ឱកាស​អវត្តមាន​បក្ស​ប្រឆាំង អនុម័ត​ច្បាប់​សំខាន់​មួយ​ចំនួន រួម​មាន ច្បាប់​ចំនួន​បី​ទាក់ទង​នឹង​ប្រព័ន្ធ​យុត្តិធម៌ គឺ​ច្បាប់​ស្ដីពី «ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ» ច្បាប់​ស្ដីពី «លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា» និង ច្បាប់​ស្ដីពី «វិសោធនកម្ម​ច្បាប់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម»។

ក្រុម​អ្នក​សង្កេតការណ៍​ផ្នែក​ច្បាប់ និង​សិទ្ធិ​មនុស្ស រិះគន់​ច្បាប់​ទាំង​បី​ដែល​អនុម័ត​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ឯកឯង​នោះ​ថា បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា។ គឺ​រំលោភ​លើ​ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​តុលាការ និង​រដ្ឋាភិបាល ធ្វើ​ឲ្យ​ឥទ្ធិពល ឬ​ការ​លូក​ដៃ​របស់​អង្គ​នីតិប្រតិបត្តិ​ចូល​ទៅ​ក្នុង​កិច្ចការ​របស់​តុលាការ​ដែល​កំពុង​មាន​ស្រាប់ កាន់​តែ​មាន​រូបភាព​ស្រប​ច្បាប់​តាម​រយៈ​ក្រសួង​យុត្តិធម៌ ធ្វើ​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​ចរចា​គ្នា​ជា​បន្តបន្ទាប់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ហើយ​គណបក្ស​ប្រឆាំង​ក៏​បាន​សម្រេច​ចិត្ត​ចូល​ប្រជុំ​សភា។

គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​កែលំអ​ច្បាប់

ក្នុង​អំឡុង​ពេល​ធ្វើ​ពហិការ​មិន​ចូល​សភា បក្ស​ប្រឆាំង​បាន​ប្រកាស​ថា ខ្លួន​នឹង​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន​ដែល​មាន​ស្មារតី​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ក្នុង​នោះ​រួម​មាន ច្បាប់​ទាំង​បី​ទាក់ទង​នឹង​វិស័យ​យុត្តិធម៌​ផង​ដែរ។ ប៉ុន្តែ​រាត្រី​ទឹក​ឃ្មុំ​មួយ​ចម្អិន​កំពឹស​នៃ​គណបក្ស​ទាំង​ពីរ មិន​បាន​ជួយ​ឲ្យ​បក្ស​ប្រឆាំង​សើរើ​កែលំអ​ច្បាប់​ទាំង​នោះ​ទេ។

មិន​ត្រឹម​តែ​មិន​បាន​កែលំអ​ច្បាប់​ដែល​អនុម័ត​រួច​ហើយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​បក្ស​កាន់​អំណាច រដ្ឋសភា​ដែល​មាន​វត្តមាន​បក្ស​ប្រឆាំង​ដែរ​នោះ ថែម​ទាំង​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត អនុញ្ញាត​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ អាច​ធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​ថែម​ទៀត​ផង ដែល​លោក គល់ បញ្ញា ថា​ការ​អនុញ្ញាត​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ទោះ​ជា​មិន​ស្លៀកពាក់​ឯកសណ្ឋាន​ក៏ដោយ​ចុះ ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស គឺ​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ៖ «បី​ស្ថាប័ន​ហ្នឹង​ដូច គ.ជ.ប ដែរ ទាមទារ​ដាច់ខាត​មិន​អោយ​ធ្វើ​សកម្មភាព​ឃោសនា​អោយ​គណបក្ស​នយោបាយ​បាន​ទេ ទាំង​ក្នុង​ច្បាប់​គណបក្ស ទាំង​គោលការណ៍​ធំ ដើម្បី​ធានា​អោយ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ ព្រោះ​មន្ត្រី​អស់​ហ្នឹង​គាត់​ចូល​រួម​ដោះស្រាយ ក្នុង​ការ​ទទួល​ខុស​ត្រូវ​កិច្ច​ការងារ សុវត្ថិភាព សន្តិសុខ និង​ទំនាស់​ទាក់ទិន​នយោបាយ​ក្នុង​ពេល​បោះ​ឆ្នោត ហើយ​បើ​សិន​គាត់​ទៅ​ធ្វើ​អោយ​គណបក្ស​មួយ​ដោយ​លំអៀង​អ៊ីចឹង ធ្វើ​ម៉េច​គេ​នឹង​ជឿ​ថា គាត់​អាច​រក្សា​សុវត្ថិភាព​អោយ​គ្រប់​ភាគី​ក្នុង​គណបក្ស​នយោបាយ?...»

ច្បាប់​ចម្រូងចម្រាស​មួយ​ទៀត​ដែល​រដ្ឋសភា​អាណត្តិ​ទី​៥ នេះ​បាន​អនុម័ត គឺ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ប៉ុន្តែ​ច្បាប់​បង្កើត​ឡើង​ដើម្បី​រឹតត្បិត​សេរីភាព​របស់​សង្គម​ស៊ីវិល ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ មិន​មាន​ការ​ចូលរួម​ពី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទេ។

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ នា​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។
លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ នា​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។ (RFA/Phann Yasy)

អគ្គលេខាធិការ​នៃ គ . ជ . ប មុខ​ដដែល

ការ​ផ្លាស់ប្ដូរ​សំខាន់​មួយ​ទៀត​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ នោះ គឺ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ និង​សមាសភាព គ.ជ.ប។ ប៉ុន្តែ​ភាព​បរាជ័យ​របស់​គណបក្ស​ប្រឆាំង គឺ​ការ​មិន​អាច​ផ្លាស់​ចេញ​នូវ​មន្ត្រី​កាន់​តំណែង​អគ្គលេខាធិការ គ.ជ.ប ចាស់​អាណត្តិ​មុន គឺ​លោក ទេព នីថា ដែល​ត្រូវ​គេ​ចោទ​ថា​មាន​និន្នាការ​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

ទោះ​បី​ជា​យ៉ាង​ណា លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល យល់​ថា សមាជិក​ភាព គ.ជ.ប អាណត្តិ​ថ្មី​នេះ យ៉ាង​ហោច​ណាស់​មាន​តំណាង​ពី​បក្ស​ប្រឆាំង៖ «ជួយ ​អោយ​មាន​តុល្យភាព​រវាង​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ក្នុង​ការ​រៀបចំ​សមាសភាព គ.ជ.ប អាច​ជួយ​បង្កើន​ការងារ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​អោយ​មាន​តម្លាភាព យើង​សង្ឃឹម​អ៊ីចឹង។ សមាសភាព​ហ្នឹង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា។ ហ្នឹង​ជា​ចំណុច​មួយ​ដែល​ប្រសើរ​ជាង​សមាសភាព គ.ជ.ប លើក​មុន ដែល​មាន​តែ​គណបក្ស​មួយ»

គ.ជ.ប មាន​សមាជិក​សំខាន់ ៩​រូប ដែល ៤​រូប​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង ៤​រូប​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​មួយ​រូប​តំណាង​ឲ្យ​សង្គម​ស៊ីវិល ជា​អ្នក​នាំ​ពាក្យ។

អគ្គលេខាធិការ​រង​នៃ គ . ជ . ប ពី​សង្គម​ស៊ីវិល​ត្រូវ​ចាប់​ខ្លួន

អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូប​កណ្ដាល) ពេល​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូប​កណ្ដាល) ពេល​នាំ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៦។ (RFA/Rann Samnang)

ទោះ​ជា​យ៉ាង​ណា អ្វី​ដែល​កំពុង​ចោទ​ជា​បញ្ហា​នោះ គឺ​អគ្គលេខាធិការ​រង​នៃ គ.ជ.ប មួយ​រូប គឺ​លោក នី ចរិយា កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​ជាប់​ចោទ​ពី​បទ​ឃុបឃិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ស្នេហា​របស់​អ្នក​នាង ខុម ចាន់តារាទី ជាមួយ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​ជា​យ៉ាង​ណា អ្នក​សង្កេតការណ៍​យល់​ថា ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី គ.ជ.ប លោក នី ចរិយា ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច​នោះ គឺ​ជា​រឿង​នយោបាយ។

ខណៈ​អ្នក​សង្កេត​ការណ៍​ប្រកាស​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ពោល​គឺ​មិន​សេរី និង​យុត្តិធម៌ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​ទទួល​ស្គាល់​ថា មាន​បញ្ហា​ខ្វះខាត​តិចតួច​មែន ប៉ុន្តែ​ថា​ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នក​សង្កេត​ការណ៍​បោះឆ្នោត​សង្ឃឹម​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ (Computer) ដែល គ.ជ.ប កំពុង​រៀបចំ​ដោយ​ទទួល​បាន​ជំនួយ​ពី​បរទេស អាច​នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​ជាច្រើន។

ដើម្បី​អាច​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត និង គ.ជ.ប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត ត្រៀម​ខ្លួន​ចុះ​ឈ្មោះ​នៅ​តាម​ឃុំ-សង្កាត់​របស់​ខ្លួន​ចាប់​ពី​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។