
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធការបោះឆ្នោត យល់ឃើញថា ការធ្វើកំណែទម្រង់នៃវិសោធនកម្មច្បាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណបក្សទាំងពីរនៅតែបន្តខ្វែងគំនិតលើចំណុចសេសសល់ចុងក្រោយនេះ អាចនឹងប៉ះពាល់ដំណើរការបោះឆ្នោតនាពេលខាងមុខ។
ជំនួបកំពូលជាថ្មីទៀតរវាងមេដឹកនាំនៃគណបក្សនយោបាយដែលជាប់ឆ្នោតទាំងពីរ កាលពីល្ងាចថ្ងៃទី២៣ កញ្ញា នោះ ពុំបានឯកភាពលើចំណុចណាមួយនៃរបៀបវារៈដែលបានគ្រោងទុកនោះទេ។
មន្ត្រីនាំពាក្យរបស់គណបក្សទាំងពីរ សុទ្ធតែបានអះអាងដូចៗគ្នាក្រោយបញ្ចប់កិច្ចប្រជុំថា ការជួបគ្នាជាថ្មីទៀតលើកនេះលើកំណែទម្រង់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺពុំទទួលបានលទ្ធផលដូចការគ្រោងទុកទេ ដោយត្រូវលើកពេលទៅសប្ដាហ៍ក្រោយទៀត។
បញ្ហា ៥ចំណុចដែលគណបក្សទាំងពីរនៅតែបន្តដើរផ្លូវរៀងៗខ្លួននោះ គឺយុទ្ធនាការឃោសនាបោះឆ្នោត ពេលវេលានៃការបោះឆ្នោត ការលើកស្លាកសញ្ញាគណបក្សនយោបាយនៅតាមទីសាធារណៈ រយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ទោសបញ្ញត្តិ និងចុងក្រោយ គឺដាក់វិន័យ ឬទោសទណ្ឌ។
ករណីនេះ ត្រូវបានមន្ត្រីនៃអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការយ៉ាងដិតដល់ ជុំវិញការបោះឆ្នោតយល់ឃើញថា ការបន្តលើកពេលនៃកិច្ចពិភាក្សាលើទម្រង់នៃការបោះឆ្នោតនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពេលវេលានៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិច (Nicfec) យល់ឃើញថា ការពន្យារពេលរបស់គណបក្សនយោបាយទាំងពីរលើការកែទម្រង់លើច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងជាឧបសគ្គដ៏ធំសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ បន្ថែមពីលើនេះ ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីនេះ ត្រូវបាន លោក សំ គន្ធាមី យល់ឃើញថា មិនចាំបាច់ធ្វើកំណែទម្រង់អ្វីនោះទេ សំខាន់ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចាស់ គឺមានចំណុចដែលល្អជាងច្បាប់បោះឆ្នោតថ្មីនេះទៀតផង។ លោកបន្តថា «ចំណុចមួយចំនួនដូចការឃោសនា មិនចាំបាច់កែតម្រូវទេ។ ចំណុចនេះល្អដូចថា ឥតមានអីមានផលពិបាកសម្រាប់គណបក្សនយោបាយទេ សូម្បីគណបក្សនយោបាយ បានជួបពិភាក្សាក៏អស់លោកគាំទ្រដែរ។ ប៉ុន្តែគោលការណ៍មួយចំនួនដែលពន្យារហ្នឹង គឺប៉ះពាល់ហើយ»។
បើទោះជាបែបណា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ តំណាងឲ្យភាគីខាងគណបក្សប្រជាជនកម្ពុជា លោក សក់ សេដ្ឋា អះអាងថា ថ្វីបើពេលនេះភាគីទាំងពីរមិនទាន់អាចរកចំណុចរួមបានក៏ដោយ ក៏កិច្ចពិភាក្សានេះនៅតែបន្តចរចាជាថ្មីទៀតនៅពេលខាងមុខ។ លោកអះអាងថា ជំនួបលើកនេះ គឺគ្រាន់តែកម្ដៅសាច់ដុំប៉ុណ្ណោះ ដោយសារហេតុថា ចំណុចដែលនៅសេសសល់នេះ គឺជារឿងចាំបាច់ដែលគណបក្សទាំងពីរត្រូវពិនិត្យឲ្យបានល្អិតល្អន់ មុននឹងធ្វើសេចក្ដីសម្រេច។ លោកបន្តថា «លទ្ធផលនៃកិច្ចប្រជុំនេះ គឺបានស្វែងយល់គ្នាទៅវិញទៅមក ទោះបីថាយើងមិនទាន់បានស្រុះស្រួលគ្នាទាំងស្រុង ក៏ប៉ុន្តែថ្នាក់ដឹកនាំនៃគណបក្សទាំងពីរតាមរយៈកិច្ចប្រជុំនេះ បានស្វែងយល់ ហើយថ្នាក់ដឹកនាំសង្ឃឹមថា ការជួបពិភាក្សាគ្នាប្រហែលក្នុងអំឡុងសប្ដាហ៍ក្រោយនេះ នឹងជជែកពិភាក្សាគ្នាបន្តទៀត»។
ចំណែក លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ វិញថ្លែងថា គណបក្សនយោបាយទាំងពីរបានដកឃ្លាទៅពិចារណាសិន ព្រោះចំណុចដែលនៅសេសសល់ទាំងនេះ គឺជាចំណុចសំខាន់។ លោកបន្តថា «ជាលទ្ធផល គឺថ្នាក់ដឹកនាំទាំងពីរ គឺថាមានការសិក្សាស្វែងយល់ពីចំណុចដែលក្រុមការងារទាំងពីរ ដែលមិនទាន់មានការឯកភាពគ្នាទៅលើចំណុចដែលនៅសេសសល់ហ្នឹង»។
គណបក្សនយោបាយទាំងពីរ នឹងជ្រើសរើសពេលវេលានៃការជួបគ្នាជាថ្មីទៀតនៅសប្ដាហ៍ក្រោយ ប៉ុន្តែមិនទាន់កំណត់ពេលវេលាណាមួយច្បាស់លាស់នោះទេ។ បើទោះជាបែបណា កិច្ចប្រជុំកំពូលដែលប្រើពេលប្រមាណជិត ២ម៉ោងនៅវិមានរដ្ឋសភា នៅថ្ងៃទី២៣ កញ្ញា គណបក្សទាំងពីរពុំបានលើកយករបៀបវារៈស្ដីពីការចាប់ខ្លួនសកម្មជន និងមន្ត្រីជាន់ខ្ពស់គណបក្សជំទាស់ជាង ១០នាក់របស់បក្សប្រឆាំង ដាក់លើតុចរចាសម្រាប់ជំនួបកំពូលលើកនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។