បទសម្ភាសន៍៖ HRW ចាត់​ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា​មិន​សេរី​និង​យុត្តិធម៌ (ភាគ​បញ្ចប់)

0:00 / 0:00

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​ថា ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​កម្ពុជា ឆ្នាំ​២០១៧ នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ភាព​សេរី និង​យុត្តិធម៌​នោះ​ទេ។

តើ​មូលហេតុ​អ្វី​បាន​ជា​អង្គការ​អន្តរជាតិ​មួយ​នេះ​ចាត់​ទុក​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ថា​មិន​សេរី និង​យុត្តិធម៌?

លោក មាន ឫទ្ធិ នៃ​អាស៊ីសេរី បាន​សម្ភាស​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជុំវិញ​ការ​វាយ​តម្លៃ​អំពី​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ។

លោក មាន ឫទ្ធិ៖ នៅ​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជា​ថ្មី​ម្តង​ទៀត។ តើ​អង្គការ​របស់​លោក​មាន​ការ​យល់​ឃើញ​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​ការ​បោះឆ្នោត​ខាង​មុខ​នេះ ថា​តើ​ស្ថានភាព​នឹង​មាន​ភាព​ប្រសើរ​ឡើង ឬ​រឹតតែ​អាក្រក់​ឡើង​ជាង​លើក​មុនៗ ពីព្រោះ​ថា​ដូច​ដែល​យើង​ឃើញ​ស្រាប់​ហើយ បន្ទាប់​ពី​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ កន្លង​ទៅ យើង​ឃើញ​ថា​រដ្ឋាភិបាល​បាន​ព្យាយាម​រឹត​បន្តឹង​បរិយាកាស​នយោបាយ​កាន់​តែ​ខ្លាំង​ជាង​មុន ក៏ដូចជា​តាមដាន​ឃ្លាំ​មើល​អង្គការ​សង្គម​ស៊ីវិល ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​គ្រប់​សព្វ​បែប​យ៉ាង? តើ​ស្ថានភាព​នឹង​ត្រូវ​កែលំអ ឬ​រឹត​តែ​អាក្រក់​ឡើង?

លោក ហ្វីល រ៉ូប៊ឺតសុន៖ ខ្ញុំ​គិត​ថា​ក្នុង​រយៈពេល​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដែល​មាន​រយៈពេល​ស្ទើរ​តែ​មិន​ដល់​មួយ​ឆ្នាំ​ផង​ពី​ឥឡូវ​នេះ យើង​នឹង​ឃើញ​មាន​ការ​បង្ក្រាប​កាន់​តែ​ច្រើន​ឡើង​ជាង​មុន។ នេះ​គឺ​ដោយសារ​តែ​គណបក្ស​កាន់​អំណាច ដកស្រង់​មេរៀន​ដែល​ខ្លួន​បាន​រៀនសូត្រ​កាល​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ។ កាល​ពី​ឆ្នាំ​២០១៣ ពួក​គេ​បាន​សម្រេច​ចិត្ត​ថា​នឹង​មិន​ប្រើប្រាស់​ការ​បំភិត​បំភ័យ​ណា​មួយ​ឡើយ ហើយ​ព្យាយាម​ទាក់ទាញ​ប្រជាជន​ថា លោក ហ៊ុន សែន បាន​ធ្វើ​អំពើ​ល្អ​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ និង​វប្បធម៌​ចែក​រំលែក​អី​ជាដើម។ តែ​ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ទទួល​រង​នូវ​ការ​មិន​ពេញ​ចិត្ត ហើយ​ប្រជាជន​ដែល​មិន​សូវ​ទទួល​រង​នូវ​ការ​បំភិត​បំភ័យ បាន​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ខ្លួន​បាន ជា​ហេតុ​មួយ​បណ្ដាល​ឲ្យ​គណបក្ស​ប្រឆាំង​ទទួល​បាន​លទ្ធផល​ឆ្នោត​កើន​ឡើង​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចងចាំ​នូវ​មេរៀន​នេះ ហើយ​ថា​ពួក​គេ​នឹង​លែង​ធ្វើ​ជា​មនុស្ស​ល្អ​ដូច​មុន​ទៀត​ហើយ ហើយ​ពួក​គេ​នឹង​ត្រឡប់​ទៅ​ធ្វើ​ដូច​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០០៣ និង​២០០៨ ជាដើម ដែល​ប្រសិន​បើ​ប្រជាជន​ហ៊ាន​ងើប​ឡើង​តតាំង​ប្រឆាំង​នឹង​ពួក​គេ ពួក​គេ​នឹង​វែក​មុខ​រក​មនុស្ស​ទាំងនោះ។ អ្វី​ដែល​ប្រសើរ​អំពី​ការ​បោះឆ្នោត​ចុង​ក្រោយ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ និង​២០០៨ គឺ​ពុំ​មាន​ករណី​ឃាតកម្ម​ដូច​ដែល​គេ​ធ្លាប់​បាន​ឃើញ​កើត​មាន​ឡើង​កាល​ពី​ឆ្នាំ​២០០៣ និង​២០០៨ ដែល​នៅ​ពេល​នោះ សមាជិក​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន មន្ត្រី​ថ្នាក់​មូលដ្ឋាន​ដែល​បាន​គាំទ្រ​គណបក្ស​ប្រឆាំង ត្រូវ​បាន​គេ​កំណត់​មុខ​សញ្ញា​ធ្វើ​ឃាត។ ហើយ​យើង​ពិត​ជា​មិន​ចង់​ឲ្យ​ស្ថានភាព​ត្រឡប់​ទៅ​រក​ករណី​ដូចនេះ​វិញ​ទៀត​ទេ។

ហេតុ​ដូច្នេះ ខ្ញុំ​គិត​ថា វា​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត ហើយ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ជា​ទីបំផុត ដែល​មិន​ត្រឹម​តែ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កាន់​ប្រទេស​នេះ​តែ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ជូន​ពួក​គេ​មក​ជា​មុន ដើម្បី​ឲ្យ​ពួក​គេ​អាច​តាមដាន​បរិយាកាស​សារព័ត៌មាន តាមដាន​នូវ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​និយាយ ក្រឡេក​មើល​របៀប​ដែល​ប្រជាជន​អាច​ចូលរួម ឬ​ក៏​មិន​អាច​បាន ហើយ​ពួក​គេ​ត្រូវ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធានា​ឲ្យ​បាន​ថា មាន​បរិយាកាស​ប្រសើរ​នៅ​មុន​ពេល​បោះឆ្នោត​ជាង​នៅ​ពេល​នេះ។

លោក មាន ឫទ្ធិ៖ តើ​លោក​មាន​ទស្សនៈ ឬ​ពាក្យពេចន៍​ផ្ដាំ​ផ្ញើ​ជា​អនុសាសន៍​អ្វី​ខ្លះ​ដល់​យុវជន​កម្ពុជា ដែល​តំណាង​ឲ្យ​ប្រជាជន​ភាគច្រើន ដែល​ចង់​ឃើញ​ឲ្យ​មាន​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​មិន​មែន​ជា​សន្តិភាព​ក្លែងក្លាយ ឬ​សន្តិភាព​បែប​អវិជ្ជមាន​ដូច​ដែល​គណបក្ស​កាន់​អំណាច​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ?

លោក ហ្វីល រ៉ូប៊ឺតសុន៖ ខ្ញុំ​នឹង​និយាយ​ប្រាប់​ពួក​គេ​ថា ការ​ផ្លាស់ប្ដូរ​សង្គម តម្រូវ​ឲ្យ​មាន​នូវ​កិច្ច​ប្រឹងប្រែង​ពី​មនុស្ស​គ្រប់​រូប។ ហើយ​ថា ប្រសិន​បើ​ពួក​គេ​ចង់​ព្យាយាម​ឲ្យ​មាន​ស្ថានភាព​ផ្លាស់ប្ដូរ​យ៉ាង​ពិតប្រាកដ ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ប្រសើរ​ជាង​នេះ មាន​ប្រជាធិបតេយ្យ​ប្រសើរ​ជាង​នេះ នោះ​ជា​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ដូច្នេះ​បាន។ ពួក​គេ​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​បាន។ ហើយ​ពួក​គេ​គួរ​តែ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ចំណែក​ក្នុង​តួនាទី​នេះ។ ប៉ុន្តែ​វា​នឹង​មិន​មែន​ជា​ការ​ងាយស្រួល​នោះ​ឡើយ ហើយ​នឹង​មិន​កើត​មាន​ឡើង​ភ្លាមៗ​នោះ​ឡើយ គឺ​វា​តម្រូវ​ឲ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់។ ដូច្នេះ ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​យុវជន​ទាំងនោះ​ថា ត្រូវ​ឲ្យ​មាន​ភាព​ច្បាស់លាស់​ចំពោះ​អ្វី​ដែល​ខ្លួន​ធ្វើ ត្រូវ​តែ​មាន​ការ​ច្បាស់លាស់​ថា ប្រសិន​បើ​អ្នក​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ អ្នក​ត្រូវ​រៀបចំ​ត្រៀម​ខ្លួន​ឲ្យ​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​តស៊ូ ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​មធ្យោបាយ​ដោយ​សន្តិវិធី ដែល​អ្នក​នឹង​ត្រូវ​ធ្វើ​ការ​ទាមទារ។ អ្នក និង​មនុស្ស​រួម​ជំនាន់​របស់​អ្នក ត្រូវ​តែ​អង្គុយ​ជជែក​គ្នា​ដើម្បី​ស្វែងរក​អនាគត​ដែល​អ្នក​ចង់​បាន មិន​មែន​ចាំ​តែ​ឲ្យ​អ្នក​ដទៃ​ទៅ​ប្រាប់​អ្នក​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ។

លោក មាន ឫទ្ធិ៖ បាទ! អរគុណ​លោក​ដែល​បាន​ផ្តល់​ទស្សនៈ​មតិ​ជា​អនុសាសន៍​ដល់​យុវជន​កម្ពុជា។ រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​សួរ​នោះ គឺ​ថា​ជាទូទៅ រាល់​អង្គការ​នានា ជា​អង្គការ​ជាតិ ឬ​អន្តរជាតិ​ដែល​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស រដ្ឋាភិបាល​តែងតែ​វាយ​ប្រហារ​ក្រុម​អង្គការ​ទាំងនោះ រួម​ទាំង​អង្គការ​របស់​លោក​ផង​ដែរ ដោយ​និយាយ​ថា​អង្គការ​អស់​ទាំងនោះ ឬ​ក្រុម​ប្រទេស​លោក​ខាង​លិច​ទាំងនោះ កំពុង​ធ្វើ​ការ​នៅ​ខាង​ក្រោយ​ឆាក​ក្នុង​គោលដៅ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៅ​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ចេញ​របាយការណ៍​ផ្លូវការ​ផង​ដែរ​តាម​រយៈ​ក្រសួង​ការ​បរទេស​របស់​ខ្លួន ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច រួម​ទាំង​សហរដ្ឋ​អាមេរិក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ឬ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ដោយ​បរទេស តួយ៉ាង​ដូចជា​វិទ្យុ​អាស៊ីសេរី នេះ​ជាដើម ថា​ធ្វើ​ការ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

តើ​ជា​ការពិត​ដែរ​ឬ​ទេ​ដែល​អង្គការ​របស់​លោក កំពុង​ធ្វើ​ការ​ខាង​ក្រោយ​ឆាក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល?

លោក ហ្វីល រ៉ូប៊ឺតសុន៖ យើង​មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​រួច​ហើយ​ថា យើង​ពុំ​ចូល​ដៃ​ចូល​ជើង​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ខ្ញុំ​ចង់​មាន​ន័យ​ថា ប្រសិន​បើ​មាន​រដ្ឋាភិបាល​ផ្សេង​ពី​នេះ ហើយ​រដ្ឋាភិបាល​នោះ​ក៏​បាន​រំលោភ​សិទ្ធិ​មនុស្ស អ្នក​នឹង​ឮ​យើង​និយាយ​ខ្លាំងៗ​ទៅ​កាន់​ពួក​គេ ដូច​ដែល​យើង​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​អ៊ីចឹង​ដែរ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​បង្កើត​នូវ​ទ្រឹស្ដី​ចោទ​ប្រកាន់​ទុច្ចរិត​នេះ​ឡើង គឺ​ស្តាប់​ទៅ​ហាក់បីដូចជា​ពួក​គេ​កំពុង​តែ​មាន​ជំងឺ​សរសៃ​ប្រសាទ​ដែល​ចេះ​តែ​គិត​ផ្ដេសផ្ដាស​ថា អ្នក​ដទៃ​តែងតែ​ធ្វើ​ការ​ប្រឆាំង​នឹង​ខ្លួន។ ខ្ញុំ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ទស្សនៈ​របស់​យើង គឺ​ថា​រដ្ឋាភិបាល​ខកខាន​មិន​បាន​ការពារ​សិទ្ធិ​នានា ហើយ​តាម​ពិត​ទៅ រដ្ឋាភិបាល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​វិញ។ នេះ​មាន​ន័យ​ថា យើង​មាន​តួនាទី​ក្នុង​ការ​និយាយ​រឿងរ៉ាវ​ទាំងនេះ​ឡើង។ យើង​មាន​តួនាទី​ក្នុង​ការ​កត់ត្រា​ជា​ឯកសារ​អំពី​របក​គំហើញ​នានា ហើយ​និយាយ​ប្រាប់​ទៅ​ពួក​គេ និង​អំពាវនាវ​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់។ ហើយ​ដែល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការងារ​ដែល​យើង​កំពុង​ធ្វើ។ យើង​មិន​ធ្វើ​ការ​ដើម្បី​គាំទ្រ ឬ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឡើយ។ អ្នក​ដឹង​ទេ ប្រសិន​បើ​ថ្ងៃ​ស្អែក ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​ចេះ​គោរព​សិទ្ធិ​មនុស្ស​បាន​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ពិភពលោក យើង​នឹង​សាទរ​ពួក​គេ។

លោក មាន ឫទ្ធិ៖ អរគុណ​លោក​ជា​ថ្មី​ម្តង​ទៀត​ដែល​បាន​ចែក​រំលែក​ទស្សនៈ​នានា​របស់​លោក និង​ពាក្យពេចន៍​ផ្ដាំ​ផ្ញើ​ជា​អនុសាសន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ដែល​បាន​លើក​ឡើង​ពី​បញ្ហា​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោក​បាន​ប្រកប​ដោយ​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារ​របស់​លោក។ ជម្រាប​លា!៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​ព័ត៌មាន​នេះ​ភាគ​ទី​១Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។