បទសម្ភាសន៍​៖ ហេតុ​អ្វី​​អង្គការ HRW ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​សេរី​និង​យុត្តិធម៌ (ភាគ​១)

0:00 / 0:00

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​ថា ដំណើរ​ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ភាព​សេរី និង​យុត្តិធម៌​នោះ​ទេ។

តើ​មូលហេតុ​អ្វី​បាន​ជា​អង្គការ​អន្តរជាតិ​មួយ​នេះ​ចាត់​ទុក​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ថា​មិន​សេរី និង​យុត្តិធម៌?

លោក មាន ឫទ្ធិ នៃ​អាស៊ីសេរី បាន​សម្ភាស​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជុំវិញ​ការ​វាយ​តម្លៃ​អំពី​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ។

លោក មាន ឫទ្ធិ៖ ជម្រាប​សួរ! សូម​អរគុណ​លោក ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​ផ្សាយ​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី បាន​ជួប​សម្ភាស​ជាមួយ​លោក​ផ្ទាល់​ក្នុង​ស្ទូឌីយោ​របស់​យើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ឌីស៊ី នា​ថ្ងៃ​នេះ។ បាទ! តើ​មាន​ហេតុផល​អ្វី​ឲ្យ​ពិតប្រាកដ​ទៅ បាន​ជា​អង្គការ​របស់​លោក​បែរ​ជា​ចាត់​ទុក​ថា ការ​បោះឆ្នោត​នេះ​ពុំ​មាន​ភាព​សេរី និង​ពុំ​មាន​យុត្តិធម៌​យ៉ាង​ដូច្នេះ​ទៅ​វិញ?

លោក ហ្វីល រ៉ូប៊ឺតសុន៖ បាទ! តាម​ពិត​ទៅ មាន​ហេតុផល​ចម្បងៗ​មួយ​ចំនួន​ដែល​អាច​ឲ្យ​យើង​ចាត់​ទុក​យ៉ាង​ដូច្នេះ​បាន។ ដំបូង​ឡើយ គឺ​យើង​ត្រូវ​និយាយ​អំពី​បរិយាកាស​ប្រកួត​ប្រជែង​មួយ​ដែល​ពុំ​មាន​ភាព​ស្មើ​គ្នា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​លើសលុប ហើយ​មាន​ឥទ្ធិពល​ទៅ​លើ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ឲ្យ​ធ្វើ​ការ​ឃោសនា​ឲ្យ​ខ្លួន​នោះ។ គណបក្ស​នេះ​ក៏​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ដៃ ជាមួយ​នឹង​ឥទ្ធិពល​យ៉ាង​សម្បើម។ នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ដូច្នេះ ហើយ​បន្ថែម​ពី​លើ​នេះ​ទៀត មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា អ្នក​ណា​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង គឺ​ដូចជា​បោះឆ្នោត​ឲ្យ​កើត​មាន​បដិវត្តន៍​ពណ៌។

អ៊ីចឹង​ហើយ ប្រសិន​ណា​បើ​មាន​បដិវត្តន៍​ពណ៌ ប្រាកដ​ណាស់​នឹង​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង​នៅ​ពេល​ក្រោយ​មក​ទៀត។ ការ​បំភិត​បំភ័យ ការ​គំរាម​កំហែង​ជា​សាធារណៈ​យ៉ាង​ដូច្នេះ ដែល​មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​ដោយ​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់​ឯង​ហ្នឹង​ទេ ក៏ប៉ុន្តែ​ក៏​មាន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ក្រុម​មន្ត្រី​គ្រាក់ៗ​ដទៃ​ទៀត​របស់​គាត់ បាន​បង្កើត​ឲ្យ​មាន​នូវ​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​បោះឆ្នោត ថា​ប្រសិន​បើ​ពួក​គេ​គាំទ្រ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ដោយ​គាំទ្រ​គណបក្ស​ប្រឆាំង មិន​គាំទ្រ​គណបក្ស​កាន់​អំណាច ពួក​គេ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ណា​មួយ​ជាក់​ជា​មិន​ខាន។

រឿង​មួយ​ទៀត គឺ​ថា​បញ្ហា​នៃ​ការ​បំភិត​បំភ័យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​រួម​មាន​ដូចជា មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​នាក់ និង​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​រហូត​ដល់​ឥឡូវ។ មាន​ការ​គំរាម​កំហែង​តាម​រយៈ​ការ​ឃ្លាំ​មើល​សកម្មភាព​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ផ្នែក​សិទ្ធិ​មនុស្ស។ មាន​ការ​គំរាម​កំហែង​ទៅ​លើ​សហគមន៍​ដែល​បាន​ងើប​ឈរ​ប្រឆាំង​នឹង​ការ​រំលោភ​ដីធ្លី​ដោយ​ខុស​ច្បាប់។ ឧទាហរណ៍​ដូចជា​ការ​ចាប់​ចង​អ្នកស្រី ទេព វន្នី និង​ក្រុម​អ្នក​តវ៉ា​នៅ​តំបន់​បឹងកក់ ដោយ​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ​តាម​រយៈ​បទ​ចោទ​ប្រកាន់​ដែល​ជា​ការ​ប្រឌិត និង​ដែល​ពុំ​មាន​នរណា​ម្នាក់​ជឿ​ទាល់​តែ​សោះ​នោះ ដែល​ថា​ស្ត្រី​ភេទ​ទន់​ខ្សោយ​ដូច​យ៉ាង​អ្នកស្រី ទេព វន្នី បាន​ប្រព្រឹត្ត​អំពើ​វាយ​ដំ​ទៅ​លើ​កង​សន្តិសុខ។ ព្រម​ជាមួយ​គ្នា​នោះ ក៏​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល ដែល​ចាំ​តែ​ប្រថាប់​ត្រា​ករណី​សំណុំ​រឿង​ព្រហ្មទណ្ឌ​នានា​ប្រឆាំង​នឹង​ជន​ណា​ម្នាក់ ដែល​គេ​ចង់​ចោទ​ប្រកាន់។

ជា​ការ​ប្រពៃ​ដែល​យើង​បាន​ទទួល​ដំណឹង​ថា បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក ត្រូវ​បាន​រដ្ឋាភិបាល​លុប​ចោល ប៉ុន្តែ​អ្វី​ដែល​យើង​បាន​នៅ​តែ​ឃើញ​មាន គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើរ​ប្រឌិត​បទល្មើស​ប្រឆាំង​នឹង​រូប​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​បាន។ មិន​តែ​ប៉ុណ្ណោះ មាន​ករណី​ប៉ុនប៉ង​ចង់​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ​ផង​ដែរ។

ដូច្នេះ នៅ​ពេល​ដែល​យើង​និយាយ​ពី​ការ​បោះឆ្នោត យើង​មិន​អាច​និយាយ​តែ​ពី​បញ្ហា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មាន​ភាព​សុក្រឹត ឬ​និយាយ​ថា​បរិយាកាស​នៅ​ថ្ងៃ​បោះឆ្នោត​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​តែ​ប៉ុណ្ណឹង​វា​គ្រប់គ្រាន់​នោះ​ទេ។ យើង​ត្រូវ​តែ​ពិនិត្យ​មើល​ផង​ដែរ​នូវ​ព្រឹត្តិការណ៍​នានា​ដែល​កើត​មាន​ឡើង​នៅ​មុន និង​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។ ការ​ពិនិត្យ​លម្អិត​ដូច្នេះ ទើប​ធ្វើ​ឲ្យ​យើង​ដឹង​ថា ជា​រឿយៗ មាន​បញ្ហា​នៃ​ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​គណបក្ស​កាន់​អំណាច។

លោក មាន ឫទ្ធិ៖ អរគុណ! នៅ​មុន​នេះ​បន្តិច លោក​បាន​មាន​ប្រសាសន៍​អំពី​ការ​លុប​ចោល​បម្រាម​មិន​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា វិញ​បាន ក៏ប៉ុន្តែ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា កាត់​ទោស​ឲ្យ​ជាប់​ពិរុទ្ធ​ជាច្រើន​ករណី សរុប​ដល់​ទៅ​ជាង ៧​ករណី​ឯណោះ។ ដូច្នេះ តើ​លោក​គិត​ថា​ការណ៍​ដែល​រដ្ឋាភិបាល​សម្រេច​លុប​ចោល​បម្រាម​នេះ ជា​ជំហាន​មួយ​វិជ្ជមាន​ដែរ​ឬ​ទេ?

លោក ហ្វីល រ៉ូប៊ឺតសុន៖ បាទ! ជា​ការ​គួរ​ឲ្យ​សោកស្ដាយ ខ្ញុំ​មើល​ឃើញ​ថា​រដ្ឋាភិបាល​កំពុង​លេង​ល្បែង​ឌឺដង​ឡង​សម្ដី​ជាមួយ​លោក សម រង្ស៊ី ដែល​ដើម​ឡើយ​ពួក​គេ​បណ្ដេញ​គាត់​ចេញ​មិន​ឲ្យ​ចូល​ប្រទេស ហើយ​ក្រោយ​មក​ថា​គាត់​អាច​ចូល​មក​វិញ​បាន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​បាន​បង្ហើរ​ព័ត៌មាន​អំពី​បទ​ចោទ​ប្រកាន់​នានា​មក​លើ​រូប​គាត់ ដែល​ស្មើ​នឹង​ជា​ការ​បណ្ដេញ​គាត់​មិន​ឲ្យ​ចូល​វិញ​ដដែល​ហ្នឹង។ អ្វី​ដែល​ពួក​គេ​ព្យាយាម​ធ្វើ គឺ​ថា​ពួក​គេ​ព្យាយាម​ចង់​បង្ហាញ​ឲ្យ​គេ​ឯង​ឃើញ​ថា មាន​ការ​ផ្សះផ្សា​ជាតិ​ក្រោយ​ពេល​បោះឆ្នោត​រួច។ ពួក​គេ​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា ខ្លួន​យល់ព្រម​ទទួល​យក​លទ្ធផល​ទាំងអស់​ដោយ​ពុំ​មាន​ការ​តវ៉ា​ជំទាស់​ជា​ដុំ​កំភួន​អ្វី​ឡើយ។

អ្នក​ដឹង​ទេ​ថា ពួក​គេ​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង ឬ​រារាំង​មិន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ចំពោះ​ករណី​ដែល​គេ​បញ្ជូន​ទាហាន​ជាច្រើន ឲ្យ​មក​ការពារ​ដំណើរការ​បោះឆ្នោត យ៉ាង​ហោច​ណាស់​នៅ​ឃុំ​ចំនួន ១៩​ឃុំ​ផ្សេងៗ​គ្នា ដោយ​និយាយ​យក​លេស​ថា ទាហាន​ទាំងនេះ​មក​ទីនោះ​ដើម្បី​ការពារ​ដំណើរការ​បោះឆ្នោត។ ក៏ប៉ុន្តែ​ក្រោយ​មក ពួក​គេ​មិន​បាន​ស្លៀក​សម្លៀកបំពាក់​ឯកសណ្ឋាន​ជា​ទាហាន​ឯណា ហើយ​ពួក​គេ​បាន​ទៅ​បោះឆ្នោត​ក្នុង​តំបន់​ដែល​គេ​បាន​កំណត់​ទាំងនោះ។ ហើយ​ក្នុង​ករណី​ខ្លះ ការណ៍​នេះ​បាន​ជួយ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​សំឡេង​ឆ្នោត​យ៉ាង​ប្រកៀក​ប្រកិត​ទោរទន់​ទៅ​រក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

ទាំងនេះ គឺ​ជា​រឿងរ៉ាវ​ដែល​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ចង់​ឲ្យ​គ្រប់​គ្នា​ទទួល​យក​លទ្ធផល​ឆ្នោត ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយសារ​តែ​រដ្ឋាភិបាល​ដឹង​ច្បាស់​ថា បើ​ទោះ​ជា​ខ្លួន​បាន​ចាញ់​ឆ្នោត និង​របូត​អស់​កៅអី​មេ​ឃុំ​ជាច្រើន​កន្លែង​ក៏​ពិត​មែន ពោល​គឺ​ជាង​អ្វី​ដែល​ខ្លួន​ទទួល​បាន​កាល​ពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​អាណត្តិ​មុន​ក៏ដោយ ពួក​គេ​នៅ​តែ​អាច​គ្រប់គ្រង​តំណែង​ឃុំ-សង្កាត់​បាន​ចំនួន​ច្រើន​គួរ​សម​គ្រាន់​បើ​ដែរ។

លោក មាន ឫទ្ធិ៖ បាទ! វា​ហាក់បីដូចជា​គំរូ​មួយ​ទៅ​ហើយ​ដែល​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ពី​ការ​បោះឆ្នោត​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ដោយ​យើង​ឃើញ​ថា នៅ​រាល់​ពេល​ដែល​មាន​ការ​បោះឆ្នោត​ម្តងៗ អង្គការ​អន្តរជាតិ​នានា​ដូចជា​អង្គការ​របស់​លោក​ជាដើម ឬ​ស្ថាប័ន​ទាំងឡាយ​ណា​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត តែង​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​ថា​ការ​បោះឆ្នោត​នោះ​ពុំ​មាន​ភាព​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​ឡើយ ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​បាន​លួច​បន្លំ​សន្លឹកឆ្នោត​អី​ជាដើម។ ទើប​តែ​នៅ​ក្រោយ​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣ ទេ ដែល​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បាន​គេ​ធ្វើ​កំណែ​ទម្រង់​មិន​ធ្លាប់​មាន​ពី​មុន​មក។

ក្នុង​ស្ថានភាព​ដូច្នេះ តើ​លោក​អាច​វាយ​តម្លៃ​បាន​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​ការ​បំពេញ​ភារកិច្ច​របស់ គ.ជ.ប ដែល​ទើប​នឹង​កែ​ទម្រង់​ថ្មី​នេះ ដោយ​យក​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ថ្មីៗ​នេះ​ធ្វើ​ជា​សូចនាករ​វាស់​ស្ទង់?

លោក ហ្វីល រ៉ូប៊ឺតសុន៖ បាទ! ខ្ញុំ​គិត​ថា​មនុស្ស​ភាគច្រើន​នឹង​យល់ស្រប​ទៅ​លើ​ការ​វាយ​តម្លៃ​ដែល​ថា បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ពេល​នេះ​មាន​ភាព​ប្រសើរ​ជាង​កាល​ពី​លើក​មុនៗ។ ដូច្នេះ មាន​ទិដ្ឋភាព​បច្ចេកទេស​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​កែលំអ ពោល​គឺ​ពុំ​បាច់​មាន​មន្ទិល​សង្ស័យ​អ្វី​ឡើយ​អំពី​រឿង​នេះ។

ខ្ញុំ​គិត​ថា ក្តី​បារម្ភ​ដែល​យើង​មាន​នៅ​ពេល​នេះ គឺ​ថា​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​រួច​ម្តង​ហើយ នោះ​គឺ​បញ្ហា​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត នៅ​ពេល​ដែល​មាន​ការ​រំលោភ​សិទ្ធិ​នានា រំលោភ​សេរីភាព​សារព័ត៌មាន ប្រជាជន​ត្រូវ​បាន​គេ​បំភិត​បំភ័យ​មិន​ឲ្យ​សម្ដែង​មតិ មាន​ការ​រឹតត្បិត​នានា​ដែល​មិន​សម​ហេតុផល ដូចជា​មិន​ឲ្យ​មាន​ការ​ជួបជុំ​ជា​សាធារណៈ មិន​ឲ្យ​មាន​ការ​ដើរ​តវ៉ា​ជា​សាធារណៈ​អី​ជាដើម។ ទាំងអស់​នេះ​ហើយ គឺ​សុទ្ធតែ​ជា​រឿងរ៉ាវ​ដែល​ខ្ញុំ​គិត​ថា​ចូលរួម​ចំណែក​មួយ​បែប​ផង​ដែរ ក្នុង​ន័យ​ថា​អ្វីៗ​ទាំងអស់ គឺ​ស្ថិត​ក្នុង​ស្ថានភាព​រឹតត្បិត​នៅ​ឡើយ​ទេ ក្រោម​រូបភាព​មួយ​ចំនួន​នោះ។ នៅ​គ្រា​ដែល​មាន​ការ​បំភិត​បំភ័យ​រួច​ជា​ស្រេច​ទៅ​ហើយ​នោះ ក៏​មាន​មនុស្ស​ដូចជា​លោក​នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ប្រាប់​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ពួក​គេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បដិវត្តន៍​ពណ៌​កើត​មាន​ឡើង​ជា​ដាច់ខាត។ លុះ​ដល់​ក្នុង​សុន្ទរកថា​លើក​ក្រោយ​មក​ទៀត លោក​នាយក​រដ្ឋមន្ត្រី​ក៏​ស្រាប់​តែ​ថ្លែង​ថា ក្រុម​ប្រឆាំង​មាន​ពាក់ព័ន្ធ និង​គាំទ្រ​បដិវត្តន៍​ពណ៌។

អ្នក​ដឹង​ទេ មែន​ទែន​ទៅ អ្វី​ដែល​គេ​ចង់​ប្រាប់​នៅ​ពេល​នេះ គឺ​ថា​នាយក​រដ្ឋមន្ត្រី​ប្រាប់​ទៅ​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ក្រុម​ប្រឆាំង គឺ​ជា​សត្រូវ​របស់​ពួក​គេ។ រដ្ឋាភិបាល​តែងតែ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​មនុស្ស​ទាំងឡាយ​ណា​ដែល​បញ្ចេញ​នូវ​សារ​នយោបាយ​ទាំងឡាយ​ណា​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មិន​កាន់​ជើង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ យើង​ធ្វើ​ការ​ផ្អែក​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ហើយ​បញ្ហា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ បញ្ហា​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ បញ្ហា​នៃ​ការ​អនុញ្ញាត​ឲ្យ​ប្រជាជន​បាន​ចូលរួម​ក្នុង​ការ​កំណត់​អនាគត​នយោបាយ​របស់​ពួក​គេ អ្វីៗ​ទាំងអស់​នេះ​សុទ្ធតែ​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ ដែល​ប្រទេស​កម្ពុជា បាន​ផ្តល់​សច្ចាប័ន។ រដ្ឋាភិបាល​បាន​ផ្តល់​សច្ចាប័ន​នេះ​ដោយ​ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង។ ពោល​គឺ​ពុំ​មាន​នរណា​ម្នាក់​ទៅ​ចាប់​បង្ខំ​រដ្ឋាភិបាល​កម្ពុជា ថា​ត្រូវ​តែ​ជាប់​កាតព្វកិច្ច​ផ្តល់​សច្ចាប័ន​លើ​លិខិតុបករណ៍​ផ្លូវ​ច្បាប់​អស់​ទាំងអស់​នេះ​ឡើយ។ រដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បំពេញ​ឲ្យខាងតែ​បាន​នូវ​អ្វី​ដែល​ខ្លួន​បាន​សន្យា។

លោក មាន ឫទ្ធិ៖ តើ​មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា​ទៅ នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​ថា នៅ​រៀង​រាល់​ពេល​ដែល​មាន​ការ​បោះឆ្នោត​ម្តងៗ អង្គការ​អន្តរជាតិ​នានា​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ថា​ការ​បោះឆ្នោត​នោះ​ថា​បាន​រៀបចំ​ឡើង​តាម​របៀប​បែប​កេង​បន្លំ​យក​ឈ្នះ​ជា​មុន​ស្រេច​ដោយ​គណបក្ស​កាន់​អំណាច ហើយ​ដដែល​ជា​ដដែល​អស់​រយៈពេល​ជាង ៥​អាណត្តិ​មក​ហើយ ដែល​លោក ហ៊ុន សែន នៅ​តែ​អាច​រក្សា និង​ក្រាញ​អំណាច​បាន​ដដែល ឬ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ បង្កើន​អំណាច​របស់​លោក​រឹត​តែ​ខ្លាំងក្លា​ឡើងៗ​ជាង​មុន​បន្ថែម​ទៀត​នោះ? តើ​មាន​យន្តការ​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ទេ ដែល​អង្គការ​អន្តរជាតិ​នានា ឬ​ប្រទេស​ម្ចាស់​ជំនួយ គួរ​តែ​ធ្វើ​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន?

លោក ហ្វីល រ៉ូប៊ឺតសុន៖ ជា​រឿយៗ យើង​តែងតែ​ព្យាយាម​ទាក់ទាញ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក ឲ្យ​ជួយ​តាមដាន​មើល​អំពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​មួយ​នេះ ឲ្យ​ពិនិត្យ​មើល​ដំណើរការ​បោះឆ្នោត ហើយ​បញ្ចេញ​សារ​អ្វី​ដែល​ពួក​គេ​ចង់​និយាយ និង​អ្វី​ដែល​ពួក​គេ​មើល​ឃើញ។ ជា​រឿយៗ យើង​ឃើញ​ថា​ប្រទេស​ម្ចាស់​ជំនួយ រដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​ទាំងអស់​នោះ មិន​ចង់​និយាយ​អ្វី​ជា​សាធារណៈ​ឡើយ។ ពួក​គេ​និយាយ​ការពិត​ទាំងនោះ​ជា​លក្ខណៈ​ឯកជន​ទៅ​កាន់​រដ្ឋាភិបាល។ ប៉ុន្តែ​រឿងរ៉ាវ​ទាំងនោះ​វា​ចូល​តាម​រន្ធ​ត្រចៀក​ម្ខាង ហើយ​ចេញ​ទៅ​រន្ធ​ត្រចៀក​ម្ខាង​ទៀត​បាត់​ក្រោយ​ពេល​និយាយ​ចប់។ ដូច្នេះ​ត្រូវ​តែ​មាន​ការ​ថ្កោលទោស​ជា​សាធារណៈ ដោយសារ​តែ​ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​តែងតែ​រឹងរូស​មិន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​សោះ​ឡើយ។

និយាយ​ពី​រឿង​អំណាច​លោក ហ៊ុន សែន វិញ យើង​ត្រូវ​ពិនិត្យ​មើល​ទិដ្ឋភាព​នយោបាយ​នានា។ លោក ហ៊ុន សែន មិន​មាន​គូបដិបក្ខ​ប្រជែង​ណា​មួយ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ឡើយ។ លោក​គ្រប់គ្រង​បាន​យ៉ាង​រឹងមាំ​ចំពោះ​យោធា នគរបាល ហើយ​គណបក្ស​របស់​លោក​ធ្វើ​ការ​គ្រប់គ្រង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ប្រព័ន្ធ​តុលាការ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ទាំងឡាយ​ណា​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។ ដូច្នេះ លោក ហ៊ុន សែន បាន​រៀបចំ​ឲ្យ​ខ្លួន​លោក​ស្ថិត​ក្នុង​ស្ថានភាព​សុវត្ថិភាព​មួយ​ដ៏​ល្អ ដែល​អាច​ឲ្យ​គាត់​នៅ​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​អស់​រយៈកាល​តាម​ដែល​គាត់​ចង់​ធ្វើ​ស្រេច​តែ​ចិត្ត។

សំណួរ គឺ​ស្ថិត​នៅ​ត្រង់​ថា តើ​នៅ​ពេល​ណា​មួយ​ខាង​មុខ​នោះ តើ​គាត់​អាច​នឹង​ផ្ទេរ​អំណាច​នេះ​ទៅ​ឲ្យ​កូន​ប្រុស​ណា​ម្នាក់​របស់​លោក​ដែរ​ឬ​យ៉ាង​ណា​នោះ? ហើយ​ប្រសិន​បើ​ករណី​នេះ​កើត​មាន​ឡើង​មែន​នោះ តើ​គណបក្ស​របស់​គាត់​នឹង​គាំទ្រ​គំនិត​នេះ​ដែរ​ឬ​ទេ? ទាំងអស់​នេះ គឺ​ជា​រឿងរ៉ាវ​នយោបាយ​ដែល​ត្រូវ​វិភាគ ក៏ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។ បញ្ហា​គឺ​ស្ថិត​នៅ​ត្រង់​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​ដើម្បី​អាច​ឲ្យ​លោក​នៅ​បន្ត​កាន់​អំណាច​បាន ហើយ​នៅ​ពេល​ដែល​ករណី​ទាំងនេះ​កើត​មាន​ឡើង គឺ​ប្រាកដ​ណាស់ យើង​នឹង​លើក​បញ្ហា​នេះ​មក​និយាយ​ឲ្យ​គេ​ឯង​គ្រប់​គ្នា​ដឹង​ឮ។

រដ្ឋាភិបាល​ចង់​ចោទ​ប្រកាន់​យើង​ថា ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់ និង​ពិបាក​ធ្វើ​ការ​ជាមួយ។ បាទ! ខ្ញុំ​ចង់​និយាយ​ថា ដរាប​ណា​រដ្ឋាភិបាល​នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស ដរាប​នោះ​យើង​នឹង​នៅ​ទីនោះ​រង់ចាំ​លាត​ត្រដាង និង​បក​អាក្រាត​អំពើ​អាក្រក់​របស់​ពួក​គេ​គ្រប់​ពេលវេលា៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​ព័ត៌មាន​ជុំវិញ​រឿង​នេះ​ភាគ​បញ្ចប់!Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។