អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកថា ដំណើរការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា ឆ្នាំ២០១៧ នេះ បានប្រព្រឹត្តទៅដោយពុំមានភាពសេរី និងយុត្តិធម៌នោះទេ។
តើមូលហេតុអ្វីបានជាអង្គការអន្តរជាតិមួយនេះចាត់ទុកការបោះឆ្នោតឃុំ-សង្កាត់ ថាមិនសេរី និងយុត្តិធម៌?
លោក មាន ឫទ្ធិ នៃអាស៊ីសេរី បានសម្ភាសលោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជុំវិញការវាយតម្លៃអំពីដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នេះ។
លោក មាន ឫទ្ធិ៖ នៅឆ្នាំ២០១៨ ប្រទេសកម្ពុជា នឹងរៀបចំឲ្យមានការបោះឆ្នោតថ្នាក់ជាតិជាថ្មីម្តងទៀត។ តើអង្គការរបស់លោកមានការយល់ឃើញយ៉ាងដូចម្តេចដែរចំពោះការបោះឆ្នោតខាងមុខនេះ ថាតើស្ថានភាពនឹងមានភាពប្រសើរឡើង ឬរឹតតែអាក្រក់ឡើងជាងលើកមុនៗ ពីព្រោះថាដូចដែលយើងឃើញស្រាប់ហើយ បន្ទាប់ពីពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើលក្រោយពីការបោះឆ្នោតឆ្នាំ២០១៣ កន្លងទៅ យើងឃើញថារដ្ឋាភិបាលបានព្យាយាមរឹតបន្តឹងបរិយាកាសនយោបាយកាន់តែខ្លាំងជាងមុន ក៏ដូចជាតាមដានឃ្លាំមើលអង្គការសង្គមស៊ីវិល ដោយធ្វើការចោទប្រកាន់គ្រប់សព្វបែបយ៉ាង? តើស្ថានភាពនឹងត្រូវកែលំអ ឬរឹតតែអាក្រក់ឡើង?
លោក ហ្វីល រ៉ូប៊ឺតសុន៖ ខ្ញុំគិតថាក្នុងរយៈពេលឆ្ពោះទៅរកការបោះឆ្នោតដែលមានរយៈពេលស្ទើរតែមិនដល់មួយឆ្នាំផងពីឥឡូវនេះ យើងនឹងឃើញមានការបង្ក្រាបកាន់តែច្រើនឡើងជាងមុន។ នេះគឺដោយសារតែគណបក្សកាន់អំណាច ដកស្រង់មេរៀនដែលខ្លួនបានរៀនសូត្រកាលពីការបោះឆ្នោតក្នុងឆ្នាំ២០១៣ កន្លងទៅ។ កាលពីឆ្នាំ២០១៣ ពួកគេបានសម្រេចចិត្តថានឹងមិនប្រើប្រាស់ការបំភិតបំភ័យណាមួយឡើយ ហើយព្យាយាមទាក់ទាញប្រជាជនថា លោក ហ៊ុន សែន បានធ្វើអំពើល្អត្រឹមត្រូវក្នុងការអភិវឌ្ឍជាតិ និងវប្បធម៌ចែករំលែកអីជាដើម។ តែផ្ទុយទៅវិញ ពួកគេបានទទួលរងនូវការមិនពេញចិត្ត ហើយប្រជាជនដែលមិនសូវទទួលរងនូវការបំភិតបំភ័យ បានបោះឆ្នោតតាមឆន្ទៈរបស់ខ្លួនបាន ជាហេតុមួយបណ្ដាលឲ្យគណបក្សប្រឆាំងទទួលបានលទ្ធផលឆ្នោតកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់។
ខ្ញុំគិតថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងចងចាំនូវមេរៀននេះ ហើយថាពួកគេនឹងលែងធ្វើជាមនុស្សល្អដូចមុនទៀតហើយ ហើយពួកគេនឹងត្រឡប់ទៅធ្វើដូចអ្វីដែលពួកគេបានធ្វើក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៣ និង២០០៨ ជាដើម ដែលប្រសិនបើប្រជាជនហ៊ានងើបឡើងតតាំងប្រឆាំងនឹងពួកគេ ពួកគេនឹងវែកមុខរកមនុស្សទាំងនោះ។ អ្វីដែលប្រសើរអំពីការបោះឆ្នោតចុងក្រោយនេះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០០៣ និង២០០៨ គឺពុំមានករណីឃាតកម្មដូចដែលគេធ្លាប់បានឃើញកើតមានឡើងកាលពីឆ្នាំ២០០៣ និង២០០៨ ដែលនៅពេលនោះ សមាជិកគណបក្សប្រឆាំងនៅតាមមូលដ្ឋាន មន្ត្រីថ្នាក់មូលដ្ឋានដែលបានគាំទ្រគណបក្សប្រឆាំង ត្រូវបានគេកំណត់មុខសញ្ញាធ្វើឃាត។ ហើយយើងពិតជាមិនចង់ឲ្យស្ថានភាពត្រឡប់ទៅរកករណីដូចនេះវិញទៀតទេ។
ហេតុដូច្នេះ ខ្ញុំគិតថា វាតម្រូវឲ្យមានការតាមដានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ហើយសហគមន៍អន្តរជាតិត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ជាទីបំផុត ដែលមិនត្រឹមតែបញ្ជូនអ្នកសង្កេតការណ៍មកកាន់ប្រទេសនេះតែនៅក្នុងថ្ងៃបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែបញ្ជូនពួកគេមកជាមុន ដើម្បីឲ្យពួកគេអាចតាមដានបរិយាកាសសារព័ត៌មាន តាមដាននូវអ្វីដែលលោកនាយករដ្ឋមន្ត្រីបាននិយាយ ក្រឡេកមើលរបៀបដែលប្រជាជនអាចចូលរួម ឬក៏មិនអាចបាន ហើយពួកគេត្រូវតែទាមទារឲ្យរដ្ឋាភិបាលធានាឲ្យបានថា មានបរិយាកាសប្រសើរនៅមុនពេលបោះឆ្នោតជាងនៅពេលនេះ។
លោក មាន ឫទ្ធិ៖ តើលោកមានទស្សនៈ ឬពាក្យពេចន៍ផ្ដាំផ្ញើជាអនុសាសន៍អ្វីខ្លះដល់យុវជនកម្ពុជា ដែលតំណាងឲ្យប្រជាជនភាគច្រើន ដែលចង់ឃើញឲ្យមាននូវការផ្លាស់ប្ដូរជាវិជ្ជមានមួយនៅក្នុងប្រទេសកម្ពុជា ពោលគឺមិនមែនជាសន្តិភាពក្លែងក្លាយ ឬសន្តិភាពបែបអវិជ្ជមានដូចដែលគណបក្សកាន់អំណាចកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះឡើយ?
លោក ហ្វីល រ៉ូប៊ឺតសុន៖ ខ្ញុំនឹងនិយាយប្រាប់ពួកគេថា ការផ្លាស់ប្ដូរសង្គម តម្រូវឲ្យមាននូវកិច្ចប្រឹងប្រែងពីមនុស្សគ្រប់រូប។ ហើយថា ប្រសិនបើពួកគេចង់ព្យាយាមឲ្យមានស្ថានភាពផ្លាស់ប្ដូរយ៉ាងពិតប្រាកដ ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សប្រសើរជាងនេះ មានប្រជាធិបតេយ្យប្រសើរជាងនេះ នោះជាសិទ្ធិរបស់ពួកគេក្នុងការធ្វើដូច្នេះបាន។ ពួកគេមានសិទ្ធិធ្វើដូច្នេះបាន។ ហើយពួកគេគួរតែត្រូវបានគេអនុញ្ញាតឲ្យចូលរួមចំណែកក្នុងតួនាទីនេះ។ ប៉ុន្តែវានឹងមិនមែនជាការងាយស្រួលនោះឡើយ ហើយនឹងមិនកើតមានឡើងភ្លាមៗនោះឡើយ គឺវាតម្រូវឲ្យមានការប្ដេជ្ញាចិត្តខ្ពស់។ ដូច្នេះ ខ្ញុំនឹងនិយាយទៅកាន់យុវជនទាំងនោះថា ត្រូវឲ្យមានភាពច្បាស់លាស់ចំពោះអ្វីដែលខ្លួនធ្វើ ត្រូវតែមានការច្បាស់លាស់ថា ប្រសិនបើអ្នកចង់ឲ្យមានការផ្លាស់ប្ដូរ អ្នកត្រូវរៀបចំត្រៀមខ្លួនឲ្យរួចជាស្រេចដើម្បីធ្វើការតស៊ូ ឲ្យមានការផ្លាស់ប្ដូរតាមមធ្យោបាយដោយសន្តិវិធី ដែលអ្នកនឹងត្រូវធ្វើការទាមទារ។ អ្នក និងមនុស្សរួមជំនាន់របស់អ្នក ត្រូវតែអង្គុយជជែកគ្នាដើម្បីស្វែងរកអនាគតដែលអ្នកចង់បាន មិនមែនចាំតែឲ្យអ្នកដទៃទៅប្រាប់អ្នកថា ត្រូវធ្វើយ៉ាងណានោះទេ។
លោក មាន ឫទ្ធិ៖ បាទ! អរគុណលោកដែលបានផ្តល់ទស្សនៈមតិជាអនុសាសន៍ដល់យុវជនកម្ពុជា។ រឿងមួយទៀតដែលខ្ញុំចង់សួរនោះ គឺថាជាទូទៅ រាល់អង្គការនានា ជាអង្គការជាតិ ឬអន្តរជាតិដែលធ្វើការដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស រដ្ឋាភិបាលតែងតែវាយប្រហារក្រុមអង្គការទាំងនោះ រួមទាំងអង្គការរបស់លោកផងដែរ ដោយនិយាយថាអង្គការអស់ទាំងនោះ ឬក្រុមប្រទេសលោកខាងលិចទាំងនោះ កំពុងធ្វើការនៅខាងក្រោយឆាកក្នុងគោលដៅដើម្បីផ្ដួលរំលំរដ្ឋាភិបាលនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលបានចេញរបាយការណ៍ផ្លូវការផងដែរតាមរយៈក្រសួងការបរទេសរបស់ខ្លួន ដោយធ្វើការចោទប្រកាន់រដ្ឋាភិបាលប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក អង្គការឃ្លាំមើលសិទ្ធិមនុស្ស ឬស្ថាប័នប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយបរទេស តួយ៉ាងដូចជាវិទ្យុអាស៊ីសេរី នេះជាដើម ថាធ្វើការដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
តើជាការពិតដែរឬទេដែលអង្គការរបស់លោក កំពុងធ្វើការខាងក្រោយឆាកដើម្បីផ្ដួលរំលំរដ្ឋាភិបាល?
លោក ហ្វីល រ៉ូប៊ឺតសុន៖ យើងមិនបានធ្វើដូច្នេះទេ។ ដូចដែលខ្ញុំបានលើកឡើងរួចហើយថា យើងពុំចូលដៃចូលជើងជាមួយគណបក្សនយោបាយណាមួយឡើយ។ ខ្ញុំចង់មានន័យថា ប្រសិនបើមានរដ្ឋាភិបាលផ្សេងពីនេះ ហើយរដ្ឋាភិបាលនោះក៏បានរំលោភសិទ្ធិមនុស្ស អ្នកនឹងឮយើងនិយាយខ្លាំងៗទៅកាន់ពួកគេ ដូចដែលយើងកំពុងធ្វើនាពេលបច្ចុប្បន្ននេះអ៊ីចឹងដែរ។ ខ្ញុំគិតថា រដ្ឋាភិបាលបង្កើតនូវទ្រឹស្ដីចោទប្រកាន់ទុច្ចរិតនេះឡើង គឺស្តាប់ទៅហាក់បីដូចជាពួកគេកំពុងតែមានជំងឺសរសៃប្រសាទដែលចេះតែគិតផ្ដេសផ្ដាសថា អ្នកដទៃតែងតែធ្វើការប្រឆាំងនឹងខ្លួន។ ខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីឲ្យប្រាកដនោះទេ ប៉ុន្តែទស្សនៈរបស់យើង គឺថារដ្ឋាភិបាលខកខានមិនបានការពារសិទ្ធិនានា ហើយតាមពិតទៅ រដ្ឋាភិបាលកំពុងរំលោភសិទ្ធិមនុស្សទៅវិញ។ នេះមានន័យថា យើងមានតួនាទីក្នុងការនិយាយរឿងរ៉ាវទាំងនេះឡើង។ យើងមានតួនាទីក្នុងការកត់ត្រាជាឯកសារអំពីរបកគំហើញនានា ហើយនិយាយប្រាប់ទៅពួកគេ និងអំពាវនាវឲ្យពួកគេយកចិត្តទុកដាក់។ ហើយដែលនេះគឺជាផ្នែកមួយនៃការងារដែលយើងកំពុងធ្វើ។ យើងមិនធ្វើការដើម្បីគាំទ្រ ឬប្រឆាំងនឹងរដ្ឋាភិបាលនោះឡើយ។ អ្នកដឹងទេ ប្រសិនបើថ្ងៃស្អែក ប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានរដ្ឋាភិបាលចេះគោរពសិទ្ធិមនុស្សបានខ្ជាប់ខ្ជួននៅក្នុងពិភពលោក យើងនឹងសាទរពួកគេ។
លោក មាន ឫទ្ធិ៖ អរគុណលោកជាថ្មីម្តងទៀតដែលបានចែករំលែកទស្សនៈនានារបស់លោក និងពាក្យពេចន៍ផ្ដាំផ្ញើជាអនុសាសន៍ដល់ប្រជាពលរដ្ឋកម្ពុជា ហើយដែលបានលើកឡើងពីបញ្ហាកង្វល់នានាពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមជូនពរឲ្យលោកបានប្រកបដោយជោគជ័យក្នុងបេសកកម្មការងាររបស់លោក។ ជម្រាបលា!៕
[ ចុចត្រង់នេះ ដើម្បីអាន ឬស្ដាប់ព័ត៌មាននេះភាគទី១Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។