ជប៉ុន​ព្រួយ​បារម្ភ​ស្ថានការណ៍​នយោបាយ​កម្ពុជា

ប្រទេស​ជប៉ុន បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដោយ​កង​កម្លាំង​យោធា​និង​ប៉េអឹម បាន​បង្ក្រាប​លើ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា។

សេចក្ដី​ថ្លែងការណ៍​នៃ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ជប៉ុន ដែល​ចេញ​ដោយ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា ថ្ងៃ​ទី​៨ សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​អំពើ​ហិង្សា​នយោបាយ​នៅ​កម្ពុជា រឹតតែ​ធ្ងន់ធ្ងរ អាច​នាំ​ឲ្យ​ប៉ះពាល់​ដំណើរការ​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា៖ "ប្រទេស​ជប៉ុន​នឹង​បន្ត​ធ្វើ​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា ដោយ​រួម​មាន​ទស្សនវិស័យ​ក្នុង​ការ​ធានា​សុវត្ថិភាព​នៃ​ក្រុមហ៊ុន​ជប៉ុន និង​ប្រជាជន​ជប៉ុន"

ប្រទេស​ជប៉ុន​បាន​លើក​ទឹក​ចិត្ត ភាគី​ទំនាស់​នយោបាយ​ទាំង​ពីរ គឺ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជៀសវាង​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ហើយ​ជប៉ុន​សង្ឃឹម​ថា មេ​ដឹក​នាំ​បក្ស​ទាំង​ពីរ​នឹង​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា ដែល​កំពុង​ជាប់​គាំង​សព្វ​ថ្ងៃ​នេះ​ឡើង​វិញ ក្នុង​ពេល​ឆាប់ៗ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​ជប៉ុន​ដែល​ជា​ប្រទេស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ដ៏​ធំ​មួយ​នោះ មិន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​មន្ត្រី​សន្តិសុខ​បាញ់​ប្រហារ​លើ​ក្រុម​កម្មករ​បាតុកម្ម​កាល​ពី​សប្ដាហ៍​មុន​ដូច​ប្រទេស​ផ្សេង​ទៀត និង​សហគមន៍​អន្តរជាតិ​ទេ។

ទាក់ទង​ការ​បង្ក្រាប​បាតុករ​យ៉ាង​ហិង្សា ដោយ​កង​កម្លាំង​ការពារ​សន្តិសុខ ប្រើ​អាវុធ​បាញ់​រះ​លើ​ក្រុម ​បាតុករ​បណ្ដាល​ឲ្យ​ស្លាប់ ៤​នាក់ និង​របួស​ជិត ៤០​នាក់ កាល​ពី​ដើម​ខែ​មករា នេះ​ដែរ ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​មួយ​ចំនួន​ទៀត រួម​ទាំង​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​វែក​មុខ​រក​កងកម្លាំង​សន្តិសុខ​ដែល​​បាញ់​សម្លាប់​ក្រុម​បាតុករ​ឲ្យ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។