អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​អះអាង​ថា​កម្ពុជា​នៅ​តែ​ខ្វះ​អ្នក​ស្រាវជ្រាវ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បង្ហាញ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កម្ពុជា នៅ​តែ​ខ្វះ​អ្នក​ស្រាវជ្រាវ បើ​ទោះ​បី​ជា​កម្ពុជា មាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ច្រើន​ហើយ​ក្តី។

ចំណែក​ក្រុម​យុវជន​វិញ​ត្អូញត្អែរ​ថា ពួក​គេ​នៅ​មាន​ការ​យល់​ដឹង​តិច​បំផុត​ពី​សារសំខាន់​នៃ​ការ​សិក្សា​ស្រាវជ្រាវ។ ទន្ទឹម​គ្នា​នេះ ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល លើក​ទឹក​ចិត្ត​ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​បង្កើន​ចំនួន​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា។

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បារម្ភ​ថា កង្វះ​អ្នក​ស្រាវជ្រាវ​នឹង​អាច​ឲ្យ​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច​យឺត និង​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សង្គម​ជាក់ស្តែង​បាន​ទាន់​ពេលវេលា​នោះ​ទេ។

ការ​លើក​ឡើង​របស់​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍន៍​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ វេទិកា​នេះ មាន​គោល​បំណង​កសាង​សមត្ថភាព វប្បធម៌​ស្រាវជ្រាវ និង​ចែក​រំលែក​បទពិសោធន៍ និង​ចំណេះ​ដឹង​ស្រាវជ្រាវ ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​ការ​ស្រាវជ្រាវ និង​គោល​នយោបាយ។

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក ម៉ី កល្យាណ មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​កម្ពុជា មាន​កន្លែង​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់ ហើយ​រដ្ឋាភិបាល​ព្យាយាម​តម្រែតម្រង់​ផ្លូវ​ឲ្យ​សិស្ស ងាក​មក​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន​ក្តី ផ្ទុយ​ទៅ​វិញ កម្ពុជា មាន​អ្នក​ស្រាវជ្រាវ​មាន​តិចតួច​នៅ​ឡើយ។ លោក​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​កត្តា​បុគ្គល​មិន​សូវ​ចាប់​អារម្មណ៍ កត្តា​ប្រាក់​ខែ និង​គុណភាព​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​មិន​មាន​ស្តង់ដារ។

ជាង​នេះ​ទៀត ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ រូប​នេះ ជំរុញ​ឲ្យ​យុវជន​ស្រាវជ្រាវ​ពី​បញ្ហា​តូចៗ​ឲ្យ​បាន​ច្រើន កុំ​ចាំ​តែ​រឿងរ៉ាវ​ធំ​ដុំ និង​ចាំ​តែ​មាន​ថវិកា​នោះ ព្រោះ​ការ​សិក្សា​ស្រាវជ្រាវ​មាន​សារសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ៖ «យុវជន​ខ្មែរ​ចាប់​ផ្ដើម​អនុវត្ត​ការងារ​ស្រាវជ្រាវ​ទាំង​រឿង​បច្ចេកទេស ធ្វើ​យ៉ាង​ម៉េច ចឹង​បើ​យើង​អត់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ យើង​មិន​ដឹង​នោះ​ទេ ហើយ​មិន​ចាំបាច់​តែ​អ្នក​វិទ្យាសាស្ត្រ ចឹង​តូចតាច​ក៏​ស្រាវជ្រាវ អា​ធំ​ក៏​ស្រាវជ្រាវ»

សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក សេង វេយ៉ាណែត បាន​និយាយ​ដែរ​ថា លោក​ទទួល​ស្គាល់​ថា កម្ពុជា នៅ​តែ​មាន​ចំនួន​អ្នក​ស្រាវជ្រាវ​តិច ពិសេស​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង។ ជាង​នេះ​ទៀត លោក​ថា មនុស្ស​ម្នាក់ៗ​ចាំបាច់​ត្រូវ​មាន​ចំណេះ​ដឹង​ស្រាវជ្រាវ ព្រោះ​ការ​ស្រាវជ្រាវ​ជួយ​ជំរុញ​ឲ្យ​សង្គម​ទទួល​បាន​ភាព​ច្បាស់លាស់ និង​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​មនុស្ស។ លោក​ស្នើ​ឲ្យ​យុវជន ត្រូវ​តែ​ចាប់​ផ្តើម​អនុវត្ត​ទាំង​ទ្រឹស្ដី និង​ការ​ស្រាវជ្រាវ៖ «ការ​ស្រាវជ្រាវ​វា​ផ្តល់​ឲ្យ​យើង​នូវ​គំនិត​ទស្សនៈ ការ​បត់បែន ហើយ​នឹង​ការ​បើក​ចំហ​នូវ​គំនិត​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ប្រកួត​ប្រជែង​ទីផ្សារ​សេដ្ឋកិច្ច​ជាតិ​ផង»

ចំណែក​ឯ​យុវជន​ដែល​បាន​ចូលរួម​វេទិកា​នេះ និង​ជា​សិស្ស​ត្រៀម​បញ្ចប់​និក្ខេបបទ កញ្ញា ព្រំ សោភា បាន​និយាយ​ថា កញ្ញា​ចាប់​អារម្មណ៍​ការងារ​ស្រាវជ្រាវ ប៉ុន្តែ​កន្លង​មក​មិន​សូវ​មាន​អ្នក​ជំនាញ​ផ្នែក​នេះ ចែក​រំលែក​បទពិសោធន៍​ពី​រឿង​នេះ​បាន​ទូលំទូលាយ​ប៉ុន្មាន​នោះ​ទេ ហើយ​កញ្ញា​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​លើក​ទឹក​ចិត្ត គាំទ្រ​ស្នាដៃ​ស្រាវជ្រាវ​យុវជន ហើយ​រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ជា​ថវិកា និង​ទីកន្លែង​បច្ចេកទេស សម្ភារៈ​មាន​ស្តង់ដារ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​លើ​ផ្នែក​ស្រាវជ្រាវ​ដល់​និស្សិត៖ «យុវជន​យើង​គាត់​មាន​ការ​ស្រាវជ្រាវ​ច្រើន ប៉ុន្តែ​បែរ​ជា​អ្វី​ដែល​គាត់​ធ្វើ​ការ​ស្រាវជ្រាវ​រួច​ហើយ បាត់​ទៅៗ ចឹង​សំខាន់​ណាស់​ការ​លើក​ទឹក​ចិត្ត»

ទោះ​ជា​យ៉ាង​ណា វេទិកា​ស្រាវជ្រាវ​អភិវឌ្ឍន៍​នៅ​កម្ពុជា មិន​ទាន់​បញ្ជាក់​ច្បាស់​ពី​ចំនួន​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា នៅ​ឡើយ ខណៈ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​បង្ហាញ​បញ្ហា​កង្វះ​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា។ អ្នក​ចូលរួម​ជាង ២០០​នាក់​ដែល​ភាគ​ច្រើន​ជា​យុវជន​មក​ពី​សាកលវិទ្យាល័យ និង​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ច្បាស់លាស់​ផ្នែក​ស្រាវជ្រាវ ដើម្បី​ឲ្យ​កម្ពុជា ដើរ​ទាន់​សមាគម​សេដ្ឋកិច្ច​អាស៊ាន នៅ​ចុង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។