ប្រទេសកម្ពុជា ជាកូនពៅគេនៅក្នុងគ្រួសារអាស៊ាន។ កម្ពុជា បានចូលជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បណ្ដារដ្ឋជាសមាជិកអាស៊ាន បានព្រមព្រៀងគ្នាហើយថា នឹងធ្វើសមាហរណកម្មដើម្បីបង្កើតជាសហគមន៍សេដ្ឋកិច្ចតែមួយសម្រាប់តំបន់អាស៊ាន នៅចុងឆ្នាំ២០១៥ នេះ។
អតីតអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) បានយល់ព្រមផ្ដល់បទសម្ភាសន៍ផ្ទាល់ផ្ដាច់មុខមួយជាមួយអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងបន្ទប់សណ្ឋាគារដែលលោកបណ្ឌិតស្នាក់នៅ។
នៅក្នុងបទសម្ភាសន៍នេះ លោក សុរិន ពិតសុវ៉ាន់ បានលើកឡើងថា កម្ពុជា នៅក្នុងអាស៊ាន វាប្រសើរជាងកម្ពុជា នៅតែឯង។ ចំពោះការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន លោកបណ្ឌិត សុរិន ពិតសុវ៉ាន់ បានលើកឡើងថា វាអាស្រ័យលើការដឹកនាំ និងប្រជាជនកម្ពុជា ទេ ដើម្បីទាញយកប្រយោជន៍ពីសហគមន៍នេះ។
លោក សាន សែល៖ ដោយសារមានវិស័យជាច្រើននៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន តើវិស័យមួយណាគួរអាស៊ានផ្ដោតសំខាន់មុនគេ?
លោក សុរិន ពិតសុវ៉ាន់៖ មិនអាចធ្វើអ៊ីចឹងបានឡើយ។ ដោយសារអាស៊ានមានភាពចម្រុះ។ ប្រទេសសិង្ហបុរី គេមិនមានដីចម្ការគ្រប់គ្រាន់។ ដូច្នេះ គេផ្ដោតលើវិស័យសេវាកម្ម ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ហិរញ្ញវត្ថុ ធនាគារ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសថៃ គេផ្ដោតលើកសិកម្មទេសចរណ៍ និងយានយន្ត។ ប្រទេសម៉ាឡេស៊ី ផ្ដោតលើអេឡិចត្រូនិក។ ប្រទេសមួយៗមានវិស័យជាអាទិភាពរៀងៗខ្លួន។
ហ្នឹងហើយ អាស៊ានគួរមានជាទស្សនវិស័យរួមមួយ។ ចំណុចដែលថា យើងគួរផ្ដោតទៅលើកសិកម្ម ឬឧស្សាហកម្ម វាមិនមែនជាចំណុចសំខាន់នោះឡើយ។ អ្វីដែលសំខាន់នោះ គឺប្រទេសសមាជិកអាស៊ាននីមួយៗ រើសអ្វីដោយខ្លួនឯង ដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារពិភពលោកបាន។
លោក សាន សែល៖ ឥឡូវសូមជជែកពីវិស័យធនាគារវិញម្ដង។ តាមការយល់ឃើញរបស់លោកបណ្ឌិត ថាតើអាស៊ាន គួរបង្កើតជាធនាគារកណ្ដាលអាស៊ានមួយដែរឬទេ?
លោក សុរិន ពិតសុវ៉ាន់៖ ខ្ញុំយល់ថា វាមិនទាន់ជាការចាំបាច់នៅឡើយទេ។ យើងមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឬធនាគារពិភពលោក (World Bank)។ ប្រទេសអាស៊ាននីមួយៗបានចូលរួមទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ យើងក៏មិនបានគិតដល់ការបង្កើតរូបិយវត្ថុអាស៊ានរួម ឬស្ថាប័នហិរញ្ញវត្ថុតំបន់នៅឡើយទេ។ វានៅលើផ្លូវវែងឆ្ងាយទៀត។
លោក សាន សែល៖ លោកបណ្ឌិតមិនយល់ថា ឆ្នាំ២០១៥ នេះ វាឆាប់រហ័សពេកទេសម្រាប់សមាហរណកម្មអាស៊ាន?
លោក សុរិន ពិតសុវ៉ាន់៖ វាមិនលឿន ឬក៏យឺតពេកទេ។ កាលបរិច្ឆេទកំណត់ បានកំណត់រួចហើយ។ ប្រសិនបើយើងមិនចាប់ផ្ដើមពីឥឡូវទេ យើងមិនអាចចាំដល់ពេលវេលាល្អបំផុតដើម្បីចាប់ផ្ដើមនោះទេ។ យើងត្រូវដើរទៅមុខ។ យើងមិនអាចឈរនៅស្ងៀមបានទេ។ គ្មានសហគមន៍ណាមួយដែលល្អឥតខ្ចោះនោះទេ សូម្បីតែសហគមន៍អឺរ៉ុប។ អាស៊ាន ជាសហគមន៍មួយដែលត្រូវដើរទៅមុខ។ យើងត្រូវខិតខំធ្វើឲ្យបានល្អនៅលើផ្លូវវែងឆ្ងាយទៅមុខទៀត។ យ៉ាងណាក៏ដោយ សហគមន៍ត្រូវបានប្រកាសបង្កើតរួចហើយ។ ពេលវេលាត្រូវបានកំណត់។ យើងនឹងធ្វើការនេះរួមគ្នា ដើម្បីធ្វើឲ្យសហគមន៍នេះប្រសើរឡើង។
លោក សាន សែល៖ តាមរយៈការងាររបស់លោកជាមួយអាស៊ានកន្លងមក តើប្រទេសកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់សមាហរណកម្មនេះ?
លោក សុរិន ពិតសុវ៉ាន់៖ កម្ពុជា បានត្រៀមខ្លួនរួចរាល់ដូចប្រទេសផ្សេងទៀតចឹង។ គ្មាននរណាមួយដែលដើរលឿនជាងគេ ឬយឺតជាងគេ ដើម្បីទទួលប្រយោជន៍ពីអាស៊ានទេ។ សូមកុំសួរថា តើកម្ពុជា បានត្រៀមខ្លួនហើយនៅ? ឬប្រទេសថៃ បានត្រៀមខ្លួនហើយនៅ? យើងមិនអាចប្រៀបធៀបអ៊ីចឹងបានទេ ប៉ុន្តែប្រទេសនីមួយៗ នឹងបានប្រយោជន៍ពីសមាហរណកម្មនេះ។
ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះច្រើនសម្រាប់ផលិតអាហារ ប៉ុន្តែទេសចរណ៍ជាវិស័យមានសក្ដានុពលជាងគេ ដើម្បីប្រមូលយករូបិយប័ណ្ណបរទេស។ ឥឡូវនេះ យើងអាចនិយាយបានថា អាស៊ានមានសន្តិភាព និងដើរទៅមុខ។ នឹងមានទេសចរជាច្រើនចង់មកទីនេះ ដើម្បីទស្សនាអ្វីដែលកម្ពុជា មាន។ គេកោតសរសើរ និងស្ញប់ស្ញែងដល់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ប្រជាជនកម្ពុជា ភាគច្រើននៅក្មេង ដែលជាធនធានដ៏សំខាន់។ ពួកគេមានការតាំងចិត្តខ្ពស់ និងមានការព្យាយាមតស៊ូ។
កម្ពុជា នៅក្នុងអាស៊ាន វាប្រសើរជាងកម្ពុជា នៅតែឯង។ វាអាស្រ័យលើការដឹកនាំ និងប្រជាជន ដើម្បីទាញយកប្រយោជន៍ពីសហគមន៍នេះ។
លោក សាន សែល៖ ជាសំណួរចុងក្រោយ តើអ្វីជាការប្រមើលមើលរបស់លោកបណ្ឌិត ចំពោះអនាគតនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន?
លោក សុរិន ពិតសុវ៉ាន់៖ សហគមន៍នេះជាការងារដែលត្រូវបន្តធ្វើជានិច្ច។ សហគមន៍នេះ ជាក្តីសង្ឃឹម ជាទស្សនវិស័យ ដែលខ្ញុំយល់ថា នឹងជួយឲ្យអាស៊ានកាន់តែរីកចម្រើន។ តែអនាគតនេះ វាអាស្រ័យទៅលើក្មេងជំនាន់ក្រោយ។ ឥឡូវនេះ ផ្ទះត្រូវបានសាងសង់ហើយ វាអាស្រ័យលើក្មេងៗ ឲ្យដើរចូលផ្ទះនេះរស់នៅឲ្យមានផាសុកភាព ហើយរចនាបន្ថែមទៅលើសំណង់នេះ។
សហគមន៍នេះនៅតែបន្តទៅជានិច្ច។ វាមិនបញ្ចប់នោះទេ។ ឥឡូវវាសនាអាស៊ានស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ក្មេងជំនាន់ក្រោយហើយ។ វានឹងល្អសម្រាប់តំបន់ទាំងមូលសម្រាប់ប្រទេសជាសមាជិក សម្រាប់ប្រជាជន។ ប្រសិនបើយើងអាចសម្រេចបាននូវគោលដៅនេះមែននោះ តំបន់អាស៊ាន និងពិភពលោកទាំងមូល នឹងកាន់តែប្រសើរឡើង៕
[ ចុចត្រង់នេះដើម្បីអាន និងស្ដាប់បទសម្ភាន៍ភាគ១Opens in new window ]
[ ចុចត្រង់នេះដើម្បីអាន និងស្ដាប់បទសម្ភាន៍ភាគ២Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
