មិនយូរទៀតទេ នៅចុងឆ្នាំ២០១៥ នេះ បណ្ដាប្រទេសទាំង១០ នៃសមាគមអាស៊ាន នឹងធ្វើសមាហរណកម្មដោយរួមច្របាច់បញ្ចូលជាសហគមន៍សេដ្ឋកិច្ចតែមួយ។ អតីតអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) បានផ្ដល់បទសម្ភាសន៍ផ្ទាល់ផ្ដាច់មុខមួយជាមួយអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងបន្ទប់សណ្ឋាគារដែលលោកបណ្ឌិតស្នាក់នៅ។
នៅក្នុងបទសម្ភាសន៍នេះ លោក សុរិន ពិតសុវ៉ាន់ បានលើកឡើងថា សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងទាក់ទាញគម្រោងវិនិយោគបរទេសជាច្រើន មកឲ្យបណ្ដាប្រទេសជាសមាជិកអាស៊ាន។ លោកបញ្ជាក់ថា គ្មានការធានាណាមួយដែលថា ប្រទេសទាំង១០ នឹងទទួលបានអត្ថប្រយោជន៍ស្មើៗគ្នាពីការរួមច្របាច់បញ្ចូលគ្នានៃសហគមន៍សេដ្ឋកិច្ចនេះទេ។
លោក សាន សែល៖ អរគុណលោកបណ្ឌិត សុរិន ពិតសុវ៉ាន់ ចំពោះការយល់ព្រមផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី។
លោកបណ្ឌិត សុរិន ពិតសុវ៉ាន់៖ ខ្ញុំរីករាយក្នុងការចែករំលែកនេះ!
លោក សាន សែល៖ លោកបណ្ឌិត សំណួរដំបូងរបស់ខ្ញុំ តើអ្វីជាសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEC)?
លោកបណ្ឌិត សុរិន ពិតសុវ៉ាន់៖ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឬហៅកាត់ថា អេ.អ៊ី.ស៊ី (AEC) ជាការងារដែលត្រូវបន្តធ្វើជានិច្ច។ កាលកំណត់ និងកាលបរិច្ឆេទចាប់ផ្ដើមនៃសមាហរណកម្មនេះ នឹងជំរុញឲ្យយើងទាំងអស់គ្នាខំធ្វើការ ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍រួមក្នុងតំបន់។ វាជាខ្សែផ្ដាច់ព្រ័ត្រ។ នៅពេលដែលខ្ញុំហៅវាថាជាខ្សែផ្ដាច់ព្រ័ត្រ គឺជាខ្សែកំណត់មួយ ដែលពួកយើងបានព្រមព្រៀងគ្នា ដើម្បីចាប់ផ្ដើមរួមច្របាច់ចូលជាសហគមន៍តែមួយ។ យើងនឹងដើរចូលទៅក្នុងសហគមន៍មួយជាមួយគ្នានៅចុងឆ្នាំនេះ ប៉ុន្តែវានឹងនៅតែជាការងារមួយដែលមិនបញ្ចប់នោះទេ។
លោក សាន សែល៖ តើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះ នឹងផ្ដល់ប្រយោជន៍អ្វីខ្លះដល់ប្រជាជនទាំងអស់នៅក្នុងតំបន់?
លោកបណ្ឌិត សុរិន ពិតសុវ៉ាន់៖ ហ្នឹងហើយ! ខ្ញុំសង្ឃឹមថា នឹងមានគម្រោងវិនិយោគច្រើនជាងមុនហូរចូលមកក្នុងតំបន់អាស៊ាន។ ហិរញ្ញវត្ថុនៃការវិនិយោគដោយផ្ទាល់ពីបរទេស ឬ FDI ប្រមាណ ១៤០ពាន់លានដុល្លារ នឹងនាំមកឲ្យអាស៊ានជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែហិរញ្ញវត្ថុវិនិយោគទាំងនេះនឹងមិនត្រូវបានបែងចែកឲ្យស្មើគ្នានោះទេ ពីព្រោះថា រាល់សមាជិកអាស៊ានទាំងអស់មិនទាន់មានសមត្ថភាពស្មើគ្នា ដើម្បីទទួលយកហិរញ្ញវត្ថុវិនិយោគនេះ។ ប្រទេសខ្លះអាចទាញការចាប់អារម្មណ៍ពីវិនិយោគិនបានច្រើនជាងប្រទេសផ្សេងទៀត។ ឧទាហរណ៍ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ នឹងទាក់ទាញបានច្រើន ពីព្រោះសេដ្ឋកិច្ចប្រទេសទាំងនេះមានទំហំធំ និងមានភាពចម្រុះ ដើម្បីស្វាគមន៍វិនិយោគិនបរទេស។
វិស័យផលិតកម្ម សេវាកម្ម ការដឹកជញ្ជូន ផ្លូវថ្នល់ សុខាភិបាល និងការអប់រំ សុទ្ធសឹងតែជាវិស័យដែលមានសក្ដានុពលសម្រាប់ការវិនិយោគ។ ប្រទេសណាដែលមានសមត្ថភាព និងលទ្ធភាពខ្ពស់ នឹងទទួលបានការចាប់អារម្មណ៍បានច្រើនពីវិនិយោគិន។ នេះជាអត្ថប្រយោជន៍ទីមួយ។ ទីពីរនោះ គឺឱកាសសម្រាប់ប្រជាជនអាស៊ាន នឹងមានការងារ ធនធាន ការតភ្ជាប់ និងការចល័តកើនឡើង ក៏ប៉ុន្តែដរាបណាប្រជាជនទាំងនេះមានគុណសម្បត្តិ ជំនាញគ្រប់គ្រាន់ ទើបពួកគេអាចចាប់យកឱកាសទាំងនេះបាន។ វាទាមទារឲ្យប្រជាជនយើង ខិតខំធ្វើការ និងខំប្រឹងប្រែងឲ្យខ្លាំង ត្រូវការអប់រំបណ្ដុះបណ្ដាលជំនាញដល់ប្រជាជនយើង ទើបធានាឲ្យប្រជាជនយើងអាចចូលរួមក្នុងសមាហរណកម្ម ដែលពួកយើងកំពុងធ្វើ និងការអភិវឌ្ឍនៅក្នុងតំបន់។
បន្ទាប់មកទៀត គុណភាពនៃការរស់នៅភាពប្រសើរនៃជីវិតប្រចាំថ្ងៃ មិនថាតែគុណភាពផ្នែកសុខភាព ការអប់រំ ឬក៏ការងារ កីឡា វប្បធម៌ នឹងមានភាពប្រសើរឡើងនៅពេលយើងរួមជាសហគមន៍តែមួយ។ យើងបានចាប់ផ្ដើមការងារធ្វើសមាហរណកម្មនេះជាបណ្ដើរៗហើយ។ វាត្រូវការពេលវេលាច្រើន។ តែវាមានប្រយោជន៍សម្រាប់ក្មេងជំនាន់ក្រោយ។ ប្រជាជនជាច្រើននៅក្នុងតំបន់ នឹងរួមដំណើរជាមួយយើង។ វានៅតែមានផ្នែកមួយចំនួនមិនទាន់ល្អឥតខ្ចោះនោះទេ ដែលត្រូវការកែប្រែ និងអភិវឌ្ឍបន្ថែមទៀត។ គ្មានអ្វីដែលឥតខ្ចោះនោះទេប៉ុន្តែយើងសម្លឹងមើលទៅអនាគតជាមួយគ្នា។ វាជាដំណើរមួយគួរឲ្យរំភើប។
លោក សាន សែល៖ ស្ដាប់ទៅសមាហរណកម្មនេះ នឹងផ្ដល់ក្ដីសង្ឃឹមជាច្រើនសម្រាប់សហគមន៍ទាំងមូល។ យ៉ាងណាក៏ដោយ ដូចលោកបណ្ឌិតឃើញស្រាប់ហើយថា កម្រិតនៃខឿនសេដ្ឋកិច្ចនៃបណ្ដាប្រទេសសមាជិកអាស៊ាន មិនទាន់ដើរស្មើគ្នានៅឡើយទេ។ ជាក់ស្ដែង បើយើងមើលទៅប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ឃើញថាមានគម្លាតគ្នាច្រើន។
![អតីតអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត សុរិន ពិតសុវ៉ាន់ [ស្ដាំ] (Surin Pitsuwan) ផ្ដល់បទសម្ភាសន៍ផ្ទាល់ផ្ដាច់មុខជាមួយអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងបន្ទប់សណ្ឋាគារដែលលោកបណ្ឌិតស្នាក់នៅ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥។](https://www.rfa.org/resizer/v2/CW6X4CQFA4IF5MQ4BHX3SN3TQ4.jpg?auth=78d9ed455a80b11ed99b40b62d51bf06526854473e963189e996eadb55bcb6f3&width=800&height=529)
លោកបណ្ឌិត សុរិន ពិតសុវ៉ាន់៖ ដោយសារប្រទេសកំពុងអភិវឌ្ឍទាំងនេះ នឹងដើរមកតាមក្រោយ។ ដូចកម្ពុជា ទើបចូលអាស៊ានក្រោយគេ ពីព្រោះប្រទេសនេះខកខានមិនបានចូលរួមពីដើមដំបូង ដោយសារមានឧបសគ្គមួយចំនួន ដូចជាអសន្តិសុខ គ្មានស្ថិរភាព និងជម្លោះផ្ទៃក្នុង ក៏ប៉ុន្តែប្រទេសស្ថាបនិកទាំង៥-៦ ដូចជាប្រទេសប្រ៊ុយណេ ជាដើម គេមិនបានជួបប្រទះនឹងបញ្ហាទាំងនេះទេ។ ពួកគេបានដើរលើផ្លូវនេះមុន។ ដូច្នេះ គេមានឱកាសដើម្បីទទួលបានគម្រោងវិនិយោគបរទេសបានច្រើនជាង។ ប្រទេសទាំងនេះ បានពង្រឹងអភិបាលកិច្ច ស្ថាប័នរដ្ឋាភិបាល និងប្រព័ន្ធតុលាការ ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិនបរទេសមករកស៊ីនៅក្នុងប្រទេសគេរៀងខ្លួន។ វិនិយោគិនទាំងនោះ នឹងមានភាពកក់ក្ដៅ ដែលការវិនិយោគរបស់គេត្រូវបានការពារ មិនបាត់បង់ និងអាចឲ្យពួកគេហៅវិនិយោគិនបរទេសផ្សេងទៀតមករកស៊ីដែរ។
ស្តង់ដារនៃគុណភាពទំនិញ និងសេវាកម្ម ប្រទេសស្ថាបនិកបានចាប់ផ្ដើមធ្វើការលើរឿងនេះមុនប្រទេសជាសមាជិកថ្មីៗ ប៉ុន្តែប្រទេសថ្មីៗទាំងនេះ អាចដើរទាន់តាមប្រទេសរីកចម្រើនផ្សេងបាន បើពួកគេធ្វើវាដោយត្រឹមត្រូវ។ ប្រទេសទាំងនេះ ត្រូវការ «ភាសាទីផ្សារ (language of the market)» ដើម្បីដឹងពីតម្រូវការរបស់វិនិយោគិន ថាតើពួកគេត្រូវការអ្វី? ដើម្បីឲ្យពួកគេចូលមកវិនិយោគ។
អ្វីដែលទេសចរចង់បាន? ដើម្បីឲ្យពួកគេលង់ចិត្តស្រឡាញ់ និងកោតសរសើរវប្បធម៌ អរិយធម៌ និងទីតាំងបេតិកភណ្ឌប្រទេសរបស់អ្នក។
អ្នកត្រូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សន្តិភាព ស្ថិរភាព និងការការពារពួកគេ។ ទាំងនេះជាអ្វីដែលត្រូវក្រឡេកមើល។ និយាយដោយខ្លី នេះជាភាសាទីផ្សារ។
លោក សាន សែល៖ លោកបណ្ឌិតធ្លាប់ធ្វើជាអគ្គលេខាធិការនៃអាស៊ាន។ បើតាមការអង្កេតតាមរយៈការងារដែលលោកបណ្ឌិតបានធ្វើជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ តើអ្វីជាឧបសគ្គសម្រាប់ប្រទេសទាំងនេះ ដើម្បីធ្វើសមាហរណកម្មជាសហគមន៍តែមួយនៅក្នុងពេលដ៏ខ្លីខាងមុខនេះ?
លោកបណ្ឌិត សុរិន ពិតសុវ៉ាន់៖ ឧបសគ្គនោះ គឺភាពចម្រុះគ្នានៃអាស៊ាន។ ភាពខុសគ្នានៃល្បឿន និងស្ថានភាពការអភិវឌ្ឍ ល្បឿននៃវិស័យដែលប្រទេសមួយៗកំណត់ជាអាទិភាព។ ថាតើប្រទេសមួយនឹងផ្ដោតជាសំខាន់លើវិស័យកសិកម្ម ឬឧស្សាហកម្ម ឬសេវាកម្ម? ថាតើវិនិយោគិនប្រភេទណាដែលអ្នកចង់ទាក់ទាញមកឲ្យវិនិយោគនៅស្រុករបស់អ្នក?
តែអ្នកត្រូវប្រាកដថា ប្រជាជនរបស់អ្នកបានត្រៀមខ្លួនដើម្បីជម្នះនឹងឧបសគ្គនេះ។ ការអនុវត្តច្បាប់ អភិបាលកិច្ច និងស្ថាប័នរដ្ឋ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវប្រាកដថាមានគុណភាព និងប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីស្រូបយកការវិនិយោគពីក្រៅប្រទេស។ ការបែងចែកផ្លែផ្កានៃការអភិវឌ្ឍនៃឧស្សាហូបនីយកម្ម ពីការភ្ជាប់ជាមួយវិនិយោគិនបរទេស។
ដោយសារតែភាពចម្រុះគ្នា បន្ទាប់មកយើងនិយាយពីការបើកទីផ្សារឲ្យគ្នាទៅវិញទៅមក ការបន្ថយរបាំងពន្ធគយនៃការនាំទំនិញចេញ ការបើកទូលាយផ្នែកសេវាកម្ម។ យ៉ាងណាក៏ដោយ យើងទាំងអស់គ្នានៅមានរបាំងពន្ធគយក្នុងទម្រង់ការកំណត់ស្តង់ដារ ទម្រង់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទម្រង់នៃការដឹកជញ្ជូនអីវ៉ាន់ ទម្រង់នៃការវេចខ្ចប់ ទម្រង់នៃគុណភាពទំនិញ និងទម្រង់នៃកូតាដែលយើងនៅមិនទាន់បានបើកទូលាយឲ្យគ្នាទៅវិញទៅមកនៅឡើយ។
នៅលើក្រដាស និងរបាំងពន្ធគយ យើងបានបើកទូលាយខ្លះហើយ តែនៅតែមានរបាំងពន្ធគយដដែល ដោយសារកត្តាសេដ្ឋកិច្ចប្រទេសនីមួយៗ។ នៅពេលអ្នកបើកវាឲ្យទូលាយ វានឹងមានការប៉ះពាល់។ ទោះយ៉ាងណា ខ្ញុំយល់ថា វិធីសាស្ត្រដ៏ប្រសើរបំផុតសម្រាប់ពេលខាងមុខ គឺរដ្ឋាភិបាលត្រូវមានយុទ្ធសាស្ត្រជួយជំរុញដល់ដំណើរការប្រកួតប្រជែងរបស់ប្រជាជនខ្លួន ជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀត ពិសេសបើកឲ្យទូលាយដល់វិនិយោគិនបរទេស ដើម្បីបណ្ដាក់ទុននៅក្នុងប្រទេសគេរៀងៗខ្លួន។
ប្រទេសណាក៏ដោយដែលមានឯកទេស និងជំនាញក្នុងវិស័យណាក៏ដោយ មិនថាតែវិស័យផលិតកម្ម ឬសេវាកម្មនោះទេ ឲ្យប្រទេសទាំងនោះធ្វើអ្វីដែលគេមានជំនាញទៅតាមសមត្ថភាពរបស់គេ។
យើងប្រកួតប្រជែងគ្នា តែយើងក៏សហការគ្នា។ យើងលើកទឹកចិត្តដល់គ្នា ក្នុងដំណើរការប្រកួតប្រជែង។ វានឹងផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ និងទីផ្សារទាំងមូល ហើយប្រាកដណាស់ វានឹងល្អសម្រាប់ការប្រើប្រាស់ធនធាន ពីព្រោះយើងអាចប្រើប្រាស់ឲ្យអស់លទ្ធភាព។
យើងប្រកួតគ្នា។ យើងនឹងបង្ហាញវាតាមរយៈវិធីដែលយើងផលិត និងវិធីដែលយើងប្រើប្រាស់វា។ អ្នកប្រើប្រាស់ និងទីផ្សារ នឹងទទួលបានប្រយោជន៍ពីការងារនេះ ហើយប្រទេស និងប្រជាជនទាំងមូល ក៏នឹងបានអត្ថប្រយោជន៍ពីនេះដែរ៕
[ ចុចត្រង់នេះដើម្បីអាន និងស្ដាប់បទសម្ភាសន៍ភាគ២Opens in new window ]
[ ចុចត្រង់នេះដើម្បីអាន និងស្ដាប់បទសម្ភាសន៍ភាគបញ្ចប់Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
