ជាងមួយខែទៀតទេ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បណ្ដាប្រទេសជាសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន (ASEAN) នឹងចាប់ផ្ដើមធ្វើសមាហរណកម្មជាសហគមន៍សេដ្ឋកិច្ចតែមួយ។
បើទោះជាពេលវេលាកាន់តែខិតជិតចូលមកដល់ក៏ដោយចុះ ប្រជាជនដែលរស់នៅតាមជនបទមួយចំនួន នៅមិនទាន់ដឹងនៅឡើយទេថា នឹងមានសហគមន៍បែបនេះកើតឡើង។
អតីតអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) បានយល់ព្រមផ្ដល់បទសម្ភាសន៍ផ្ទាល់ផ្ដាច់មុខមួយជាមួយអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងបន្ទប់សណ្ឋាគារដែលលោកបណ្ឌិតស្នាក់នៅ។
នៅក្នុងបទសម្ភាសន៍នេះ លោក សុរិន ពិតសុវ៉ាន់ បានលើកឡើងថា សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងផ្ដល់ប្រយោជន៍ផ្ទាល់ដល់កសិករ ប្រសិនបើរដ្ឋាភិបាលនៃរដ្ឋជាសមាជិកនីមួយៗ រៀបចំគោលនយោបាយ និងពង្រឹងវិស័យចាំបាច់មួយចំនួន។
លោក សាន សែល៖ បើទោះជាសមាហរណកម្មសេដ្ឋកិច្ចអាស៊ានកាន់តែខិតចូលដល់ក៏ដោយ ក៏ប្រជាជនមួយចំនួននៅតាមតំបន់ដាច់ស្រយាលតាមស្រុកស្រែចម្ការ តាមចុងកាត់មាត់ញក នៅមិនទាន់ដឹងនៅឡើយទេ ថានឹងមានសមាហរណកម្មនេះ។ អ៊ីចឹង ថាតើសមាហរណកម្មនេះនឹងផ្ដល់ប្រយោជន៍ដល់ប្រជាជននៅតាមតំបន់ដាច់ស្រយាលដូចម្ដេចទៅ?
លោក សុរិន ពិតសុវ៉ាន់៖ ខ្ញុំសូមរំឭកដដែលថា វាអាស្រ័យទៅលើរដ្ឋាភិបាល។ រដ្ឋាភិបាលគួរយល់ថា មានសមាហរណកម្មកាន់តែច្រើន ឱកាសក៏មានកាន់តែច្រើនដែរ។ ប្រសិនបើរដ្ឋាភិបាលធ្វើវាត្រូវ ការបែងចែកប្រាក់ចំណូលនឹងបង្កើនទ្រព្យសម្បត្តិ និងប្រាក់ចំណូលរបស់ប្រជាជន ដែលនាំឲ្យមានការកើនឡើងនូវការទិញទំនិញ និងទំហំទីផ្សារសម្រាប់ទាំងអស់គ្នា។
ឥឡូវនេះ ខ្ញុំគិតថា វិស័យទេសចរណ៍ប្រហែលជាវិស័យមួយក្នុងចំណោមវិស័យផ្សេងទៀត ដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ដោយសារនៅពេលអ្នកទេសចរមកទស្សនាខេត្តសៀមរាប ត្រូវការកន្លែងសម្រាប់ស្នាក់នៅ ត្រូវការអាហារសម្រាប់បរិភោគ ត្រូវការមធ្យោបាយសម្រាប់ធ្វើដំណើរ។ ពួកគេត្រូវការសេវាកម្មទាំងនេះ។ សេវាកម្មទាំងអស់នេះ មិនមែនផ្ដល់ដោយប្រជាជនដែលរស់នៅទីក្រុងភ្នំពេញនោះទេ តែនឹងផ្ដល់ដោយប្រជាជននៅជុំវិញខេត្តសៀមរាប។
ទេសចរណ៍ជាវិស័យដ៏ប្រសើរបំផុតនៅក្នុងដំណើរការសេដ្ឋកិច្ច។ ដូច្នេះ បើយើងអាចគ្រប់គ្រងវិស័យទេសចរណ៍បានល្អ យើងអាចទាក់ទាញរូបិយប័ណ្ណបរទេសចូលក្នុងស្រុក ហើយយើងអាចឲ្យប្រជាជនជាច្រើនចូលរួម និងសហការជាមួយយើងបាន ហើយប្រហែលជាប្រជាជនទាំងនោះអាចចូលរួមក្នុងសកម្មភាពនេះដោយខ្លួនពួកគេផ្ទាល់។
ដោយសារបែបបទនៃការរស់នៅ វប្បធម៌ របៀបនៃការផលិតអាហារ ដែលវិស័យទេសចរណ៍នឹងជួយបង្ហាញទៅកាន់បរទេស នៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា នឹងបង្ហាញពីការរស់នៅរបស់ប្រជាជនកម្ពុជា នៅតាមជនបទ។
ឱកាសសំខាន់នៃសមាហរណកម្មនេះ នឹងនាំទេសចរប្រមាណ ៧០ ទៅ ៨០លាននាក់ក្នុងមួយឆ្នាំៗ មកទស្សនាប្រទេសជាសមាជិកអាស៊ានទាំង១០។ វានឹងជួយនាំមកនូវភាពរុងរឿងឲ្យប្រជាជន។ ប្រជាជនជាច្រើន នឹងទទួលបានផលប្រយោជន៍ពីសមាហរណកម្មដែលដំណើរការនេះ។
លោក សាន សែល៖ តើសមាហរណកម្មអាស៊ាននេះមានន័យដូចម្ដេចទៅ ចំពោះប្រជាជនរស់នៅតាមជនបទ និងចុងកាត់មាត់ញក?
លោក សុរិន ពិតសុវ៉ាន់៖ មិនប្រាកដថា មនុស្សទាំងអស់នៅក្នុងតំបន់អាស៊ាន ទទួលអត្ថប្រយោជន៍ស្មើគ្នាពីសមាហរណកម្មនេះទេ។ អ្នកណាដែលបានត្រៀមខ្លួនដោយមានការអប់រំល្អ ចេះភាសាបរទេស ភាសាអង់គ្លេស មានជំនាញច្បាស់លាស់ ពួកគេនឹងទទួលបានប្រយោជន៍ច្រើន។ មិនមែនប្រយោជន៍ទាំង ១០០ភាគរយ អាចទទួលបានទាំងអស់នោះទេ។ តែបានកាន់តែច្រើន កាន់តែល្អ។ យើងមិនមានផែនការ ឬយុទ្ធសាស្ត្រណាដែលអាចធានាថា ប្រជាជនទាំងអស់នឹងអាចទទួលបានប្រយោជន៍ពីសមាហរណកម្មនេះស្មើគ្នានោះទេ។ ជាង ៦០០លាននាក់។ អ្នកខ្លះត្រូវរង់ចាំ។ អ្នកខ្លះអាចបានប្រយោជន៍ពីឥឡូវទៅ ហើយអ្នកខ្លះទៀត នឹងអាចទទួលបានច្រើននៅពេលអនាគត។ វាអាស្រ័យទៅលើថា តើអ្នកបានត្រៀមខ្លួនហើយប៉ុណ្ណា?
ដូច្នេះ ប្រជាជនមកពីកន្លែងផ្សេងគ្នានៃអាស៊ាន នឹងបានប្រយោជន៍ផ្សេងគ្នា។ អ្នកដែលនៅជិតព្រំដែន នឹងទទួលបានប្រយោជន៍ច្រើនពីសមាហរណកម្មនេះ។
វាអាស្រ័យទៅលើរចនាសម្ព័ន្ធរដ្ឋាភិបាល និងរចនាសម្ព័ន្ធសេដ្ឋកិច្ច។ វាអាស្រ័យទៅលើរបៀបដែលអ្នករៀបចំនៅតាមប្រទេសរៀងខ្លួន។ អ្នកអាចបង្កើនសាងសង់ផ្លូវថ្នល់ ផ្ដល់ការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជននៅតាមជនបទ។ អ្នកពាំនាំនូវការអប់រំ សុខាភិបាលទៅជនបទ។ នៅពេលមានសេវាកម្មបែបនេះច្រើន គុណភាពជីវិតនៅទីនោះនឹងមានភាពប្រសើរឡើង។ ពួកគេមានឱកាសកាន់តែច្រើន ដើម្បីទទួលបានការអប់រំ។ កូនចៅរបស់ពួកគេ នឹងទទួលបានប្រយោជន៍កាន់តែច្រើន។
សូមកុំសួរថា តើមនុស្សទាំងអស់នឹងទទួលបានប្រយោជន៍ស្មើគ្នានៅក្នុងពេលតែមួយបាន ឬក៏អត់? វាមិនអាចទៅរួចនោះទេ។ វាមិនប្រាកដនិយមនោះទេ។ គ្មាននរណាម្នាក់អាចធ្វើបានឡើយ។ តែយើងអាចព្យាយាមធ្វើការកាត់បន្ថយនូវគម្លាតនេះបាន។ គោលដៅចម្បងនោះ គឺធ្វើម៉េចឲ្យប្រជាជនអាចទទួលបានប្រយោជន៍ច្រើនពីសមាហរណកម្មអាស៊ាន។ វានឹងនាំមកនូវសុខដុមរមនាសម្រាប់តំបន់។ វានឹងបង្កើតនូវចំនួនប្រជាជននៃវណ្ណៈមធ្យមថែមទៀត។
សមាហរណកម្មអាស៊ាន បើសិនជាយើងអនុវត្ត និងគ្រប់គ្រងវាបានល្អ នឹងជួយពង្រីកចំនួនប្រជាជនវណ្ណៈមធ្យមបន្ថែមទៀត។ វានឹងជួយបង្រួញចំនួនប្រជាជនក្រីក្រឲ្យរួមតូចទៅ។ វានឹងជួយបង្កើតស្ថិរភាព សន្តិសុខ និងឱកាស។ វានឹងជួយកាត់បន្ថយភាពក្រីក្រ ទទួលបានប្រយោជន៍ពីការអភិវឌ្ឍ និងការវិយោគបរទេស និងបានប្រយោជន៍ពីឱកាស ដែលបង្កើនឡើងថែមទៀតនៅក្នុងតំបន់។
លោក សាន សែល៖ កម្មករសំណង់ និងកសិករ ប្រហែលជាពួកគេលើកឡើងថា គេមិនចង់ខ្វល់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះទេ។ តើអ្វីជាពាក្យរបស់លោកបណ្ឌិតថ្លែងទៅកាន់អ្នកទាំងនេះ?
លោក សុរិន ពិតសុវ៉ាន់៖ នឹងមានការងារច្រើនថែមទៀតសម្រាប់វិស័យសំណង់ ដោយសារយើងមានធនធានបន្ថែមទៀត ដោយសារតែយើងមានការវិនិយោគថែមទៀតពីក្រៅ ដោយសារតែចំនួនអ្នកមាននឹងកើនឡើង។ វានឹងមានឱកាសជាច្រើនសម្រាប់វិស័យសំណង់។ ប្រសិនបើកម្មករសំណង់គាត់ពង្រឹង និងពង្រីកនូវជំនាញរបស់ពួកគាត់ថែមទៀត ពួកគាត់នឹងអាចរកប្រាក់កម្រៃបានច្រើនជាងមុន។ ចំណែកឯកសិករដែលផលិតបន្លែផ្លែឈើមានគុណភាពស្តង់ដារ ពួកគេនឹងអាចលក់បានផលចំណេញកាន់តែច្រើន ដោយសារទីផ្សារនឹងត្រូវពង្រីកនៅទូទាំងតំបន់អាស៊ាន។
ដូច្នេះ វាអាស្រ័យលើមនុស្សទេ ថាតើពួកគេអាចឆក់យកឱកាសនេះ ដើម្បីប្រយោជន៍ខ្លួនឯងដូចម្តេច។ ប្រសិនបើពួកគេមិនបានដឹង ឬមិនចង់ដឹង ឬមិនបានត្រៀមខ្លួន ឬសិក្សាស្វែងយល់បន្ថែមទៀត ឬចូលរួមឲ្យសកម្ម ពួកគេនឹងបានផលតាមនេះដែរ។ អ្នកមិនអាចទម្លាក់កំហុសទៅលើនរណាម្នាក់បានទេ។ អ្នកដែលមិនចង់ដឹងឮបន្ថែមទៀត ត្រូវប្រឈមនឹងរបត់ថ្មីនេះ។ ដើម្បីតទល់នឹងការប្រឈមនេះ អ្នកត្រូវតាំងចិត្តហ្វឹកហាត់ខ្លួនឯងថែមទៀត។ ខំប្រឹងសិក្សា និងខំប្រឹងធ្វើការឲ្យកាន់តែខ្លាំង។ ពង្រឹងជំនាញរបស់អ្នកបន្ថែមទៀត មិនថាអ្នកជាកម្មករសំណង់ ឬកសិករទេ។ នៅពេលអ្នកមានជំនាញកាន់តែច្បាស់ អតិថិជននឹងមករកអ្នកកាន់តែច្រើន។
គ្រប់គ្នានឹងទទួលបានឱកាសពីការដែលចូលរួមក្នុងដំណើរការនៃសមាហរណកម្មអាស៊ាននេះ។ ដំណើរការនេះដើរបានល្អ វាអាស្រ័យទៅប្រព័ន្ធនយោបាយ ប្រព័ន្ធរដ្ឋបាល និងទីភ្នាក់ងារនានានៅក្នុងរដ្ឋនីមួយៗ។
ឧស្សាហកម្មចំណីអាហារ នឹងហូរចូលមកក្នុងអាស៊ានកាន់តែច្រើន។ ផលិតផលរបស់កសិករច្បាស់ណាស់ថា នឹងអាចទទួលបានតម្លៃកាន់តែថ្លៃ។ លើសពីការនាំចេញស្រូវអង្ករ កៅស៊ូ កសិករនឹងមានលទ្ធភាពនាំចេញផលិតផលសម្រេច។ អាចជាត្រីស្រស់ ឬជាត្រីកំប៉ុង។ រដ្ឋាភិបាលនឹងជួយអ្នកក្នុងកំណត់នូវគោលនយោបាយនៃទំនិញសម្រាប់នាំចេញ។
ប្រទេសមួយៗមិនត្រឹមតែទាក់ទាញវិនិយោគិនមកវិនិយោគលើធនធានដើមនោះទេ តែក៏នឹងមកបង្កើតរោងចក្រ ដើម្បីធានាថា ផលិតផលកសិកម្មនឹងមានតម្លៃពិតប្រាកដ។ យើងក៏នឹងនាំចេញទៅទីផ្សារពិភពលោក។ ឧទាហរណ៍ យើងមិនត្រឹមតែនាំចេញជ័រកៅស៊ូតែមួយមុខនោះទេ តែយើងនឹងនាំចេញផលិតផលកង់ឡាន។ អាហារមិនមែនត្រឹមតែជាផលិតផលដើមទាំងដុលនោះទេ តែជាផលិតផលអាហារសម្រេច ជាអាហារកំប៉ុង។ ត្រីស្រស់ដូចគ្នា អង្ករដូចគ្នា។ ទំនិញនេះដូចគ្នា។ តែលើសពីនាំចេញវត្ថុធាតុដើម យ៉ាងហោចណាស់ក៏យើងអាចនាំចេញផលិតផលពាក់កណ្ដាលសម្រេច។
នេះជាអ្វីដែលប្រជាជនយើងអាចទទួលប្រយោជន៍ ឬក៏ជាឱកាសពីការធ្វើសមាហរណកម្មជាមួយគ្នានេះ។
ម្ដងទៀត វាអាស្រ័យលើយុទ្ធសាស្ត្រនៃការគ្រប់គ្រងសេដ្ឋកិច្ច ប្រទេសខ្លះអាចធ្វើបានល្អជាងប្រទេសមួយទៀត។ អ្នកមិនអាចស្នើថា យើងត្រូវតែទទួលបានផលប្រយោជន៍ស្មើគ្នា។ វាអាស្រ័យទៅលើការខិតខំប្រឹងប្រែង និងការអភិវឌ្ឍខ្លួនរបស់អ្នក អាស្រ័យលើរដ្ឋាភិបាលរបស់អ្នក និងមេដឹកនាំរបស់អ្នក។ វានឹងជួយឲ្យអ្នកបានត្រៀមខ្លួន ដើម្បីទទួលបានប្រយោជន៍កាន់តែច្រើនពីសមាហរណកម្មនេះ។
លោក សាន សែល៖ នៅពេលដែលសមាហរណកម្មអាស៊ានមកដល់ ប្រទេសជាសមាជិកនឹងអាចចរចាទំនិញដោយសេរីនៅក្នុងតំបន់។ ប្រទេសថៃ ប្រទេសវៀតណាម នឹងនាំផលិតផលកសិកម្មរបស់ពួកគេមកលក់នៅលើទីផ្សារកម្ពុជា កាន់តែសេរីថែមទៀត។ តែប្រហែលជាកសិករកម្ពុជា ព្រួយបារម្ភថា ផលិតផលបរទេសទាំងនេះនឹងប៉ះពាល់ដល់ពួកគេ។ អតិថិជនកម្ពុជា អាចនឹងងាកមកគាំទ្រផលិតផលបរទេសកាន់តែច្រើន។ កសិករកម្ពុជា អាចប្រឈមនឹងការក្ស័យធន។ អ្វីជាដំណោះស្រាយចំពោះបញ្ហានេះ?
លោក សុរិន ពិតសុវ៉ាន់៖ រឿងនេះវាអាស្រ័យទៅលើរដ្ឋាភិបាលរបស់អ្នក ដើម្បីធានាថាមានការប្រកួតប្រជែងដោយយុត្តិធម៌។ វានឹងអាចជួយធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង តែត្រូវប្រាកដថា ពាណិជ្ជកម្មនេះនឹងត្រូវបានការពារ។ អ្នកដឹងហើយថា ការបើកទីផ្សារឲ្យសេរី នឹងជួយឲ្យសេដ្ឋកិច្ចប្រទេសរបស់អ្នករីកចម្រើនកាន់តែខ្លាំង។ ប្រសិនបើយើងនៅតែជួយកសិករទាំងនោះជារៀងរហូត កសិករនឹងមិនអាចរស់ដោយខ្លួនឯងបាននោះទេ។ កសិករនឹងមិនខ្លាំងនោះទេ។ អ្នកមិនអាចបិទទីផ្សារ មិនឲ្យបរទេសមកប្រកួតប្រជែងជារៀងរហូតនោះទេ។ កសិករនឹងមិនមានការប្រកួតប្រជែង ហើយពួកគេមិនអាចទទួលបានប្រយោជន៍ពីទីផ្សារសេរីបានទេ។ យើងការពារកសិករ តែយើងក៏ជំរុញឲ្យមានការប្រកួតប្រជែងដែរ៕
[ ចុចត្រង់នេះដើម្បីអាន និងស្ដាប់បទសម្ភាសន៍ភាគ១Opens in new window ]
[ ចុចត្រង់នេះដើម្បីអាន និងស្ដាប់បទសម្ភាសន៍ភាគបញ្ចប់Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
