នៅតាមភូមិនានា ក្នុងតំបន់អង្គរ អ្នកភូមិបាននាំគ្នាធ្វើបុណ្យឆ្លងចេត្រ មួយទៀតបន្ទាប់ពីបានចូលរួមពិធីបុណ្យចូលឆ្នាំ ក្នុងរយៈពេល៣ថ្ងៃនៅក្នុងខែចេត្រដូចគ្នានឹងពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែរនោះ។
អ្នកភូមិគិរីអានន្ទ ដែលស្ថិតក្នុងឃុំ អំពិលស្រុកសៀមរាប ខេត្តសៀមរាប លោក ថោង ភណ្ឌ ក្នុងវ័យ៥០ឆ្នាំប្លាយ និយាយថា បុណ្យឆ្លងចេត្រ គេតែងធ្វើជារៀងរាល់ឆ្នាំមិនដែលខាន ភាគច្រើនគេធ្វើនៅដំណាច់ខែចេត្រឈានចូលខែពិសាខ។
លោក ថោង ភណ្ឌ អោយដឹងទៀតថា គេតែងតែរៀបចំធ្វើបុណ្យនេះនៅតាមខ្ទមអ្នកតាក្នុងភូមិ ៖ «អញ្ចេះ ដូចដែលថា យើងឆ្លងចេត្រដូចក្នុងមួយភូមិគីរីមានន្ទចឹង ឆ្លងចេត្រគឺឆ្លងម៉ាភូមិចុះឯង។ ហីនៅភូមិគេឯណោះគេឆ្លងម៉ាភូមិគេផ្សេងអ៊ីចឹងទៅ។ អ្នកតាមានពីដើម ប៉ិនតែសព្វថ្ងៃអត់អ្នកតា គេទៅធ្វើនៅថ្នល់បំបែកស្រេចតែមេភូមិគេដាក់ជុំគ្នានៅកន្លែងណាកន្លែងហ្នុងទៅណាស់។ នាំគ្នាកើបដីខ្សាច់ម្នាក់ម៉ាចានៗ យកទៅចាក់ពូនភ្នំខ្សាច់។ ដល់ស្រូវ ស្រូវម្នាក់ម៉ាកញ្ជើ យកទៅពូនភ្នំខ្សាច់ពូនភ្នំស្រូវដែរ»។
ឯកសារស្ដីពីបុណ្យឆ្លងចេត្រ ដែលផ្សព្វផ្សាយតាមគេហទំព័រខ្មែរ រ៉ឺណែសសង់ (Khmer Renaissace) បានអោយដឹងថា ក្នុងពិធីឆ្លងចេត្រ អ្នកភូមិមានសង់រោងបុណ្យ មានរាជវ័តិ ឬទីតាំងសម្រាប់ពូនភ្នំខ្សាច់ ភ្នំស្រូវ និងរៀបរណ្ដាប់តាមទម្លាប់បូរាណខ្មែរ។ ក្នុងពិធីនេះមានពិធីសំខាន់ៗ មួយចំនួនរួមមានការពូនភ្នំខ្សាច់ ភ្នំស្រូវ ការសូត្រមន្តរបស់ព្រះសង្ឃ និងការសុំពរជ័យពីអ្នកតាចាស់ស្រុក។
អ្នកភូមិគិរីមានន្ទ លោក ថោង ភណ្ឌ បន្តថា អ្នកភូមិនាំគ្នាយកស្រូវទៅដាក់ក្នុងខ្ទមអ្នកតា ដើម្បីអោយអ្នកតាបង្កក់ប្រសិទ្ធិ។ នៅចុងបញ្ចប់នៃពិធីនេះ អ្នកភូមិទាំងចាស់ទាំងក្មេងបាននាំគ្នាបាចទឹកធ្វើជាភ្លៀង ៖ «ហីយប់នោះ ដូចថាយើងរាំធុងបាស បង្ហោះគោម បាទព្រឹកក៏យើងឆាន់បង្ហើយទៅ។ ចាស់ផងក្មេងផងទៅទាំងអស់ម៉ាភូមិ។ ក្មេងទៅដកទឹកលាងចានបម្រើចាស់ៗ។ ចំណែកចាស់ៗ នៅសូត្រជាមួយលោកទៅ។ ដល់ពេលនោះហើយក៏ជះទឹកគ្នាលេង បន់អោយភ្លៀង ពេលដល់យើងធ្វើស្រែ ដល់ខែពិសាខហើយហ្នឹង ក៏បាចទឹកដាក់គ្នា អោយទេវតាភ្លៀងម៉ោ»។
ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប កញ្ញា ស៊ុន សុវណ្ណនី មានប្រសាសន៍ថា បើតាមការពន្យល់ពីចាស់ៗ បុណ្យឆ្លងចេត្រ នេះធ្លាប់គឺមានន័យថាឆ្លងឆ្នាំ។ បើទោះជាយ៉ាងណា អ្នកស្រីពុំទាន់មានការបញ្ជាក់អោយច្បាស់លាស់នៅឡើយទេពីអត្ថន័យនៃពិធីបុណ្យឆ្លងចេត្រនេះ ៖ «អាចឹងខ្ញុំនិយាយរួមទៅដូចអត្ថន័យហ្នឹង មិនសូវជាយល់ច្បាស់ដែរ។ ព្រោះគ្រាន់តែខ្ញុំបានសួរលោកតាអាចារ្យខ្លះទៅគាត់ចេះតែប្រាប់ថា គឺអាហ្នឹងទម្លាប់ ពីដូនតាម៉ោគឺវត្តហ្នឹងវត្តរបស់គាត់ហ្នឹង ត្រូវតែធ្វើអ៊ីចឹង អត់ទាន់ឆ្លងទេ។ នៅតែចូលឆ្នាំ នៅតែមានប្រជាជនគាត់ម៉ោអុជទៀនអុជធូប គាត់នែ៎ ម៉ោផ្ដាច់កម្ម ផ្ដាច់ពៀរ នៅហ្នឹងភ្នំខ្សាច់ហ្នឹងអត់ទាន់ចប់ទេ អត់ទាន់ផ្សឹកទេ»។
ចំពោះអ្នកសិក្សាស្រាវជ្រាវពីទំនៀមទម្លាប់ខ្មែរ លោក បណ្ឌិត អាំង ជូលាន សាស្ត្រាចារ្យមហាវិទ្យាល័យបុរាណវិទ្យាមានប្រសាសន៍ថា ការធ្វើពិធីនៅតាមខ្ទមអ្នកតាគឺបញ្ជាក់ថា ជាពិធីដែលជាប់នឹងរបរកសិកម្មរបស់អ្នកភូមិ។ ដ្បិតជំនឿអ្នកតានៅកម្ពុជានេះ គឺមកពីមានកសិកម្ម ជាពិសេសទៅទៀតគឺការធ្វើស្រូវ ៖ «ឬមួយមិនត្រឹមឆ្ងល់ថាទេអ្នកស្រុកអស់នេះខ្ជិលមែន គិតតែលេង គិតតែនាំគ្នាធ្វើបុណ្យ ដើម្បីនឹងសប្បាយលេង។ ប៉ិនដល់ទៅឃើញគេដាក់ស្រូវពូជដាក់អី ក្នុងអ្នកតាហ្នឹងបានដឹង ព្រោះគេយកស្រូវទៅដាក់អោយអ្នកតា ដើម្បីអោយអ្នកតាហ្នឹងបង្កក់ប្រសិទ្ធិណាស់»។
លោកបណ្ឌិត អាំង ជូលាន ពន្យល់ថា ក្នុងពិធីបុណ្យឆ្លងចេត្រ អ្នកភូមិបានពូនភ្នំខ្សាច់៥ គឺជាទំនៀមដែលដូចគ្នានឹងពិធីបុណ្យចូលឆ្នាំដែរ។ ដែលអាចនិយាយថា ពិធីឆ្លងចេត្រ គឺហាក់មានន័យថាចប់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីដែរ។ ជាមួយគ្នានេះក៏មានពូនភ្នំខ្សាច់ទោលធំមួយ ឬភ្នំស្រូវ ដែលមានន័យថា ជាការបន់ស្រន់អោយភោគផលកសិកម្មបានប្រសើរ បានហូរហៀរ។ លោកបណ្ឌិត អាំង ជូលាន បន្តថា ឆ្លងចេត្រនៅទីនេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្ដើមធ្លាក់ភ្លៀង ពោលគឺខែដែលចាប់ផ្ដើមដាស់ដីភ្ជួររាស់ជាដើម ៖ «ព្រោះថាកាលណាយើងឆ្លងចេត្រមានន័យថា ចូលខែពិសាខ ព្រោះយើងឆ្លងផុតខែចេត្រចូលពិសាខមានន័យថាភ្លៀងធ្លាក់ យើងចាប់ធ្វើស្រែ ម្ល៉ោះហើយបានជាគេប្រើពាក្យថាឆ្លងចេត្រ។ ចូលឆ្នាំមែនប៉ុន្តែមិនមែនឆ្នាំប្រតិទិន រាប់មិគសិរ មាឃ បុស្ស ផល្គុន ចេត្រ ហ្នឹងទេ។ គឺឆ្នាំ ឆ្នាំ ក្នុងន័យធ្វើស្រូវ ម្ល៉ោះហើយឆ្នាំភ្ជួររាស់ សាបព្រោះនេះណ៎ា ដកស្ទូងហ្នឹងណា។ ម្ល៉ោះហើយហៅថាឆ្លងចេត្រហ្នឹងគឺចូលរដូវធ្វើស្រែ ហើយឆ្លងចេត្រហ្នឹងមិនមែនផុតតែបីថ្ងៃទេហ្នឹងទេ បើនៅខេត្តសៀមណោះ ចូលឆ្នាំហើយបានប្រហែលកន្លះខែ អ្នកខ្លះរហូតដល់បីអាទិត្យក្រោយឯណោះ បានឆ្លងចេត្រ ទៅទៀត»។
ដោយសារវាសនាអ្នកស្រុកជាប់ជាមួយគ្នាក្នុងរឿងកសិកម្ម ដូច្នេះហើយ បានជាសង្គមកិច្ច ក្នុងពេលធ្វើបុណ្យឆ្លងចេត្រនេះសំខាន់សម្រាប់អ្នកភូមិ បើទោះជាភូមិតូចតាចក្នុងតំបន់អង្គរនេះក៏ដោយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។