អាស៊ាន ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ ស.រ.អា

ការ​ទាក់ទាញ​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក​មក​ប្រទេស​សមាជិក​អាស៊ាន (ASEAN) អាច​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត បើ​សិន​ជា​ប្រទេស​សមាជិក​អាស៊ាន​មិន​ទាន់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចំពោះ​បរិយាកាស​វិនិយោគ និង​អាជីវកម្ម ដូច​ជា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ អំពើ​ពុក​រលួយ ច្បាប់ និង​បញ្ហា​រដ្ឋបាល។

0:00 / 0:00

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហរដ្ឋ​អាមេរិក ជា​ដៃ​គូរ​ដ៏​សំខាន់​សម្រាប់​អាស៊ាន។ តែ​មិន​ទាន់​មាន​ការ​វិនិយោគ​នៅ​តំបន់​អាស៊ាន​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ។ ប្រទេស​កម្ពុជា​រំពឹង​ថា នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក បាន​ច្រើន​ជាង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ លុះ​ត្រា​តែ​កម្ពុជា​ធានា​​ឲ្យ​ភាព​ប្រសើរ​ឡើង​នូវ​កិច្ច​ព្រមព្រៀង​វិនិយោគ ឬ​បរិយាកាស​អាជីវកម្ម​ជា​ដើម។

តំបន់​អាស៊ាន​ក្លាយ​ទី​តាំង​សំខាន់​សម្រាប់​អ្នក​វិនិយោគ​បរទេស ដែល​មាន​ចំនួន​ប្រជាជន​ជាង ៦០០ លាន​នាក់។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រទេស​អាស៊ាន​បាន​បង្កើត​ក្រុម​ប្រឹក្សា​ការ​ពិភាក្សា​រវាង​ផ្នែក​ឯកជន​ក្នុង​ការ​លើក​កម្ពស់​ផ្នែក​វិនិយោគ​រវាង​តំបន់​អាស៊ាន។

ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ផ្នែក​អាជីវកម្ម​របស់​អាស៊ាន (ASEAN-BAC) បាន​បង្កើត​ឡើង​ដោយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៧ នៅ​ប្រទេស​ប្រ៊ុយណេ កាល​ពី​ឆ្នាំ ២០០១ ដែល​មាន​គោល​បំណង​សំខាន់ គឺ​លើក​កម្ពស់​ភាព​ជា​ដៃ​គូរ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​សម្រេច​ឲ្យ​បាន​នៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥។ ក្រុម​ប្រឹក្សា​នេះ ដោះ​ស្រាយ​និង​ឆ្លើយតប​ទៅ​ផ្នែក​ឯកជន ចំពោះ​បញ្ហា​ទាំង​ឡាយ​ណា សម្រាប់​ការ​អនុវត្តន៍​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន ហើយ​ផ្នែក​ឯកជន ក៏​អ្នក​ផ្ដល់ ឬ​កំណត់​វិស័យ​អាទិភាព​សម្រាប់​ប្រមុខរដ្ឋាភិបាល​អាស៊ាន​ដែរ។

របាយការណ៍​ដែល​សិក្សា​ដោយ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​អំពី​សក្ដានុពល និង​ភាព​ប្រកួត​ប្រជែង​វិនិយោគ​រវាង​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១២ ថា តំបន់​អាស៊ាន​មាន​ចំណុច​ខ្លាំង​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ។ របាយការណ៍​ដដែល​បញ្ជាក់​ថា ជាង ៣៦% នៃ​អាជីវកម្ម បាន​បង្ហាញ​ថា ប្រទេស​អាស៊ាន​នឹង​ផ្ដល់​ចំណុច​ល្អ​បំផុត សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ ៨៨% នៃ​អាជីវកម្ម​មាន​គម្រោង​នឹង​បង្កើន​ការ​វិនិយោគ​យ៉ាង​ហោច​ណាស់​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០។

លទ្ធផល​អង្កេត​បាន​បង្ហាញ​ថា ប្រទេស​សមាជិក​អាស៊ាន ដែល​ផ្ដល់​លទ្ធភាព​ល្អ​បំផុត​សម្រាប់​ស្ថាប័ន​វិនិយោគ​ផ្ទាល់​ពី​បរទេស មាន​ប្រទេស​សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ឡាវ និង​ភូមា ឬ​មីយ៉ាន់ម៉ា។ ដោយ​ឡែក​ប្រទេស ហ្វីលីពីន ប្រ៊ុយណេ និង​ប្រទេស​កម្ពុជា ស្ថិត​នៅ​លំដាប់​ថ្នាក់​ចុង​ក្រោយ សម្រាប់​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ។

ការ​អង្កេត​បាន​បង្ហាញ​ទៀត​ថា បញ្ហា​ប្រឈម​ដែល​បង្ក​ផល​លំបាក​ដល់​បរិយាកាស​អាជីវកម្ម និង​វិនិយោគ​ក្នុង​រង្វង់​អាស៊ាន​ជា​ទូទៅ មាន​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ និង​ច្បាប់​ជា​ដើម ហើយ​ប្រទេស​សមាជិក​អាស៊ាន​ដែល​កម្រិត​ទាប​បំផុត​នៃ​បញ្ហា​ប្រឈម​ទាំង​នោះ គឺ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ប្រ៊ុយណេ។

ទីប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក លោក អគ្គរដ្ឋទូត រ៉ុង ខឺត (Ron kirt) មាន​ប្រសាសន៍​ថា ការ​ទាក់​ទាញ​ការ​វិនិយោគ នៅ​ប្រទេស​កម្ពុជា លុះ​ត្រា​តែ​ប្រទេស​កម្ពុជា​កែ​លំអ​បញ្ហា​ទាំង​ឡាយ ដែល​ទាក់​ទង​នឹង​ការ​គោរព​កិច្ច​ព្រមព្រៀង​វិនិយោគ ដោយ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា អត្ថប្រយោជន៍​មួយ ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន គឺ​ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​បិទ មក​ជា​ប្រទេស ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​បើក​ចំហ​ទៅ​កាន់​ទីផ្សារ​ខាង​ក្រៅ និង​ជា​សង្គម​មួយ ប្រកប​ដោយ​ប្រជាធិបតេយ្យ​ជា​ដើម។

លោក រ៉ុង ខឺគ មាន​ប្រសាសន៍​បន្ថែម​ថា ចំណុច​សំខាន់​ដែល​ប្រទេស​កម្ពុជា​អាច​ទាក់​ទាញ​ចំនួន​អ្នក​វិនិយោគ ស្ថិត​នៅ​លំដាប់​ខ្ពស់​ជាង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត គឺ​ប្រទេស​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ច្បាប់ កម្លាំង​ពលកម្ម និង​បញ្ហា​ផ្សេង​ទៀត ទាក់​ទង​នឹង​បរិយាកាស​វិនិយោគ​ឲ្យ​កាន់​តែ​ប្រសើរ។

លោក រ៉ុង ខឺគ៖ «ហេតុផល​សំខាន់​​ដែល​ប្រទេស​កម្ពុជា​​ចង់​ទាក់​ទាញ​អ្នក​វិនិយោគិន​របស់​សហរដ្ឋអាមេរិក​ស្ថិត​នៅ​លំដាប់​ទី​មួយ​នោះ គឺ​ប្រទេស​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​ នានា​ដែល​អ្នក​វិនិយោគ​ជា​ទូទៅ​ត្រូវ​ការ​នោះ​មាន​ដូច​ជា តម្លាភាព នីតិរដ្ឋ ការ​ការពារ​ ពលកម្ម​ជំនាញ និង​ទីតាំង​ល្អ​ជា​ដើម»។

លោក​មាន​ប្រសាសន៍​បន្ត​ថា​​ អ្នក​វិនិយោគ​នានា​មិន​ចង់​​ឲ្យ​មាន​ការ​រើស​អើង​នានា​​ ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ណា​មួយ​ ហើយ​ប្រសិន​ជា​ប្រទេស​កម្ពុជា​​អាច​​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ ការ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​​​មាន​​និន្នាការ​និង​កើន​ឡើង​ នៅ​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ចម ប្រសិទ្ធិ មាន​ប្រសាសន៍​ថា ទំនង​អាស៊ាន និង​សហរដ្ឋអាមេរិក​​បាន​ចាប់​ផ្ដើម​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ មិន​ទាន់​មាន​វេទិកា​ពិភាក្សា​អំពី​បរិយាកាស​អាជីវកម្ម​ឬ​វិនិយោគ​នៅ​ឡើយ​ទេ។ លោក ចម ប្រសិទ្ធិ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ បាន​រៀប​ចំ​វេទិកា​ធុរកិច្ច​អាស៊ាន (Business Forum) សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ឡើង​ខែ​ឧសភា ២០១២ កន្លង​ទៅ។

សហរដ្ឋអាមេរិក និង​អាស៊ាន ជា​ដៃ​គូរ​ពាណិជ្ជកម្ម​សំខាន់​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លោក​បញ្ជាក់​ថា ប្រទេស​អាស៊ាន​ទាំង ១០ បច្ចុប្បន្ន​កំពុង​ក្លាយ​ទី​ដៅ​សំខាន់​សម្រាប់​ការ​វិនិយោគ​របស់​អ្នក​វិនិយោគិន​សហរដ្ឋអាមេរិក ដោយ​លោក​បញ្ជាក់​ថា ទាំង​ផ្នែក​ឯកជន និង​រដ្ឋាភិបាល ត្រូវ​មាន​ការ​ពិភាក្សា​ក្នុង​ការ​លើក​កម្ពស់​បរិយាកាស​វិនិយោគ​រវាង​អាស៊ាន។

លោក ចម ប្រសិទ្ធិ ៖ «ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពី​ការ​ប្រជុំ​មួយ​ទៅ​ការ​ប្រជុំ​មួយ​ទៀត យើង​បាន​ឃើញ​មាន​បញ្ហា​ជា​ច្រើន ហើយ​យើង​មិន​ត្រូវ​លើក​បញ្ហា​ដដែលៗ មក​ទេ។ ពី​មុន​យើង​មាន​ការ​ជួប​ជុំ​គ្នា​រវាង​ ផ្នែក​ឯកជន យើង​ស្ដាប់​អ្នក​និយាយ ហើយ​យើង​កត់​ទុក ហើយ​យើង​ជម្រាប​លា។ ឆ្នាំ​ក្រោយ យើង​កត់​ទុក និង​និយាយ​លា​ដដែល។ កត្តា​នេះ​បញ្ជាក់​ថា យើង​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទេ។ ប៉ុន្តែ ពេល​នេះ យើង​អង្គុយ​ពិភាក្សា​ដើម្បី​រក​ដំណោះ​ស្រាយ»។

លោក ចម ប្រសិទិ្ធ បន្ថែម​ថា រាល់​ការ​ពិភាក្សា​ទាំង​នោះ ចាំ​ចាច់​ត្រូវ​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ជា​ពេល​វេលា​សមស្រប​របស់​​​​ប្រទេស​អាស៊ាន​និង​សហរដ្ឋអាមេរិក។

របាយការណ៍​ដែល​សិក្សា​ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ស្ដី​អំពី​សក្ដានុពល និង​ភាព​ប្រកួត​ប្រជែង​វិនិយោគ រវាង​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១២ ដដែល បាន​បង្ហាញ​ថា ឧបសគ្គ​មួយ​ចំនួន​​នៃ​បរិយាកាស​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន មាន​ដូច​ជា អំពើ​ពុក​រលួយ ដែល​កើត​មាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ភូមា ឬ​មីយ៉ាន់ម៉ា និង​បញ្ហា​ទាក់​ទង​នឹង​ច្បាប់​ផ្សេងៗ កើត​មាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ថៃ។ ហើយ​បញ្ហា​ទាក់​ទង​នឹង​ច្បាប់ និង​បែប​បទ​រដ្ឋបាល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ាឡេស៊ី វៀតណាម ភូមា ឬ​មីយ៉ាន់ម៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។