ចរន្ត​សេដ្ឋកិច្ច​និង​ផល​ប៉ះពាល់​នៃ​ជីវភាព​ពលរដ្ឋ (ភាគ២)

ទោះ​បី​ជា​សេដ្ឋកិច្ច​កើន ឬ​ធ្លាក់​ចុះ សកម្មភាព​របស់​មនុស្ស​នៅ​ក្នុង​ទីផ្សារ​មាន​ការ​ប្រព្រឹត្ត​ទៅ​រស់​រវើក​រាល់​ថ្ងៃ ទាក់​ទង​នឹង​ការ​ដោះ​ដូរ​ទិញ​លក់​ទំនិញ​ទៅ​វិញ​ទៅ​មក។

0:00 / 0:00

ក្នុង​ប្រព័ន្ធ​ផលិតកម្ម ការ​បែង​ចែក​និង​ការ​ប្រើ​ប្រាស់ គេ​គិត​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ និង​ធនធាន​ធម្មជាតិ។ តាម​ការ​សន្ទនា​គ្នា​ជា​ភាសា​សាមញ្ញ​ខ្មែរ គេ​តែង​និយាយ​អំពី​សេដ្ឋកិច្ច​គ្រួសារ គឺ​គេ​សំដៅ​បញ្ហា​ក្រពះ។ គេ​ថា​បើ​សេដ្ឋកិច្ច​មិន​ចម្រើន ឬ​ចុះ​ដុន​ដាប​នោះ នឹង​ពិត​ជា​ប៉ះពាល់​ជីវភាព និង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គេ ទាំង​រឿង​ក្រពះ ទាំង​រឿង​ស្លៀក​ពាក់ ទាំង​រឿង​ដើរ​កំសាន្ត​សម្រាក​លំហែ​កាយ។

តើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ចំណោម​អ្នក​ផលិត​អ្វី​មួយ ជា​កសិករ​ក្តី ជា​ផលិតករ​វត្ថុ​ប្រើ​ប្រាស់​ក្តី ពឹង​ផ្អែក​លើ​អ្វី​ដើម្បី​ផលិត​អ្វី​មួយ​ឲ្យ​ទាន់​សេចក្តី​ត្រូវ​ការ ហើយ​មាន​គុណភាព​អាច​ប្រកួត​ប្រជែង​នឹង​ប្រទេស​ដទៃ​បាន​នោះ?

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក ច័ន្ទ សុផល បញ្ជាក់​ថា រដ្ឋ​គួរ​បង្កើត​ឲ្យ​មាន​បណ្តាញ​ផ្សព្វផ្សាយ​ឲ្យ​ផលិតកម្ម​ក្នុង​ស្រុក​និង​សេចក្តី​ត្រូវការ​ប្រកប​ដោយ​ច្បាស់​ការណ៍ ទាន់​សភាព​ការណ៍ និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន។

លោក ច័ន្ទ សុផល បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «សេដ្ឋកិច្ច​ធ្លាក់​ចុះ​នេះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គាត់​ផ្ទាល់។ ប្រជាពលរដ្ឋ​ខ្លះ​ដែល​ជា​អ្នក​ជួញ​ដូរ គឺ​គាត់​ប្រឈម​នឹង​កង្វះ​អ្នក​ទិញ គឺ​ថា​ចំណូល​របស់​គាត់​ថយ​ចុះ។ ហើយ​ជា​ទូទៅ​យើង​សង្កេត​ឃើញ​ថា​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម គឺ​មិន​មាន​សកម្មភាព​ដូច​កាល​ឆ្នាំ​មុនៗ​ទេ។ គាត់​ត្រូវ​ការ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដើម្បី​ជា​ការ​ចង្អុល​បង្ហាញ គួរ​ដាំ​ដំណាំ​អ្វី​ខ្លះ? រក​ទីផ្សារ​នៅ​ទី​ណា? កន្លែង​ណា​ដែល​មាន​ការ​ធ្វើ? គាត់​គួរ​ទៅ​ស្វែង​រក​ឱកាស​ថ្មីៗ​នៅ​កន្លែង​ណា​ខ្លះ? គឺ​គាត់​ត្រូវ​ការ​ព័ត៌មាន​ពី​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន»

ទោះ​ជា​សកម្មភាព​នៅ​តាម​ទីផ្សារ ដូច​ជា​ផ្សារ​ច្បារអំពៅ​ជា​ដើម មាន​ភាព​អ៊ូអរ​ដូច​ធម្មតា​រៀង​រាល់​ថ្ងៃ​យ៉ាង​ណា​ក៏ដោយ អាជីវករ សាឡេះ រី ថ្លែង​ថា រូប​គាត់​មើល​ឃើញ និង​ដឹង​រាល់​ថ្ងៃ តាម​រយៈ​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ ដែល​មនុស្ស​ម្នា​ហាក់​ដូច​ជា​មិន​សូវ​ចាយ​វាយ​ដូច​មុនៗ។

លោក សាឡេះ រី ថ្លែង​ដូច្នេះ ៖ «អ្នក​ខ្លះ​លក់​ត្រី​មួយ​ថ្ងៃ​ធ្លាប់​គ្នា​ចំណេញ ២-​៣​ម៉ឺន​រៀល ឥឡូវ​គ្នា​រក​បួន​ប្រាំ​ពាន់​មិន​ឃើញ​ក្នុង​មួយ​ថ្ងៃ...។ អ្នក​លក់​ផ្លែ​ឈើ​អី​ថ្ងូរ ខ្លះ​ទុក​ស្អុយ​ចោល វា​អត់​ម៉ូយ អ្នក​ទិញ​ហូប​អី​ហ្នឹង​គ្នា​រក​លុយ​មិន​បាន​អី​អ៊ីចឹង​ទៅ វា​ចេះ​តែ​បន្តៗ​គ្នា។ ចំពោះ​អ្នក​មាន​គាត់​មិន​បាន​គិត​ពី​រឿង​ហ្នឹង​ទេ គាត់​ថា​គាត់​រក​បាន​សឹង​អី»

អាជីវករ​ស្រី​ម្នាក់​នៅ​ភ្នំពេញ ឈ្មោះ ស៊ូ សិលា ពណ៌នា​ថា សូម្បី​តែ​របរ​ទិញ​លក់​វត្ថុ​អេតចាយ​ធុន​តូច​របស់​អ្នកស្រី​ក៏​ជួប​នឹង​ការ​ខាត​បង់​ដែរ នៅ​ពេល​សេដ្ឋកិច្ច​ឱនថយ​ដូច​សព្វថ្ងៃ​នេះ ៖ «ហាង​ឆេង​ដែក​យើង​ទិញ ៤០០​រៀល ដល់​ត្រូវ​ការ​លក់​ចេញ​វិញ ៤០០​ដដែល អ៊ីចឹង ៥០០​ហ្នឹង ពេល​គេ​ប្រាប់​យើង​តម្លៃ​ផ្សេង តែ​បើ​ខាត​វា​ធូរ​ជាង​ចំណេញ។ អាលុយមីញ៉ូម​យើង​១គីឡូ ៥​ពាន់​រៀល ធ្លាក់​នៅ​សល់ ២​ពាន់​រៀល ទិញ​ចូល ៥​ពាន់ លក់​ចេញ​វិញ​បាន​តែ ២​ពាន់ តើ​មួយ​តោន​យើង​ត្រូវ​ខាត​ប៉ុន្មាន? ដែក​ទិញ ១​គីឡូ ១៣០០​រៀល​ចូល យើង​វ៉ៃ​ចេញ​វិញ​បាន​តែ ៣០០ ក្នុង​មួយ​តោន​ខាត​ប៉ុន្មាន? ធ្លាក់​ខ្លាំង​មែន​ទែន គឺ​គ្រប់​មុខ​ក្នុង​អេតចាយ​ហ្នឹង ខាត​ហ្នឹង​លើស​ពី​ប្រាក់​ចំណេញ​សន្សំ​មក​ប៉ុន្មាន​ឆ្នាំ​ក៏​ត្រូវ​អស់​ដែរ អ្នក​តូច​ខាត​តូច អ្នក​ធំ​ខាត​ធំ»

ល្គឹកណា​សេដ្ឋកិច្ច​មិន​លូត​លាស់​ដោយសារ​មូលហេតុ​ណា​មួយ សេដ្ឋវិទូ​និយាយ​ថា មនុស្ស​គ្រប់​ស្រទាប់​ក្នុង​សង្គម​មួយ ទទួល​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​គ្នា គ្រាន់​តែ​មុន ឬ ក្រោយ ហើយ​ច្រើន ឬ​តិច​ប៉ុណ្ណោះ។ នៅ​ពេល​ក្រុមហ៊ុន​ធំៗ មាន​ទុន​រក​ស៊ី​ច្រើន ហើយ​រក​ស៊ី​ខាត​បង់​រហូត​ដល់​ដួល​រលំ ហៅ​ថា​ក្ស័យ​ទុន​នោះ តើ​អ្នក​រក​ទទួល​ទាន​តូច​តាច ពោល​ត្អូញ​ត្អែរ​ដូច​ម្តេច​ដែរ?

ស្រ្តី​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត​ជា​អ្នក​លក់​បាយ​ម្នាក់​តាម​ដង​វិថី​ត្រសក់​ផ្អែម ក្រុង​ភ្នំពេញ ហាក់​ដូច​ជា​យល់​ដឹង​អំពី​រឿង​សេដ្ឋកិច្ច​ថា បើ​គាត់​លក់​មិន​ដាច់​មក​ពី​មិន​សូវ​មាន​មនុស្ស​ទិញ បើ​មិន​សូវ​មាន​មនុស្ស​ទិញ​មក​ពី​មនុស្ស​មិន​ចង់​ចំណាយ បើ​មនុស្ស​មិន​ចង់​ចំណាយ​មក​ពី​មនុស្ស​បាត់​បង់​ការងារ​ធ្វើ ឬ​បារម្ភ​ក្រែង​អស់​ការងារ​ធ្វើ ៖ «ឥឡូវ​យ៉ាប់​ជាង​មុន ឆ្នាំ​មុន​គួរ​សម ដល់​ចូល​ឆ្នាំ​នេះ​ដូច​យ៉ាប់​តែម្ដង សេដ្ឋកិច្ច​ចុះ​ថយ ប្រជាជន​មិន​សូវ​ដើរ អ្នក​ធ្វើ​ការ​មិន​សូវ​មាន​យើង​លក់​លែង​ដាច់។ កាល​មុន​តាម​ក្រសួង តាម​ក្រុមហ៊ុន គេ​ធ្វើ​ការ​ច្រើន​យើង​លក់​ដាច់​បាន​ច្រើន ដល់​ឥឡូវ​គេ​កាត់​បន្ថយ​បុគ្គលិក​ច្រើន យើង​លក់​អត់​សូវ​ដាច់ ហើយ​របស់​ឡើង​ថ្លៃ សាច់​ជ្រូក​ចាប់​ផ្ដើម​ឡើង​បន្តិចៗ​វិញ​ហើយ។ អ្នក​ធ្វើ​ការ​គ្នា​អត់​ការងារ​ធ្វើ​ច្រើន ដល់​អ៊ីចឹង​ទៅ​យើង​លក់​អត់​ដាច់​ដូច​មុន​ទេ របស់​ឥឡូវ​វា​ថ្លៃ ហើយ​បុគ្គលិក​អ្នក​ធ្វើ​ការ​ក៏​វា​មិន​សូវ​មាន​លុយ​ដែរ​ភាគ​ច្រើន​ដែរ មិន​តិច​ទេ​ឥឡូវ បើ​មុន​ចូល​ឆ្នាំ​អាហ្នឹង​យើង​គ្រាន់​បើ​ដល់​ចាប់​ផ្ដើម​ចូល​ឆ្នាំ​ថ្មី​យ៉ាប់​ដែរ សព្វថ្ងៃ​លក់​រក​តែ​ទប់​ទល់​ម្ហូប​នៅ​ក្នុង​គ្រួសារ​មិន​ចង់​គ្រាន់»

នៅ​តាម​ខេត្ត​វិញ ឱនភាព​សេដ្ឋកិច្ច​ក៏​ធ្វើ​ឲ្យ​អាជីវករ​លក់​ដូរ​ពិបាក​រក​ចំណូល​ដែរ ព្រោះ​ពលរដ្ឋ​ខ្មែរ​រស់​ឆ្ងាយ​ពី​ក្រុង​ភាគ​ច្រើន​លើស​លប់ គឺ​ជា​កសិករ​ថ្នាក់​ក្រោម ឬ​កណ្តាល​ថ្នាក់​ក្រោម។

ស្រ្តី​ឈ្មោះ ប៉ែន គន្ធា មាន​ផ្ទះ​លក់​ទំនិញ​ចម្រុះ​មុខ​មាន​សម្ភារៈ​ការិយាល័យ គ្រឿង​ក្រអូប និង​គ្រឿង​ម្ហូប​កំប៉ុង​ក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ពោល​ថា ទោះ​ជា​រក​ចំណូល​មិន​សូវ​បាន ក៏​គាត់​មិន​ដឹង​ជា​ធ្វើ​ដូច​ម្តេច​ដែរ។

ស្រ្ដី​ឈ្មោះ ប៉ែន គន្ធា ពោល​ដូច្នេះ ៖ «ឆ្នាំ​ហ្នឹង​ដូច​ជា​យ៉ាប់ យ៉ាប់​ជាង​រាល់​ឆ្នាំ ពិបាក​លក់​ពិបាក​ដូរ លក់​អត់​សូវ​ដាច់។ បើ​សិន​ជា​លក់​ដាច់​អាហ្នឹង​វា​គ្រាន់​បើ យើង​អាច​មាន​ដើម​អី​ទៅ​ទិញ​វិញ ដល់​ពេល​លក់​អត់​ដាច់​អ៊ីចឹង​យើង​ចេះ​តែ​ចាយ​អ៊ីចឹង​ដូច​វា​អាច​ចូល​ដើម​អី ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ដូច​ក្រ​មនុស្ស​មក​ទិញ​តែ​ម្ដង​វា​ស្ងាត់។ រាល់​ថ្ងៃ​ចេះ​តែ​បង្វិល​អ៊ី​ចឹង​ទៅ មិន​ដឹង​ធ្វើ​ម៉េច ទោះ​បី​មិន​ដាច់​ក៏​ខ្ញុំ​ត្រូវ​តែ​លក់ ទោះ​បី​ដាច់​ក៏​ខ្ញុំ​ត្រូវ​តែ​លក់ ព្រោះ​អី​លក់​នៅ​ផ្ទះ​វា​អត់​អស់ ដូច​ថា​ដឹក​ជញ្ជូន​អី​យើង​អត់​ពិបាក ព្រលឹម​ឡើង​យើង​នឿយ​តែ​បើក​ទ្វារ​លក់»