1.ផឹកស្រាដូចម្ដេចទើបបានល្អ? ផឹកទើបស្មោះសជាជាតិខ្មែរ
ផឹកម្ដេចទើបហៅផឹកពូកែ? ផឹកម្ដេចទើបថែសុខភាពទៅ?
2.មុនផឹកសូមនឹកទៅដល់គ្រោះ ពេលផឹកកុំឈ្លោះនាំហ្មងសៅ
បានផឹកកុំផឹកច្រើននាំខ្លៅ បានផឹកកុំដៅចូលផ្ទះបន។
3.ក្រោយផឹកសូមកុំធ្វើដំណើរ ផឹករួចកុំដើរនាំគូកន
ចរចេញទៅឆ្ងាយចាយបំប៉ន ស្រីល្បែងបារបននាំខូចឈ្មោះ។
4.មុនផឹកសូមនឹកផឹកបាយឆ្ងាញ់ ផឹកល្អស្រលាញ់ផឹកផុតគ្រោះ
ផឹកតិចផឹកឆ្លាតឆ្ងាយពាក្យឈ្លោះ ផឹកនេះកិត្តិយសមិនបាត់បង់។
5.ផឹកតិចមិនភ្លេចធ្វើការងារ ផឹកតិចការពារច្រើនទម្រង់
ការពាររោគស្ពឹកផឹកមិនបង់ វង់ភក្តិផូរផង់ព្រោះចេះផឹក។
6.ផឹកតិចចំណាយក៏តិចដែរ ផឹកតិចមិនក្អែរាល់ល្ងាចព្រឹក
ផឹកតិចងាយដាស់ងាយរលឹក ផឹកក្រោកបានព្រឹកទៅធ្វើការ។
7.កូនអើយបើផឹកចង់សប្បាយ ពុកសូមត្រួសត្រាយបុត្រខេមរា
ផឹកតាមរដូវតាមតម្រា ផឹកតិចឈ្មោះថាកូនចេះផឹក។
8.កូនអើយបើកូននៅក្មេងខ្ចី កូនកុំផឹកអីព្រោះនាំស្ពឹក
ខួរក្បាលកូនល្អកូនកុំផឹក សូមកូនប្រញឹកការរៀនសូត្រ។
9.អាយុក្រោមដប់ប្រាំបីឆ្នាំ ចូរកូនចងចាំសូមស្លូតបូត
ច្បាប់លោកហាមឃាត់កូនរហូត អាយុកូនលូតពីលើនេះ។
10.ស្រាមិនសំខាន់ទេណាកូន សូមនាំបងប្អូនញាតិគេចវេះ
ផឹកស្រានាំកូនខូចចំណេះ កូនអើយត្រូវចេះឈប់ខកខាន៕