១.ការពារបរិស្ថាន ទើបបានសុខសាន្ត ទើបអាចផុតភ័យ
ការពារធម្មជាតិ លើដីក្រោមដី មនុស្សក្តីសត្វក្តី
ផុតក្តីវិនាស។
២.ធនធានច្រើនណាស់ ទឹកដីអាកាស មនុស្សច្រើនពោរពាស
បើមិនសន្សំ គង់ជួបវិនាស ដីគង់រលាយ។
៣.បើចេះសន្សំ ទោះរឿងតូចធំ ទុក្ខគង់ជៀសឆ្ងាយ
ប្រទេសគង់សុខ ស្រុកគង់សប្បាយ លុយសម្បូរចាយ
ស្រាយគ្រោះឆាប់ចេញ។
៤.ស្លឹកត្នោតខ្ចប់ស្ករ សែនស្រស់បវរ បរិស្ថានពេញលេញ
យើងគួរខំច្នៃ សេដ្ឋកិច្ចលក់ចេញ របរចំណេញ
ជុំវិញបរិស្ថាន។
៥.ស្លឹកឈូកខ្ចប់នំ ត្រសាយត្រសុំ វប្បធម៌ថ្កើងថ្កាន
ឈប់ប្រើប្លាស្ទិក នាំខូចបរិស្ថាន របរសារបាន
ស្លឹកឈូកខ្ចប់ឈូក។
៦.ស្លឹកចេកខ្ចប់នំ ពុកម៉ែប្រាប់ខ្ញុំ ច្រវាជួយទូក
នំគមអន្សម ឈ្ងុយឈ្ងប់ចង់លូក ផ្អើលអស់អ្នកស្រុក
ព្រោះយកស្លឹកខ្ចប់។
៧.ស្លឹកពោធិ៍ស្លឹកចារ កំប្លោកនេះណា រុក្ខជាតិសំណព្វ
ស្លឹកយកខ្ចប់នំ សឹងបានគ្រប់សព្វ ខ្មែរប៉ិនប្រសប់
តាំងពីបូរាណ។
៨.ស្លឹករមៀតខ្ញី រំដេងព្រលៃ ពុកម៉ែលោកបាន
ខ្ចប់ដុតប្រហុក ឈ្ងុយទាក់សន្តាន បាយអស់ពីចាន
ព្រោះបានប្រហុក។
៩.ចាប់ពីពេលនេះ គួរយើងរេរិះ ប្រើបានគ្រប់ស្រុក
ច្នៃគ្រឿងធម្មជាតិ ងាយស្រួលស្រណុក ធម្មជាតិមិនស្មុក
បរិស្ថានស្អាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។