១. ភេពីរឈ្លោះគ្នាប្រឹងស្រែកឡូឡា រួចដៀលគ្នាថាគឺជាជនក្បត់
ព្រោះតែចង់ឈ្នះគ្មានទេអំណត់ ទាស់ទែងស្បែស្បថតឹងសរសៃក។
២. ពេលដែលឈ្លោះគ្នាគេជីកកកាយ រឿងលាក់ទាំងឡាយកាយបើកចំហ
ទោះបីកប់ជ្រៅជម្រៅរាប់ត កាយភ្លែតធ្លាយវ៉អ្នកឆស្ដាប់បាន។
៣. ធម្មជាតិជាភេតែគេភ្លេចខ្លួន ទំនាស់ផ្ទួនៗជួនភ្លេចសន្ដាន
ប្រឹងតែយកឈ្នះមិនឱ្យខកខាន សត្វខ្លាសាមាន្យដឹងគ្រប់ហេតុការណ៍។
៤. ពួកជាតិដទៃរំពៃប្រើល្បិច បញ្ចូលកលកិច្ចដោយប្រើប្រាជ្ញា
សត្វភេគិតខ្លីស្ដីហួសមាត្រា ពេលនោះសត្វខ្លាធ្វើខ្លួនជាខ្លាច។
៥. មើលចុះសត្វភេមិនស្គាល់រណ្ដៅ ខ្លួនឯងល្ងង់ខ្លៅធ្វើដូចអ្នកប្រាជ្ញ
វាសដៃវាសជើងវោហារបោកបាច ខ្លួនគ្មានអំណាចធ្វើដូចជាខ្លាំង។
៦. ខ្លាគេខ្លាំងពិតប្រើល្បិចបេះបោច ដុតរោចឱ្យខ្លោចអង្អែលឱ្យសាំង
ញុះញង់សងខាងឱ្យចេញតតាំង ភេមុខឡើងស្លាំងភ័យភ្នែកស្លន់ស្លោ។
៧. ទម្រាំដឹងខ្លួនជ្រួនណាស់ទៅហើយ ខ្លាចូលដល់ត្រើយដេញចាប់កណ្ដុរ
សត្វភេឈ្លក់ទឹករងាឡើងស្ញោរ កណ្ដៀខាំតោកណ្ដុរខាំឆ្មា។
៨. ដូច្នេះសត្វភេត្រូវតែរួមគិត រួមប្រើគំនិតទប់ទល់នឹងខ្លា
បើភេគិតខ្លីច្បាស់ជាមរណា ដាច់ខ្សែសីមាខ្លោចផ្សាឥតន័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។