ខ្វែក​ហែក​ពោះ​ឱ្យ​ខ្លា

១. ភេ​ពីរ​ឈ្លោះ​គ្នា​ប្រឹង​ស្រែក​ឡូឡា រួច​ដៀល​គ្នា​ថា​គឺ​ជា​ជន​ក្បត់
ព្រោះតែ​ចង់​ឈ្នះ​គ្មាន​ទេ​អំណត់ ទាស់ទែង​ស្បែស្បថ​តឹង​សរសៃ​ក។

២. ពេល​ដែល​ឈ្លោះ​គ្នា​គេ​ជីក​កកាយ រឿង​លាក់​ទាំង​ឡាយ​កាយ​បើក​ចំហ
ទោះ​បី​កប់​ជ្រៅ​ជម្រៅ​រាប់​ត កាយ​ភ្លែត​ធ្លាយ​វ៉​អ្នក​ឆ​ស្ដាប់​បាន។

៣. ធម្មជាតិ​ជា​ភេ​តែ​គេ​ភ្លេច​ខ្លួន ទំនាស់​ផ្ទួនៗ​ជួន​ភ្លេច​សន្ដាន
ប្រឹង​តែ​យក​ឈ្នះ​មិន​ឱ្យ​ខកខាន​ សត្វ​ខ្លា​សាមាន្យ​ដឹង​គ្រប់​ហេតុការណ៍។

៤. ពួក​ជាតិ​ដទៃ​រំពៃ​ប្រើ​ល្បិច បញ្ចូល​កល​កិច្ច​ដោយ​ប្រើ​ប្រាជ្ញា
សត្វ​ភេ​គិត​ខ្លី​ស្ដី​ហួស​មាត្រា ពេល​នោះ​សត្វ​ខ្លា​ធ្វើ​ខ្លួន​ជា​ខ្លាច។

៥. មើល​ចុះ​សត្វ​ភេ​មិន​ស្គាល់​រណ្ដៅ ខ្លួន​ឯង​ល្ងង់​ខ្លៅ​ធ្វើ​ដូច​អ្នក​ប្រាជ្ញ
វាស​ដៃ​វាស​ជើង​វោហារ​បោក​បាច ខ្លួន​គ្មាន​អំណាច​ធ្វើ​ដូច​ជា​ខ្លាំង។

៦. ខ្លា​គេ​ខ្លាំង​ពិត​ប្រើ​ល្បិច​បេះបោច ដុត​រោច​ឱ្យ​ខ្លោច​អង្អែល​ឱ្យ​សាំង
ញុះញង់​សង​ខាង​ឱ្យ​ចេញ​តតាំង ភេ​មុខ​ឡើង​ស្លាំង​ភ័យ​ភ្នែក​ស្លន់ស្លោ។

៧. ទម្រាំ​ដឹង​ខ្លួន​ជ្រួន​ណាស់​ទៅ​ហើយ ខ្លា​ចូល​ដល់​ត្រើយ​ដេញ​ចាប់​កណ្ដុរ
សត្វ​ភេ​ឈ្លក់​ទឹក​រងា​ឡើង​ស្ញោរ កណ្ដៀ​ខាំ​តោ​កណ្ដុរ​ខាំ​ឆ្មា។

៨. ដូច្នេះ​សត្វ​ភេ​ត្រូវតែ​រួម​គិត រួម​ប្រើ​គំនិត​ទប់ទល់​នឹង​ខ្លា
បើ​ភេ​គិត​ខ្លី​ច្បាស់​ជា​មរណា ដាច់​ខ្សែ​សីមា​ខ្លោច​ផ្សា​ឥត​ន័យ៕